អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​ត្រូវ​ផ្តើម​កសាង​ធន​ធាន​មនុស្ស​ជា​ថ្មី​ពី​កុមារ​តូច​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈដែល​សីលធម៌​សង្គម​កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដោយសារ​មនុស្ស​ជាច្រើន​មិន​យកចិត្តទុកដាក់​គោរព​ច្បាប់ និង​មិនសូវ​ឲ្យ​តម្លៃ​ទៅលើ​សុជីវធម៌​ឬ​ការអត់ឱន​គ្នា​នោះ ការកសាង​ធនធានមនុស្ស​ជំនាន់​ក្រោយ​ដោយ​ផ្តើម​ពី​កុមារតូចៗត្រូវគេ​មើលឃើញថា​ពិត​ជាមាន​សារសំខាន់។ ប៉ុន្តែ ប្រព័ន្ធ​អប់រំ​កម្ពុជា​នៅ​ថ្នាក់បឋមសិក្សា​ហាក់​នៅ​មិនទាន់​ដើរតួនាទី​គ្រប់គ្រាន់​សម្រាប់​បណ្តុះ​គ្រឹះ​នៃ​ធនធានមនុស្ស​ឲ្យ​មាន​គុណភាព​គ្រប់គ្រាន់​នៅឡើយ។ ដូច្នេះ កម្ពុជា​គួរ​វិនិយោគ​ឲ្យ​បាន​ខ្លាំង​បំផុត​ទៅលើ​ការកសាង​គ្រឹះ​សង្គម​ពោលគឺ​ការវិនិយោគ​ទៅលើ​ផ្នែក​អប់រំ​កុមារ​នេះឯង។

សិស្សសាលា ដែល​មិន​បាន​ទៅ​សាលារៀន​ដោយសារទឹក​ជំនន់។
សិស្សសាលា ដែល​មិន​បាន​ទៅ​សាលារៀន​ដោយសារទឹក​ជំនន់។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

«ដំ​ដែក​ទាន់​នៅ​ក្តៅ ប្រដៅ​មនុស្ស​ទាន់​នៅ​ក្មេង» នេះ​ជា​សុភាសិត​បុរាណ​ខ្មែរ​ដែល​បង្ហាញ​អំពី​សារសំខាន់​នៃ​ការអប់រំ​កុមារ​តូច​ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​កូន​ល្អ​របស់​គ្រួសារ​និង​ជា​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល​រប​ស់​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត។ មាន​ឧទាហរណ៍ងាយៗជាច្រើន​ដែល​អាច​បញ្ជាក់បាន​ថា ការអប់រំ​មនុស្ស​ទាមទារ​ឲ្យ​មានការ​បង្វឹក​តាំងពីតូច។

 

ជាក់ស្តែង ប្រសិនបើ​គេ​មិន​បង្រៀន​ឲ្យ​កុមារ​ឲ្យ​ចេះ​សំពះសួរ​ឪពុកម្តាយ​តាំងពី​តូច​ទេ​ដល់ពេល​ធំ​ឡើង ពួកគេ​ច្បាស់​ជា​មិនចេះ​លើកដៃ​សំពះ​ឳ​ពុក​ម្តាយ​បានឡើយ។ ប្រសិនបើ​គេ​មិន​បង្វឹក​ឲ្យ​កុមារ​ឲ្យ​ប្រើពាក្យ​ពិ​រោះ​ពិសារ​តាំងពី​តូច​ទេ ដល់ពេល​ធំ​ឡើង​ពួកគេ​ច្បាស់​ជា​ពិបាក​ទម្លាប់​ប្រើពាក្យ​ពេចន៍​ទាំងនោះ​ណាស់។ ដូចគ្នា​ដែរ ប្រសិនបើ​គេ​មិន​អប់រំ​កុមារ​ឲ្យ​ចេះ​បោះ​សំរាម​ចូលក្នុង​ធុងសំរាម​និង​ប្រសិនបើ​កុមារ​មិនត្រូវ​បាន​គេ​បង្រៀន​ឲ្យ​ស្គាល់​ពី​ឫសគល់​នៃ​វប្បធម៌​របស់ខ្លួន​បាន​ច្បាស់​ទេ ពួកគេ​ច្បាស់​ជាមាន​អាកប្បកិរិយា​រាយមាយ​និង​មិនអាច​ស្គាល់​ខ្លួនឯង​ច្បាស់​ឡើយ។

បច្ចុប្បន្ន ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​វិបត្តិ​សង្គម​ជាច្រើន​ដែល​បណ្តាលមកពី​សីលធម៌​សង្គម​ធ្លាក់ចុះ។ ដោយ​គ្រាន់តែ​ក្រឡេកមើល​សណ្តាប់ធ្នាប់​ចរាចរណ៍​តាម​ដងផ្លូវ​គេ​អាច​យល់បាន​ជាស្រេច​អំពី​កង្វះ​ភាព​ស៊ី​វិ​ល័យ​នៃ​ប្រជាពលរដ្ឋ​ខ្មែរ។ កង្វះ​ភាព​ស៊ី​វិ​ល័យ​ដែល​បណ្តាលមកពី​អាកប្បកិរិយា​មិន​គោរព​ច្បាប់។ ទាំង​ច្បាប់​ចរាចរណ៍​ក៏ដូចជា​ច្បាប់ផ្សេងៗទៀត​ដែរ។ ម្យ៉ាងទៀត ការបោះ​សំរាម​ពាសវាល​ពាសកាល​ក៏​នៅតែ​ជា​រឿង​មិនទាន់​អាច​កែប្រែបាន​នៅឡើយ​ដែរ។ ទីណា​មាន​មនុស្ស​ច្រើន សំរាម​ក៏ត្រូវ​បាន​គេ​បោះចោល​គ្មាន​សណ្តាប់ធ្នាប់​ច្រើន​នៅ​ទី​នោះដែរ។

ទាំងនេះ​ជា​ទិដ្ឋភាព​ដែល​គេ​បាន​ជួបប្រទះ​ជា​រៀងរាល់ថ្ងៃ ហើយ​វា​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​សង្គម​អាប់​កិត្តិយស​និង​គ្មាន​សណ្តាប់ធ្នាប់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​គំរូ​អាក្រក់​ដល់​កុមារ​ផងដែរ។ សាលារៀន គ្មាន​មធ្យោបាយ​គ្រប់គ្រាន់​ដើម្បី​បង្វឹក​កុមារ​អំពី​ចំណេះដឹង​មូលដ្ឋាន ជាពិសេស​អំពី​សីលធម៌​និង​សុជីវធម៌ ខណៈដែល​នៅឯ​ផ្ទះ ឳ​ពុក​ម្តាយ​ជាច្រើន​ជាប់រវល់​មិនបាន​យកចិត្តទុកដាក់​ចំពោះ​កូន​ទាល់តែសោះ។ លើសពីនេះទៅទៀត គ្រួសារ​ខ្មែរ​ជា​ច​ច្រើន​រស់ក្នុង​អំពើហិង្សា​ជាប្រចាំ​ដែល​ធ្វើ​ឲ្យ​កូន​បាក់ស្បាត​និង​ខូចចិត្ត។

ងាក​ទៅ​មើល​បរិស្ថាន​សង្គម​វិញ កុមារ​ក៏​ហាក់​បានទទួល​គំរូ​ល្អ​តិចជាង​គំរូ​អាក្រក់​ដែរ។ គ្រឿង​ស្រវឹង​ត្រូវបាន​គេ​ប្រើប្រាស់​និង​ផ្សព្វផ្សាយ​គ្រប់ទិសទី។ រឿងភាពយន្ត​គួរ​ឲ្យ​តក់ស្លុត រន្ធត់​និង​ស្រើបស្រាល​ត្រូវ​បានដាក់​បញ្ចាំង​តាម​ទូរទស្សន៍​ក្នុង​ម៉ោង​ដែល​កុមារ​អាច​មើល​បាន។ ផ្ទុយទៅវិញ ទីកន្លែង​កម្សាន្ត​ឫ​ទស្សនីយភាព​សិល្បៈ​សម្រាប់​កុមារ​នៅមាន​ការខ្វះខាត​យ៉ាងខ្លាំង។ សាលា​រដ្ឋ​ក៏​គ្មាន​មធ្យោបាយ​រៀបចំ​ដំណើរ​កម្សាន្ត​បែប​អប់រំ​ដល់​កុមារ​នោះទេ។

នៅពេល​ទំនេរ​ពី​ការសិក្សា កុមារ​ខ្មែរ​ជាពិសេស​កូនអ្នកក្រីក្រ​គ្មាន​ឱកាស​បានទទួល​ការកម្សាន្ត​ត្រឹមត្រូវ​ទេ។ ផ្ទុយទៅវិញ ពួកគេ​បែរជា​ប្រើ​ពេលវេលា​ដើម្បី​ជួយ​រកលុយ​ឳ​ពុក​ម្តាយ​ថែមទៀត។ ស្ថានភាព​ទាំងនេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​សេចក្តីត្រូវការ​ចាំបាច់​នូវ​ការវិនិយោគ​យ៉ាងច្រើន​ទៅលើ​កុមារ​ដើម្បី​កម្ពុជា​អាច​កសាង​ធនធានមនុស្ស​បាន​រឹងមាំ​សម្រាប់​ថ្ងៃ​អនាគត។ ពិតណាស់ថា បរិយាកាស​សង្គម​និង​នយោបាយ​បានធ្វើ​ឲ្យ​មនុស្ស​ខ្មែរ​ជំនាន់​មុន​ជាច្រើន​បាត់បង់​ឱកាស​ក្លាយជា​ធនធានមនុស្ស​ដ៏​ល្អ​របស់​ប្រទេស។

មនុស្ស​ខ្មែរ​មួយចំនួន​មិនបាន​ទទួល​ការអប់រំ​ឫ​បាន​បន្តិចបន្តួច។ ខ្មែរ​ខ្លះទៀត ត្រូវបាន​អ្នកនយោបាយ​បង្វឹក​ឲ្យ​ចេះ​ឃោរឃៅ កាប់សម្លាប់​គ្នា​គ្មាន​ត្រា​ប្រណី ចំណែក​អ្នកចេះដឹង​ខ្លះ​ត្រូវបាន​គេ​សម្លាប់ចោល​ស្ទើរ​គ្មាន​សល់។ អ្នក​នៅ​រស់រានមានជីវិត​ជាច្រើន​ទទួលរង​សម្ពាធ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ក្រោយ​ឆ្លងកាត់​របប​ខ្មែរក្រហម​និង​ឆ្លងកាត់​ស្ថានភាព​អាក្រក់​មួយចំនួន​ទៀត​ដែល​នៅ​បន្ត​អូសបន្លាយ​រហូតដល់​ប​ច្ចុ​ប្បន្ន។

សរុប​មកវិញ មានតែ​ការបណ្តុះ​ធនធានមនុស្ស​ថ្មី​ប្រកបដោយ​គុណភាព​និង​ភាព​ស្អាតស្អំ​ទេ​ទើប​ជា​ក្តី​រំពឹង​សម្រាប់​កសាង​ប្រទេសមួយ​ជឿនលឿន​ទៅ​ថ្ងៃ​អនាគត​បាន។ នេះ​ជា​ទស្សនៈវិស័យ​វែងឆ្ងាយ​មួយ​ដែល​គេ​មិនអាច​មើលរំលង​បានឡើយ។ ក្នុងន័យនេះ ការតម្រង់ទិស​កុមារ​គឺជា​សេចក្តីត្រូវការ​ចាំបាច់​ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​របស់​កម្ពុជា​ខ្លួនឯង​ផង​និង​ក៏ដូចជា​ដើម្បី​ប្រឹង​រត់​ឲ្យ​ទាន់​គេឯង​ក្នុង​តំបន់​ផង។ ផ្ទុយទៅវិញ ប្រសិនបើ​មនុស្ស​ខ្មែរ​ជំនាន់​នេះ នាំគ្នា​យកតែ​រួចខ្លួនមួយគ្រាៗ កម្ពុជា​នឹង​គ្មាន​ទំពាំង​សម្រាប់​ស្នង​ឫស្សី​នោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ