អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

ក្រុងគៀវ​ឈប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​ដែនដី​ដែល​ត្រួតត្រា​ដោយ​ ពួក​ភេរវជន​រុស្ស៊ី​

សេចក្តី​នេះ ប្រកាស​រសៀល​ម្សិលមិញ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន អារសេញី យ៉ាត់សេញុក ក្នុង​កិច្ច​ប្រជុំ​នៃ​គណៈរដ្ឋមន្ត្រី។ ប៉ុន្តែ ព្រម​ជាមួយ​នេះ គាត់​កត់​សម្គាល់ ថា ប្រាក់​រ៉ឺត្រែត និង​ប្រាក់​វិភាជន៍​សង្គម​នឹង​ត្រូវ​បញ្ជូន​ដល់​រាល់តែ​ពលរដ្ឋ​ណា​នៅ​ទីនោះ ដែល មាន​ឧបការគុណ​ទទួល។ ចំណែក​សហភាព​អឺរ៉ុប ប្រកាស​ថា​នឹង​ពុំ​ដក​ឬស​ម្រាល​ទៅ​វិញ​ឡើយ ទណ្ឌកម្ម​ទល់​នឹង​រុស្ស៊ី ដែល​ទទួល​ស្គាល់​ការ​បោះឆ្នោត​ខុស​ច្បាប់ នៅ​តាម​ដែនដី​បះបោរ​នោះ។

ប្រហោង​ជញ្ជាំង​ដ៏​ធំ​មួួយ​ដែល​ត្រូវគ្រាប់បែកនាពេលថ្មីឺឺៗនៅដូណេត​ភាគខាងកើត​អ៊ុយក្រែននៅថ្ងៃទី​៦វិច្ឆិកា២០១៤​
ប្រហោង​ជញ្ជាំង​ដ៏​ធំ​មួួយ​ដែល​ត្រូវគ្រាប់បែកនាពេលថ្មីឺឺៗនៅដូណេត​ភាគខាងកើត​អ៊ុយក្រែននៅថ្ងៃទី​៦វិច្ឆិកា២០១៤​ REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

 

 
តាម​សម្តី​លោក អារសេញី យ៉ាត់សេញុក ប្រមុខ​រដ្ឋាភិបាល​អ៊ុយក្រែន ទាយជ្ជទាន ដែល​ក្រុង​គៀវ​ផ្គត់ផ្គង់​ដល់ ដែនដី​កាន់​កាប់​ដោយ ពួកភេរវជនរុស្ស៊ី សម្រាប់​ករណី​ខេត្ត​ដូណេត​គឺ​មាន​ទំហំ ១.៥០០​លាន​ដុល្លារ ហើយ​ករណី​ខេត្ត​លូហ្កាន់ គឺ​ទំហំ ១.១០០​លាន​ដុល្លារ។ រដ្ឋាភិបាល​សម្រេច​ថា ឈប់​ផ្តល់​ហិញ្ញប្បទាន ដល់​ពួក​ភេរវជន​ទាំ​ងនោះ​ទឿត​ឡើយ។

ជា​ការ​កត់សម្គាល់ លោក យ៉ាត់សេញុក មិន​គ្រាន់តែ​ហៅ​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី​នៅ ប៉ែក​ខាង​កើត អ៊ុយក្រែន ថា​ជា ពួក​ភេរវជន ប៉ុណ្ណោះទេ តែ​ក៏​ប្រើ​ទាំង​គុណនាម ”រុស្ស៊ី” ទៅ​ផង។ មូលហេតុ​មក ពី គាត់​ចង​គំនុំ​ខ្លាំង​ណាស់​នឹង​រុស្ស៊ី ដ្បិត​ក្រោយពី មាន​ការ​ផ្លាស់​ប្តូរ​អំណាច​នៅ​ក្រុងគៀវ កាលពី ខែ​កុម្ភៈ​មក ហើយ​រូប​គាត់​ត្រូវ​បាន​របប​ថ្មី តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី គាត់​បាន​ព្យាយាម​ភ្ជាប់​ខ្សែ ទូរស័ព្ទ អស់​ជាច្រើន​លើក ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​មេដវេដេវ ​ប៉ុន្តែ​មិន​បាន​សម្រេច ដូច​ចិត្ត​ឡើយ មក​ពី​ម៉ូស្គូ​ចាត់ទុក រូប​គាត់ ថា​បាន​តំណែង​នេះ គឺ​តាម​ផ្លូវ​រដ្ឋ​ប្រហារ​ទេតើ។

ក្នុង​កិច្ច​ប្រជុំ​រដ្ឋាភិបាល​រសៀល​ម្សិលមិញ លោក យ៉ាត់សេញុក  ក៏​បាន​ឲ្យ​ដឹង​ថា ៖ រាល់តែ ប្រាក់​រ៉ឹត្រេត ប្រាក់​វិភាជន៍​សង្គម មាន​គិត​ទុក​ជា​ស្រេច​ទៅ​ហើយ​សម្រាប់ ពលរដ្ឋ​ម្នាក់ៗ នៅ​ទីនោះ។ នៅ​ចាំតែ​ឱកាស ដែល ពួក​ភេរវជន​រុស្ស៊ី ចាក​ចេញ​ពី​ដែនដី​ដូណេត​និង លូហ្កាន់ យើង​នឹង​បង់ប្រាក់​ទាំង​នេះ​ភ្លាម ទៅ​ឲ្យ​រាល់​អ្នកណា​ដែល​មាន​ឧបការ​គុណ​ទទួល។

លោក​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន ក៏​លំអិត​ថា ឧស្ម័ន​និង​អគ្គិសនី ជា​ប្រភព​នៃ​កំដៅ នឹង​នៅ​តែ​បង្ហូរ ទៅ​ដែនដី​នោះ​ដដែល ទោះបី​ពីទី​នោះ​ឥត​មាន​ផ្ទេរ​មក​ក្រុង​គៀវ​នូវ​ប្រាក់​បង់ថ្លៃ​ថាមពល​នោះ​ក្តី។ មូលហេតុ​មកពី​រដូវ​រងា​ចាប់ផ្តើម​ជា​បណ្តើរៗ​ទៅ​ហើយ​រួច​ចង់​ឬ​មិន​ចង់ អ្នកស្រុក​រស់​នៅ​ទី​នោះ គេ ជា​ពលរដ្ឋ​អ៊ុយក្រែន​តែម្តង។

ថ្លែង​នៅ​ក្រុង​ប៊ែរឡាំង ថ្ងៃ​៥​វិច្ឆិកា​លោកស្រី Angela Merkel នាយក​រដ្ឋមន្ត្រី​ប្រទេស​អាល្លឺម៉ង់ ប្រទេស​ជា​ក្បាល​ម៉ាស៊ីន​សហភាព​អឺរ៉ុប បាន​ឲ្យ​ដឹង​ថា ទណ្ឌកម្ម​ទល់​នឹង​រុស្ស៊ី ដែល​ទទួល​ស្គាល់ ការ​បោះឆ្នោត​ខុស​ច្បាប់ នៅ​ខេត្ត​បះបោរ​ប៉ែក​ខាង​កើត​អ៊ុយក្រែន គឺ​មិន​ទាន់​អាច​បន្ធូរ​ទៅ​វិញ​ឡើយ កុំ​ថា​ដល់​ទៅ​លុប​វា​ទៅ​វិញ។ តាម​សម្តី​គាត់​ទណ្ឌកម្ម​នេះ​អាច​បង្កើន​ថែម​ទៀត លើក​នេះ គឺ​ទល់​នឹង​អ្នក​មុខ​អ្នកការ​រុស្ស៊ី​ណា ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​ការ​បោះឆ្នោត​នោះ។

លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ធ្លាប់​បាន​ថ្លែង​ថា ទណ្ឌកម្ម​ប្រៀប​បាន​ជា” កាំបិត​មុខ​ពីរ “ គឺ ប៉ះ​ទាំង​លើ​អ្នក​ដាក់​ផង ទាំង​លើ​អ្នក​ដែល​រង​ទទួល​ផង ចំណែក​រុស្ស៊ី​ជា​ប្រទេស​ស្វ័យ​ធានា អាច​បំពេញ​ដល់​រាល់​សេចក្តី​ត្រូវការ​របស់​ខ្លួន គឺ​ដោយ​កម្លាំង​ខ្លួន​ផ្ទាល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ