អានតួអត្ថបទ
សង្រ្គាមព័ត៌មានវិទ្យា

អ៊ីរ៉ង់​និយាយ​ថា ខ្លួន​រង​ការវាយប្រហារ​ពី​មេរោគ​ព័ត៌មានវិទ្យា​របស់​អាមេរិក និង​អ៊ីស្រាអែល

រដ្ឋមន្រ្តី​ក្រសួងស៊ើបការណ៍​សម្ងាត់​អ៊ីរ៉ង់ បាន​និយាយ កាលពី​ថ្ងៃព្រហស្បតិ៍​ទី ២១ មិថុនា ថា ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​បាន​រង​ការវាយប្រហារ​ផ្ទួនៗ ក្នុង​សប្តាហ៍នេះ។ ដំណឹង​នេះ​បាន​កើតមាន នៅតែពីរថ្ងៃ ក្រោយ កិច្ចចរចា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​បាន​បិទបញ្ចប់​ដោយ​គ្មាន​ផ្តល់​លទ្ធផល​អ្វី នៅក្នុងទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី។ កាលពី​ចុង​ខែ ឧសភា អ្នកជំនាញ​បាន​ចាប់ រក​ឃើញ​មេរោគ​កុំព្យូទ័រ​ឈ្មោះ Flame ដែលបាន​វាយប្រហារ​ទៅលើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​អ៊ីរ៉ង់។

មេរោគ​Flame​​ត្រូវ​គេ​រកឃើញ​ថា ជាអ្នកវាយប្រហារ​ប្រព័ន្ធកុំព្យូទ័រ​អ៊ីរ៉ង់
មេរោគ​Flame​​ត្រូវ​គេ​រកឃើញ​ថា ជាអ្នកវាយប្រហារ​ប្រព័ន្ធកុំព្យូទ័រ​អ៊ីរ៉ង់ ©
ផ្សាយពាណិជ្ជកម្ម

 

ប្រព័ន្ធ​កុំព្យូទ័រ​របស់ក្រុមហ៊ុន​ប្រេង​អ៊ីរ៉ង់​បាន​​រង​ការវាយប្រហារ​ផ្នែក​ព័ត៌មានវិទ្យា កាលខែ​មេសា ដោយ​ទិន្ន័យ​ដែល​ស្តុកទុក​ក្នុង​កុំព្យួទ័រ​បាន​រលាយ​បាត់ ដោយ​មិន​ដឹង​មូលហេតុ។ អ៊ីរ៉ង់​បាន​សម្រេច​កាត់ផ្តាច់​ប្រព័ន្ធ​កុំព្យូទ័រ​ទាំងអស់​ដើម្បី​ដោះស្រាយ​បញ្ហា។ ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត នៅ​តំបន់​ដើមបូព៌ា និង​ប៉ាឡេស្ទីន​ផង ក៏​ជួប​​បញ្ហាដូចអ៊ីរ៉ង់។ ដោយសារ​មាន​ពាក្យបណ្តឹង ពី​ក្រុមប្រទេស​នៅតំបន់​ដើមបូព៌ា សហភាព​ទូរគមនាគមន៍​អន្តរជាតិ ដែល​ជា​ទីភ្នាក់ងារ​មួយ​របស់​អង្គការ​សហប្រជាជាតិ​ក៏​បាន​បើក​ការស៊ើបអង្កេត​មួយ ដោយ​បាន​ជួល​អ្នកជំនាញ​មក​ពីរុស្ស៊ី​មក​សិក្សា​រក​ដើមហេតុ។

គេ​ចាប់ផ្តើម​សង្ស័យថា កុំព្យូទ័រ ទាំងនោះ​រងការវាយប្រហារ​ដោយ​មេរោគថ្មីមួយទៀត។ កាលពីឆ្នាំ ២០១០​មេរោគ Stuxnet​ធ្លាប់​បាន​គេ​រកឃើញថា ជាអ្នក​​វាយប្រហារ​ទៅលើ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ អ៊ីរ៉ង់ ដោយ​បាន​បំផ្លាញ​ព័ត៌មាន ក្នុង​កុំព្យូទ័រ​ដែលទទួល​បន្ទុក​បញ្ជា គ្រប់គ្រង​ការចម្រើន​ធាតុអ៊ុយរ៉ានីញ៉ូម ក្នុង​រោងចក្រ​Natanz​របស់​អ៊ីរ៉ង់។ មួយឆ្នាំបន្ទាប់ អ្នកព័ត៌មានវិទ្យា​អ៊ីរ៉ង់​ដឹងថា មាន​មេរោគមួយ​ប្រភេទទៀត ត្រូវ​គេ​ប្រើ​ដើម្បី​លួច​យកព័ត៌មាន​សម្ងាត់។ អ្នកជំនាញ​ហុងគ្រី​រកឃើញ មេរោគថ្មី និង​ដាកឈ្មោះថា Duqu។

កាលពីចុង​ខែ​ឧសភា អ្នកជំនាញ​រុស្ស៊ី និង​ហុងគ្រី​បាន​រកឃើញ​ដូចគ្នា​ថា ​មេរោគ ថ្មី​មួយ​ទៀត​កំពុង​វាយប្រហារ​ទៅលើ​អ៊ីរ៉ង់។ គេ​បាន​ដាក់​ឈ្មោះ​វាថា Flame។ ជារួម កុំព្យូទ័រ ជាង ៤០០​គ្រឿង នៅអ៊ីរ៉ង់ រងការវាយប្រហារ។ បន្ទាប់មកទៀត គឺ​ប្រទេសនៅដើមបូព៌ា ដូចជា​​ប្រទេស​ប៉ាឡេស្ទីន លីបង់ និង​នៅស៊ីរី​ក៏​មាន​កុំព្យូទ័រ​រងគ្រោះ​ដោយ​មេរោគ Flame​នេះដែរ។

ឥលូវនេះ បន្ទាប់ពី​អ្នកស៊ើបអង្កេត​បាន​កំណត់​ទីតាំង​របស់​ក្រុម​ចោរអ៊ិនធ័ណេត​ជាង ១៥​កន្លែង នៅ​អាស៊ី និង​នៅអ៊ឺរ៉ុប មេរោគ​Flame​បាន​បាត់​មុខ​ទៅវិញ។ គេរក​ឃើញ​វា ​កាលពី​ចុងខែ​ឧសភា ហើយ នៅខែ​ពាក់កណ្តាល​ខែមិថុនានេះ មេរោគ Flameក៏​បាត់មុខ​ទៅវិញ។ បើតាម អ្នកជំនាញ​រុស្ស៊ី និង​ហុងគ្រី មេរោគ Flame បាន​មាន​សកម្មភាព​យ៉ាងតិច ២ឆ្នាំ មុន​នឹង​គេ​អាច​បញ្ជាក់​កំណត់​​អត្តសញ្ញាណ​របស់វា។

តាម​អ្នកជំនាញ​ដដែល មេរោគ​Flame​ត្រូវ​បាន​កសាង​ឡើង ដោយ​កម្មវិធី​ដែល​ស្រដៀង​គ្នា នឹងមេរោគ Stuxnet។ គឺ​អាច​ផលិត​ដោយ​ក្រុមមនុស្ស​តែមួយ ក៏ថាបាន។ មេរោគ​Flame ត្រូវ​គេ​ប្រើ​ដើម្បី​តាមដាន​ស៊ើបអង្កេត​យកការណ៍ បន្ទាប់មក គឺ​មេរោគ Stuxnet​ដែល​ចូលទៅ​បំផ្លាញ​ព័ត៌មាន​ក្នុង​កុំព្យូទ័រ ដែល​គេ​ចាត់ទុក​ថា ជាអ្នកបញ្ជា​ប្រព័ន្ធ​គ្រប់គ្រង​ស្ថាប័ន​ណាមួយ ដូចជា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

មេរោគ​ Flame ដែល​គេប្រែថា “ភ្លើង” នេះ​ត្រូវ​បាន​អ្នកជំនាញ​ចាត់ទុក​ថា ជាកម្មវិធី​ចារកម្ម​ផ្លូវ​រដ្ឋ​មួយ​ប្រភេទ ដែល​ផលិត​ឡើង ដោយ​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់។ មេរោគ​ Flame​ភាគច្រើន សំដៅ​វាយប្រហារ​កុំព្យូទ័រ​ណា​ដែល​មាន​កម្មវិធី windows របស់​ក្រុមហ៊ុន Microsoft គឺ​វាជ្រៀត​ចូលទៅក្នុង​កុំព្យួទ័រ​មួយ នៅពេលណា គេ​update​កម្មវិធី​ windows។

នៅពេល​មេរោគ​ Flame ចូលទៅក្នុង​កុំព្យូទ័រ​មួយ​ហើយ ម្ចាស់​មេរោគ Flame ដែល​បញ្ជា​ពី​ចម្ងាយ អាច​ចូល​ទៅ​គ្រប់គ្រង​កម្មវិធី​របស់​កុំព្យូទ័រ​នោះ​ទាំងស្រុង។ Flame ជា​មេរោគ​ដែល​គេ​ប្រើ​ដើម្បី​ស៊ើប​យកការណ៍​សម្ងាត់ ពីក្នុង​កុំព្យួរទ័រ ដោយ​មិន​ឲ្យ​ម្ចាស់​កុំព្យូរទ័រ​ដឹងខ្លួន។ វា​អាច​ឲ្យ​គេ​កំណត់​អត្តសញ្ញាណ​ម្ចាស់​កុំព្យូទ័រ អាច​លួច​ថតចម្លង​ឯកសារសម្ងាត់ ឬ​អាច​បញ្ជា វាយអក្សរ ពីចម្ងាយ អាច​បញ្ជា​ប្រើ​កាម៉េរ៉ា​កុំព្យូទ័រ ថត យក​រូបភាព ឬ​សំឡេង​អ្នក​ដែល​សន្ទនា​នៅក្បែរកុំព្យូទ័រ។ ម្យ៉ាងវិញទៀត ដោយសារ​មេរោគ​ Flame គេ​អាច​លួចចម្លង​ថត​យក​ព័ត៌មាន​ឯកសារ​របស់​កុំព្យូទ័រ​នៅក្បែរៗនោះ តាមរយៈ Bloutouth។

មេរោគ​ Flame​មិន​ឆ្លង​ពី​កុំព្យូរទ័រ មួយ​ទៅ​កុំព្យូទ័រ​មួយទៀត ដោយ​អនាធិបតេយ្យ ទេ គឺ ​វា​វាយប្រហារ​ទៅលើ​គោលដៅ​ច្បាស់មួយៗ ទៅតាម​ការបញ្ជា​របស់​ម្ចាស់ ដែល​បញ្ជា​វា​ពី​ចម្ងាយ។ ធ្វើ​ដូច្នេះ គឺ​ដើម្បី​កុំ​ឲ្យ​គេ​ងាយ​នឹង​ចាប់​រកវា​ឃើញ។ ហើយ​ម្យ៉ាងទៀត មេរោគ​ Flame​ត្រូវ​គេ​កសាងវាឡើង​ឲ្យ​ចេញ​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង។ នៅពេលណា​បេសកកម្ម​របស់​វា​ចប់ វា​នឹង​បំផ្លាញ​ខ្លួនឯង រលាយ​បាត់​ពី​កុំព្យូរទ័ ដោយ​​មិន​អាច​ឲ្យ គេ​ចាប់​បាន​ដឹង​មុនទេ។

លោក​Eugene Kaspersky​ប្រធាន​មន្ទីរពិសោធន៍​Kaspersky​​ទទួល​បន្ទុក​ស្រាវជ្រាវ​លើ​មេរោគកុំព្យូទ័រ​ដែល​វាយប្រហារលើ​អ៊ីរ៉ង់
លោក​Eugene Kaspersky​ប្រធាន​មន្ទីរពិសោធន៍​Kaspersky​​ទទួល​បន្ទុក​ស្រាវជ្រាវ​លើ​មេរោគកុំព្យូទ័រ​ដែល​វាយប្រហារលើ​អ៊ីរ៉ង់ ©Reuters

អ៊ីស្រាអែល និង​អាមេរិក​ជា​អ្នកបង្កើត​មេរោគ​វាយ​ប្រហារ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់
ក្នុង​រយៈពេល ២ឆ្នាំ អ៊ីរ៉ង់​រង​ការវាយប្រហារ​ផ្នែក​ព័ត៌មានវិទ្យា​ដល់​ទៅ​បី​លើក។ រហូត​មកដល់​ពេលនេះ គេ​នៅ​មិនទាន់​រកឃើញ​ថា អ្នកណា​ជា​អ្នក​ផលិត​មេរោគ Flame ដែល​ជា​កម្មវិធី​លួច​យកការណ៍សម្ងាត់។ ប៉ុន្តែ អ៊ីរ៉ង់​វិញ បាន​និយាយ​មិន​សំចៃមាត់​ដោយ​ចង្អុល​ចោទ​ប្រកាន់​អាមេរិក និង​អ៊ីស្រាអែល ព្រោះតែ អាមេរិក និង​អ៊ីស្រាអែល​ជា​សត្រូវ​ដែល​ប្រឆាំង​ថ្កោលទោស​កម្មវិធី​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់។ អ៊ីស្រាអែល​ធ្លាប់​ទាំង​បាន​​គំរាម​វាយប្រហារ​យោធា​ទៅលើ​ទីតាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ប្រសិនបើ​កិច្ចចរចា​៦ភាគី​ជាមួយ​អ៊ីរ៉ង់​បរាជ័យ។ ដូច្នេះ សម្រាប់​ទីក្រុង​តេអេរ៉ង់ គ្មាន​អ្វី គួរ​ឲ្យ​សង្ស័យ​ច្រើន​ទេ អ្នក​ដែល​ប្រើ​មេរោគ​វាយប្រហារ​លើ​កុំព្យូទ័រ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់ខ្លួន គឺគ្មាន​អ្នកណា​ក្រៅតែ​ពី​អាមេរិក និង​អ៊ីស្រាអែលទេ។

ការចោទប្រកាន់​របស់​អ៊ីរ៉ង់ រឹតតែ​រឹងមាំ ដោយសារ​ការសន្និដ្ឋាន​របស់​អ្នកជំនាញ​រុស្ស៊ី និង​ហុងគ្រី ដែល​ថា អ្នកដែល​អាច​ផលិត​មេរោគ​កុំព្យូទ័រ ប្រកប​ដោយសមត្ថភាព និង​ប្រសិទ្ធភាព​ខ្ពស់ មិនមែន​ក្រុម​មនុស្ស​តូចតាច​ទេ ប៉ុន្តែ គឺ​ទាល់តែ​រដ្ឋ​មួយ ដែល​មាន​មធ្យោបាយ ទាំង​ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង​ធនធាន​មនុស្ស។ មួយវិញទៀត ការចោទប្រកាន់​រឹតតែ​ច្បាស់ បញ្ជាក់​ដោយ​ការចុះផ្សាយ​សៀវភៅ​មួយក្បាល​របស់​អ្នកកាសែតThe newyork times ដែល​និយាយ​ពី​សង្រ្គាម​ដ៏សម្ងាត់​របស់​លោកអូបាម៉ា។

ក្នុង​សៀវភៅ​នោះ អ្នកកាសែត អាមេរិក​ដែល​ឧស្សាហ៍​ចូលទៅក្នុង​សេតវិមាន​បាន​សរសេរ​ដោយ​លម្អិត​ពី​របៀប​ដែល​មេរោគ ឈ្មោះ Stuxnet ត្រូវ​បាន​គេ​បង្កើតឡើង ដើម្បីប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ ហើយ​គឺ​ក្រុមភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA ដែល​ជា​អ្នក​បញ្ជា។ ក្នុង​ប្រតិបត្តិការ​ក្រោមឈ្មោះថា កីឡាអូឡាំពិក អ៊ីស្រាអែល​ក៏​បានចូលរួម​ជួយ​កសាង​មេរោគ​នេះដែរ។ ប៉ុន្តែ ដោយសារ​មាន​កំហុស​បច្ចេកទេស មេរោគ​Stuxnet​បាន​រីកសុះសាយ ឆ្លង​ចូល​ទៅក្នុង​កុំព្យូទ័រ រហូត​ធ្វើ​ឲ្យ​គេ​ចាប់​រកឃើញ បាន នៅឆ្នាំ ២០១០ នៅ​អ៊ីរ៉ង់ ជាទី​ដែល ៦០ភាគរយ​នៃ​កុំព្យូទ័រ ត្រូវ​ឆ្លង​បំផ្លាញ​ដោយ​មេរោគ Stuxnet។
 

កាលពី​ថ្ងៃ​អង្គារមុន​នេះ​របស់​កាសែត The washington post ក៏​បាន​ចុះផ្សាយ​ថា អាមេរិក និង​អ៊ីស្រាអែល​នៅពី​ក្រោយ​សង្រ្គាម​ព័ត៌មានវិទ្យានេះដែរ។ តាម​កាសែត ដែល​ដកស្រង់​សំដី​របស់​មន្រ្តី​ជាន់ខ្ពស់ នយោបាយ​ប្រើ​មេរោគ​វាយប្រហារ​លើ​ព័ត៌មានវិទ្យា​អ៊ីរ៉ង់ គឺ​ដើម្បី​ពន្យឺត​កម្មវិធី​នុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ដែល​ប្រទេស​លោកខាងលិច​ចោទថា កំពុង​លួច​ផលិត​អាវុធ​នុយក្លេអ៊ែរ។ បើតាម​មន្រ្តីជាន់ខ្ពស់​អាមេរិក ដែល​សុំមិនបញ្ចេញឈ្មោះ អ៊ីរ៉ង់នឹង​មាន​សមត្ថភាព​កាន់តែខ្ពស់ ក្នុង​ការកសាង​ប្រព័ន្ធ​ការពារ​ខ្លួន ទប់ទល់​នឹង​មេរោគ​ព័ត៌មានវិទ្យា ព្រោះថា អ៊ីរ៉ង់ កាន់តែ​រងការវាយប្រហារ អ៊ីរ៉ង់​នឹង​កាន់តែ​ជំនាញ​ខ្លាំង​ក្នុង​ការរកវិធីសាស្រ្ត​ទប់ទល់​នឹង​សង្រ្គាមព័ត៌មានវិទ្យា​ពីខាងក្រៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ