អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​អ៊ីរ៉ង់​ចេញ​មុខ​គំាទ្រ​រដ្ឋាភិបាល​ស៊ីរី​ខ្លំាង​ម្ល៉េះ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ស៊ីរី សង្រ្គាមស៊ីវិល​បាន​និង​កំពុង​បន្ត​អូសបន្លាយ​ជិត ២ឆ្នំា​មក​ហើយ​រវាង​រដ្ឋាភិបាល និង​ក្រុមប្រឆំាង។ ក្រុមប្រឆំាង​ដែល​បាន​ចោទ​រដ្ឋាភិបាល​ពី​ការ​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល តែ​រដ្ឋាភិបាល​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ។ ខណៈ​នេះ សហគមន៍​អន្តរជាតិ ពិសេស​អាមេរិក​កំពុង​បន្ត​ដាក់​គំនាប​កាន់​តែ​ខ្លំាង​ឡើងៗ​លើ​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធីបតី​អាសាដ ព្រម​ទំាង​ព្រមាន​ធ្វើ​អន្តរាគមន៍​យោធា បើ​មាន​ភស្តុតាង​បញ្ជាក់​ពី​ការ​ប្រើ​អាវុធគីមី​មែន​នោះ។ ជា​ចម្លើយ​តប​វិញ ទីក្រុង​ដាម៉ាស​បាន​ព្រមាន​ទុក​ជា​មុន​ថា អន្តរាគមន៍​របស់​អាមេរិក​នឹង​ធ្វើ​ឲ្យ​ឆាបឆេះ​តំបន់​មជ្ឈិមបូព៌ា​ទំាង​មូល។ ការ​ព្រមាន​ស្រដៀង​គ្នា​នេះ​ក៏​មាន​ដែរ ពី​សំណាក់​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី។ ហេតុអ្វី​បាន​ជា​អ៊ីរ៉ង់​ចេញ​មុខ​គំាទ្រ​រដ្ឋាភិបាលស៊ីរី​ខ្លំាង​ម្ល៉េះ ?

លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាស់សាន រ៉ូហានី
លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាស់សាន រ៉ូហានី REUTERS/IRNA
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​វិបត្តិនយោបាយ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ខែ​មីនា ឆ្នំា ២០១១ មក សង្រ្គាម​ពាក្យសម្តី​បាន​និង​កំពុង​បន្ត​កើត​មាន​ជា​ហូរហែរ​ជុំវិញ​ការ​ប្រើ​អាវុធគីមី។ នៅ​ម្ខាង គឺ​ទាហាន​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​អាសាដ និង​នៅ​ម្ខាង​ទៀត គឺ​ក្រុមប្រឆំាង។ ក្រុមប្រឆំាង​ដែល​តែងតែ​បាន​បង្ហាញ​ពី​រូបភាព និង​ភស្តុតាង​គ្រប់ប្រភេទ​ដែល​បញ្ជាក់​ថា កងទ័ព​រដ្ឋាភិបាល​បាន​ប្រើ​អាវុធគីមី​សម្លាប់​ជនស៊ីវិល។ តែ​ការ​ចោទប្រកាន់​នេះ​ត្រូវ​បាន​របបក្រុង​ដាម៉ាស​ច្រើន​ចោល​ជា​រឿយៗ ព្រម​ទំាង​ទម្លាក់​កំហុស​ដាក់​ក្រុមប្រឆំាង​វិញ។

ចម្ងល់​ដែល​គ្រប់​គ្នា​កំពុង​ចង់​ដឹង​ពេល​នេះ មិន​មែន​នៅ​ត្រង់​ថា តើ​ប្រទេស​ស៊ីរី​មាន​អាវុធគីមី ឬ​អត់​ទេ តែ​ចង់​ដឹង​ថា តើ​ខាង​ណា ជា​អ្នក​ដែល​ប្រើ​អាវុធគីមី​នោះ ?

ក្រោម​ភ្នែកច្រមុះ​របស់​សហគមន៍​អន្តរជាតិ ភាព​មន្ទិលសង្ស័យ​បាន​ផ្តោត​តែ​លើ​កងទ័ព​រដ្ឋាភិបាល​តែ​មួយ​គត់ មាន​ន័យ​ថា លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​បាន​ប្រើ​អាវុធគីមី​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​ដោយ​មិន​រើស​មុខ។ ពិត​ណាស់​ថា​ពេល​នេះ ក្រុមអធិការ​របស់​អង្គការ​សហប្រជាជាតិ​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​ស្វែង​រក​ការ​ពិត។ តែ​បើ​តាម​មើល​ទៅ អ្នក​ដែល​បាន​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ប្រើ​អាវុធគីមី គឺ​គ្មាន​នរណា​ក្រៅ​ពី​ទាហាន​របស់​លោក​អាសាដ​ទេ។

គឺ​ផ្តើម​ចេញ​ពី​សម្មតិកម្ម​នេះ​ហើយ ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់គំនាប ព្រម​ទំាង​ព្រមាន​ធ្វើ​អន្តរាគមន៍​យោធា​ទៀត​ផង។ អ្នក​ដែល​បាន​ចេញ​មុខ​ប្រើ​ពាក្យ​សម្តី​ធ្ងន់ៗ​ជាង​គេ គឺ​អាមេរិក បារំាង ព្រម​ទំាង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​មួយ​ចំនួន។

តើ​ការ​ព្រមាន​ធ្វើ​អន្តរាគមន៍​យោធា​ពេល​នេះ ជា​ការ​ព្រមាន​ចុង​ក្រោយ ឬ​មួយ​ក៏​ជា​ការ​ដាក់​ឱសានវាទ​ចំពោះ​របប​ក្រុង​ដាម៉ាស ?

សម្រាប់​រដ្ឋាភិបាល​ស៊ីរី ព្រមាន​ចុង​ក្រោយ ឬ​មួយ​ក៏​ជា​ការ​ដាក់​ឱសានវាទ គឺ​មិន​ឈឺ​ក្បាល​ទេ។ តែ​បាន​ព្រមាន​តប​វិញ​ថា អន្តរាគមន៍​យោធា​របស់​អាមេរិក​លើ​ខ្លួន​នឹង​ធ្វើ​ឲ្យ​ឆាបឆេះ​តំបន់​មជ្ឈិមបូព៌ា​ទំាង​មូល។ ការ​ព្រមាន​ស្រដៀង​គ្នា​នេះ​ក៏​មាន​ដែរ ពី​សំណាក់​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​ស៊ីរី​នៅ​ក្នុង​តំបន់។ នៅ​ថ្ងៃ​អាទិត្យ ទី២៥ សីហា នាយសេនាធិការរង​នៃ​កងទ័ព​អ៊ីរ៉ង់​បាន​ព្រមាន​ទុក​ជាមុន​ថា បើ​អាមេរិក​ហ៊ាន​ឆ្លង​ខ្សែបន្ទាត់ក្រហម​នៅ​ស៊ីរី​នោះ អាមេរិក​នឹង​ទទួល​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ។

ហេតុអ្វី​បាន​ជា​អ៊ីរ៉ង់​ចេញ​មុខ​គំាទ្រ​រដ្ឋាភិបាលស៊ីរី​ខ្លំាង​ម្ល៉េះ ?

ដើម្បី​អាច​យល់​ពី​បញ្ហា​នេះ​បាន គេ​ត្រូវ​ត្រឡប់​ក្រោយ​មើល​ទំនាក់ទំនង​ពីកំណើត​រវាង​ស៊ីរី និង​អ៊ីរ៉ង់។ តំាង​ពី​ស៊ីរី​បាន​ទទួល​ឯករាជ្យ​ក្នុង​ឆ្នំា ១៩៤៦ ភ្លាម អ៊ីរ៉ង់​ក៏​បាន​ផ្តើម​ទទួល​ស្គាល់​រដ្ឋាភិបាល​ស៊ីរី​ជា​ផ្លូវការ ហើយ​ប្រទេស​ទំាង​ពីរ​តែងតែ​បង្ហាញ​ចេញ​នូវ​ផលប្រយោជន៍​រួម​គ្នា។ គេ​ត្រូវ​រង់ចំា​រហូត​ដល់​ដើម​ទសវត្ស​ឆ្នំា ៧០ ទើប​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​ដាម៉ាស​អាច​ធ្វើ​កិច្ចសហប្រតិបត្តិ​រវាង​គ្នា​នៅ​ក្នុង​វិស័យការទូត និង​នយោបាយ។ ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ស៊ីរី Hafez Assad នៅ​អ៊ីរ៉ង់​ក្នុង​ឆ្នំា ១៩៧៥ គឺ​ជា​សក្ខីកម្ម​មួយ​មិន​អាច​ប្រកែក​បាន​ទេ។

តំាង​ពី ៣ ទសវត្ស​ចុង​ក្រោយ​នេះ ពោល​តំាង​ពី​ក្រោយ​បដិវត្តន៍​អ៊ីស្លាម​នៅ​អ៊ីរ៉ង់​ក្នុង​ឆ្នំា ១៩៧៩ មក ទីក្រុង​តេហេរ៉ង់ និង​ដាម៉ាស់​បាន​ពង្រឹង និង​បន្ត​រក្សា​ទំនាក់ទំនង​រវាង​គ្នា​យ៉ាង​ល្អ​ឥតខ្ចោះ។ ក្នុង​សម័យ​សង្រ្គាម​អ៊ីរ៉ាក់-អ៊ីរ៉ង់​ចន្លោះ​ឆ្នំា ១៩៨០ ១៩៨៨ ក៏​ដូច​ជា​ក្រោយ​ការ​ដួលរលំ​របប​អ៊ីរ៉ាក់​របស់​លោក Saddam Hussein ដែរ ស៊ីរី និង​អ៊ីរ៉ង់​រក្សា​បាន​ល្អ​ណាស់​នូវ​ទំនាក់ទំនង​ចាក់​ទឹក​មិន​លិច​រវាង​គ្នា។ ជានិច្ចកាល ទីក្រុង​ដាម៉ាស និង​តេហេរ៉ង់​តែងតែ​បាន​សហការ​រួម​គ្នា​ដោយ​ផ្អែក​លើ​ស្ថានការណ៍​ជាក់ស្តែង​ក្នុង​តំបន់ និង​តម្រូវការ​របស់​ខ្លួន​ម្នាក់ៗ។

តាម​ពិត​ទៅ និង​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច គឺ​អ៊ីរ៉ង់​ទៅ​វិញ​ទេ​ដែល​ជា​អ្នកចំណេញ​ច្រើន​ពី​ទំនាក់ទំនង​ល្អ​ជាមួយ​ស៊ីរី និង​ដែល​អ៊ីរ៉ង់​ខ្លួនឯង​​បាន​ដឹង​យ៉ាង​ច្បាស់​ថា គ្មាន​ថ្ងៃ​ណា​មួយ​ដែល​ខ្លួន​នឹង​ត្រូវ​ធ្វើ​ឲ្យ​ស៊ីរី​អាក់អន់ ស្រពន់ចិត្ត​ឡើយ ព្រោះ​ថា ស្ថានភាព​នយោបាយ​របស់​ស៊ីរី​បាន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​តំបន់។ អ៊ីរ៉ង់​មិន​មាន​ព្រំប្រទល់ដែន​ជាប់​ជាមួយ​ស៊ីរី​ទេ តែ​អ៊ីរ៉ង់​ត្រូវ​ការ​ស៊ីរី​ដើម្បី​ពង្រីក និង​បន្ត​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ពិសេស​ជួយ​ឈឺ​ឆ្អាល​ការ​ឈឺ​ចាប់​របស់​ប្រជាជន​ប៉ាឡេស្ទីន​ចំពោះ​ប្រទេស​អ៊ីស្រាអែល។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ស៊ីរី​បាន​ផ្តល់​អំណោយផល​ភូមិសាស្រ្តយុទ្ធសាស្រ្ត​ល្អ​ចំពោះ​អ៊ីរ៉ង់ ព្រោះ​ស៊ីរី​គឺ​ជា​ស្ពាន​ដែល​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​អាច​ចូល​ទៅ​កាន់​សមុទ្រមេឌីទែរ៉ាណេ ដោយ​កាត់​តាម​តំបន់ Alep ក្នុង​ទឹកដី​ស៊ីរី និង​ដែនដី​ប្រទេស​លីបង់​របស់​ក្រុម Hezbollah ដែល​ស្និទ្ធិ​នឹង​របប​អ៊ីរ៉ង់។ ម្យ៉ាង​ទៀត និង​ដើម្បី​ជួយ​ការពារ​ផលប្រយោជន៍​របស់​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយឈីអ៊ីត​នៅ​លីបង់ អ៊ីរ៉ង់​ក៏​ត្រូវ​ការ​ស៊ីរី​ដែល​ធ្លាប់​បាន និង​កំពុង​បន្ត​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ឆាកនយោបាយ​លីបង់។

ដូច្នេះ និង​ដើម្បី​រក្សា​ឲ្យ​បាន​ល្អ​ខ្ជាប់ខ្ជួន​នូវ​ផលចំណេញ​ខាង​ភូមិសាស្រ្តនយោបាយ​នេះ អ៊ីរ៉ង់​ចំា​បាច់​ត្រូវ​តែ​ចេញ​មុខ​ការពារ​ស៊ីរី​នា​ពេល​នេះ ព្រោះ​ថា​ចង់ ឬ​មិន​ចង់ អ្វី​ដែល​បាន​និង​កំពុង​កើត​ឡើង​នៅ​ស៊ីរី​សព្វថ្ងៃ វា​បាន​និង​កំពុង​ជះឥទ្ធិពល​ល្អ ឬ​អាក្រក់ ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ចំពោះ​ផលប្រយោជន៍​របស់​អ៊ីរ៉ង់​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ