អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សំណុំរឿង​លោក​ម៉ម សូណង់ដូ ជា​លទ្ធផល​នៃ​នយោបាយ«ទឹក​និង​ប្រេង»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការកាត់ទោស​លោក ម៉ម សូណង់ដូ ឲ្យ​ជាប់ពន្ធនាគារ ២០ ឆ្នាំ ពីបទ​បង្កើត​តំបន់អបគមន៍ គឺជា​សំណុំរឿង​ដ៏​រសើប​មួយទៀត​សម្រាប់​ឆាកនយោបាយ​ប្រទេស​កម្ពុជា។ សំណុំ​រឿងនេះ​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ពី​សំណាក់​សហគមន៍​អន្តរជាតិ។ លោក ម៉ម សូណង់ដូ ដែលជា​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ដោយ​ឥត​សំចៃមាត់​តាមរយៈ​វិទ្យុ​សំបុក​ឃ្មុំ​របស់លោក​ធ្វើជា​ឧបករណ៍​បំពង​សំឡេង​នោះ ត្រូវបាន​ចាប់ខ្លួន​និង​ផ្តន្ទាទោស​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ដ៏​ធ្ងន់ធ្ងរ។ ប៉ុន្តែ បញ្ហា​នេះ​បានទទួល​ការរិះគន់​ជាទូទៅ​ថា​ជា​រឿង​បំបិទមាត់​សំឡេង​ប្រឆាំង។ តើ​សំណុំរឿង​លោក​ម៉ម សូណង់ដូ អាច​ឆ្លុះបញ្ចាំង​យ៉ាងដូចម្តេចខ្លះ​ពី​ស្ថានភាព​នយោបាយ​ប្រទេស​កម្ពុជា?

លោក​ម៉ម សូណង់ នាយក​វិទ្យុ​សម្បុក​ឃ្មុំ ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ២០ឆ្នាំ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ
លោក​ម៉ម សូណង់ នាយក​វិទ្យុ​សម្បុក​ឃ្មុំ ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ២០ឆ្នាំ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

សំណុំរឿង​លោក​ម៉ម សូណង់ដូ​បាននិងកំពុង​ដុត​កម្តៅ​សារជាថ្មី​ឆាកនយោបាយ​ប្រទេស​កម្ពុជា​បន្ថែម​ពីលើ​សំណុំរឿង​លោក​សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង។ មិន​ត្រឹមតែ​តានតឹង​នៅក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ សំណុំ​រឿងនេះ​ក៏បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ផងដែរ។

ជាក់ស្តែង ការសម្តែង​ក្តី​ព្រួយបារម្ភ​របស់​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចំពោះ​ករណី​លោក​ម៉ម សូណង់ដូ និង​ការចូល​សួរសុខទុក្ខ​លោក​ម៉ម សូណង់ដូ ដល់​ពន្ធនាគារ នៅក្នុង​សប្តាហ៍​នេះ របស់លោក សូរិយា ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួមទាំង​ក្តី​ព្រួយបារម្ភ​របស់​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​នានា​គឺជា​ផលវិបាក​នៃ​សំណុំរឿង​មួយ​នេះ​នៅលើ​ឆាក​អន្តរជាតិ។

នៅក្នុង​ប្រទេស​វិញ សំណុំរឿង​មួយ​នេះ​ក៏បាន​ធ្វើ​ឲ្យ​រំជើបរំជួល​ឆាកនយោបាយ​មិនតិច​ដែរ។ ក្រុម​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ បាន​ហៅ​ការចាប់ខ្លួន និង​ផ្តន្ទាទោស​របស់​តុលាការ​ថា​ជា​រឿង​នយោបាយ។ ចំណែកឯ​អាជ្ញាធរ​រដ្ឋាភិបាល​បានចាត់ទុក​ករណីនេះ​ជា​សំណុំរឿង​ព្រហ្មទណ្ឌ​សុទ្ធសាធ។ ការ​ប្រទាញប្រទង់​គ្នា​អំពី​បញ្ហា​នេះ​បានបង្ហាញ​ពី​ភាព​រសើប​នៅ​នៃ​សំណុំរឿង​លោក ម៉ម សូណង់ដូ។ រសើប​ដោយហេតុថា លោក ម៉ម សូណង់ដូ គឺជា​តួអង្គ​ដែល​ត្រូវបាន​គេ​ឲ្យ​តម្លៃផ្សេងៗគ្នា៖ ជា​អ្នកសារព័ត៌មាន អ្នកនយោបាយ ឬ​ជា​សកម្មជន​សិទ្ធិមនុស្ស។ មូលហេតុ​ដែល​លោក ម៉ម សូណង់ដូ មាន​រូបភាព​ច្រើន​បែបនេះ​គឺ​ដោយសារតែ​លោក​បានធ្វើ​សកម្មភាព​ខ្លាំងក្លា​ក្នុងការ​រិះគន់«ប្រឆាំង​រដ្ឋាភិបាល»។

ជាការ​ពិត សកម្មភាព​ជាច្រើន​រប​ស់លោក ម៉ម សូំ​ណង់​ដូ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​សម្លឹង​មើលរូប​លោក​ហួស​ពី​អ្នក​សារព័ត៌ ឬ​សកម្មជន​សង្គម​ស៊ីវិល ជាពិសេស​នៅពេលដែល​នាយក​វិទ្យុ​សំបុក​ឃ្មុំ​រូបនេះ​បាន​ព្យាយាម​ឆ្កឹះ​កកាយ​បញ្ហា​ជាច្រើន​ដើម្បី​វាយប្រហារ​តាម​រលកធាតុអាកាស​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី​ក្នុង​អំណាច។ ដូច្នេះ​សំណុំរឿង​ដីធ្លី​ក្នុង​ខេត្តក្រចេះ​ដែល​ក្នុងនោះ​សមាជិកសមាគម​ប្រជាធិបតេយ្យ​របស់លោក ម៉ម សូណង់ដូ មួយចំនួន​បាន​ចូល​ពាក់​ព​ន្ធ័ គឺជា​ឱកាស​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​ចាត់ការ​តាមផ្លូវ​ច្បាប់​ទៅលើ​លោក​ម៉ម សូណង់ដូ ទោះ​ជាមាន​ភស្តុតាង​ដាក់បន្ទុក​ស្តួចស្តើង​ក៏ដោយ។ គេ​អាច​និយាយបានថា នេះ​គឺជា​លទ្ធផល​នៃ«នយោបាយ​ទឹក​និង​ប្រេង»ដែល​នៅតែមាន​អត្ថិភាព​នៅឡើយ ។

ជាការ​ពិតណាស់ ប្រសិនបើ​គេ​ពិនិត្យមើល​សាវតា​នៃ​នយោបាយ​កម្ពុជា គេ​អាច​កត់សម្គាល់ថា នៅពេល​មាន​ភាព​តានតឹង​ខ្លាំង អ្នកនយោបាយ​ខ្មែរ ឬ​គូបដិបក្ខ​ដែល​មិន​ចុះសម្រុង​គ្នា មិនសូវ​ចូលចិត្ត​ស្វែងយល់​ពីគ្នា ឬ​ពិភាក្សា​ដើម្បី​ស្វែងរក​ការយោគយល់​ឡើយ ប៉ុន្តែ ពួកគេ​បែរជា​ប្រឹងរក​វិធី​ដើម្បី​យកឈ្នះរៀងៗខ្លួន​ទោះ​ដោយ​មធ្យោបាយ​ណាក៏ដោយ។ ការយក​ឈ្នះ​តាមបែប​ប្រជាធិបតេយ្យ​គឺជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ ការយក​ឈ្នះ​ដោយ​ល្បិចកល​គឺជា​រឿង​ដ៏​គ្រោះថ្នាក់​ដែល​គួរតែ​បញ្ចប់។

អាច​ចាត់ទុកថា មានការ​វិវឌ្ឍន៍​មួយ​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ក្នុង​បញ្ហា​នេះ នោះ​គឺ សង្គ្រាម​ដណ្តើម​ឈ្នះ​ក្នុង​សង្វៀន​នយោបាយ​បាន​ត្រូវបាន​បង្វែ​ពី​ការប្រើ​អាវុធ ឬ​កម្លាំងបាយ មក​ប្រើ​វិធី​ត្រជាក់​វិញ គឺ​ប្រព​ន្ធ័​ឃោសនា​មហាជន និង​ប្រព​ន្ធ័​តុលាការ។ ប៉ុន្តែ ទោះជា​មធ្យោបាយ​ណាក៏ដោយ ក៏​ផលវិបាក​របស់​វា​នៅតែ​ធ្ងន់ធ្ងរ​ដដែល។ លទ្ធផល​គឺ អ្នកខ្លាំង​នៅតែ​ឈ្នះ ចំណែក​អ្នកចាញ់​គឺ​ចូល​ពន្ធនាគារ។

ក្រុមអ្នកវិភាគ​នយោបាយ​ប្រទេស​កម្ពុជា​បាន​មើលឃើញថា ដើម្បី​ផ្លាស់ប្តូរ​ស្ថានការណ៍​នេះ ការប្រកាន់​នយោបាយ​តឹងតែង​ជ្រុល​គួរ​ត្រូវបាន​កាត់បន្ថយ។ អ្នកនយោបាយ​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស និង​រដ្ឋាភិបាល​មិនមែន​ត្រូវតែ​ឈរ​នៅ​ម្ខាង​ម្នាក់​មិនអាច​រលាយ​ចូលគ្នា​បាន​ដូច​ទឹក​និង​ប្រេង​នោះឡើយ។ ផលវិបាក​ដែល​ស្តែង​ចេញពី​សំណុំរឿង​លោក ម៉ម សូំ​ណង់​ដូ អាច​ចាត់ទុកថា​មាន​អ្នកឈ្នះ​និង​អ្នកចាញ់​រវាង​ភាគី​ទំនាស់​ទាំងពីរ ប៉ុន្តែ បើ​និយាយ​ពី​បរិបទ​នយោបាយ​ប្រទេស​កម្ពុជា​ទាំងមូល សំណុំ​រឿងនេះ​គ្មាន​ឡើយ​អ្នកទទួល​ផលចំណេញ គឺ​មានតែ​ការខាតបង់​តែប៉ុណ្ណោះ ហើយ​ជាការ​ខាតបង់​ធំធេង​ទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ