អានតួអត្ថបទ
ជប៉ុន

ការ​ចំណាយ​ប្រជាជន​​ធ្លាក់ចុះ​ធ្វើឲ្យ​សេដ្ឋកិច្ច​ជប៉ុន​ងើប​មិនរួច​ពី​រណ្ដៅ​បរិត្តផរណា

តួលេខ​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ចេញផ្សាយ នៅថ្ងៃ​សុក្រ​នេះ បង្ហាញ​ថា ការ​ចំណាយ​ទូទៅ​របស់​ប្រជាជន​ជប៉ុន​​មាន​ការ​ធ្លាក់ចុះ​ ២,៣% នៅ​ខែ​មករា ឆ្នាំ​២០១២ បើ​ធៀប​នឹង​ខែមករា ឆ្នាំ​ទៅមិញ។ នៅក្នុងពេល​ដែល​ការនាំចេញ​របស់​ជប៉ុន​កំពុង​ជួប​នឹង​បញ្ហា ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ការ​ថយចុះ​នៃ​ការ​ចំណាយ​ក្នុង​ស្រុក គឺ​ជាបន្ទុក​មួយ​បន្ថែម​ទៀត ដែល​ជាឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច​ជប៉ុន។

ក្រៅ​ពី​អគ្គិសនី ហ្កាស និង​ម្ហូបអាហារ តម្លៃ​ទំនិញ​ផ្សេងទៀត​នៅ​ជប៉ុន​បន្តធ្លាក់ចុះ​ឥតឈប់ឈរ
ក្រៅ​ពី​អគ្គិសនី ហ្កាស និង​ម្ហូបអាហារ តម្លៃ​ទំនិញ​ផ្សេងទៀត​នៅ​ជប៉ុន​បន្តធ្លាក់ចុះ​ឥតឈប់ឈរ REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ជិត ៣ឆ្នាំ​ហើយ ដែល​ជប៉ុន​ត្រូវ​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ​ជាទូទៅ​នៃ​​តម្លៃ​ទំនិញ និង​ការ​ធ្លាក់​ចុះ​នៃ​ការ​ចំណាយ​របស់​ប្រជាជន​ទូទៅ ដែល​បង្ក​ជា​វិបត្ត​ “បរិត្ត​ផរណា”។

គួរ​បញ្ជាក់ថា បរិត្តផរណា គឺ​ផ្ទុយ​ពី​អតិផរណា។ នៅពេល​ដែល​តម្លៃ​ទំនិញ​ជាទូទៅ​មាន​ការ​កើនឡើង គេ​ហៅថា​ “អតិផរណា”។ ផ្ទុយ​ទៅវិញ នៅពេល​ដែល​តម្លៃ​ទំនិញ​ទូទៅ​ធ្លាក់ចុះ គេហៅថា “បរិត្តផរណា”។

​តួលេខ​របស់​រដ្ឋាភិបាល​ជប៉ុន​បង្ហាញ​ថា កាលពី​ខែ​មករា កន្លងទៅនេះ ថ្វីដ្បិត​តែ​តម្លៃ​អគ្គិសនី ហ្កាស និង​ម្ហូបអាហារ​មាន​ការ​កើនឡើង ក៏ប៉ុន្តែ​ តម្លៃ​ផលិតផល​អេឡិចត្រូនិក​ (ដូចជា ទូរទស្សន៍ ទូរទឹកកក កុំព្យូទ័រ ជាដើម) មាន​ការ​ធ្លាក់ចុះ​យ៉ាងខ្លាំង។ ជាលទ្ធផល​ បើ​គិត​ជា​មធ្យម ​​តម្លៃ​ទំនិញ​ទូទៅ នៅ​ក្នុង​ខែមករា​នេះ មាន​ការធ្លាក់ចុះ​ ០,១% បើ​ប្រៀបធៀប​នឹង​ខែមករា ឆ្នាំ​២០១១​កន្លងទៅ។

នៅពេល​ដែល​តម្លៃទំនិញ​ទូទៅ​បន្តធ្លាក់ចុះ​ជា​បន្តបន្ទាប់​ឥតឈប់​ វា​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​គម្រោង​ទិញ​ផលិតផល​ណាមួយ ដែល​មិនមែន​ជា​របស់​ចាំបាច់​បន្ទាន់ នាំគ្នា​​ផ្អាក​​គម្រោង​ទិញ​នេះ​សិន ដោយ​ចេះតែ​រំពឹង​ថា ទៅថ្ងៃ​មុខ​ តម្លៃ​ទំនិញ​នឹង​ធ្លាក់ចុះ​កាន់តែ​ទាប​​ជាង​ថ្ងៃនេះ។ ជាលទ្ធផល ការចំណាយ​​​របស់​ប្រជាជន​ជាទូទៅ​មាន​ការ​ធ្លាក់ចុះ។

នៅពេល​ដែល​ការ​ចំណាយ​ក្នុងស្រុក​ធ្លាក់ចុះ ហើយ​​ការនាំ​ទំនិញ​ចេញ​ទៅលក់​នៅ​បរទេស​​ក៏​កំពុង​​ធ្លាក់ចុះ ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច​នៅទូទាំងពិភពលោក ទាំងអស់​នេះ​ជា​ឧបសគ្គ​ដ៏ធំ ដែលរារាំង​សេដ្ឋកិច្ច​របស់​ជប៉ុន​មិន​ឲ្យ​មាន​កំណើន​។

ដើម្បី​ទប់ទល់​នឹង​វិបត្តិ​នេះ ធនាគារ​កណ្តាល​ជប៉ុន​បានសន្យា​ថា​នឹង​រក្សា​អត្រា​ការប្រាក់​របស់​ខ្លួន​ឲ្យ​នៅ​ទាបបំផុត គឺ​នៅ​ចន្លោះ ០% ទៅ ០,១% ក្នុង​មួយ​ឆ្នាំ ដើម្បី​ជំរុញ​ឲ្យ​មាន​ចរាចរណ៍​សាច់ប្រាក់ នៅ​ក្នុង​ទីផ្សារ។ ធនាគារ​កណ្តាល​សន្យា​ថា​នឹង​បន្ត​នយោបាយ​បែប​នេះ រហូតដល់​ពេល​ដែល​តម្លៃ​ទំនិញ​ទូទៅ កើនឡើង​យ៉ាងតិច ១% ក្នុង​មួយ​ឆ្នាំ ទើប​ ពិចារណា​អំពី​ការ​ដំឡើង​អត្រាការប្រាក់​​មកវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ