អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ផលប៉ះពាល់នៃមេរោគកូរ៉ូណាវីរុសលើសេដ្ឋកិច្ចពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផ្អែកលើការ​វិវត្តន៍បច្ចុប្បន្ន និងការប្រៀបធៀបទៅនឹងការឆ្លងពីអតីតកាល, តើ​​មេរោគកូរ៉ូណាវីរុស អាច​នឹងបង្កជាផលប៉ះពាល់អ្វីខ្លះ ដល់សេដ្ឋកិច្ច​ពិភពលោកទាំងមូល?

អ្នកវិទ្យាសាស្រ្ត​ កំពុងធ្វើការ​នៅក្នុង​មន្ទីរពិសោធន៍​សកលវិទ្យាល័យ VirPath ដើម្បីរកវិធីព្យាបាលឲ្យ​ប្រសិទ្ធភាពប្រឆាំង​នឹង​វីរុស​ថ្មី​ដូចជាវីរុស​ SARS​ដែរ​
អ្នកវិទ្យាសាស្រ្ត​ កំពុងធ្វើការ​នៅក្នុង​មន្ទីរពិសោធន៍​សកលវិទ្យាល័យ VirPath ដើម្បីរកវិធីព្យាបាលឲ្យ​ប្រសិទ្ធភាពប្រឆាំង​នឹង​វីរុស​ថ្មី​ដូចជាវីរុស​ SARS​ដែរ​ JEFF PACHOUD / AFP
ផ្សាយពាណិជ្ជកម្ម

មេរោគកូរ៉ូណាវីរុស បាននិងកំពុងបន្តរាតត្បាតប្រទេសចិន ក៏ដូចជាបណ្ដាប្រទេសយ៉ាងច្រើនលើពិភពលោក តាំងពីចុងខែធ្នូ ឆ្នាំ​២០១៩។ គិតមកដល់​ថ្ងៃនេះ អត្រាអ្នកឆ្លងមេរោគនេះ មានចំនួនលើសអត្រាអ្នកឆ្លងមេរោគសារស៍ (Sars) កាលពីឆ្នាំ២០០៣ និងមេរោគ MERS-Cov កាលពីឆ្នាំ២០១២។ ចំណែកអ្នកស្លាប់ ដោយសារមេរោគកូរ៉ូណាវីរុស បានកើនឡើងលើសកំណត់ត្រាមេរោគសារស៍ និងមានចំនួនក្រោមបន្តិចប៉ុណ្ណោះ ធៀបជាមួយកំណត់ត្រា​មេរោគ MERS-Cov។ ទោះជាយ៉ាងណា ប្រៀបធៀបចំនួនអ្នកស្លាប់ទៅនឹងចំនួនអ្នកឆ្លងមេរោគ អត្រា​មេរោគកូរ៉ូណាវីរុស នៅមានកម្រិតទាបខ្លាំងធៀបនឹងមេរោគកំណាចទាំងពីរខាងលើ ព្រោះអត្រាអ្នកស្លាប់មានត្រឹមតែ​ប្រហែល​២​ភាគ​រយ​ប៉ុណ្ណោះ។

កាលពីឆ្នាំ​២០០៣ របាយការណ៍ប៉ាន់ស្មានដោយស្ថាប័នអន្តរជាតិយ៉ាងច្រើន បង្ហាញ​ថា​ ការរាតត្បាតនៃមេរោគសារស៍ បានកាត់បន្ថយអត្រាកំណើនសេដ្ឋកិច្ច​ចិន ​នៅចន្លោះពីមួយភាគរយ ទៅពីរភាគរយ អំឡុងឆ្នាំ២០០៣ ហើយមេរោគនេះបានកាត់​បន្ថយកំណើនសេដ្ឋកិច្ចពិភពលោក នៅចន្លោះអត្រាពីមួយភាគបួន ទៅមួយភាគបី។

រហូតមកដល់ថ្ងៃនេះ សារព័ត៌មានល្បីៗយ៉ាងច្រើន បានចេញផ្សាយរបាយការណ៍របស់ខ្លួន អំពីតុល្យការនៃ​ផលប៉ះពាល់របស់មេរោគកូរ៉ូណាវីរុស លើសេដ្ឋកិច្ចពិភពលោក។ ក្នុងនោះ សេដ្ឋកិច្ចប្រទេសចិន ប្រាកដជានឹងត្រូវរងផលប៉ះពាល់ខ្លាំងជាងគេ។ ស្ថាប័ន​វាយតម្លៃហានិភ័យ S&P បាន​ទម្លាក់​ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់​ប្រទេសចិនពី ៥,៧៥ភាគរយ មកត្រឹម​ ៥ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំនេះ។​

ផ្អែកតាមសារព័ត៌មាន BBC ផលប៉ះពាល់​កើនឡើងខ្លាំង មិន​ត្រឹមតែលើប្រទេស​ចិន​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែលើភាគគីពាក់ព័ន្ធបរទេសផងដែរ។ ក្នុងប្រទេសចិនផ្ទាល់​ ភោជនីយដ្ឋាន រោងកុន សេវាដឹកជញ្ជូន សណ្ឋាគារ និងហាងទំនិញនានា សុទ្ធតែត្រូវរងផលប៉ះពាល់ភ្លាមៗ ហើយដោយសារ​មេរោគនេះផ្ទុះឡើង អំឡុងបុណ្យចូលឆ្នាំចិន នុ៎ះសកម្មភាពសេដ្ឋកិច្ចមួយផ្នែកធំក្នុងប្រទេសចិន បានរង​ផល​ប៉ះពាល់​យ៉ាងដំណំ។ ក្រុមហ៊ុនបរទេស ដែល​មាន​ប្រតិបត្តិការក្នុងប្រទេសចិន ក៏ត្រូវ​រងផលប៉ះពាល់ តួយ៉ាង ក្រុមហ៊ុនលក់គ្រឿងសង្ហារិម IKEA ក្រុមហ៊ុនកាហ្វេ Starbucks និងក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Hyundai ជាដើម។

ក្រុមហ៊ុនអាកាសចរណ៍​បរទេសជាច្រើន បានបញ្ឈប់ជើងហោះហើររបស់ខ្លួន ទៅកាន់ប្រទេសចិន ហើយសណ្ឋាគារអន្តរជាតិយ៉ាងច្រើន បាននិងកំពុង ផ្តល់ប្រាក់សំណងទៅឱ្យអតិថិជនរបស់ខ្លួនវិញ។ ការព្រួយបារម្ភកាន់តែមានខ្លាំងឡើង លើ​សង្វាក់​ផ្គត់ផ្គង់អន្តរជាតិ វិស័យឧស្សាហកម្ម វិស័យអេឡិចត្រូនិក ឧស្សាហកម្មទូរសព្ទចល័ត និងកុំព្យូទ័រ ដែលប្រទេសចិនជាអ្នកផ្គត់ផ្គង់ដ៏សំខាន់។ ទីផ្សារហិរញ្ញវត្ថុ និងទីផ្សារភាគហ៊ុន កំពុងរងការរង្គោះរង្គើ ខណៈប្រេង​ឆៅ និង​ស្ពាន់ បានធ្លាក់តម្លៃយ៉ាងខ្លាំង ហើយអ្នកផ្គត់ផ្គង់ទំនិញទាំងនេះភាគច្រើន ជាបណ្តាប្រទេសកំពុងអភិវឌ្ឍ។

ផ្អែកតាមទស្សនាវដ្តី TIME ក្រុមហ៊ុននៅក្នុងបណ្ដាប្រទេសផ្សេងទៀត ដែលពឹងផ្អែក​លើសង្វាក់ផ្គត់ផ្គង់ចិន កំពុងប្រឈមមុខនឹងការធ្លាក់ចុះល្បឿនសេដ្ឋកិច្ច រួចទៅហើយ តួយ៉ាង ជប៉ុន អូស្រ្តាលី នូវែលសេឡង់ សិង្ហបុរី អ៊ីតាលី និងសហរដ្​ឋអាមេរិក បានដាក់កម្រិតលើការធ្វើដំណើរលើជនជាតិចិន។ បណ្តាប្រទេសនៅអាស៊ី នឹងអាចមើលឃើញ ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរចិន ដែលជាប្រភពដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។

ផ្អែកតាមសារព័ត៌មាន The Guardian អូស្រ្តាលីអាចជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុត ពីការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស ព្រោះរោងចក្រយ៉ាងច្រើននៅក្នុងប្រទេសចិន នៅតែត្រូវបង្ខំបិទទ្វារ ហើយមនុស្សរាប់​លាននាក់ ត្រូវគេបង្ខាំងទុកនៅក្នុងផ្ទះ និងត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរ។ ជាលទ្ធផល ​អូស្រ្តាលីអាចខាតប្រាក់​ចំណូលរាប់ពាន់លានដុល្លារអាមេរិក ពីការចំណាយរបស់ភ្លៀវទេសចរ និង​និស្សិតចិន។

សរុបជារួម ចំនួនកាន់តែច្រើននៃការឆ្លងមេរោគកូរ៉ូណាវីរុស បានសបញ្ជាក់យ៉ាងច្បាស់ថា ផលប៉ះពាល់អាចមានទំហំកាន់តែធ្ងន់ធ្ងរ សម្រាប់សេដ្ឋកិច្ចប្រទេសចិន ក៏ដូចជា សេដ្ឋកិច្ចពិភពលោក។ លើសពីនេះ អ្វីដែលកំពុងកើតមានឡើងក្នុងប្រទេសចិន ក៏កាន់តែមានឥទ្ធិពលផងដែរ សម្រាប់ពិភពលោកទាំងមូល ព្រោះថា ចិនបច្ចុប្បន្ន ជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរ​ និងមានទំហំសេដ្ឋកិច្ចតំណាង​ប្រមាណជាង ១៩ភាគរយនៃសេដ្ឋកិច្ចពិភពលោក។​

ផ្ទុយទៅវិញ សេដ្ឋកិច្​ច​ចិនតំណាងត្រឹមតែ ៨ភាគរយប៉ុណ្ណោះ អំឡុងឆ្នាំ២០០៣។ ផ្អែកតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (FMI) និង កាសែត The Financial Times ទំហំនៃផលប៉ះពាល់របស់មេរោគកូរ៉ូណាវីរុស អាចនឹងមានទំហំធំជាងមេរោគសារស៍ កាលពីឆ្នាំ២០០៣ ហើយកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ អាចធ្លាក់ចុះមកត្រឹមអត្រា ២,៥ភាគរយប៉ុណ្ណោះ ពោលគឺអត្រាទាបជាងការព្យាករណ៍ពីដំបូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ