អានតួអត្ថបទ
រុស្ស៊ី-វៀតណាម

ទស្សនកិច្ច​​លោក​ប្រធានាធិបតី​​វៀ​តណាម ​​Truong ​Tan Sang ​​នៅ​រុស្ស៊ី​​

ក្នុងក្របខ័ណ្ឌ​ទស្សនកិច្ច​នេះ ​ដែល​ប្រព្រឹត្ត​ទៅពីថ្ងៃ​ទី២៦​ដល់៣០​កក្កដា​ លោក​ប្រមុខរដ្ឋ​វៀតណាម​ថ្ងៃនេះ​ទទួល​ជួប​ចរចា​ ដោយ​សមភាគី​រុស្ស៊ី​លោកប្រធានាធិបតី​ពូទីន​ នៅ​ឯ​និវេសនដ្ឋាន​គាត់​ជាយក្រុង​ Sochi ​មាត់សមុទ្រ​ខ្មៅ ​ចម្ងាយ​១.៦៨០គ.ម.​ ខាងត្បូង​ពីម៉ូស្គូ។​ ប៉ុន្តែ​តាំងពី​រសៀល​ថ្ងៃ២៦កក្កដា​ម្សិលមិញ​ម៉្លេះ ​ លោក​Truong Tan Sang​ បានជួប​ប្រស្រ័យ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​មេដវេដេវ​ ដែលឆ្នាំ​មុន​ក្នុងឋានៈ​ជាប្រមុខរដ្ឋ​រុស្ស៊ី​ពេល​បំពេញ ទស្សនកិច្ច​នៅក្រុង​ហាណូយ​រដ្ឋបុរស​ទាំងពីរ​ធ្លាប់បាន​ជួប​ពិភាក្សាគ្នា​ទៅហើយ។

លោកប្រមុខរដ្ឋ​វៀតណាម ​Truong Tan Sang​ និង​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ មេដវេដេវ
លោកប្រមុខរដ្ឋ​វៀតណាម ​Truong Tan Sang​ និង​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ មេដវេដេវ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

ថ្លែងទៅកាន់​លោកប្រធានាធិបតី​វៀតណាម​ Truong Tan Sang នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ​ លោកមេដវេដេវ​ សង្កត់​ធ្ងន់ថា​ រុស្ស៊ី​និង​វៀតណាម​ជាមិត្ត​ដ៏ជំនិត​នឹងគ្នា​ណាស់​ និងជា​ដៃគូ​យុទ្ធសាស្ត្រ ​ដែល​ប៉ុន្មានឆ្នាំ​ចុងក្រោយ ​ចេះច្រាន​ឲ្យ​បាន​ឆ្ងាយ​ទៅមុខ​ កិច្ច​សហប្រតិបត្តិការ​ខ្លួន​នៅតាម​មុខព្រួញ​បែបយ៉ាង​ វិស័យ​សេដ្ឋកិច្ច​ វិស័យ​មនុស្សធម៌​ វិស័យ​អប់រំ។​ ប្រទេស​ទាំងពីរ​តែងធ្វើ​សំវាទ​នឹងគ្នា​ជារឿយៗ​ជុំវិញ​គ្រប់​បញ្ហា​ដែលកើតមាន។​ ទំនាក់​ទំនង​រុស្ស៊ី-វៀតណាម​ឈរលើ​គ្រឹះ​ដ៏សែន​រឹងមាំ។

 
លោកប្រមុខរដ្ឋ​វៀតណាម​ Truong ​Tan Sang ​ពីចំណែក​ខ្លួនវិញ​ សំដែង​នូវ​ជំនឿថា​ ក្រោម​ការដឹកនាំ​របស់​លោកប្រធានាធិបតី​ពូទីន, ​លោកនាយករដ្ឋមន្ត្រី​មេដវេដេវ​ និង​បក្ស​កាន់​អំណាច​“ប្រទេស​រុស្ស៊ី​រួមធ្លុង​មួយ”​ ប្រជាជន​រុស្ស៊ី ​មុខជា​សម្រេច​បាន​យ៉ាង​ជោគជ័យ​នូវ​ការធ្វើ​ទំនើបកម្ម​ប្រទេស​ជាតិ​ឲ្យបាន​គ្រប់ជ្រុង​ជ្រោយ។

លោកបាន​សំដែង​អំណរគុណ​ដល់​ប្រទេស​រុស្ស៊ី​ចំពោះ​ការគាំទ្រ​វៀតណាម​ឲ្យការពារ​បានជាប់​ម៉ឺង​ឯករាជ្យជាតិ​និង​ការបង្រួប​បង្រួម​ទឹកដី​វឿតណាម​ឲ្យចូល​ជាសាច់មួយ​ឡើងវិញ។​ លោកបាន​សំដែង​នូវ​ក្តីសោមនស្សន៍​ចំពោះ​ការអភិវឌ្ឍន៍​នៃភាព​ជាដៃគូ​យុទ្ធសាស្ត្រ ​រវាង​វៀតណាម​និង​រុស្ស៊ី ​ដោយ​ទំនាក់​ទំនង​ វាង​ប្រទេស​ទាំងពីរ​តែង​ឈរ​លើការ​ជឿទុក​ចិត្ត​គ្នា​កម្រិតខ្ពស់។

រីឯ​នាកិច្ច​ចរចា​កំពូល​ ថ្ងៃ២៧​កក្កដា​នេះ ​តាម​ដែល​វិមាន​ក្រេមឡាំង​ប្រកាស​ឲ្យដឹង​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ធ្វើការ​ពិភាក្សា​ ជាមួយ​សមភាគី​វៀតណាម​ លោកTruong Tan Sang គឺ ​បញ្ហាស៊ី​ជម្រៅ​សំវាទ​នយោបាយ​ ផ្ទៀងមើល​គោល​ជំហរ​ម្ខាងៗ​ ចំពោះ​ស្ថានការណ៍​អន្តរជាតិ​ បញ្ហា​ពង្រីក​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ដែលនាំ​ជា​គុណប្រយោជន៍​ទៅវិញ​ទៅមក។

ទាក់ទង​នឹង​ចំណុច​ចុងក្រោយ​ ភាគី​រុស្ស៊ី ​បានលើក​យកមក​បង្ហាញ​ គឺ​តួលេខ​ដែលថា​ ក្នុងឆ្នាំ​ ២០១១​កន្លង​ទៅ ​ទំហំ​ពាណិជ្ជកម្ម​ រវាង​រុស្ស៊ី​និងវៀតណាម បានឡើង​ដល់ទឹកប្រាក់​ ជាង​ ៣.០០០ លាន​ដុល្លារ​អាមេរិក​ គឺកើន​ឡើង​៥៥%​បើប្រៀប​ទៅនឹង​ឆ្នាំមុន។

បច្ចុប្បន្ន​នៅវៀតណាម​កំពុង​សមិទ្ធិ​ គឺគម្រោង​ចំនួន​ ៧៨ ដែលមាន​វិនិយោគទុន​ ពីខាង​រុស្ស៊ី​ក្នុងទឹកប្រាក់​១.០០០លាន​ដុល្លារ។​ នៅរុស្ស៊ីវិញ​ កំពុង​សមិទ្ធិ​ គឺគម្រោង​ចំនួន​ ១៤​ ដែលមាន​ទុន​ពីខាង​វៀតណាម​ ទំហំ​៧៨លានដុល្លារ។

មិនតែ​ប៉ុណ្ណោះ ​នៅលើ​ទីផ្សារ​វៀតណាម​សព្វថ្ងៃ​ ដំណើរការ​យ៉ាងជោគជ័យ​ គឺក្រុមហ៊ុន​ឧស្ម័ន​ ក្រុមហ៊ុន​ប្រេងកាត​ ក្រុមហ៊ុន​អគ្គិសនី​នានា​របស់​រុស្ស៊ី។

ចាប់ពីថ្ងៃ​ទី១​មករា​ឆ្នាំ២០០៩​មក​ វៀតណាម​បាន​លុបទិដ្ឋាការ​ជាឯកតោភាគី​សម្រាប់​ជាតិរុស្ស៊ី​ណា​ដែលធ្វើ​ដំណើរ​ចូលទឹកដី​វៀតណាម​សម្រាប់​រយៈពេល​ដល់១៥ថ្ងៃ​ ហេតុដែល​បាន​ជម្រុញ​ឲ្យចំនួន​ទេសចរ​រុស្ស៊ី​ដែល​ទៅទស្សនា​វៀតណាម​ក្នុងឆ្នាំ​២០១១​កន្លងទៅ ​ឡើងដល់​ ៧ម៉ឺន​ ៨ពាន់​នាក់​ ហើយគ្រាន់​តែ​ក្នុង៥ខែ​ដំបូង​ឆ្នាំ២០១២នេះ​ ឡើងដល់​៨ម៉ឺន៧ពាន់​នាក់ទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ