អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

សេចក្តី​សន្និដ្ឋាន​ទៅ​លើ​ភូមិសាស្រ្ត​នយោបាយ​ជប៉ុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់​ សូម​បញ្ចប់​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ជប៉ុន​ ដោយ​សូម​ធ្វើ​សេចក្តី​សន្និដ្ឋាន​ត្រួស​ៗ​ទៅ​លើ​ការ​សិក្សា​ជុំវិញ​មហា​ប្រទេស​អាស៊ី​មួយ​នេះ។

ជប៉ុន និងពិភពលោក
ជប៉ុន និងពិភពលោក
ផ្សាយពាណិជ្ជកម្ម

ជប៉ុន​បន្ត​ធ្វើ​ឱ្យ​ក្រុម​អ្នក​សង្កេត​ការណ៍​ចាប់​អារម្មណ៍​ ចាប់​អារម្មណ៍​ខ្លាំង​ឡើង​ៗ​ ពីព្រោះ​
ប្រទេស​អាស៊ី​មួយ​នេះ​ដែល​ជា​កោះ​មិន​បើក​ទ្វារ​ចំហ​ធំ​និង​ទាំង​ស្រុង​ទៅ​រក​ពិភពលោក​ទេ ហើយ​ក៏​មិន​នៅ​ឯកា​តែ​ឯកឯង​ទាំង​ស្រុង​នោះ​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ជប៉ុន ពីព្រោះ​ប្រទេស​នេះ​ជា​មហា​អំណាច​សេដ្ឋកិច្ច ប៉ុន្តែ​ជា​ប្រទេស​កន្តឿ​នយោបាយ​ ជា​សង្គម​មួយ​មាំទាំ​និង​ជឿន​លឿន​មែន​ទែន តែ​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​អនាគត​របស់​ខ្លួន។

ជប៉ុន​ចោទ​សួរ​ខ្លួន​ឯង​ជា​យូរ​ឆ្នាំ​មក​ហើយ​ថា តើ​ត្រូវ​ប្រកាន់​ជំហរ​បែប​ណា​នៅ​ចំពោះ​មុខ​
បណ្តា​ប្រទេស​ជិត​ខាង និង​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​បាន​ក្លាយ​ទៅ​ជា​ប៉ូល​មួយ​ក្តៅ​គគុក ​នៅ​លើ​វិស័យ​ភូមិសាស្រ្ត​នយោបាយ ជា​ប៉ូល​មួយ​ខ្លាំង​ក្លៀវក្លា​គួរ​ឱ្យ​ទាក់​ទាញ នៅ​លើ​វិស័យ​សេដ្ឋកិច្ច។

នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ទំនាក់​ទំនង​អន្តរជាតិ​វិញ ជប៉ុន​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ចំណង​ត្រី​កោន​ដ៏​ស្មុគ​ស្មាញ អាមេរិក-ជប៉ុន-ចិន។ អាមេរិក ពីព្រោះ​ ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លេច ជា​ឆត្រ​នុយក្លេអ៊ែរ និង​ជា​គ្រឹះ​សន្តិសុខ។ ចិន ពីព្រោះ​ជា​សត្រូវ​ធំ ជា​គូ​ប្រជែង និង​ជា​ប្រទេស​ជិត​ខាង​ប្រកប​ដោយ​អនុភាព​ខ្លាំង​ឡើង​ជា​លំដាប់។

អត្តសញ្ញាណ​ពិត​ប្រាកដ​និង​មហិច្ឆតា​ជាក់​ស្តែង ក៏​ជា​កង្វល់​ពីរ​ធំៗ​របស់​ប្រជាជាតិ​ជប៉ុន​ដែរ ត្បិត​ប្រវត្តិសាស្រ្ត​បាន​បង្ហាញ​ថា​ជប៉ុន​ជា​លទ្ធផល​នៃ​សំយោគ​ល្អ​ឥត​ខ្ចោះ​រវាង​វប្បធម៌​ដើម​នៃ​ប្រទេស​និង​ចំហាយ​អរិយធម៌​បរទេស និង​ពីព្រោះ​ជា​ច្រើន​ដង​ច្រើន​សា ប្រទេស​អាស៊ី ​មួយ​នេះ​បាន​ធ្លាក់​ពី​ចុង​កំពូល​មក​ដល់​បាត​ដី និង​ពី​បាត​ដី​ឡើង​ទៅ​ដល់​ចុង​កំពូល​វិញ។

ម្ល៉ោះ​ហើយ ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ភូមិសាស្រ្ត​នយោបាយ​របស់​ជប៉ុន បន្ថែម​ពី​លើ​ភូមិសាស្រ្ត សេដ្ឋកិច្ច​និង​នយោបាយ ចាំបាច់​គេ​ត្រូវ​តែ​ស្វែង​យល់​ពី​ប្រវត្តិសាស្រ្ត​និង​វប្បធម៌​នៃ​ប្រទេស​អាស៊ី​មួយ​នេះ។

អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​កន្លង​ទៅ​នេះ យើង​បាន​សិក្សា​យល់​ដឹង​ពី​កង្វល់​របស់​ថ្នាក់​ដឹកនាំ​និង​របស់​ប្រជា​ពលរដ្ឋ​ជប៉ុន ព្រម​ទាំង​សមត្ថភាព​ខ្ពស់​គួរ​ឱ្យ​សរសើរ​នៃ​ប្រជាជាតិ​ អាស៊ី​មួយ​នេះ​ក្នុង​ការ​ប្រឈមមុខ​ទប់ទល់​នឹង​ឧបសគ្គ​ភូមិសាស្រ្ត​នយោបាយ​ធំៗ។

យ៉ាង​ណា​ក៏​ដោយ អនាគត​នៃ​ប្រទេស​ជប៉ុន​ចាប់​ពី​ពេល​នេះ​ត​ទៅ​អាស្រ័យ​ទៅ​លើ​បញ្ហា ភូមិសាស្រ្ត​នយោបាយ​មួយ​ចំនួន​ដែល​យើង​អាច​ចង​ក្រង​ជា​សំណួរ​ចំនួន​១០។

សំណួរ​ទី​១៖ តើ​ជប៉ុន​នឹង​អាច​បន្ត​មាន​វត្តមាន​នៅ​លើ​ផែនទី​ពិភពលោក​យូរ​លង់​ទៅ​មុខ​ទៀត​ដែរ​ឬ​ទេ ពីព្រោះ​ប្រទេស​អាស៊ី​មួយ​នេះ​អាច​នឹង​រលត់​រលាយ​គ្រប់​ពេល​វេលា​
ដោយ​ហេតុ​តែ​គ្រោះ​រញ្ជួយ​ដី រលក​យក្ស​ស៊ូណាមី​និង​មហន្តរាយ​នុយក្លេអ៊ែរ ដូច​អ្វី​ដែល​បាន​កើត​ឡើង​នៅ​Fukushima កាល​ពី​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ?

សំណួរ​ទី​២៖ តើ​ជប៉ុន​នឹង​នៅ​តែ​ពឹង​ពាក់​អ៊ីចឹង​ត​ទៅ​ទៀត​ដែរ​ឬ​ទេ​ទៅ​លើ​ថាមពល​និង​ចំណី​ អាហារ​នាំ​ចូល​សឹង​ទាំង​ស្រុង​មក​ពី​បរទេស?

សំណួរ​ទី​៣៖ តើ​ជប៉ុន​នឹង​អាច​រំសាយ​បាន​ដែរ​ឬ​ទេ ការ​ប្រមូល​ផ្តុំ​ប្រជាជន​បែប​ណែន​ណាន់​ តាន់​តាប់​ជ្រុល​ពេក​ដូច​សព្វ​ថ្ងៃ ដើម្បី​បង្កា​កុំ​ឱ្យ​មាន​អ្នក​ស្លាប់​ច្រើន​ពេក ប្រសិន​បើ​គ្រោះ ​រញ្ជួយ​ដី​ធំ​និង​សាហាវ​ជាង​គេ​មួយ​កើត​ឡើង?

សំណួរ​ទី​៤៖ តើ​ជប៉ុន​អាច​រក្សា​បាន​យូរ​លង់​ត​ទៅ​មុខ​ទៀត​ដែរ​ឬ​ទេ ធនធាន​ភូមិសាស្រ្ត​នយោបាយ​ផ្ទៃ​ក្នុង​សំខាន់ៗ​របស់​ខ្លួន រួម​មាន​ជា​អាទិ៍ ឯកភាព​ជាតិ សីលធម៌​សមូហភាព និង​រចនា​សម្ព័ន្ធ​សង្គម​ដ៏​មាំ​មួន?

សំណួរ​ទី​៥៖ តើ​នៅ​ទី​បំផុត រដ្ឋាភិបាល​ជប៉ុន​នឹង​អាច​រំដោះ​ខ្លួន​ចេញ​ពី​អតីតកាល ដើម្បី​សារភាព​ទទួល​កំហុស​ប្រព្រឹត្ត​កាល​សម័យ​មុន​និង​ពេល​សង្គ្រាម​លោក​លើក​ទី​២​ដែរ​ឬ​ទេ?

សំណួរ​ទី​៦៖ តើ​ជប៉ុន​នឹង​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ប្រជាជន​ដែរ​ឬ​ទេ ប្រជាជន​ចាស់​ជរា​ទៅ​ជា​លំដាប់​ដែល​ជា​គ្រោះថ្នាក់​សម្រាប់​លទ្ធិប្រជាធិបតេយ្យ សន្ទុះ​សេដ្ឋកិច្ច និង​
សន្តិសុខ​ជាតិ​ទាំង​មូល។

សំណួរ​ទី​៧៖ តើ​សេដ្ឋកិច្ច​ជប៉ុន​នឹង​អាច​ប្រជែង​ត​ទៅ​មុខ​ទៀត​បាន​យូរ​លង់​ដែរ​ឬ​ទេ​ជា​មួយ សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​អាស៊ី​ជិត​ខាង ដូច​យ៉ាង​ចិន​និង​កូរ៉េ​ខាង​ត្បូង។

សំណួរ​ទី​៨៖ តើ​ជប៉ុន​នឹង​អាច​ចៀស​វាង​បាន​ដែរ​ឬ​ទេ សង្គ្រាម​ជាមួយ​ចិន ដោយហេតុ​តែ​ ជម្លោះ​ទឹក​ដី​និង​ព្រំដែន ឬ​សង្គ្រាម​រវាង​ចិន​និង​អាមេរិក​ដែល​នឹង​តម្រូវ​ឱ្យ​ជប៉ុន​ចូល​ជួយ​អាមេរិក​ដោយ​ខាន​មិន​បាន?

សំណួរ​ទី​៩៖ តើ​នៅ​ទី​បំផុត​ជប៉ុន​នឹង​អាច​ចេញ​រួច​ពី​សម្ព័ន្ធភាព​ចាក់​ទឹក​មិន​លេច​ជាមួយ​ អាមេរិក​ដែរ​ឬ​ទេ ដើម្បី​មាន​លទ្ធភាព​កសាង​ទំនាក់​ទំនង​ថ្មី​ជាមួយ​ចិន​បាន?

សំណួរ​ទី​១០៖ តើ​ជប៉ុន​នឹង​អាច​ដោះស្រាយ​បញ្ហា​បំណុល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ខ្លួន​ បាន​ដែរ​ឬ​ទេ នៅ​ទី​បំផុត?

ក្នុង​ខណៈ​នេះ គ្មាន​អ្នកណា​អាច​ឆ្លើយ​នឹង​សំណួរ​ខាង​លើ​ឱ្យ​បាន​ជាក់​ច្បាស់​ឡើយ។ បើ​សិន​ជា​អាច​ដោះ​ចំណោទ​ទាំង​១០​ខាង​លើ​បាន​មែន​នោះ ជប៉ុន​នឹង​ក្លាយ​ជា​មហា​អំណាច​មួយ​ពិត​ប្រាកដ​ដែល​មាន​សេរីភាព ឥទ្ធិពល និង​អធិបតេយ្យភាព​ធំ​ទូលំ​ទូលាយ​ជាង​សព្វ​ថ្ងៃ នា​អនាគត​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ