អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សង្គ្រាម​ដណ្តើម​សមាជិក​គ្នា​រវាង​ចលនា​រាជានិយម និង​ចលនាប្រឆាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ថ្មី​ម្តងទៀត នៅពេលដែល​គណបក្ស​រាជានិយម និង​គណបក្សប្រឆាំង​កំពុង​រត់ប្រណាំង​គ្នា​ក្នុង​ចលនា​បង្រួបបង្រួម​កម្លាំង​នយោបាយ សង្គ្រាម​ដណ្តើម​សមាជិក​គ្នា​ក៏បាន​កើតឡើង​យ៉ាង​ស្រួចស្រាល់​ណាស់ដែរ។ បន្ទាប់ពី​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​របស់​បក្សប្រឆាំង​បានប្រកាស​ពី​ការទទួលបាន​សមាជិក​ថ្មី​ជាច្រើន​មកពី​គណបក្ស នរោត្តម រណឬទ្ធិ និង ហ្វ៊ុនស៊ិនប៉ិច មក​នោះ ចលនា​រាជានិយម​ក៏បាន​ប្រកាស​រៀបចំ​ទទួល​សមាជិក​រាប់ពាន់​នាក់​មកពី​គណបក្ស​ប្រឆាំង​វិញ​ដែរ។ តើ​ព្រឹត្តិការណ៍​នេះជា​សង្គ្រាម​ដណ្តើម​សមាជិក​គ្នាពិតប្រាកដ ឬ​គ្រាន់តែ​ជា​សង្គ្រាមចិត្តសាស្ត្រ ?

សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក្នុង​សមាជវិសាមញ្ញ​ ថ្ងៃទី២៥ សីហា ២០១២
សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក្នុង​សមាជវិសាមញ្ញ​ ថ្ងៃទី២៥ សីហា ២០១២ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ការប្រកាស​ទទួល​សមា​ជិ​ក​ថ្មី​ពី​គណបក្ស​ផ្សេង​គឺ​ជា​ព្រឹត្តិការណ៍​ដែល​គេ​ធ្លាប់​បាន​លឺ​ឡើង​ស៊ាំ​ត្រចៀក​អស់​ទៅ​ហើយ ក៏​ប៉ុន្តែ អ្វី​ដែល​ថ្មី​នៅ​ពេល​នេះ​គឺ កាល​ពី​មុន​នេះ គេ​ច្រើន​តែ​បាន​លឺ​ថា​ គណបក្សកាន់អំណាច​ប្រកាស​ទទួល​សមាជិក​ថ្មី​មក​ពី​គណបក្សប្រឆាំង ប៉ុន្តែ ស្រាប់​តែ​ពេល​នេះ ព័ត៌មាន​បែរ​ជា​លេចលឺ​ខ្លាំង​ពី​ចលនា​រាជានិយម និង​ចលនា​បក្សប្រឆាំង​វិញ​ម្តង។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ មាន​សេចក្តីរាយការណ៍​ថា សមាជិក​ជាច្រើន​មកពី​ចលនា​រាជានិយម​ក្នុងនោះ​មាន​ទាំង​សមាជិក​រាជវង្ស​មួយ​ព្រះអង្គ​ផង​បានមក​ចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៃ​ចលនា​ប្រឆាំង។ នៅ​ចុង​សប្តាហ៍​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក៏បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា គ្រាន់តែ​ក្នុង​ខេត្តបន្ទាយមានជ័យ​មួយ​ខ្លួន​ទទួលបាន​សមាជិក​ថ្មី​ដល់​ទៅ១០០០នាក់​ដែល​ភាគច្រើន​មកពី​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។ តើ​នេះ​ជាការ​ពិត​ឬ​គ្រាន់តែ​ជា​សង្គ្រាម​ចិត្តសាស្ត្រ?

ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ យើង​គួរ​សាកល្បង​វិភាគ​បញ្ហា​មួយចំនួន​ដូចតទៅ៖ សម្រាប់​គណបក្ស​រាជានិយម ការ​លាចាក​ពី​ឆាកនយោបាយ​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ គឺជា​ហេតុផល​មួយ​ដែល​អាច​បង្ក​រលក​ចលនា​បែកបាក់​ដោយ​ចៀស​មិន​ផុត​បើ​ទោះ​តិច​ឬ​ច្រើនក្តី។ ជាក់ស្តែង សកម្មជន និង​សមាជិក​មួយ​ភាគ​ដែលជា​អ្នក​ស្មោះ​ស្ម​គ្រ័​ជាមួយ​សម្តេចក្រុមព្រះ​មិនបាន​ទៅ​ចូលរួម​ក្នុង​ចលនា​រួបរួម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់លោក​ញ៉ឹក ប៊ុន ឆៃ និង​គណបក្ស​ជាតិនិយម​របស់លោក​សៅ រ៉ានី​នោះឡើយ។ ដូច្នេះ អ្នក​ទាំងនោះ​មួយចំនួន​អាច​នឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង។

ចំណែក​គណបក្សប្រឆាំង​វិញ ក៏​នៅតែ​មិនអាច​គេចផុត​ពី​ចលនា​រត់​ចុះឡើង​នេះដែរ​ទោះបីជា​ពួកគេ​បានប្រកាស​ពី​ការ​រួបរួមគ្នា​ក៏ដោយ។ បញ្ហាសំខាន់​មួយ​នៅក្នុង​ចំណោម​សកម្មជន​បក្សប្រឆាំង​គឺមាន​អ្នកមិនសប្បាយ​ចិត្ត​ដោយសារតែ​ការតស៊ូ​របស់ខ្លួន​មិនបាន​ផល​សមប្រកប​ដូច​បំណង។ មិន​សមប្រកប​ពីព្រោះ​ភាពជា​បក្សប្រឆាំង​បានអូសបន្លាយ​យូរពេក​ដែល​នាំ​ឲ្យ​សកម្មជន​មួយចំនួន​អស់​ក្តី​អត់ធ្មត់​ក្នុងការ​រង់ចាំ។ ក្នុងស្ថានភាព​បែបនេះ​ពួកគេ​ងាយ​នឹង​ទទួល​អារម្មណ៍​ប៉ះពាល់​ណាស់​នៅពេលដែល​ថ្នាក់លើ​របស់ខ្លួន​មិនបាន​យកចិត្តទុកដាក់​ដិតដល់​ដល់។

ការផ្តាច់​ខ្លួន​របស់​តំណាងរាស្ត្រ ឬ​សកម្មជន​គណបក្ស​សម រង្ស៊ី មួយចំនួន​ទៅ​ចូល​គណបក្សកាន់អំណាច ឬ​គណបក្ស​សិទ្ធិមនុស្ស​កាលពីពេល​ក​ន្ល​ង​ទៅជា​ឧទាហរណ៍​ស្រាប់។ នេះ​ជា​ហេតុផល​សត្យានុម័ត និង​ធម្មតា​មួយ​ប៉ុណ្ណោះ​សម្រាប់​ឆាកនយោបាយ​កម្ពុជា។ សូម្បីតែ​ក្នុងចំណោម​សមាជិក​គណបក្ស​កាន់អំណាច​ក៏​គេ​ជឿជាក់ថា ក៏មាន​អ្នក​មិន​សប្បាយចិត្ត​ដែរ ប៉ុន្តែ បក្ស​កាន់អំណាច​ហាក់​មានសំណាង​ជាងគេ​ដោយសារតែ​ម្យ៉ាង ទោះជា​មិន​សប្បាយចិត្ត​ក៏​ជាទូទៅ ពួកគេ​មិន​ចង់​បោះបង់​ផលប្រយោជន៍​ដែល​កំពុង​ទទួលបាន​នោះដែរ និង​ម្យ៉ាងទៀត ការ​ប្រែធាតុ​ដោយ​ចេញមុខ​ពី​បក្ស​កាន់អំណាច​មិនមែនជា​រឿង​សាមញ្ញ​ពេក​នោះឡើយ។

ដូច្នេះ បើ​ពិនិត្យ​ជារួម ចលនា​ងាករេ​ចុះឡើង​របស់​សកម្មជន ឬ​សមាជិក​បក្សនយោបាយ​នៅតែ​បន្ត​ពុះកញ្ជ្រោល​ដដែល ជាពិសេស​ក្នុងពេល​ជិត​បោះឆ្នោត​តែម្តង។ ក៏ប៉ុន្តែ គេ​ក៏​មិនត្រូវ​ភ្លេច​ដែរ​ថា ការ​ឆ្លៀត​ប្រើប្រាស់​សង្គ្រាមចិត្តសាស្ត្ររ​បស់​គណបក្សនីមួយៗដើម្បី​ទាញយក​ប្រជាប្រិយភាព​ពី​ព្រឹត្តិការណ៍​នេះ​ក៏មាន​លក្ខណៈ​ស្រួចស្រាល់​ណាស់ដែរ។ ក្នុង​បរិបទ​នេះ ការ​បំប៉ោង​ព័ត៌មាន​មិនមែនជា​រឿង​ចម្លែក​ទេ។

សរុប​មក​វិញ ទាំង​សង្គ្រាម​ពិតប្រាកដ និង​ទាំង​សង្គ្រាមចិត្តសាស្ត្រ ក្នុង​បុព្វហេតុ​ដណ្តើម​សកម្មជន និង​សមាជិក​គ្នា ពិតជា​កំពុងតែ​ផ្ទុះឡើង​មែន​ជាពិសេស ចុងក្រោយ​នេះ រវាង​ចលនា​រាជានិយម​និង​ចលនា​បក្សប្រឆាំង​ដោយហេតុថា​ចលនា​ទាំងពីរ​កំពុង​បង្ហាញ​ពី​ការបង្រួបបង្រួម​កម្លាំង​នយោបាយ​ដូចគ្នា។ យ៉ាងណាក៏ដោយ ចលនា​រត់​ចុះឡើង​ដែល​កំពុង​ស្តែងឡើង​ចំពោះ​ភ្នែក​យើង​នៅពេលនេះ ជាទូទៅ មិនអាច​ធ្វើ​ឲ្យ​ភូមិសាស្ត្រ​នយោបាយ​ប្រែប្រួល​ធំដុំ​ឡើយ​​សម្រាប់​ដំណាក់កាល​បច្ចុប្បន្ន។

ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​សមត្ថភាព​របស់​គណបក្សនីមួយៗក្នុងការ​ទាក់ទាញ​អ្នក​បោះ​ដែល​នៅ​មិនទាន់​សម្រេចចិត្ត​ច្បាស់លាស់ និង​ក្រុម​អ្នកបោះឆ្នោត​ដែល​ទើបបាន​ចុះឈ្មោះ​ថ្មី ជាពិសេស​គឺ​យុវជន​ដែល​ទើប​គ្រប់​អាយុ។ នេះ​ទើប​ជា​គន្លឹះ​ឈានទៅរក​ជោគជ័យ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៣ ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ