អានតួអត្ថបទ
រុស្ស៊ី-អ៊ីរ៉ាក់

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​បំពេញ​ទស្សនកិច្ច​នៅ​ម៉ូស្គូ​ជា​លើកទី១ បើគិត​ក្នុង​៣ឆ្នាំ​ចុងក្រោយ

ក្នុងក្របខ័ណ្ឌទស្សនកិច្ច ដែល​ចាប់ផ្តើម​ពីល្ងាចម្សិលមិញ លោក​នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ Nouri Al-Maliki ថ្ងៃ៩តុលា​នេះ ធ្វើ​កិច្ចចរចា​ជាមួយ​លោក​ប្រមុខរដ្ឋាភិបាល​រុស្ស៊ី ឌ្មីទ្រី មេដវេដេវ អំពី​បញ្ហា​សហប្រតិបត្តិការ​ពាណិជ្ជកម្ម-សេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ ក្នុងនោះ​មាន​វិស័យ​យោធា​និង​ថាមពល។ ហើយ​ស្អែក គាត់​នឹង​ទទួលជួប ដោយ​លោក​ប្រធានាធិបតី​ពូទីន ដែល​ជា​អ្នក​អញ្ជើញ​គាត់​មក​បំពេញ​ទស្សនកិច្ច​នេះ។

លោក​នាយករដ្ឋមន្រ្តី​រុស្ស៊ី Dmitri Medvedev (ឆ្វេង) ពេល​ទទួល​ជួប​លោក​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ Nouri Al-Maliki
លោក​នាយករដ្ឋមន្រ្តី​រុស្ស៊ី Dmitri Medvedev (ឆ្វេង) ពេល​ទទួល​ជួប​លោក​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ Nouri Al-Maliki REUTERS/Ekaterina Shtukina/RIA Novosti
ផ្សាយពាណិជ្ជកម្ម

 

ទាក់ទងនឹងសាច់រឿង​ដែលមាន​កាសែតខ្លះ​នៃ​ក្រុង​ម៉ូស្គូ​លេខថ្ងៃនេះ យោងទៅលើ​ប្រភព​មិន​បញ្ចេញឈ្មោះ​ក្នុង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ផ្ទាល់ ចុះផ្សាយ​ថា ជា​លទ្ធផល នៃ​កិច្ចចរចា​អាច​នឹង​មាន​ចុះ​កុងត្រា ទិញ​អាវុធ​ពី​រុស្ស៊ី ក្នុង​ទឹកប្រាក់ ៥.០០០លាន​ដុល្លារ​អាមេរិក។

ចំណែក ក្រុមហ៊ុនរដ្ឋរុស្ស៊ី​ខាងលក់អាវុធ​ទៅក្រៅ ហៅថា RosOboronExport លំអិត​ថា កុងត្រា ដែល​គ្រោងចុះនោះ មានទឹកប្រាក់​ម្តុំ ៤.៣០០លានដុល្លារ។ ក្នុងទឹកប្រាក់នេះ អ៊ីរ៉ាក់​គ្រោងទិញ ពីរុស្ស៊ី គឺ​យន្តហោះប្រដេញ​ធុន Mig-29M ដោយ​មិនបញ្ជាក់​ពីចំនួនទេ, រថពាសដែក ដោយមិន​បញ្ជាក់ពី​ចំនួនដែរ, ប្រព័ន្ធការពារ​ដែនអាកាស​ចំនួន ៤២ ប្រព័ន្ធ និង ឧទ្ធម្ភាគចក្រ​ចម្បាំងធុន Mi-28 NE ចំនួន ៣០គ្រឿង។

គួរនិយាយថា លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ Nouri Al-Maliki ដែល​បំពេញទស្សនកិច្ច​ជាលើកទី១ នៅរុស្ស៊ី បើគិតក្នុង៣ឆ្នាំ​ចុងក្រោយ គឺ​អមដំណើរ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ, រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ, រដ្ឋមន្ត្រី​ក្រសួង​ប្រេងកាត ថាមពល​វារីអគ្គិសនី និង ឧស្សាហកម្ម។

នេះ​ជាទស្សនកិច្ចការងារ ប្រព្រឹត្តទៅ​តាមសេចក្តីអញ្ជើញ​នៃ​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន។ វិមានក្រេមឡាំង​បានប្រកាស​ថា នៅថ្ងៃស្អែក​ទី១០តុលា ប្រមុខរដ្ឋ​រុស្ស៊ី​នឹង​ទទួលជួប​លោក​នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ Nouri Al-Maliki ដោយនឹងលើកយក​ទៅពិភាក្សា គឺ​អំពី​គម្រោងរួម របស់​ប្រទេស​ទាំងពីរ ជាបឋម​ក្នុង​វិស័យថាមពល ព្រមទាំង ស្ថានការណ៍​នៅ​តំបន់ដើមបូព៌ា ជាពិសេស នៅ​ប្រទេស​ស៊ីរី។

ជាការកត់សម្គាល់ ប្រទេសអ៊ីរ៉ាក់​ជំនាន់មុន សម័យ​លោក​ប្រធានាធិបតី​សាដាម ហ៊ូសេន តែង​បាន​ទិញអាវុធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​សហភាព​សូវៀត ទាល់តែ​ជំពាក់បំណុល​សូវៀត ក្នុងទំហំ​រាប់ពាន់លាន​ដុល្លារ បំណុល​ដែលក្រោយមក ត្រូវ​ប្រទេសរុស្ស៊ី​សម័យថ្មី សម្រេចចិត្ត លុបចោលទៅ។ តាមធម្មតា លុបនេះ គឺ​ក្នុង​ល័ក្ខខ័ណ្ឌ ឲ្យប្រទេស​ដែលរួចផុតពី​បំណុលចាស់ សុខចិត្ត​ទិញអាវុធ​រុស្ស៊ីជាថ្មី ប៉ុន្តែ ដោយ​បង់លុយ​ដល់ដៃ​ទៅវិញ។

តាមពួកអ្នកវិភាគ បើកុងត្រា​ក្នុងទឹកប្រាក់ ពី៤ ទៅ ៥.០០០លានដុល្លារ​នឹងមានចុះមែន នោះវា​នឹងជួយប៉ះប៉ូវវិញ ការបាត់បង់​មួយភាគធំ ដែល​រងទទួល​ដោយ​ក្រុមហ៊ុនរដ្ឋរុស្ស៊ី ខាងលក់អាវុធ ទៅក្រៅ បណ្តាលមកពី “បដិវត្តន៍និទាឃរដូវ” នៅលីប៊ី និង​ប្រទេសអារ៉ាប​ឯទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ