អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ថ្លែង​ នៅថ្ងៃ​អាទិត្យ​នេះ​ថា នៅ​ក្នុងពេល​បើក​ធ្វើ​​ជំនួបកំពូលនៅ​សប្តាហ៍ក្រោយ​នេះ​ មេដឹកនាំ​ប្រទេស​ក្នុង​ចលនា​មិនចូលបក្សសម្ព័ន្ធ​គួរ​បង្ហាញ​ជំហរ​រួមគ្នា ប្រឆាំង​នឹង​ទណ្ឌកម្ម​របស់​លោក​ខាងលិចមកលើ​អ៊ីរ៉ង់ ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ។ ជំនួបកំពូល​របស់​​ចលនា​​មិនចូល​បក្ស​សម្ព័ន្ធ ដែល​មាន​​កម្ពុជា​ជា​សមាជិក​មួយដែរ​នោះ នឹង​ត្រូវ​បើក​ធ្វើ​ នៅថ្ងៃ​ទី៣០ និង​៣១​សីហា នៅក្នុង​ប្រទេស​អ៊ីរ៉ង់។

អៀរ៉ង់តែងតែ​អះអាង​ថា​ កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​​ធ្វើ​ឡើង​ក្នុង​គោលដៅ​ស៊ីវិល ស្រប​តាម​សន្ធិសញ្ញា​មិនរីក​សាយភាយ​​នុយក្លេអ៊ែរ
អៀរ៉ង់តែងតែ​អះអាង​ថា​ កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​​ធ្វើ​ឡើង​ក្នុង​គោលដៅ​ស៊ីវិល ស្រប​តាម​សន្ធិសញ្ញា​មិនរីក​សាយភាយ​​នុយក្លេអ៊ែរ ©AFP
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នុង​ពេល​បើក​កិច្ចប្រជុំ​ ដើម្បី​ត្រៀមរៀបចំ​ជំនួបកំពូល​ចលនាមិនចូល​បក្ស​សម្ព័ន្ធ លោក​អាលី អាក្បា សាឡេហ៊ី (Ali Gakbar Salehi) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ីរ៉ង់ បាន​លើកឡើង​ថា ចលនាមិនចូលបក្សសម្ព័ន្ធ​គួរតែ​ហ៊ាន​ងើបឡើង​ប្រឈមមុខ​នឹង​​ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោ​ភាគី​របស់​លោក​ខាងលិច ​មកលើ​ប្រទេស​​ណាមួយ​ ដែល​ជា​សមាជិក​របស់ខ្លួន។

បច្ចុប្បន្ន​នេះ អ៊ីរ៉ង់​កំពុង​ទទួលរង​នូវ​ទណ្ឌកម្ម​ពី​​សំណាក់​ប្រទេស​លោកខាងលិច ជាពិសេស ទណ្ឌកម្ម​លើ​វិស័យ​ប្រេងកាត ដោយ​សារ​តែ​គេ​សង្ស័យថា អ៊ីរ៉ង់​កំពុង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ អ៊ីរ៉ង់វិញ តែងតែ​អះអាង​ថា កម្មវិធី​នុយក្លេអ៊ែររបស់ខ្លួន​​ គឺ​ធ្វើ​ឡើង ក្នុងគោលដៅ​ស៊ីវិល​តែ​ប៉ុណ្ណោះ មិនមែន ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​នោះទេ។

ឆ្លៀត​ក្នុង​ពេល​​ធ្វើ​ជា​ប្រធាន​ចលនា​មិនចូលបក្ស​សម្ព័ន្ធ អ៊ីរ៉ង់​​កំពុង​តែ​បញ្ចុះបញ្ចូល​ឲ្យ​ថ្នាក់​ដឹកនាំ​ប្រទេស​ក្នុង​ចលនានេះ បង្ហាញ​ជំហរ​ជា​សាធារណៈ គាំទ្រ​អ៊ីរ៉ង់ ទល់​នឹង​ទណ្ឌកម្ម​របស់​​លោក​ខាងលិច។ នៅថ្ងៃ​នេះ លោក​ប្រមុខការទូត​អ៊ីរ៉ង់​​​​បាន​ទាំង​​អះអាងទៀត​​ថា ប្រទេស​ក្នុង​ចលនា​មិនចូល​បក្សសម្ព័ន្ធ​បាន​គាំទ្រ​សិទ្ធិស្របច្បាប់​​របស់​អ៊ីរ៉ង់ ក្នុងការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ។

នៅពេលបច្ចុប្បន្ន​នេះ ក្នុង​ចំណោម​ប្រទេស​ជាសមាជិក​របស់​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ ក្រៅពី​អ៊ីរ៉ង់ មាន​ប្រទេស​ ៣ផ្សេងទៀត ដែល​កំពុង​រង​ទណ្ឌកម្ម​ពីសំណាក់​ប្រទេស​លោកខាងលិច ក្នុងនោះ រួមមាន ​កូរ៉េ​ខាងជើង រងទណ្ឌកម្ម​ដោយមកពី​កម្មវិធី​នុយក្លេអ៊ែរ​យោធា ស៊ីរី មកពី​រដ្ឋាភិបាល​បាន​ប្រើ​កម្លាំង​បង្រ្កាប​​ចលនា​ប្រឆាំង និង​ហ្ស៊ីមបាវ៉េ មកពី​មាន​អំពើហិង្សា​ផ្នែក​នយោបាយ និង​ការ​រំលោភ​សិទ្ធិមនុស្ស។

គួរ​រំឭកឡើងវិញ​ថា ចលនា​មិនចូលបក្ស​សម្ព័ន្ធ​​ត្រូវ​បាន​បង្កើតឡើង កាលពីឆ្នាំ​១៩៦១ នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ដោយ​ប្រទេស ដែល​អះអាង​ថា មិន​ស្ថិត​នៅ​ក្នុង​ប្លុក​អាមេរិក ហើយ​ក៏​មិន​ស្ថិត​ក្នុង​ប្លុក​សហភាព​សូវៀត។ បច្ចុប្បន្ន ចលនា​មិនចូលបក្ស​សម្ព័ន្ធ​នេះ​មាន​សមាជិក​សរុប​ចំនួន ១២០ ក្នុងនោះ ក៏​មាន​ប្រទេស​កម្ពុជា​មួយ​ដែរ។ រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ប្រកាស​ឲ្យដឹង​ថា លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នឹង​ទៅ​ចូលរួម​ជំនួបកំពូល​ចលនា​មិនចូល​បក្ស​សម្ព័ន្ធ​ នៅ​ប្រទេស​អ៊ីរ៉ង់ នៅថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ