អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ដល់ពេល​ទុយនីស៊ី​ត្រូវ​យក​គំរូ​តាម​អេហ្ស៊ីប​វិញ​ម្តង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​យប់ថ្ងៃ​អង្គារ ឈាន​ចូល​យប់ថ្ងៃ​ពុធ កន្លងទៅនេះ ប្រជាជន​ទុយនីស៊ី​​រាប់​ម៉ឺននាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​គណបក្ស​អ៊ីស្លាម​និយម ឈ្មោះ​ថា Ennahda។ គេ​សង្កេតឃើញ​ថា ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីស្លាម​និយម​នៅ​ទុយនីស៊ី​បាន​កើនឡើង​កាន់តែ​ខ្លាំង ក្រោយ​ពី​ចលនា​ប្រឆាំង​នៅ​អេហ្ស៊ីប​បាន​ទទួល​ជោគជ័យ ក្នុងការ​ទម្លាក់​​រដ្ឋាភិបាល​អ៊ីស្លាម​និយម របស់​លោក​មហាម៉េដ ម៉រស៊ី។ ប្រជាជន​ទុយនីស៊ី​ដែល​ធ្លាប់​ធ្វើ​ជា​គំរូ​បដិវត្តន៍​ដល់​​អេហ្ស៊ីប នៅ​ពេលនេះ ហាក់ដូចជា​កំពុង​តែ​ដើរ​តាម​គន្លង​របស់​ប្រជាជន​អេហ្ស៊ីបវិញម្តង។

បាតុករ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្លាម​និយម​ទុយនីស៊ីចុះចេញ​ពី​តំណែង
បាតុករ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្លាម​និយម​ទុយនីស៊ីចុះចេញ​ពី​តំណែង REUTERS/Anis Mili
ផ្សាយពាណិជ្ជកម្ម

 

បើ​យើងមើលទៅ ជោគវាសនា​របស់​ប្រជាជន​ទុយនីស៊ី និង​អេហ្ស៊ីប​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហាក់ដូច​ជា​ត្រូវ​គេ​វេញ​ចងភ្ជាប់គ្នា​យ៉ាង​ស្អិត។

យើងនៅចាំបាន​ថា គឺ​ប្រជាជន​ទុយនីស៊ី ដែល​ជា​អ្នក​ចាប់ផ្តើម​​គំនិត​មុនគេ​ ក្នុងការ​ងើបឡើង​ធ្វើ​បដិវត្តន៍ប្រឆាំង​នឹង​របបផ្តាច់ការ។ បដិវត្តន៍​ដែល​បាន​ឈាន​ទៅដល់​ការ​ផ្តួលរំលំ​​មេដឹកនាំ​ផ្តាច់ការ​ទុយនីស៊ី គឺ​លោក​បិន អាលី (Ben Ali) នៅ​ខែមករា ឆ្នាំ​២០១១។ ១ខែក្រោយមក ប្រជាជន​អេហ្ស៊ីប​ក៏​បាន​យក​គំរូ​តាម​ប្រជាជន​ទុយនីស៊ី ដោយ​បាន​នាំគ្នា​ងើបឡើង​បះបោរ​ប្រឆាំង​ រហូត​ធ្វើ​ឲ្យ​មេដឹកនាំ​ផ្តាច់ការ​អេហ្ស៊ីប ហូស្នី មូបារ៉ាក់ ត្រូវ​ធ្លាក់​ពី​តំណែង ដូចជា​លោក​បិន អាលី​ដែរ។

ក្រោយ​ពី​បាន​ធ្វើ​បដិវត្តន៍​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​រួចហើយ ប្រទេស​ទាំងពីរ​នេះ​​សុទ្ធតែ​បាន​ឆ្លងកាត់​នូវ​សម័យកាល​អន្តរកាល​មួយ ប្រកប​ទៅ​ដោយ​ភាព​វឹកវរ និង​ចលាចល​ដូចគ្នា។ ប្រជាជន​ទុយនីស៊ី និង​អេហ្ស៊ីប​ សុទ្ធតែ​បាន​ទទួល​ឱកាស​ប្រើសិទ្ធិ​ពលរដ្ឋ​របស់ខ្លួន​ តាម​រយៈ​ការ​បោះឆ្នោត ដែល​ត្រូវ​បាន​អ្នក​សង្កេតការណ៍​ឯករាជ្យ​វាយតម្លៃ​ថា ជា​ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​​សេរី និង​យុត្តិធម៌ ដែល​អាច​ទទួល​យក​បាន។ ការបោះឆ្នោត​ដែល​សុទ្ធតែ​បាន​នាំ​ក្រុម​អ៊ីស្លាម​និយម​មក​កាន់​អំណាច នៅ​ក្នុង​ប្រទេស​ទាំងពីរ គឺ​ក្រុម​ភាតរអ៊ីស្លាម (Frères musulmans) នៅ​អេហ្ស៊ីប និង​ក្រុម​ Ennahda នៅ​ទុយនីស៊ី។

នៅ​អេហ្ស៊ីប រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​មហាម៉េដ ម៉រស៊ី មក​ពី​ក្រុម​អ៊ីស្លាម​និយម​ភាតរអ៊ីស្លាម ត្រូវ​ប្រឈមមុខ​នឹង​ចលនា​ប្រឆាំង​ ដោយ​​ទទួលរងនូវការ​រិះគន់​ថា អសមត្ថភាព​ក្នុងការ​ស្តារ​វិបត្តិ​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន​ផង និង​ជាពិសេស គឺ​ការ​ប្រកាន់​ជំហរ​តឹងរ៉ឹង មិនចេះ​ធ្វើ​សម្បទាន ក្នុងការ​អនុម័ត​រដ្ឋធម្មនុញ្ញ ដែល​គេ​រិះគន់​ថា នឹង​បើក​ផ្លូវ​ឲ្យ​អេហ្ស៊ីប ក្លាយ​ទៅជា​រដ្ឋ​អ៊ីស្លាម ពោលគឺ ច្បាប់​រដ្ឋ​ត្រូវ​តែ​គោរព​ទៅតាម​ច្បាប់ និង​ទំនៀមទម្លាប់​តឹងរ៉ឹង​របស់​អ៊ីស្លាម។ ចលនា​ប្រឆាំង​នឹង​លោក​មហាម៉េដ ម៉រស៊ី បាន​កើតឡើង​ឥតឈប់ឈរ ហើយ​មាន​ទំហំ​កាន់តែ​ធំឡើងៗ មាន​មនុស្ស​ចូលរួម​រហូតដល់​ទៅ​រាប់លាន​នាក់។ នៅទីបញ្ចប់ លោក​មហាម៉េដ ម៉រស៊ី ដែល​ជា​ប្រធានាធិបតី​ កើតចេញ​ពី​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ ត្រូវ​បាន​ក្រុម​យោធា​អេហ្ស៊ីប​ទម្លាក់​ពី​តំណែង។

នៅ​ទុយនីស៊ី​ឯណោះវិញ រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ក្រុម​អ៊ីស្លាម​និយម Ennahda ក៏​ទទួលរង​នូវ​ការ​ប្រឆាំង​ជំទាស់​ពី​ប្រជាជន​​មិនតិច​ដែរ។ ក្រុម​អ៊ីស្លាម​និយម​ Ennahda ក៏​មិនខុស​ពី​​ក្រុម​អ៊ីស្លាម​និយម នៅ​អេហ្ស៊ីប​ដែរ ត្រូវ​បាន​​​គេ​រិះគន់​ថា ជា​អ្នកដឹកនាំ​ដែល​គ្មាន​សមត្ថភាព។ ២ឆ្នាំ​ក្រោយ​ពី​​ក្រុម​ Ennahda បាន​ជាប់ឆ្នោត ដឹកនាំ​ប្រទេស ស្ថានភាព​សេដ្ឋកិច្ច​ទុយនីស៊ី កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប រដ្ឋធម្មនុញ្ញ​ក៏​មិន​ទាន់​តាក់តែង​ចប់ ហើយ​ច្បាប់​បោះឆ្នោត​ថ្មី ក៏​មិន​អាច​ចេញ​រួច។

លើសពីនេះ​ទៅទៀត បញ្ហា​មួយ​ទៀត ដែល​គេ​មិន​ឃើញ​មាន នៅ​អេហ្ស៊ីប ហើយ​ក៏​កម្រ​ឃើញ​មាន​នៅ​ទុយនីស៊ី កាល​ពី​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ គឺ​ការ​លបធ្វើ​ឃាត​អ្នក​នយោបាយ​ប្រឆាំង។ ឥស្សរជន​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព គឺ​លោក Chokri Belaïd ត្រូវ​បាន​គេ​បាញ់​សម្លាប់ កាល​ពី​ខែ​កុម្ភៈ​ដើមឆ្នាំ​២០១៣ ហើយ​កាល​ពី​ថ្ងៃ​ទី២៥ កក្កដា​កន្លងទៅថ្មីៗនេះ ឥស្សរជន​ប្រឆាំង​មួយរូប​ទៀត ដែល​ជា​សមាជិក​សភាធម្មនុញ្ញ​ទុយនីស៊ី​ផងនោះ​ ក៏​ត្រូវ​បាន​គេ​បាញ់​លបធ្វើ​ឃាត​ដែរ។

ទាំងអស់​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ទុយនីស៊ី​ផ្ទុះកំហឹង​កាន់តែ​ខ្លាំង ហើយ​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ជា​រៀងរាល់​យប់។ ក្រោយ​ពី​ចលនាប្រឆាំង​នៅ​អេហ្ស៊ីប​ទទួលបាន​ជោគជ័យ ក្នុងការ​ផ្តួលរំលំ​លោក​មហាម៉េដ ម៉រស៊ី និង​រដ្ឋាភិបាល​អ៊ីស្លាម​និយម ចលនា​ប្រឆាំង​នៅ​ទុយនីស៊ី​ក៏​ចាប់ផ្តើម​មាន​សន្ទុះកាន់តែ​ខ្លាំង។ ប្រជាជន​រាប់ម៉ឺននាក់​បាន​នាំគ្នា​ចេញ​មក​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​រដ្ឋាភិបាល​​ដឹកនាំ​ដោយ​ក្រុម​អ៊ីស្លាម​និយម​ចុះចេញ​ពី​តំណែង។ ចលនា​បាតុកម្ម​ប្រឆាំង​នេះ​ទទួលបាន​នូវការ​គាំទ្រ​ពី​សហភាព​សហជីព​មួយ​របស់​ទុយនីស៊ី ដែល​មាន​សមាជិក​សរុប​ចំនួន​កន្លះលាន​នាក់ ហើយ​ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ទុយនីស៊ី​ទាំងមូល​ត្រូវ​គាំង​ដំណើរ ប្រសិនបើ​ពួកគេ​ប្រកាស​ធ្វើ​កូដកម្ម។

ជាងពីរ​ឆ្នាំ​ក្រោយ​ពី​បាន​ធ្វើ​ជា​គំរូ​បដិវត្តន៍​ដល់​ប្រជាជន​អេហ្ស៊ីប នៅ​ពេលនេះ គឺ​ប្រជាជន​ទុយនីស៊ី​វិញម្តង ដែលកំពុង​តែ​ដើរតាម​គន្លង​ចលនា​បដិវត្តន៍​អេហ្ស៊ីប ក្នុងការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ក្រុម​អ៊ីស្លាម​និយម​​ ក៏ប៉ុន្តែ ជា​រដ្ឋាភិបាល ដែល​កើតចេញ​ពី​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ។

ក៏ប៉ុន្តែ គេ​ឃើញ​ថា រដ្ឋាភិបាល​ទុយនីស៊ី​ក៏​ហាក់ដូចជា​បាន​ទាញ​យក​មេរៀន​ពី​​ការ​ដួលរលំ​នៃ​រដ្ឋាភិបាល​អ៊ីស្លាម​និយម​នៅ​​អេហ្ស៊ីប​ដែរ។ ខុស​ពី​ក្រុម​របស់​លោក​​មហាម៉េដ ម៉រស៊ី ដែល​ប្រកាន​ជំហរ​តឹងរ៉ឹង​ជាមួយ​ក្រុម​ប្រឆាំង​រហូត​ដល់​ពេល​ទឹក​ចូលច្រមុះ ទើប​បន្ទន់​ជំហរ ក្រុម Ennahda នៅ​ទុយនីស៊ី​វិញ បាន​ព្យាយាម​បង្ហាញ​នូវ​ជំហរ​បែបសម្រុះសម្រួល​ជាមួយ​ក្រុម​ប្រឆាំង ដោយ​កាល​ពី​ថ្ងៃ​ពុធ បាន​ប្រកាស​ទទួល​យក​នូវ​ការ​ផ្អាក​ដំណើរ​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ជា​បណ្តោះ​អាសន្ន ដើម្បី​រង់ចាំ​ឲ្យ​មាន​ការ​ជួប​ចរចា​គ្នា ជាមួយ​នឹង​គណបក្ស​ប្រឆាំង។ ក្រុម Ennahda ក៏​បាន​ប្រកាស​ផងដែរ​ថា ពួកគេ​សុខចិត្ត​រំលាយ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ចោល ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិថ្មីមួយ ដឹកនាំ​ដោយ​ក្រុម Ennahda ក៏ប៉ុន្តែ មាន​សមាសភាព​ចម្រុះ​មក​ពី​គ្រប់​ក្រុម គ្រប់បក្ស​ទាំងអស់។ រដ្ឋាភិបាល​ទុយនីស៊ី​ក៏​បាន​ប្រកាស​សន្យា​ផងដែរ​ថា​នឹង​តាក់តែង​រដ្ឋធម្មនុញ្ញ ព្រមទាំង​បង្កើត​ច្បាប់​បោះឆ្នោត​ថ្មី​ឲ្យ​បាន​​ត្រឹម​ដំណាច់​​ខែ​កញ្ញា​ខាងមុខ ដើម្បី​ឈាន​ទៅ​រៀបចំ​ការបោះឆ្នោត​ជាតិ នៅ​មុនដំណាច់​ឆ្នាំ​២០១៣​នេះ។

គេ​នៅមិនទាន់​ដឹងនៅឡើយទេ​ថា តើ​សម្បទាន​របស់​រដ្ឋាភិបាល​ទុយនីស៊ី​នេះ​អាច​នឹង​ធ្វើ​ឲ្យបាតុករ​ប្រឆាំង​ស្ងប់កំហឹង​​ដែរ​ឬ​ក៏​យ៉ាងណា? ម្យ៉ាងទៀត គម្រោង​តាក់តែង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត​ឲ្យ​បាន​ចប់​នៅ​មុន​ដំណាច់​ខែ​កញ្ញា ប្រហែល​ជា​ពិបាក​នឹង​សម្រេច​បាន ដោយសារ​តែ​សភា​ធម្មនុញ្ញ​ត្រូវ​ផ្អាក​ដំណើរការ ដើម្បី​រង់ចាំ​លទ្ធផល​ចរចា រវាង​គណបក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ