អានតួអត្ថបទ
ជប៉ុន

មនុស្ស​៨នាក់​​​​ស្លាប់​ ជាង​១៨០០នាក់​ចូលពេទ្យ​ ដោយសារ​សីតុណ្ហភាព​ក្តៅខ្លាំង​នៅ​ជប៉ុន​

នៅ​ជប៉ុន ​សីតុណ្ហភាព​​ក្តៅខ្លាំងថ្ងៃសៅរ៍​នេះ ​​​បាន​​សម្លាប់​មនុស្ស​៨នាក់​​ទៀតហើយ​​ និង​​ធ្វើ​អោយ​​​មនុស្ស​​ជាង​១៨០០នាក់ ត្រូវ​គេ​បញ្ជូន​​ទៅ​មន្ទីរពេទ្យ។ ​កាលពី​ថ្ងៃ​សុក្រ ​ការកើន​កំដៅ​សីតុណ្ហភាព​ បាន​ធ្វើ​អោយមនុស្ស​ស្លាប់​៣នាក់រួចមកហើយ​ ហើយ​ក៏​មាន​​​​​​ជាង​១២០០​នាក់​​ទៀត​​ដែរ​ ដែល​បាន​​​​​​ទទួល​ការ​ថែទាំ​ព្យាបាល។ ​រៀងរាល់ឆ្នាំ​ សីតុណ្ហភាពក្តៅ​ខ្លាំង​​បាន​ធ្វើអោយ​ប្រជាជន​ជប៉ុន​​រាប់ពាន់នាក់​រងគ្រោះ។ ​

រាល់​ឆ្នាំ ជនជាតិ​​ជប៉ុន​រាប់ពាន់នាក់ តែង​រងគ្រោះ​ដោយសារ​សីតុណ្ហភាព​ក្តៅខ្លាំង។
រាល់​ឆ្នាំ ជនជាតិ​​ជប៉ុន​រាប់ពាន់នាក់ តែង​រងគ្រោះ​ដោយសារ​សីតុណ្ហភាព​ក្តៅខ្លាំង។ REUTERS/Tim Wimborne
ផ្សាយពាណិជ្ជកម្ម

ដូចថ្ងៃ​សុក្រ​ដែរ សីតុណ្ហភាព​ក្នុង​ស្រុក​ជប៉ុន ​ថ្ងៃសៅរ៍​​នេះ​ ​​បាន​ឡើង​ហួស​ពី​​៣៥អង្សារ ​​​នៅ​តាម​តំបន់​​​​​ជាច្រើន​។ តាម​កន្លែង​ខ្លះ សីតុណ្ហភាព​ឡើង​​រហូត​ដល់​៣៩អង្សារ។ ការកើន​កំដៅ​សីតុណ្ហភាព​​​​តែងតែ​កើតឡើង​ជាធម្មតា​ ក្នុង​រដូវ​នេះ។ ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ សីតុណ្ហភាព​ចេះ​តែ​កើនខ្ពស់​ជា​លំដាប់។ ​យោងតាម​​ទីភ្នាក់ងារ​គ្រប់គ្រង​​​គ្រោះមហន្តរាយ​ជប៉ុន ​កាលពី​សប្តាហ៍​មុន​ ដោយសារ​សីតុណ្ហភាព​ក្តៅខ្លាំង ​​មនុស្ស​​ជិត​៣ពាន់២រយ​នាក់ បាន​​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្នុង​នោះ​ ​​៣នាក់​​បាន​ស្លាប់។

សប្តាហ៍​មុន​នេះ​មួយទៀត ​មនុស្ស​​ជិត​២ពាន់៥រយ​នាក់ បាន​ទូរសព្ទ​សុំ​ជំនួយ​សង្គ្រោះ។ ​​ជន​រងគ្រោះ​ជាង​ពាក់កណ្តាល ​ជា​មនុស្ស​ចាស់ អាយុ​ជាង​៦៥ឆ្នាំ។ ​នៅ​ជប៉ុន ​ប្រជាជន​​​ចំណាស់​៦៥ឆ្នាំឡើងទៅ ​មាន​ប្រមាណ​​១ភាគ៣​នៃ​ប្រជាជន​សរុបជាង​១២៧លាននាក់។ ​រៀងរាល់​ឆ្នាំ ប្រជាជន​ជប៉ុន​រាប់ពាន់នាក់ តែង​រងគ្រោះ​ដោយសារ​សីតុណ្ហភាព​ក្តៅខ្លាំង។

ការ​បញ្ឈប់​​ប្រតិករ​នុយក្លេអ៊ែរ​​ចំនួន​៤៨ បាន​ជំរុញ​អោយ​​​រដ្ឋាភិបាល​ជប៉ុន​ធ្វើការ​សន្សំ​សំចៃការ​ប្រើប្រាស់​​ថាមពល​ក្នុងស្រុក។​ ទោះ​យ៉ាងនេះ​ក្តី ​អាជ្ញាធរ​​​ជំរុញ​អោយ​មាន​ការប្រើ​ម៉ាស៊ីន​ត្រជាក់​​ក្នុង​លក្ខណៈ​សមស្រប​ផងដែរ។ ប៉ុន្តែ តាម​ទីកន្លែង​សាធារណៈ​មួយចំនួន ដូច​ជា​ហាងទំនិញ រឺ​ក៏​ភោជនីយដ្ឋាន ​គេ​​​​​បើក​​​​ម៉ាស៊ីន​ត្រជាក់​ច្រើន​កម្រិត​ខ្ពស់​ហួសហេតុ រហូត​​ធ្វើអោយ​អ្នកចូល​ទិញ​ឥវ៉ាន់ ​ស្រែកថា​​រងារ។ ដោយឡែក មនុស្ស​ចាស់​នៅ​ស្រុក​ជប៉ុន ​​មួយចំនួន​​​មិនចង់​ប្រើ​ម៉ាស៊ីន​ត្រជាក់ទេ ហើយ​មួយចំនួន​ទៀត ​មិនចេះ​ប្រើ​​ទៀតផង ដូច្នេះ​​ហើយ សីតុណ្ហភាព​ក្តៅខ្លាំង​ធ្វើអោយ​​​​ពួកគាត់​​ ​ជួប​បញ្ហា​​ខ្វះ​ជាតិទឹក​ក្នុង​ខ្លួន៕ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ