អានតួអត្ថបទ
កម្ពុជា

លោក ម៉ៅ មុនីវណ្ណ លាឈប់​ពី​តំណាងរាស្ត្រ​ខេត្ត​កំពង់ចាម​ជាផ្លូវការ

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក ម៉ៅ មុនី​វណ្ណ បាន​ដាក់​លិខិត​​លាលែង​ចេញ​ពី​តំណែង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ជា​ផ្លូវការ​។ ក្រៅពី​រិះគន់​ពី​ការដឹកនាំ​បែប​គ្រួសារនិយម លោក ម៉ៅ មុនី​វណ្ណ ក៏​បាន​ថ្លែង​ទៅកាន់​អ្នកកាសែត ដោយ​ជម្រុញ​ឲ្យ​គណបក្ស​សមរង្ស៊ី គោរព​នូវ​គោលការណ៍​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ។​

លោក​ ម៉ៅ មុនីវណ្ណ អតីត​តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី
លោក​ ម៉ៅ មុនីវណ្ណ អតីត​តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី ©ម៉េងហួរ/RFI
ផ្សាយពាណិជ្ជកម្ម

02:37

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

​បន្ទាប់ពី​ដាក់​លិខិត​លាលែង​ពី​តំណាងរាស្ត្រ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក ម៉ៅ មុនី​វណ្ណ បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​នៅមុខ​វិមាន​រដ្ឋ​សភា​ថា ការសម្រេចចិត្ត​របស់​លោក ដើម្បី​ធ្វើ​ជា​គំរូ​ឲ្យ​មេដឹកនាំ​គណបក្ស​សមរង្ស៊ី​គោរព​សន្យា ចំពោះ​ការធ្វើ​តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ។​

​តាម​គម្រោង តំណាងរាស្ត្រ​ពាក់កណ្តាល​អាណត្តិ​របស់​គណបក្ស​សមរង្ស៊ី ត្រូវអនុវត្ត នៅ​​ថ្ងៃ​ទី​២៤​មីនា ឆ្នាំ​២០១១​។ ប៉ុន្តែ​ កាលពី​ខែ​កុម្ភៈ គណៈអចិន្ត្រៃយ៍​គណបក្ស​សមរង្ស៊ី បាន​សម្រេច​​ពន្យារ​ពេល​មួយ​ឆ្នាំ​ទៀត តាម​ការសម្របសម្រួល នាំ​ឲ្យ​បញ្ហា​នេះ​បាន​ស្ងប់ស្ងាត់​មួយរយៈ។​

​នៅ​ព្រឹក​មិញ លោក ម៉ៅ មុនី​វណ្ណ បាន​លើកឡើង​ថា ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី បាន​លេបសម្តី​ខ្លួនឯង ហើយ​បែរជា​ស្តាប់​សម្តី​អ្នកមាន​ឥទ្ធិពល​ក្នុង​គណបក្ស​តែ​ពីរ​គ្រួសារ​ គឺ​គ្រួសារ​លោក យឹម សុវណ្ណ និង​គ្រួសារ​លោក អេង ឆៃអ៊ាង​។ យោងតាម​លោក ម៉ៅ មុនីវណ្ណ គ្រួសារ​ពីរ​នេះ​​មាន​ចំណង​ពិសេស​ជាមួយ​គ្រួសារ​លោក​សម​រង្ស៊ី ហើយ​មាន​ឥទ្ធិពល​លើ​សេចក្តីសម្រេច​ធំៗ​របស់​គណបក្ស​សម​រង្ស៊ី​។

​លោក ម៉ៅ មុនី​វណ្ណ ក៏​បាន​ជម្រុញ​ឲ្យ​គណបក្ស​សមរង្ស៊ី កែទម្រង់​ផ្ទៃក្នុង និង​អំពាវនាវ ឲ្យ​សកម្មជន​គណបក្ស​សម​រង្ស៊ី រួម​ដៃ​ជាមួយ​លោក ដើម្បី​រំដោះ​លោក​សម​រង្ស៊ី ចេញពី​គំនាប​របស់​គ្រួសារនិយម​។ បើ​មិន​អាច​ធ្វើបាន​ទេ លោក​នឹង​ដឹកនាំ​អ្នកគាំទ្រ ទៅ​រួម​ដៃ​ជាមួយ​អ្នកប្រជាធិបតេយ្យ​ណាមួយ​។

ការ​ធ្វើ​​សេចក្តីប្រកាស​ជា​លាយលក្ខណ៍អក្សរ និង​ដោយ​ផ្ទាល់មាត់​យ៉ាង​ដូច្នេះ ត្រូវបាន​លោក ម៉ៅ មុនី​វណ្ណ អះអាងថា ដើម្បី​ស្តារ​ប្រជាប្រិយភាព​គណបក្ស​សម​រង្ស៊ី ហើយ​រៀបចំ​មូលដ្ឋាន​គណបក្ស​ប្រឆាំង​នេះ ឲ្យ​ឈាន​ទៅ​រក​ជោគជ័យ​ក្នុង​ការបោះឆ្នោត​ខាង​មុខ​។​

​ទោះជា​យ៉ាងណា លោក ម៉ៅ មុនី​វណ្ណ បាន​គូសបញ្ជាក់ថា ពេលនេះ លោក​ប្រកាស​លាលែង​ចេញ​តែ​ពី​តំណាងរាស្ត្រ​ប៉ុណ្ណោះ តែ​មិន​បាន​លាឈប់​ពី​តួនាទី​ក្នុង​គណបក្ស​សមរង្ស៊ី ដែល​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណបក្ស​សមរង្ស៊ី ប្រចាំ​ខេត្ត​តាកែវ​ឡើយ។​

​ចំពោះ​ការ​បរិហារ​របស់​លោក​ម៉ៅ មុនី​វណ្ណ នៅថ្ងៃនេះ ត្រូវបាន​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី ចាត់ទុកថា ជា​សម្តី​របស់​អ្នក​ជំទាស់​នឹង​គណបក្ស​សមរង្ស៊ី ដែល​ក្រោយមក អ្នកនោះ​នឹង​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ម្យ៉ាងទៀត​គណៈអចិន្ត្រៃយ៍​គណបក្ស​សមរង្ស៊ី នឹង​ប្រជុំ​ពិនិត្យ​លើ​ខ្លឹមសារ​សម្តី​របស់​លោក ម៉ៅ មុនីវណ្ណ មុន​នឹង​ចាត់​វិធានការ។​

​លោក យឹម សុវណ្ណ ក៏​បាន​ច្រានចោល ចំពោះ​ការលើកឡើង​ពី​បញ្ហា​គ្រួសារនិយម​ក្នុង​គណបក្សប្រឆាំង ហើយ​ថា រាល់​សេចក្តីសម្រេច​ក្នុង​គណបក្ស​សមរង្ស៊ី មិន​មាន​បុគ្គល​ណា​ម្នាក់ មាន​ឥទ្ធិពល ឬ​មាន​អំណាច​ទេ​។ ​អ្វីៗ​ត្រូវ​សម្រេច​ជា​រួម ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​សម្រេច​ដោយ​គណៈកម្មការ​នាយក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ