អានតួអត្ថបទ
សេដ្ឋកិច្ច​ជប៉ុន

ជប៉ុន​មាន​កំណើន​សេដ្ឋកិច្ច ប៉ុន្តែ​នៅតែ​គំរាម​កំហែង​ដោយ​វិបត្តិ​អឺរ៉ុប

នៅក្នុង​ពេល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ដើរអូសជើង កំណើន​សេដ្ឋកិច្ច​របស់​ជប៉ុន​បាន​កើនឡើង​មួយ​ភាគរយ នៅ​ត្រីមាស​ទីមួយ។ កំណើន​សេដ្ឋកិច្ច​ដែល​ជាផ្លែផ្កា​នៃ​ការចំណាយ​ទៅលើ​ការសាងសង់​ឡើងវិញ តំបន់​ដែល​រងបំផ្លាញ​ដោយ​គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី កាលពី​ខែ​មីនា ឆ្នាំ ២០១១។

បុគ្គលិកក្រុមហ៊ុន​សូនី​ជប៉ុន
បុគ្គលិកក្រុមហ៊ុន​សូនី​ជប៉ុន © REUTERS
ផ្សាយពាណិជ្ជកម្ម

គ្រោះថ្នាក់​រលក​យក្ស​​ស៊ូណាមីនៅ​Fukushima បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​ដើរ​ថយ​ក្រោយ មិន​ដល់​មួយឆ្នាំ​​ប៉ុណ្ណោះ។ ចាប់តាំង​ពី​ត្រីមាស​ទីបួន ក្នុង​ឆ្នាំ ២០១១ កន្លងទៅ ផលិតផល​ក្នុង​ស្រុក​សរុប​GDP របស់​ជប៉ុន​បាន​ចាប់​កើនឡើង​ជាលំដាប់​មកវិញ បើ​ទោះ​ជាវា​កើនឡើង​យ៉ាងយឺតៗ​ក៏ដោយ។ នៅចន្លោះ​ខែ​មករា និង​មីនា​ដើមឆ្នាំនេះ ផលិតផល​ក្នុង​ស្រុក​សរុប​ជប៉ុន​បាន​កើន​ឡើង​​ដល់​៤,១ភាគរយ។ នៅក្នុង​សេចក្តី ថ្លែងការណ៍​ចេញផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍នេះ ទេស​រដ្ឋមន្រ្តី​ជប៉ុន​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​សេដ្ឋកិច្ច បាន​សាទរ​ដំណឹង​ល្អនេះ និង​ថា សេដ្ឋកិច្ច​ជប៉ុន​នឹង​បោះជំហាន​ទៅមុខទៀត។

 
អ្នកជំនាញ​វាយតម្លៃ​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ជប៉ុន កើនឡើង ដោយមកពី​ប្រជាជន​ជប៉ុន​បាន​ចាប់ផ្តើម​ចាយច្រើន លើ​ទំនិញ​ប្រើប្រាស់។ ម្យ៉ាងទៀត រដ្ឋាភិបាល​ជប៉ុន​បាន​ជំរុញ​ឲ្យ​ការប្រើប្រាស់​ក្នុង​ស្រុក​កើនឡើង តាមរយៈ​ផ្តល់​ជំនួយ​ដល់​ប្រជាជន​ដែល​ទិញ​រថយន្ត​ថ្មី ដែល​មិនសូវ​ស៊ីសាំង ឬ​រថយន្ត​ដែល​ដើរ​ដោយ​អគ្គិសនី​ជា​ដើម។

លើសពីនោះទៀត ការវិនិយោគ​សាធារណៈ ដែល​ជា​ប្រភព​បង្កើត​ការងារ និង​ប្រាក់ចំណួល របស់​ប្រជាជន​បាន​កើនឡើង​ជាង​៥ភាគរយ។ ការវិនិយោគ​សាធារណៈ​មាន​ទៅបាន ដោយសារ​រដ្ឋសភា​ជប៉ុន​បាន​អនុម័ត​កញ្ចប់​ថវិកា​ប្រមាណ ២០០​ពាន់​លាន​ដុល្លារ សម្រាប់​ជួសជុល​សាងសង់​ឡើងវិញ តំបន់​ភាគឦសាន​ជប៉ុន​ដែល​រងគ្រោះ​ដោយ​រលកយក្ស​ស៊ូណាមី។

ប៉ុន្តែ យ៉ាងណាក៏​ដោយ បើតាម​ទេសរដ្ឋមន្រ្តី​ជប៉ុន​ខាងលើ គេ​មិនត្រូវ​អរ​នឹង​ដំណឹង​ល្អ រហូត​ភ្លេច​ខ្លួនទេ។ កំណើន​សេដ្ឋកិច្ច​ជប៉ុន​បាន​កើនឡើង​មែន ប៉ុន្តែ វា​អាច​ត្រូវ​គំរាមកំហែង​បាន​គ្រប់ពេល​វេលា ដោយ​វិបត្តិសេដ្ឋកិច្ច​សកល ជា​ពិសេស​វិបត្តិ​ប្រាក់​បំណុល​នៅអឺរ៉ុប។ ជាក់ស្តែង ការនាំចេញ​របស់​ជប៉ុន​នៅដើម​ឆ្នាំ​នេះ​មានការកើន​ឡើង​បន្តិចមែន ប៉ុន្តែ បើ​សេដ្ឋកិច្ច​អឺរ៉ុប​នៅតែ​ញាំញី​ដោយ​វិបត្តិ​ប្រទេស​សមាជិក ជា​ពិសេស​ក្រិក នោះ សេដ្ឋកិច្ច​ជប៉ុន​នឹង​ត្រូវ​រង​ប៉ះពាល់​ជាមិនខាន ព្រោះថា អឺរ៉ុប​ក៏​ជា​ទីផ្សារ​ដ៏ធំមួយ​របស់​ផលិតផល​អេឡិចត្រូនិក​ជប៉ុន។ លើស​ពី​នោះទៀត នៅមាន​កត្តា​មួយ​ចំនួនទៀត​ដែល​នឹង​គំរាមកំហែង ឬ​ទាញកំណើន​សេដ្ឋកិច្ច​ជប៉ុន​ឲ្យ​ដើរ​ថយក្រោយ​មកវិញ។ ទីមួយ​គឺ​ការកើនឡើង​តម្លៃ​ប្រាក់​យេន ដែល​ជា​ឧបសគ្គ​ធ្វើឲ្យ​ក្រុមហ៊ុន​ជប៉ុន​មិន​អាច​នាំចេញ​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​បរទេស។
 

ទីពីរទៀត ជប៉ុន​នៅពឹងផ្អែក​ច្រើន​លើ​ការនាំចូល​ថាមពល ដែល​ធ្វើ​ឲ្យ​រដ្ឋ​បង់ខាត​លុយ​យ៉ាង​សន្ធឹកសន្ធាប់។ គួរដឹងថា ចាប់តាំងពី​ជប៉ុន​រងគ្រោះ​ដោយ​គ្រោះរញ្ជួយដី និង​គ្រោះថ្នាក់​នុយក្លេអ៊ែរ ជប៉ុន​បាន​បិទ​រោងចក្រ​នុយក្លេអ៊ែរ​មួយ​ចំនួន​របស់ខ្លួន និង​បែរ​ទៅ​រក​ទិញប្រេង និង​ឧស្ម័ន​ពីប្រទេស​ខាងក្រៅ ដើម្បី​យក​មក​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុងស្រុក។ គេ​បារម្ភ​ថា ការនាំចូល​ថាមពល​ពីខាងក្រៅ នឹង​កើនឡើង សម្រាប់​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ដែល​គេ​រំពឹង​ថា នឹង​កើនឡើង​ខ្លាំង ជាពិសេស​នៅរដូវក្តៅ​ខាងមុខ នៅពេល​ប្រជាជន​ជប៉ុន​សម្រុក​ប្រើ​ម៉ាស៊ីន​ត្រជាក់។ ថាមពល​អគ្គិសនី មិន​គ្រប់គ្រាន់​នឹង​អាច​ក្លាយ​ជា​ឧសបគ្គ រារាំង​ជាថ្មី ដល់​ការរីកចម្រើន​សេដ្ឋកិច្ច​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ