រដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ការវាយប្រហារលើពួកឧទ្ទាមកាឈីន
នៅថ្ងៃសុក្រ ទី១៨ មករាម្សិលមិញ រដ្ឋាភិបាលភូមាបានប្រកាសបិទបញ្ចប់ការវាយប្រហារលើពួកឧទ្ទាមកាឈីននៅតំបន់ប៉ែកខាងជើងប្រទេស ជាប់ព្រំដែនជាមួយប្រទេសចិន។ តំបន់ដែលការប្រយុទ្ធគ្នារវាងទ័ពរដ្ឋាភិបាល និងពួកឧទ្ទាមកាឈីនបានចាប់ផ្តើមជាថ្មីកាលពីខែមិថុនា ឆ្នំា ២០១១ និងបានឡើងតានតឹងខ្លំាងតំាងពីដំណាច់ខែធ្នូ ឆ្នំា ២០១២។ យ៉ាងណាក៏ដោយ ក្រុមឧទ្ទាមនៅមិនទាន់ទុកចិត្ត ដោយបានប្រកាសទទួលយកការសេចក្តីសម្រេចរបស់រដ្ឋាភិបាលដោយប្រយ័ត្នប្រយែងបំផុត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥២
ការដែលក្រុមឧទ្ទាមបានប្រកាសទទួលយកសេចក្តីសម្រេចរបស់រដ្ឋាភិបាលដោយប្រយ័ត្នប្រយែងនៅពេលនេះ មកពីពួកគេចង់រង់ចំាមើលបន្តិចទៀតសិនថា តើរដ្ឋាភិបាលនឹងគោរពតាមពាក្យសន្យារបស់ខ្លួនដែរ ឬទេ ពិសេស ថាតើកងទ័ពនឹងគោរពតាមបទបញ្ជារបស់លោកប្រធានាធិបតីថេន សេន ដែរ ឬអត់ ?។ នៅថ្ងៃសៅរ៍ ទី១៩ មករានេះទៀត លោកថេន សេនបានបញ្ជាក់ជាថ្មីនៅក្នុងសន្និសីតកាសែតមួយនាទីក្រុងណៃពីដ៏ថា លោកបានបញ្ជាឲ្យកងទ័ពស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅក្នុងជម្លោះជាមួយពួកឧទ្ទាមកាឈីន ព្រមទំាងអំពាវនាវឲ្យពួកឧទ្ទាមកាឈីនអនុវត្តនូវវិធានការដូចគ្នានេះ។
ក៏ប៉ុន្តែ សំណួរដែលគ្រប់គ្នាបានចោទឡើងនោះគឺថា តើលោកប្រធានាធិបតីពិតជាមានអំណាចលើពួកយោធាមែន ឬអត់ ព្រោះសូមកុំភ្លេចថា កាលពីមួយឆ្នំាមុន រូបលោកថេន សេនក៏ធ្លាប់បានចេញបទបញ្ជាឲ្យកងទ័ពឈប់វាយប្រហារលើពួកឧទ្ទាមកាឈីនម្តងហើយ តែបទបញ្ជារបស់លោកកាលណោះមិនត្រូវបានកងទ័ពយកត្រចៀកស្តាប់ទេ។ តែអ្វីជាការកត់សម្គាល់នៅលើកនេះ កងទ័ពហាក់ដូចជាបានគោរពតាមសំណើរបស់លោកថេន សេន ព្រោះថា កងទ័ពដែលមានអសនៈប្រមាណជា ១ភាគ៤នៅក្នុងរដ្ឋសភាភូមាបច្ចុប្បន្ន មិនបានបោះឆ្នោតប្រឆំាងនឹងញត្តិដែលបានអំពាវនាវឲ្យកិច្ចសន្ទនានយោបាយជាមួយពួកឧទ្ទាមកាឈីននោះទេ។
ម្យ៉ាងទៀត កាយវិការសម្រុះសម្រួលរបស់រដ្ឋាភិបាលទីក្រុងណៃពីដ៏ចំពោះក្រុមឧទ្ទាមកាឈីនពេលនេះ ក៏អាចជាផ្លៃផ្កាបានមកពីគំនាបរបស់សហគមន៍អន្តរជាតិផងដែរ ពិសេសគំនាបពីសំណាក់ប្រទេសចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ភូមាតែម្តង។ ចិនដែលបានបរិហារការបាញ់គ្រាប់កំាភ្លើងត្បាល់ចូលក្នុងទឹកដីរបស់ខ្លួនជាច្រើនគ្រាប់ ព្រមទំាងរិះគន់ ទិតៀនការប្រើអំពើហិង្សារបស់កងទ័ពលើពួកឧទ្ទាមកាឈីន។ ចំណែកអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបវិញក៏ធ្លាប់បានទាមទារឲ្យមានកិច្ចចរចាឡើងវិញរវាងរដ្ឋាភិបាល និងពួកឧទ្ទាមកាឈីនដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ