អានតួអត្ថបទ
កម្ពុជា

សហគម​ដែល​មាន​ជម្លោះ​ដី​ធ្លី​ដាក់​ញតិ្ត​សុំ​អន្តរាគមន៍​ពី​សហភាព​អឺរ៉ុប​

ក្រុម​អ្នក​ភូមិ​បឹងកក់​ បុរី​កីឡា ​និង​ ថ្ម​គោល​ប្រមាណ​ជាង​ ១០០​ នាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​27​ មីនា​​​នេះ​ បាន​ដាក់​ញតិ្ត​ស្វែង​រក​ការ​អន្តរាគមន៍​បញ្ហា​ដី​ធ្លី​ពី​សហភាព​អឺរ៉ុប​។​ ការ​ដាក់​ញតិ្ត​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈ​ប្រតិភូ​សហ​ភាព​អឺរ៉ុប ៧​នាក់​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេលបួនថ្ងៃ។ក្នុង​ញតិ្តនោះ ក្រុមអ្នកមាន​ជម្លោះដីធ្លីបាន​សុំឲ្យសហ​ភា​ពអឺរ៉ុប​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពន្លឿន​​​ការដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់ និងសុំ​ដោះលែង​សកម្មជន​ដី​ធ្លី​​​ និង​ សហជីព​ ២១​ នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​។​

គណៈប្រតិភូសភាអឺរ៉ុបទទួលញត្តិពីអ្នកភូមិបឹងកក់ បុរីកីឡា និង ថ្មគោល
គណៈប្រតិភូសភាអឺរ៉ុបទទួលញត្តិពីអ្នកភូមិបឹងកក់ បុរីកីឡា និង ថ្មគោល RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នករងគ្រោះ​ដោយសារ​បញ្ហាដីធ្លី អ្នកភូមិ​បឹងកក់ បុរី​កីឡា និង ថ្មគោល​ ប្រមាណ​ជាង ១០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ពីមុខ​ស្ថាន​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ទីក្រុង​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ប្រតិភូ​សហភាព​អឺរ៉ុប​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា។

 សកម្មជន​ដីធ្លី​ភូមិ​បឹងកក់ អ្នកស្រី ទេព វ​ន្នី បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង ​RFI នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ​ទី 27 មីនា​នេះ ថា ក្រុម​អ្នកភូមិ​បឹងកក់ បុរី​កីឡា និង ថ្មគោល បានស្នើ​សុំ​ការអន្តរាគមន៍​ចំនួន​ពីរ​ចំណុច​ពី​សហភាព​អឺរ៉ុប។ ទីមួយ គឺ សុំ​ឲ្យ​សភា​អឺរ៉ុប​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​ការ​ដោះ​ស្រាយ​បញ្ហាដីធ្លី​ឲ្យ​បាន​ឆាប់​ដល់​ពួកគាត់ និង​ទី​ពីរ សុំ​ឲ្យ​សភា​អឺរ៉ុប​ជួយ​អន្តរាគមន៍​ដោះ​លែង​​អ្នក​ដែល​កំពុង​ជាប់ឃុំ​ទាំង២១នាក់​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្តកំពង់ចាម។ អ្នកស្រី ទេព វ​ន្នី សង្ឃឹមថា សភា​អឺរ៉ុប​នឹង​ជួយ​ធ្វើ​អន្តរា​គមន៍​តាម​ការស្នើសុំ​របស់​ក្រុម​អ្នកមាន​បញ្ហាដីធ្លី​ទាំងនេះ ដោយ​សារសហភាព​អឺរ៉ុប​ជា​ម្ចាស់ជំនួយ​ធំ​របស់​កម្ពុជា។

ក្បួន​ហែ​រញ​តិ្ត​របស់​ក្រុម​សហគមមានទំនាស់​ដីធ្លី​នៅថ្ងៃនេះ មិនមាន​ការរារាំង ឫ រំខាន​ពី​សំណាក់​​អាជ្ញាធរ​នោះឡើយ។  តំណាង​សហភាព​អឺរ៉ុប​ក៏បាន​ទទួលយក​ញ​តិ្ត​ពី​សហគម​ទាំង​នោះ​រួចហើយ​ដែរ។

ជម្លោះដីធ្លី​របស់​អ្នកភូមិ​បឹងកក់ បុរី​កីឡា និង ថ្មគោល គឺជា​បញ្ហាដីធ្លី​ដ៏​រ៉ាំរ៉ៃ និង ស្មុគស្មាញ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មិនទាន់បាន​ដោះស្រាយ​បញ្ចប់​នៅឡើយ។ ការណ៍នេះ បង្ក​ឲ្យ​ក្រុម​អ្នករងគ្រោះ​ដោយ​បញ្ហាដីធ្លី​ទាំងនេះ​តវ៉ា​រហូត​មានការ​បង្ក្រាប និង​ចាប់​ខ្លួន​​ពី​សំណាក់​អាជ្ញាធរ​ជា​ញឹកញាប់​នាពេល​កន្លងមក។

សូមបញ្ជាក់ថា គណៈប្រតិភូ​សភាអឺរ៉ុប​មួយក្រុម​ដែលមាន​គ្នា៧នាក់​កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ចំនួន៤ថ្ងៃ​នៅ​ប្រទេស​កម្ពុជា។ គណៈប្រតិភូ​នេះ​បាន​ជួបពិភាក្សា​ជា​បន្តបន្ទាប់​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​​គណ​បក្ស​ប្រជាជន​កម្ពុជា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ  ថ្នាក់ដឹកនាំ​រដ្ឋសភាជាតិ និង​តំណាង​សង្គម​ស៊ីវិល​ផងដែរ។

គោលបំណង​នៃ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ស្វែងយល់​អំពី​បញ្ហានយោបាយ និង​បញ្ហា​ជាច្រើន​ទៀត​​ក្នុង​ក្របខណ្ឌ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហភាព​អឺរ៉ុប​ជាមួយ​កម្ពុជា។ យ៉ាងណា​ក៏​ដោយ ​នៅ​មិនទាន់មាន​ការឆ្លើយតប​អ្វី​នៅឡើយ​ទេ​ចំពោះ​ញត្តិ​សុំ​អន្តរាគមន៍​របស់​សហ​គម​​អ្នកមាន​ទំនាស់​ដីធ្លី​ទាំងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ