អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

និន្នាការ​របស់​អ្នកបោះឆ្នោត​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅសល់តែ​បី​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នឹង​ចូលមក​ដល់។ ភាព​រំជើបរំជួល​ខាង​នយោបាយ​ក៏បាន​កម្រើក​ឡើងវិញ​ដែរ​ជាពិសេស​ចលនា​ផ្លាស់ប្តូរ​គណបក្ស​របស់​សកម្មជន​នយោបាយ​មួយ​ចំនួន។ ទោះបី​ជា​ចលនា​ផ្លាស់ប្តូរ​គណបក្ស​របស់​អ្នកនយោបាយ ឬ​សកម្មជន​នយោបាយ​យ៉ាង​នេះ​ក្តី ក៏​នៅ​កម្ពុជា​គេ​សង្កេត​ឃើញ​ថា និន្នាការ​អ្នកបោះឆ្នោត​នៅ​តែ​ប្រមូល​ផ្តុំគ្នា​ក្នុង​ចរន្ត​ធំៗ​ពីរ​ដដែល គឺ​ក្រុមគាំទ្រ និង​ក្រុមប្រឆាំង​រដ្ឋាភិបាល។ តើ​និន្នាការ​នេះ​មាន​ការ​វិវឌ្ឍន៍​បែប​ណា​ខ្លះ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​ទៅ​នេះ?

និន្នាការ​របស់​អ្នកបោះឆ្នោត​នៅ​កម្ពុជា
និន្នាការ​របស់​អ្នកបោះឆ្នោត​នៅ​កម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ឆ្នាំ១៩៩៣ ពេល​ដែល​កម្ពុជា​រៀបចំ​បោះឆ្នោត​ជា​លើក​ដំបូង នៅក្រោយ​សម័យ​សង្គ្រាម មាន​ចលនានយោបាយ​ពីរធំៗប្រជែង​គ្នា គឺ​ចលនា​នយោបាយ​ក្នុង​ស្រុក​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ចលនា​នយោបាយ​មក​ពី​អ្នកតស៊ូ​ជាយ​ដែន​តំណាង​ដោយ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែល​ជា​ចលនា​រាជានិយម។ កាលណោះ ដោយសារតែ​គណបក្ស​រាជានិយម​នៅមាន​ប្រជាប្រិយ​ភាពខ្លាំង អ្នកបោះឆ្នោត​ភាគច្រើន​បាន​បោះ​គាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

ប៉ុន្តែ ក្រោយ​មក គណបក្ស​រាជានិយម​មួយ​នេះ​បាន​ធ្លាក់​ប្រជាប្រិយភាព​ឥត​ជា​បន្ត​បន្ទាប់​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ រហូតដល់​បែកបាក់​ជា​បំណែក​តូចៗ​ស្ទើរ​តែ​បាត់​ឈ្មោះ​ពី​ឆាក​នយោបាយ។ ស្រប​ពេលដែល​គណបក្ស​រាជានិយម​ធ្លាក់​ប្រជាប្រិយភាព ចលនា​នយោបាយ​ថ្មី​មួយ​បាន​លេច​រូបរាង​ឡើង​នោះ​គឺ​គណបក្សប្រឆាំង​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី។

ទោះបីជា​ភូមិសាស្ត្រ​នយោបាយ​បាន​ប្រែប្រួល​បែបនេះ​ក្តី ប៉ុន្តែ​និន្នាការ​អ្នកបោះឆ្នោត​នៅ​តែ​មាន​ពីរ​ក្រុមធំៗ​ដដែល គឺ​ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច ​និង​ក្រុមប្រឆាំង​បក្ស​កាន់​អំណាច។ មក​ដល់​ដំណាក់កាល​នេះ អតីត​អ្នកបោះឆ្នោត​ឲ្យ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​បាន​បំបែក​គ្នា​ជា​ពីរ​ក្រុមធំៗ​ដោយ​ក្រុមទី១ បែរ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ និង​មួយ​ក្រុម​ទៀត​ដែល​ប្រកាន់​ជំហរ​ប្រឆាំង​តឹងរ៉ឹង បាន​បែរ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី។

រហូត​មក​ទល់​ពេល​នេះ ចរន្ត​អ្នកបោះឆ្នោត​នៅ​កម្ពុជា​នៅ​តែ​ប្រមូល​ផ្តុំគ្នា​នៅ​ចំណុច​ប៉ូលធំៗ​ពីរ​ដដែល គឺ​ម្ខាង​ជា​ប៉ូល​អ្នកគាំទ្រ​គណបក្ស​ប្រជាជន។ ក្រុម​នេះ​ជាទូទៅ​បោះឆ្នោត​ឲ្យ​បក្ស​កាន់អំណាច​ដើម្បី​ការពារ​ផលប្រយោជន៍​ដែល​ពួកគេ​ទទួលបាន​ពី​ការដឹកនាំ​របស់​រដ្ឋាភិបាល។ រីឯ​ប៉ូល​ម្ខាង​ទៀត​ប្រមូលផ្តុំ​ដោយ​អ្នកប្រឆាំង។ ក្រុម​នេះ​ជាទូទៅ ពួកគេ​បោះឆ្នោត​ដើម្បី​ផ្លាស់ប្តូរ​មេដឹកនាំ​ពីព្រោះ​តែ​ពួក​គេ​ទទួលរង​គ្រោះ​ឬ​បាន​ឃើញ​អ្នករងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​សង្គម​ក្រោម​ការ​ដឹកនាំ​របស់​គណ​បក្ស​កាន់អំណាច​សព្វថ្ងៃ។

ខុស​ពី​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន នៅ​កម្ពុជា​អ្នកបោះឆ្នោត​ដែល​និយម​កណ្តាល​មាន​តិចតួច​បំផុត។ និន្នាការ​នេះ​បាន​ស្តែងឡើង​ច្បាស់​ក្រឡែត​តាមរយៈ​ចំនួន​កៅអី​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បក្ស​សម រង្ស៊ី​ដែល​នាំ​មុខ​គេ​ដាច់ ធៀប​នឹង​គណបក្ស​ផ្សេង​ទៀត។ ក្រុម​អ្នក​ចង់បាន​ការ​ផ្លាស់ប្តូ​រ​បាន​នាំ​គ្នា​បោះឆ្នោត​ឲ្យ​គណបក្ស​សម រង្ស៊ី ភាគច្រើន​ដោយសារ​តែ​ម្យ៉ាង​គណបក្ស​នេះ​ជា​បក្សប្រឆាំង​ដែល​ចំណាស់​ជាង​គេ និង​ម្យ៉ាងទៀត​ដោយ​សារ​តែ​លោក​សម រង្ស៊ី​បាន​បង្ហាញ​ពី​ភាព​ជា​អ្នកប្រឆាំង​ដ៏​សកម្ម​ខ្លាំងក្លា​ម្នាក់។ ដោយសារតែ​សម្រប​តាម​និន្នាការ​អ្នកបោះឆ្នោត គណបក្ស​ម រង្ស៊ី​នៅតែ​បង្ហាញ​ថា​ ខ្លួន​ជា​អ្នក​ប្រឆាំង​ឈាន​មុខ​គេ​នៅ​កម្ពុជា​ គឺ​ប្រឆាំង​រហូតដល់​គូសដី​ឈរ​ម្ខាង​ម្នាក់​ជាមួយ​គណបក្ស​កាន់​អំណាច។

មកដល់​ត្រឹមនេះ គេ​ក៏​អាច​កត់សម្គាល់​បានដែរ​ថា សម្រាប់​អ្នកប្រឆាំង ការ​បង្ហាញ​ភាព​ទន់ភ្លន់​ណា​មួយ​ជាមួយ​បក្ស​កាន់អំណាច ជា​ពិសេស​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មាន​ន័យ​ស្មើ​នឹង​ការ​បាត់បង់​ប្រជាប្រិយភាព។ នេះ​ជា​ហេតុផល​ដែល​អ្នកប្រឆាំង​មិន​ថា​លោក​សម រង្ស៊ី ឬ​លោក​កឹម សុខា​ទេ តែង​តែ​បង្ហាញ​ឲ្យ​គេ​ឃើញថា ខ្លួន​ជា​អ្នកប្រឆាំង​ដ៏​សកម្ម​ម្នាក់​ជាមួយ​គណបក្ស​កាន់អំណាច។

ចំណែក​ឯ​គណបក្ស​ដែល​ប្រកាន់​នយោបាយ​កណ្តាល​និយម មាន​អ្នកគាំទ្រ​តិចតួច​ប៉ុណ្ណោះ។ ប៉ុន្តែ ក្រុម អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា​បាន​មើល​ឃើញ​ថា ការ​ដើរ​តាម​និន្នាការ​អ្នកបោះឆ្នោត​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ឆាក​នយោបាយ​កម្ពុជា​មិនអាច​ស្គាល់​ភាពសុខដុមរមនា​បាន​ទេ ពីព្រោះ​និន្នាការ​ដែល​បាន​និង​កំពុង​បន្ត​សព្វថ្ងៃ​នេះ បង្កើត​ឲ្យ​មាន​នយោបាយ«ទឹក​ និង​ប្រេង» ឬ​នយោបាយ «ទឹក​ឡើង ត្រី​ស៊ី​ស្រមោច ទឹក​ហោច ស្រមោច​ស៊ី​ត្រី» មិន​ចេះ​ចប់។

ក្នុងន័យនេះ គេ​ប្រហែលជា​ត្រូវ​នាំគ្នា​លើកទឹកចិត្ត​ដល់​គណបក្ស​ដែល​ប្រកាន់​កណ្តាល​និយម​ទៅវិញ​ទេ ពី​ព្រោះ​ពួក​គេ​កំពុងតែ​ព្យាយាម​លុបបំបាត់​និន្នាការ​ស៊ីសាច់​ហុតឈាម​ពី​ឆាក​នយោបាយ​កម្ពុជា។ វា​គួរតែ​ដល់​ពេល​ហើយ​ដែល​អ្នកបោះឆ្នោត​ត្រូវ​ផ្តោតលើ​គោល​នយោបាយ​​ដឹកនាំ​ប្រទេស​របស់​គណបក្ស​នីមួយៗ​វិញ ជា​ជាង​ការ​ឲ្យ​តម្លៃ​តែ​ទៅ​លើ​កម្រិត​នៃ​ការប្រឆាំង​គ្នា​របស់​អ្នកនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ