អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហរដ្ឋអាមេរិក៖​អាពាហ៍ពិពាហ៍​រវាង​បុគ្គល​ភេទ​ដូចគ្នា​កាន់តែ​មាន​ការ​ទទួលស្គាល់​ដោយ​ច្បាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​ថា​នឹង​ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នៅ​ក្នុង​៧រដ្ឋ​បន្ថែម​ទៀត សរុបគឺ ២៦ លើ ៥០រដ្ឋ ព្រមទាំង​រដ្ឋធានី​វ៉ាស៊ីនតោន​ផង​ដែរ។ ការប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការបដិសេធ​របស់​តុលាការ​កំពូល ដើម្បី​អន្តរាគមន៍​ពិភាក្សា​លើ​បញ្ហា​ច្បាប់ ទាក់ទង នឹង​អាពាហ៍ពិពាហ៍​រវាងបុគ្គលភេទ​ដូចគ្នា​ក្នុង​រដ្ឋ​ចំនួន​៥ កាលពី​ថ្ងៃច័ន្ទ​ទី៦​ខែ​តុលា ពីរសប្តាហ៍​មុន។

គូស្រករស្រឡាញ់ភេទដូចគ្នាទទួលសំបុត្រអាពាហ៌ពិពាហ៌ នៅរដ្ឋ Arizona.
គូស្រករស្រឡាញ់ភេទដូចគ្នាទទួលសំបុត្រអាពាហ៌ពិពាហ៌ នៅរដ្ឋ Arizona. REUTERS/Deanna Dent
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ អាពាហ៍ពិពាហ៍​រវាង​បុគ្គល​ភេទ​ដូចគ្នា ជា​ប្រធាន​បទ​ដ៏​ក្តៅ គគុក​មួយ​ក្នុង​សង្គម​អាមេរិច។ ពិសេស​បន្ទាប់​ពី​មាន​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល បដិសេធ​មិន ពិនិត្យ​លើ ចំនោទ​សួរ​បញ្ហា​ច្បាប់​ស្តីពី អាពាហ៍ពិពាហ៍​រវាង​បុគ្គល​ភេទ​ដូចគ្នា។ សេចក្តីសម្រេច​នេះ​ធ្វើ ឡើង​បន្ទាប់​ពី​មាន​ការប្តឹងសារទុក្ខ​លើ​សាលដីកា​របស់​សាលា​ឧទ្ធរណ៍ នៃរដ្ឋ សហព័ន្ធ ដែល​បាន​សម្រេច​ពី​អធម្មនុញ្ញភាព​នៃ​ច្បាប់​ដែល​ហាមឃាត់​អាពាហ៍ពិពាហ៍​រវាង​បុគ្គល​ភេទ ដូចគ្នា ក្នុង​រដ្ឋ​ចំនួន​ប្រាំ​គឺ Utah, Indiana, Oklahoma, Virginie និង Wisconsin។

ការមិនយល់ព្រម​ពិនិត្យ​លើ​អង្គសេចក្តី​នៃបណ្តឹង​របស់​តុលាការ​កំពូល​នេះ ត្រូវ​បាន​គេ​បកស្រាយ​ថា នាំឲ្យ មាន​ការអនុញ្ញាត​ដោយ​តណ្ហី​ឬ​ដោយ​ជាក់ស្តែង​ (De facto) ចំពោះ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ក្នុង​រដ្ឋ​ទាំង ៥ ​នោះ ដោយសារ​ថា​សាលដីកា​សាលាឧទ្ធរណ៍​ទាំងនោះ​មិន ត្រូវ​បាន​បដិសេធ​ចោល​ដោយ​តុលាការ​កំពូល។

គួរំលឹកផងដែរថា វិស័យអាពាហ៍ពិពាហ៍​ស្ថិតក្នុងដែន​សមត្ថកិច្ច​នៃ​រដ្ឋ​និមួយៗ​ដែលអាចធ្វើ​ច្បាប់​​អនុញ្ញាត ឬហាមឃាត់លើអាពាហ៍ពិពាហ៍។ ទោះបីជាច្បាប់របស់រដ្ឋសហព័ន្ធ មិន​មាន​ចែងពីលក្ខខណ្ឌច្បាប់នៃ ការរៀបអាពាហ៍ពិពាហ៍ក្តី តែច្បាប់របស់រដ្ឋសហព័ន្ធចែងពីសិទ្ធិ និង​ទំនួល​ខុសត្រូវ រវាងសហព័ទ្ធ និងពីលក្ខណៈខុសគ្នាតាមផ្លូវច្បាប់ រវាងសហព័ទ្ធ​មាន​អាពាហ៍ពិពាហ៍​និងគ្មានអាពាហ៍ពិពាហ៍។ ហើយ តុលាការសហព័ន្ធក៏​មានសមត្ថកិច្ច​ក្នុង​ការ​សម្រេចពីធម្មនុញ្ញភាព ឬអធម្មនុញ្ញភាពនៃច្បាប់ ទាំងនេះ ក្នុង ករណីមានបណ្តឹងកើតឡើង។

កាលពីឆ្នាំកន្លងទៅនេះ តុលាការកំពូលរដ្ឋសហព័ន្ធ ក៏ធ្លាប់បានប្រកាស ផងដែរពី​អសុពលភាព​នៃច្បាប់សហព័ន្ធលើផ្នែកមួយដែលបានចែងថា អាពាហ៍ពិពាហ៍អាចធ្វើឡើងតែ រវាងស្ត្រីនិងបុរស។ ការសម្រេចបែបនេះបានបើកផ្លូវសម្រាប់សហព័ទ្ធភេទដូចគ្នា ដែល​បាន​រៀបការ ដោយស្របច្បាប់ក្នុងរដ្ឋដែលទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នាចំនួន១៩ ឲ្យ​ទទួល​បាននូវជំនួយ ប្រាក់ឧបត្ថម និងអត្ថប្រយោជន៍ផ្សេងទៀត ពីរដ្ឋសហព័ន្ធ។

យ៉ងណាមិញ​បាន​មិនដល់​ពីរ​សប្តាហ៍​ផង​បន្ទាប់​ពី​សេចក្តី​សម្រេច​មិន​ពិនិត្យ​របស់​តុលាការ​កំពូល​ ពោល គឺ​កាល​ពី​ថ្ងៃសុក្រ​ទី​១៧​តុលា​សប្តាហ៍​កន្លង​ទៅ​នេះ ស្រាប់​តែ​រដ្ឋាភិបាល​អាមេរិក បាន​ប្រកាស​ថា​នឹង ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នៅ​ក្នុង​រដ្ឋ​ចំនួន ប្រាំពីរ​ទៀត​ថែម​លើ រដ្ឋ​ចំនួន​១៩​ដែល​មាន​ច្បាប់ ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា។ រដ្ឋ​ទាំង​ប្រាំពីរ​នោះ​គឺ​មាន​រដ្ឋ​ទាំង​ប្រាំ​ដែល​ពាក់ព័ន្ធ​នឹង​សំនំ​ុរឿង ខាង​លើ បូក​នឹង​រដ្ឋពីរ​ផ្សេង​ទៀត​គឺ Colorado និង Nevada​។ ដូចនេះ សរុប​គឺ ២៦​រដ្ឋ​លើ​៥០ ព្រមទាំង​រដ្ឋធានី​វ៉ាស៊ីនតោន​ផងដែរ ដែល​​ផ្តល់​សុពលភាព​លើ អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា។

បើ​យើង​ក្រលេក​មើល​ពីការវិវត្តន៍​ក្នុង​រយៈពេល​ដប់​ឆ្នាំ​ចុងក្រោយ​នេះ យើង​សង្កេត​ឃើញ​ថា​ការគាំទ្រ​លើ អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នេះ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។ ពោល​គឺ ការគាំទ្រ​បាន​កើន​ឡើង​ពី ​៣២% នៅ​ក្នុង​ឆ្នាំ​២០០៣ ដល់​ទៅ​ ៥៣% នៅ​ក្នុង​ឆ្នាំ ២០១៣​ នេះ​បើ​យោង​តាម​ការអង្កេត​មួយ​ដែល​បាន​ធ្វើ​ដោយ វិទ្យាស្ថាន​ស្រាវជ្រាវ​សាសនា​សាធារណៈ លើ​ប្រជាជន​អាមេរិច​ចំនួន ៤៥០០​នាក់​។

ទាំងនេះ​បញ្ជាក់​ពី​មតិ​សាធារណៈជន​អាមេរិច​ភាគច្រើន កាន់​តែ​អំណោយ​ផល​ចំពោះ​កំនែ​ទំរង់​ផ្នត់​គំនិត សង្គម លើ​បញ្ហា​ដ៏សំខាន់​នេះ ព្រោះ​សូម្បី​តែ​ចំណោម​ក្រុម​អ្នកកាន់​សាសនា​ធំៗ​ ក៏​កាន់​តែ​យល់​ស្រប ចំពោះ​មតិ​នេះ​ដែរ។ ជាក់ស្តែង ការអង្កេត​សិក្សា​ដដែល​នេះ បាន​បញ្ជាក់​ថា ៨៣% នៃ​ជនអាមេរិច សាសនា​ជ្វីហ្វ ៦២% នៃ​អាមេរិចកាំង​ប្រូតេស្តង់ ៥៨%នៃ​អាមេរិចកាំង​កាតូលិក​ស្បែកស និង​៥៦%នៃ​ពួក​កាតូលិកនិយាយ​ភាសា​អេស្បាញ គាំទ្រ​លើ អាពាហ៍ពិពាហ៍​​ភេទ​ដូចគ្នា។ យ៉ាងណាមិញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៣តុលា ដើម​សប្តាហ៍​មុន ពីក្រុង វ៉ាទីកង់ សម្តេចប៉ាប ហ្រ្វង់ស្វ័រ ក៏​បាន​ប្រកាស​គំាទ្រ​លើ​សហព័ទ្ធ​ភេទដូចគ្នា​ផង​ដែរ ដែល​នេះ​ជា​ការប្រកាស​លើក​ដំបូង​បង្អស់​ជា​ប្រវត្តិសាស្រ្ត​នៃ​ថ្នាក់ដឹកនាំ​កំពូល​ក្នុង​រដ្ឋបាល​សាសនា កាតូលិក​ក្រុង​វ៉ាទីកង់ ។  

ដូចនេះ​អាច​មិនមែន​ជា​រឿង​ចំឡែក​ទេ ដែល​តុលាការ​កំពូល​អាមេរិកសម្រេច​ប្រកែក​មិន​ពិនិត្យលើ​ចំណោទ​សួរ​ដ៏រសើប​មួយ​នេះ ដែល​មាន​លក្ខណៈ​ជានយោបាយ ជាជាង​លក្ខណៈ​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ