អានតួអត្ថបទ
កម្ពុជា

លីកាដូ៖ ចំនួន​អ្នក​រង​គ្រោះ​ដោយ​បញ្ហា​ដី​ធ្លី​កើន​លើស​ពី​កន្លះ​លាន​នាក់

នៅ​ក្នុង​របាយ​ការណ៍​ដី​ធ្លី​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១​មេសា​នេះ ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការ​ពារ​សិទ្ធិ​មនុស្ស​(លីកាដូ) បាន​កត់​ត្រា​ឃើញ​ថា​ចំនួន​អ្នក​រង​គ្រោះ​ដោយ​បញ្ហា​ដី​ធ្លី​នៅ​កម្ពុជា​បាន​កើន​លើស​ពី​កន្លះ​លាន​នាក់។ អង្គ​ការ​នេះ​ក៏​បាន​កត់​សម្គាល់​ទៀត​ថា​ ករណី​រំលោភ​ដី​ធ្លី​បាន​កើនឡើង​ឥត​ឈប់​ឈរ​រយៈ​ពេល​១៣​ឆ្នាំ​កន្លង​ទៅ​នេះ ជាពិសេស​នៅ​ដើម​ឆ្នាំ ២០១៤ នេះ​រលក​នៃ​ការ​រំលោភ​ដីធ្លី​បាន​កើត​ឡើង​ជា​ថ្មី​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ពល​រដ្ឋ​ជាង ២០០០ គ្រួសារ។

អ្នករងគ្រោះ​នៅក្នុងជម្លោះដីធ្លី
អ្នករងគ្រោះ​នៅក្នុងជម្លោះដីធ្លី RFI/Pen Bona
ផ្សាយពាណិជ្ជកម្ម

គិត​មក​ត្រឹម​ខែ​មិនា​ចំនួន​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​សារ​ជម្លោះ​ដី​ធ្លី​ដែល​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ក៏​ដូច​ជា​ភ្នាក់​ងារ​រដ្ឋ​នៅ​ក្នុង​ប្រទេស​បាន​កើន​ឡើង​លើស​កន្លះ​លាន​នាក់​ហើយ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ជម្លោះ​ដីធ្លី​ដែល​អង្គការ​លីកាដូ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី​១​មេសា​នេះ​។

របាយការណ៍​បន្តថា ជម្លោះដីធ្លី​បាន​កើនឡើង​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈ​ពេល ១៣ ឆ្នាំ​កន្លង​ទៅ​នេះ ជា​ពិសេស​រយៈ​ពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០១៤ រលក​នៃ​ការ​រំលោភ​ដីធ្លី ដែល​មាន​អំពើ​ហិង្សា​ផង​នៅតែ​បន្ត​កើត​មាន​ឡើង​និង​បាន​បង្ក​ផល​ប៉ះ​ពាល់​អា​ក្រក់​ដល់​ប្រជា​ពល​រដ្ឋ​ជាង ២០០០ គ្រួសារ​នៅ​ស្ទើរ​គ្រប់​ខេត្ត។ កំណើន​ករណី​រំលោភ​ដី​ធ្លី​ត្រូវបាន​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​នេះ​ហៅ​ថា​ជា​បរាជ័យ​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​បន្ត​កើត​មាន​ទាំង​នោះ។

លោកស្រី ណា​លី ពី​ឡូក នាយិកា​អង្គការ លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “តួ​លេខ​ចុងក្រោយ​ទាំងនេះ​គឺ​ពិតជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​និង​គួរ​ឲ្យ​ខ្មាស់​អៀន​ពី​ព្រោះ​ថា​ពល​រដ្ឋ​រង​គ្រោះ​ទាំង​នោះ​តំណាង​ឲ្យ​ជីវិត​ដែល​ត្រូវបាន​បំផ្លាញ​យ៉ាងខ្លាំង ហើយ​ពួកគេ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​លំបាក​ខ្លាំង​និង​រយៈ​ពេល​យូរ។ លី​កាដូ​បាន​អំពាវ​នាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​គួរ​តែ​ធ្វើ​សកម្ម​ភាព​ដើម្បី​បញ្ឈប់​ជំងឺ​នៃ​ការ​រំលោភ​ដីធ្លី​ដ៏​រីក​រាល​ដាល​នេះ។

របាយការណ៍​ក៏បាន​លើក​ឡើង​អំពី​វិធាន​ការ​របស់​រដ្ឋា​ភិបាល​ដែរ​ដូច​ជា​កាល​ពី​ខែ​ឧសភា​ឆ្នាំ ២០១២ រដ្ឋា​ភិបាល​បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ថ្មី​និង​ឲ្យ​មានការ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ដី​សម្បទាន​ដែល​បាន​ផ្តល់​រួច​ហើយ។ ម្យ៉ាង​ទៀត លោកនាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ប្រើ​ប្រាស់​ក្រុម​និស្សិត​ជាង ២០០០ នាក់​ឲ្យ​ចុះ​វាស់​វែង​ដី​និង​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ជូន​ពល​រដ្ឋ​ផង​ដែរ។ ប៉ុន្តែ វិធាន​ការ​ទាំង​នោះ​ត្រូវ​បាន​លីកាដូ​ចាត់​ទុក​ថា​គ្មាន​ប្រសិទ្ធ​ភាព​ទេ​ដោយ​សារ​តែ​ការងារ​គ្មាន​តម្លាភាព។

កាល​ពី​ពេល​ថ្មី​ៗ​នេះ អង្គ​ការ​អាដហុក​ក៏បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​នៃ​ទំនាស់​ដីធ្លី​ផង​ដែរ។ អង្គ​ការ​នេះ​ថែម​ទាំង​បាន​ប្រកាស​ជួយ​ផ្នែក​ច្បាប់​ដល់​ប្រជា​ពល​រដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​ផងដែរ​។

ក្រៅពី​ការ​បង្ហាញ​ផែន​ទី​ដើម្បី​បញ្ជាក់​ពី​ចំណុច​ដែល​កំពុង​កើត​មាន​បញ្ហា​ដីធ្លី លី​កាដូ​បាន​ផ្តល់​យោបល់​ដល់​រដ្ឋា​ភិ​បាល​ឲ្យ​បញ្ឈប់​ការ​បណ្តេញ​ពល​រដ្ឋ​ពី​ដីធ្លី ឲ្យ​គោរព​សន្យា​ក្នុង​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ឲ្យ​បន្ត​ការចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជា​ពល​រដ្ឋ​តាម​រយៈ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​របស់​រដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ