អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

iCloud, Dropbox, Google Drive​​ ​មាន​សុវត្ថិភាព​សំរាប់​ផ្ទុក​និង​រក្សា​ទិន្នន័យ ​​ឯកសារ រូបថត វីដេអូ​ផ្ទាល់​ខ្លួន​ដែរ​ឬ​ទេ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សេវាកម្ម​ផ្ទុក​ឯកសារ ឬ​ទិន្នន័យ​អេឡិចត្រូនិក​ដូចជា​រូបថត វីដេអូ លើ​អ៊ីនធ័រនែត មាន​ដូចជា iCloud, Dropbox, Google Drive មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ដោយសារ​តែ​ងាយ​ស្រួល​ប្រើប្រាស់ ក្នុង​ការផ្ទុក រក្សា និង​ផ្ទេរ ឯកសារ​និង​ទិន្នន័យ។ ប៉ុន្តែ​សំនួរ​សួរ​ថា​តើ​ឯកសារ​និង​ទិន្នន័យ​អេឡិចត្រូនិក​ទាំងនោះ​ពិត​ជា​មាន​សុវត្ថិភាព​មែន​ឬ ? ព្រោះ​ក្នុង​ពេល​ថ្មីៗ​នេះ របាំង​សុវត្ថិភាព​របស់ iCloud នៃ​ក្រុមហ៊ុន Apple ត្រូវបាន​គេ​រក​ឃើញ​ចំនុច​ខ្សោយ និង​ដែល អនុញ្ញាតឲ្យ​ពួក Hackers ជ្រៀត​ចូល​ក្នុង​គណនេយ្យ iCloud របស់​តារា​ស្រ្តី​ហូលីវូដ​ជាច្រើន ដើម្បី​ទាញ​យក​នូវ​រូបថត​អាក្រាត​របស់​តារា​ស្រ្តី​ទាំង​នោះ ដើម្បី​លក់ និងផ្សាយ​លើ​វិបសាយ​មួយ​ចំនួន​លើ​បណ្តាញ​អ៊ីនធ័រនែត ។

សេវាកម្ម​ផ្ទុក​ឯកសារ ឬ​ទិន្នន័យ​អេឡិចត្រូនិក​ លើ​អ៊ីនធ័រនែត ពិត​ជា​មាន​សុវត្ថិភាព​ឬ ?
សេវាកម្ម​ផ្ទុក​ឯកសារ ឬ​ទិន្នន័យ​អេឡិចត្រូនិក​ លើ​អ៊ីនធ័រនែត ពិត​ជា​មាន​សុវត្ថិភាព​ឬ ? Jacobus 21/Wikimedia Commons
ផ្សាយពាណិជ្ជកម្ម

បើទោះជា​បច្ចេកទេស​ដែល​​ក្រុម​ Hackers ​ទាំងនោះ​បាន​ប្រើ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​បាន​ប្រាកដ  តែ​បើ​តាម​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា​ពត៌មាន​ជាច្រើន បាន​ឲ្យ​ដឹង​ថា ក្រុម​ទុច្ចរិត​ទាំង​នោះ​ទំនង​ជា ឆ្លៀត​ឱកាស​លើ​ចំនុច​ខ្សោយ​នៃ​របាំង​សុវត្ថិភាព​របស់ Application « Find my iPhone » ជា​ស្ពាន​មុន​នឹង អាច​លុក​លុយ​ចូល​ទៅ​ក្នុង iCloud ព្រោះ​ថា Application « Find my iPhone » នេះ​មិន​មាន​របាំង​ការពារ​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​នានា​ដើម្បី​ជ្រៀត​ចូល​ក្នុង ប្រព័ន្ធ​ទូរស័ព្ទ iPhone នោះ​ទេ បាន​សេចក្តី​ថា​វា​ជា​ចន្លោះ​ប្រហោង​​សុវត្ថិភាព ដែល​អាច​ឲ្យ​គេ ព្យាយាម​សាកល្បង​​ត​ភ្ជាប់​តាម​អ៊ីនធ័រនែត​ទៅ​នឹង​ទូរស័ព្ទ​ដែ iPhone តាម​ការបញ្ចូល​លេខ​សំងាត់​ជាច្រើន​ដង​ដោយ​មិន​កំណត់​ចំនួន​ ហើយ​ក៏​មិនមាន​រនាំង​ការពារ​ទប់​ស្កាត់​ រារាំង ការប៉ុនបង​បែប​នេះ​ក្រោយ​ពី​ការសាកល្បង​ជាច្រើន​លើក​ដោយ​មិន​បាន​​សំរេច​នោះ​ដែរ។ ដូច​នេះ​ការប៉ុនប៉ង​ជ្រៀត​ចូល​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​ដែ​ផ្ទាល់​ខ្លួន​នេះ អាច​នឹង​ងាយ​សំរេច​បាន ប្រសិន​បើ​លេខ​​សំងាត់​ដែល​បាន​ប្រើ​មាន​លក្ខណៈ​ងាយ​ស្រួល និង​សាមញ្ញ។

 
នេះ​អាច​ជា​ករណី​ដែល​បាន​បណ្តាល​ឲ្យ​តារា​ស្រ្តី​ហូលីវូដ​ល្បីៗ ​ក្លាយ​ជា​ជនរងគ្រោះ​ក្នុង​រឿង​នេះ ហើយ​ក្នុង​នោះ មាន​ដូច​ជា​តារា​សំដែង Jennifer Lawrence ដែល​ជា​តួ​ស្រី​ក្នុង​រឿង X-Men, Scarlett Johansson, តារា​សំដែង​ហូលីវូដ​ដ៏​ល្បី​និង​ដ៏​ស្រស់​ស្អាត ព្រម​ទាំង​តារា​សំដែង​និង​ចំរៀង​ស្ត្រី​ជាច្រើន​ទៀត មាន​ដូចជា Selena Gomez, Hilary Duff, Rihanna, Vanessa Hudgens ។ល។ 

ចំពោះបញ្ហា​ប្រឈម​បែប​នេះ ក្រៅពី​បណ្តឹង​តាម​ផ្លូវ​ច្បាប់​ស្តីពី​ការរំលោភ​លើ​សិទ្ធិ​ជីវិត​ឯកជន​របស់​បុគ្គល សួរ​ថា​តើ មាន​វិធានការ ឬ​មធ្យោបាយ​អ្វី ដែល​អាច​ឲ្យ​គេ​ជៀសវាង​ពីបញ្ហា​បែប​នេះ ?

តាមការពិត​ វា​មិនមែន​ជា​រឿង​មិន​ល្អ ឬ​អសុវត្ថិភាព​ទាំង​ស្រុង​ទេ​ក្នុង​ការប្រើប្រាស់ iCloud ព្រោះ​បញ្ហា​ដែល​បាន​កើត​ឡើង​ជា​ការវាយប្រហារ​មាន​ការតំរង់​ទិស​ចំៗ​ និង​ច្បាស់លាស់ ឧទាហរណ៍ លើ​តារា​ស្រ្តី ដែលល្បី​និង​មាន​សម្រស់​ស្រស់​សោភា​តែ​ម្យ៉ាង ហើយ​ក៏​មិនមែន​អ្នក​ខាង​បច្ចេកវិទ្យា​ពត៌មាន​​ណា​ ក៏អាច​មាន​ចំណេះ​បច្ចេកទេស​ប្រព្រឹត្ត បែប​នេះ បាន​នោះទេ។ ម្យ៉ាងទៀត ភ្លាមៗនោះ ក្រោយ​ពី​បាន​ដឹង​ពី​បញ្ហា​នេះ ក្រុមហ៊ុន Apple ក៏​បាន​ចាត់ វិធានការ​បច្ចេកទេស ដើម្បី​ប៉ះ​ប៉ូវ​នូវ​កង្វះ​ខាត​សន្តិសុខ​រួច​ស្រេច​ហើយ​ដែរ ព្រម​ទាំង​មាន​អន្តរាគមន៍​យ៉ាង​សកម្ម​ពីFBI​ផង​ដែរ​ក្នុង​ការស៊ើប​អង្កេត​លើ​ករណី​នេះ។ ដូច្នេះ ការបារម្ភ​ក្នុង​ការប្រើប្រាស់ iCloud ក៏​ត្រូវ​បាន​កាត់បន្ថយ ហើយ​ខ្ញុំ​គិត​ថា បញ្ហា​បែប​នេះ​ វា​កាន់​តែ​មាន​តិច ឬ​សឹង​តែ​មិន​អាច​កើត​មាន​ចំពោះ​បុគ្គល​ដែល​ជា​ជន​សាមញ្ញ​ធម្មតាៗ។  

ទោះ​ជា​យ៉ាង​ណា គេ​ក៏​ត្រូវ​មាន​ការប្រុង​ប្រយ័ត្ន​និង​មាន​វិធានការ​មួយ​ចំនួន​ដើម្បី​ជៀសវាង​នូវ​ការរំខាន​នានា​ផង​ដែរ។ ក្នុងនោះ ខ្ញុំ​សូម​ផ្តល់​ជូន​នូវ​វិធានការ​សាមញ្ញ​តែ​សំខាន់ ​ចំនួន​ពីរ៖ ទីមួយ​គឺ​ការជ្រើស​លេខ​សំងាត់។ វា​មិនមែន​ជា​ការ​ច្រំដែល​ពេក​ទេ​ដែល​យើង​សូម​រំលឹក​លោក​អ្នក​ពី​ការជ្រើសរើស​នូវ​លេខ​សំងាត់ ព្រោះ​ថា​វា​ជា​រឿង​សំខាន់​ដែល​ថា​​អ្នក​ត្រូវ​ជ្រើសរើស​នូវ​លេខ​សំងាត់ (Password) ដែល​មាន​សុវត្ថិភាព។ ការជ្រើស​យក​លេខ​សំងាត់​ដែល​ផ្សំ​ដោយ​អក្សរ​និង​លេខ ជា​លេខ​សំងាត់​ដែល​មាន​សុវត្ថិភាព​ដ៏​ប្រសើរ តែ​លេខ​សំងាត់​ដែល​មាន​សុវត្ថិភាព​ជាង​គេ គឺ​បាន​ពី​ការផ្សំ​រវាង​អក្សរ លេខ សញ្ញា​សំគាល់​ពិសេស ដូចជា​ឧទាន​សញ្ញា​ជាដើម និង​អក្សរ​ធំ (Lettre majuscule ឬ Capital Letter)។ ការធ្វើ​បែប​នេះ នឹង​នាំ​ឲ្យ​គេ​មាន​ការលំបាក​ក្នុង​ការទស្សន៍ទាយ​លេខ​សំងាត់​តាម​ប្រព័ន្ធ​កុំព្យូទ័រ។

ជាការពិតណាស់​ថា យើង​ខ្លួន​ឯង ក៏​នឹង​មាន​ការពិបាក​ក្នុង​ការចងចាំ​នូវ​លេខ​សំងាត់​ទាំងនេះ ពិសេស​នៅ​ពេល​ដែល​យើង​មាន​គណនេយ្យ​ច្រើន​ផ្សេងៗ​គ្នា ដូចជា iCloud ផ្សេង Dropbox ផ្សេង Yahoo mail ផ្សេង Gmail, Google Drive, Facebook ផ្សេង។ តែ​ក៏​វា​នៅ​តែ​ប្រសើរ​ជាង​លេខ​សំងាត់ ដែល​ងាយ​ស្រួល​ក្នុង​ការស្រាយ​ដោយ​ ប្រព័ន្ធ​កុំព្យូទ័រ។

វិធានការ​ចាំបាច់ ឬ​កំណត់​ចំណាំ​ចំបង​ទីពីរ​ដែល​សំខាន់ និង​ក៏​ជា​ប្រភព​នៃ​បញ្ហា​ដែរ​នោះ គឺ មិន​ត្រូវ​រក្សា​ទុក​ឯកសារ ឬ​ទិន្នន័យ​ណា​ដែល​រសើប ក្នុង​សេវាកម្ម​ផ្ទុក​ឯកសារ​ឬ​ទិន្នន័យ​អេឡិចត្រូនិក លើ​អ៊ីនធ័រនែត ទាំងនោះ​ទេ មិន​ថា​ចំពោះ​តែ iCloud Dropbox ឬ Google Drive នោះទេ។ ពិត​ណាស់​ថា សេវាកម្ម​ផ្ទុក និង​រក្សា​ឯកសារ​និង​ទិន្នន័យ​ទាំងនេះ​អាច​ជា​កន្លែង​សម​ស្រប​សំរាប់​ផ្ទុក​និង​រក្សា​ដូចជាឯកសារ​បទចំរៀង ឬ​ក៏​ខ្សែ​ភាពយន្ត​នានា ប៉ុន្តែ​មិនមែន​ជា​កន្លែង​ដែល​ធានា​បាន​១០០%​នូវ​សុវត្ថិភាព​ចំពោះ​ពត៌មាន ឯកសារ ឬ​ទិន្នន័យ​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈ​រសើប​នោះ​ទេ។ ព្រោះ​យើង​ត្រូវ​ដឹង​ថា ក្នុង​បច្ចេកវិទ្យា​ពត៌មាន មិនមាន​សុវត្ថិភាព​ដាច់ខាត និង​ជា​អចិន្ត្រៃយ៍​នោះទេ ដោយសារ​តែ​បច្ចេកវិទ្យា​ពត៌មាន មាន​ការប្រែប្រួល និង​រីកចំរើន​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ