អានតួអត្ថបទ
រុស្ស៊ី-វៀតណាម

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ទិញ​អង្ករ​ពី​វៀតណាម

ទិញនេះ គឺ​សម្រាប់​បំពេញ​ដល់​តម្រូវការ​កងទ័ព​រុស្ស៊ី។ កុងត្រា​សមស្រប ទើប​មាន​ចុះ​រវាង​ក្រុមហ៊ុន​វៀតណាម Khang Thong និង ក្រុមហ៊ុន​រុស្ស៊ី KomfiTrade ដែល​ជំនួស​មុខ​ឲ្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។ ប៉ុន្តែ ការ​ទិញ​នេះ ញ៉ាំង​ឲ្យ​មាន​ការច្រណែន​ទៅ​ហើយ​ពី “សមាគម​គូបាញ” គឺ​តំបន់​ខាង​ត្បូង​ប្រទេស​រុស្ស៊ី​ខាង​ដាំ​ស្រូវ។ គេ​ថា អង្ករ​រុស្ស៊ី​មាន​គុណភាព​មិន​អន់​ជាង​អង្ករ​វៀតណាម​ទេ ហើយ​តម្លៃ​សោត​ថែម​ទាំង​ថោក​ជាង​ទៅ​ផង។

អង្ករ​ខ្មែរ
អង្ករ​ខ្មែរ © អ៊ឹម​ ណាវិន
ផ្សាយពាណិជ្ជកម្ម

 

តាម​ដែល​កាសែត​មជ្ឈដ្ឋាន​ពាណិជ្ជ​រុស្ស៊ី Russian Business Consulting Daily លេខថ្ងៃ ៣០​ឧសភា​នេះ ចុះផ្សាយ​ស្រប​នឹង​កុងត្រា​នោះ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ទិញ​អង្ករ​វៀតណាម គឺ​ក្នុង​បរិមាណ ១០០.០០០តោន ដែល​នឹង​ត្រូវ​បញ្ជូន​មក​កាន់​ប្រទេស​រុស្ស៊ី ឲ្យ​បាន​សព្វ​គ្រប់​ទៅ​ទល់​ដំណាច់​ឆ្នាំ​២០១១​នេះ។

ក្រោយ​ពី​ឮ​ដំណឹង​នេះ នាយក​ប្រតិបត្តិ​នៃ “សមាគម​គូបាញ” គឺ​តំបន់​ខាង​ត្បូង​ប្រទេស​រុស្ស៊ី ខាង​ដាំ​ស្រូវ លោក Mikhail Radchenko បាន​ប្រតិកម្ម​ដោយ​ច្រឡោត​ថា “ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ទិញ​បែប​នេះ​ពី​ក្រសួង​ការពារ​ជាតិ នោះ​យើង​ត្រៀម​ផ្គត់ផ្គង់​បាន​ជា​បន្ទាន់ ដល់​តម្រូវការ​កងទ័ព​រុស្ស៊ី​ ពីព្រោះ​នៅ​តាម​ឃ្លាំង​ស្តុក​មាន​អង្ករ​បម្រុង​ទុក​ដល់​ទៅ​២០០.០០០​តោន ឯណោះ​សម្រាប់​នាំ​ចេញ។ ឆ្នាំនេះ មាន​ប្រមូល​បាន​ផល​ស្រូវ​យ៉ាង​សម្បូណ៌ ដែល​គុណភាព​វា​មិន​ចាញ់​អង្ករ​នាំ​ចូល​ពី​ក្រៅ​ទេ ហើយ​ម្យ៉ាង​ទៀត​អង្ករ​រុស្ស៊ី ថែម​ទាំង​ធូរ​ថ្លៃ​ជាង​ទៅ​ផង។ ជាក់ស្តែង គឺ​ថា​អង្ករ​រុស្ស៊ី ថ្លៃ​ក្នុង​ចន្លោះ​ពី ៦៧០ ទៅ​៦៩០​ដុល្លារ​អាមេរិក​ក្នុង​១​តោន ចំណែក​អង្ករ​វៀតណាម​វិញ គឺ​ថ្លៃ​ពី​៧៨០ ដល់ ៨១៥ ដុល្លារ​អាមេរិក​ក្នុង​១​តោន”។

តាម​ទិន្នន័យ​ក្រសួង​កសិកម្ម ឆ្នាំ​នេះ​គ្រាន់​តែ​ខាង​ផល​ស្រូវ​អង្ករ នឹង​មាន​ប្រមូល​បាន​បរិមាណ ១​លាន​៦​ម៉ឺន​តោន ដែល​ជា​ផល​យ៉ាង​ច្រើន​ជា​ឯតទគ្គកម្ម សម្រាប់​ប្រទេស​រុស្ស៊ី។

កាសែត Russian Business Consulting Daily កត់​សម្គាល់​ថា វៀតណាម​ជា​ផលិតករ​និង​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​ទី​២ បន្ទាប់​ពី​ប្រទេស​ថៃ ខាង​នាំ​អង្ករ​ចេញ​ទៅ​លើ​ទីផ្សារ​ពិភពលោក។

វៀតណាម​ដណ្តើម​បាន ពី​៣៣​ដល់​៣៥% នៃ​ទីផ្សារ​អង្ករ​នាំ​ចូល​របស់​រុស្ស៊ី។ ក្នុង​ឆ្នាំ​២០១០ រុស្ស៊ី​បាន​នាំ​អង្ករ​ចូល​ពី​ក្រៅ គឺ​ទំហំ ២២៥.០០០តោន ឬ ១២% តិច​ជាង​ក្នុង​ឆ្នាំ​២០០៩។
រុស្ស៊ី ពី​ចំណែក​ខ្លួន ក៏​លក់​អង្ករ​ចេញ​ទៅ​ក្រៅ​ដែរ ៖ ក្នុង​ឆ្នាំ​២០១០ គឺ​នាំ​ចេញ​បាន ១៩៩.០០០តោន ឬ ជាង​២​ដង​ច្រើន​ជាង​ក្នុង​ឆ្នាំ ២០០៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ