អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ​ទី​១៤​កញ្ញា​ម្សិលមិញ លោក​Naoto Kan ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​បន្ត​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន​ត​ទៅ​ទៀត។ ក្រោយ​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធានបក្ស​ប្រជាធិបតេយ្យ​ជប៉ុន​ភ្លាម លោក​Naoto Kan ដែល​មាន​សិទ្ធិ​បន្ត​តំណែង​នាយក​រដ្ឋមន្ត្រី​តទៅទៀត បាន​ប្រកាស​ភ្លាម​ថា អាទិភាព​របស់​លោក​គឺ​កាត់​បន្ថយ​ជាបន្ទាន់​បំណុល​សាធារណៈ។ តើ​អ្វី​ទៅ​ទិសដៅ​នយោបាយ​សេដ្ឋកិច្ច​របស់​លោក​Kan ដែល​បាន​គ្រប់គ្រង​ប្រទេស​ជប៉ុន​បី​ខែ​កន្លង​មក​ហើយ?

លោក​Naoto Kan​ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​បន្ត​ដឹកនាំគណបក្សប្រជាធិបតេយ្យជប៉ុន និង​មាន​សិទ្ធិ​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​តទៅទៀត។  អាទិភាព​របស់លោក គឺ​កាត់​បន្ថយ​ជា​បន្ទាន់​បំណុល​សាធារណៈ
លោក​Naoto Kan​ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​បន្ត​ដឹកនាំគណបក្សប្រជាធិបតេយ្យជប៉ុន និង​មាន​សិទ្ធិ​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​តទៅទៀត។ អាទិភាព​របស់លោក គឺ​កាត់​បន្ថយ​ជា​បន្ទាន់​បំណុល​សាធារណៈ ©Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​លោក​Naoto Kan បាន​ជាប់​ឆ្នោត​ជា​ថ្មី ជា​ប្រធាន​នៃ​បក្ស​ប្រជាធិបតេយ្យ​ជប៉ុន កាល​ពី​ម្សិលមិញ គឺ​ជា​ដំណឹង​ល្អ។ ដំណឹង​ល្អ ដោយសារ​ថា​ប្រសិន​បើ​លោក​Ichiro Ozawa ដែល​ជា​គូ​ប្រជែង​របស់​លោក​Kan ជា​អ្នក​បាន​ជាប់​ឆ្នោត​វិញ នោះ​ប្រទេស​ជប៉ុន​នឹង​ត្រូវ​ផ្លាស់ប្តូរ​នាយករដ្ឋមន្ត្រី​ម្តង​ទៀត។ ចូរ​កុំ​ភ្លេច​ថា ក្នុង​អំឡុង​ពេល​ជិត​៤​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ជប៉ុន​បាន​ប្តូរ​នាយករដ្ឋមន្ត្រី​៥​ដង​រួច​ទៅ​ហើយ បាន​ន័យ​ថា​ជា​មធ្យមភាគ នាយក​រដ្ឋមន្ត្រី​នីមួយៗ ក្តាប់​អំណាច​មិន​បាន​៨​ខែ​ល្អ​ផង។

 
ម្ល៉ោះ​ហើយ លោក​Kan ដែល​នៅ​មាន​សិទ្ធិ​បន្ត​តំណែង​ជា​ប្រធាន​នៃ​បក្ស​ក្តាប់​អំណាច និង​ដែល​ជាស្វ័យប្រវត្ត ត្រូវ​បន្ត​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ត​ទៅ​ទៀត មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បន្ត​អនុវត្ត​នយោបាយ​របស់​លោក។ រីឯ​ប្រទេស​ជប៉ុន​វិញ ជាគោលការណ៍ នឹង​អាច​ស្គាល់​ស្ថិរភាព​នយោបាយ មួយ​រយៈ​ពេល​វែង​គ្រាន់បើ​ដែរ ពីព្រោះ​ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី នឹង​ត្រូវ​ប្រព្រឹត្ត នៅ​ឆ្នាំ​២០១៣ ឯណោះ។

តើ​អ្វី​ទៅ​នយោបាយ​របស់​លោក​Naoto Kan?
ជាបឋម គួរ​រំឭក​ឡើង​វិញ​ថា កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​លោក Naoto Kan ឡើង​មក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ពលរដ្ឋ​ជប៉ុន​ភាគច្រើន​បាន​ផ្តើម​មាន​ក្តី​សង្ឃឹម​ឡើង​វិញ។ ពួក​គេ​មាន​ជំនឿ​ថា លោក​Kan ដែល​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ច្បាស់​ជា​អាច​ដោះស្រាយ​ចេញ បញ្ហា​ធំ​ជាង​គេ​នៅ​ប្រទេស​ជប៉ុន​សព្វ​ថ្ងៃ នោះ​គឺ​បញ្ហា​សេដ្ឋកិច្ច។

សេដ្ឋកិច្ច​ជប៉ុន​នៅ​ទ្រឹង​មួយ​កន្លែង​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ។ ភាព​ទ្រឹង​នៅ​មួយ​កន្លែង​នេះ​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ តាំងពី​វិបត្តិ​សេដ្ឋកិច្ច​សកល​បាន​ផ្តើម​បោក​កញ្ជ្រោក ទៅ​លើ​ពិភពលោក កាល​ពី​ពីរ​ឆ្នាំ​មុន។ ជាក់ស្តែង សេដ្ឋកិច្ច​នៃ​ប្រទេស​បាន​ដើរ​ថយ​ក្រោយ ពេញ​មួយ​ឆ្នាំ​២០០៨ ហើយ​ទើប​តែ​ផ្តើម​ងើប​ក្បាល​ឡើង​វិញ​នៅ​ឆ្នាំ​២០០៩-២០១០​នេះ​ប៉ុណ្ណោះ។

ជា​ការពិត​ណាស់​ដែល​ថា បើ​ប្រៀប​ទៅ​នឹង​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​ប្រើបា្រស់​ប្រាក់​អឺរ៉ូ សេដ្ឋកិច្ច​ជប៉ុន​នៅ​មាន​ថាមពល​ខ្លាំង​ជាង។ ក៏ប៉ុន្តែ បំណុល​សាធារណៈ​របស់​រដ្ឋ​ជប៉ុន​ធំ​ណាស់ ច្រើន​ណាស់ ច្រើន​លើស​បំណុល​របស់​បណ្តា​ប្រទេស​អឺរ៉ុប​ទៅ​ទៀត គឺ​ស្មើ​នឹង​ផលិតផល​ដុល​ក្នុង​ស្រុក​ចំនួន​ពីរ​ឆ្នាំ ពោល​គឺ​ប្រមាណ​មួយ​ពាន់​ម៉ឺន​លាន​ដុល្លារ។ មិន​តែ​ប៉ុណ្ណោះ ការអនុវត្តន៍​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​បន្ត​បន្ទាប់​គ្នា នា​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋ​ជប៉ុន​ជំពាក់​លុយ​កាន់​តែ​ច្រើន។

មែនទែន​ទៅ ពលរដ្ឋ​ជប៉ុន​និង​រដ្ឋាភិបាល​ជប៉ុន មិន​អាច​មាន​ទំនុក​ទុក​ចិត្ត​លើ​អនាគត​បាន​ទេ។ ម្យ៉ាង ចិន​ទើប​តែ​បាន​វ៉ា​ឈ្នះ​ជប៉ុន ដោយ​ក្លាយ​ទៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​ពីរ និង​ម្យ៉ាង​ទៀត ប្រជាជន​ជប៉ុន​មាន​ចំនួន​កាន់​តែ​តិច​ទៅៗ និង​មាន​វ័យ​កាន់​តែ​ចាស់​ទៅៗ។

គឺ​នៅ​ក្នុង​ពេល​មួយ​ដែល​ប្រទេស​ធ្វើ​មុខ​ក្រញូវ​អ៊ីចឹង​ហើយ ដែល​លោក​Naoto Kan បាន​ឡើង​មក​កាន់​កាប់​តំណែង​នាយករដ្ឋមន្ត្រី កាល​ពី​បី​ខែ​មុន។ កាល​ណោះ លោក​Kan បាន​ថ្លែង​ប្រាប់​ប្រជាជាតិ​ជាអាទិ៍​ថា ប្រទេស​ជប៉ុន​ត្រូវ​ឈប់​ដេក​យល់​សប្ត ត្រូវ​ហ៊ាន​បញ្ចប់​នយោបាយ​ចាស់​គំរឹល​ហួស​សម័យ និង​ត្រូវ​តែ​អនុវត្ត​យ៉ាង​ក្លាហាន នយោបាយ​ថ្មី​ដែល​មាន​មូលដ្ឋាន​ប្រាកដនិយម។

ភាព​ប្រាកដ​និយម​នឹង​ច្បាស់​ជា​តម្រូវ​ឲ្យ​លោក​Kan បង្កើន​ទម្ងន់​ពន្ធដារ ដើម្បី​ប្រមូល​លុយ​ឲ្យ​បាន​ច្រើន​ជាង​មុន​យក​មក​បញ្ចូល​ក្នុង​ហិប​រដ្ឋ និង​ដើម្បី​កាត់​បន្ថយ​បំណុល​សាធារណៈ។ នៅ​ក្នុង​ន័យ​នេះ លោក​នាយករដ្ឋមន្ត្រី​គ្រោង​ថា នឹង​ដំឡើង​ពន្ធដារ​លើ​គ្រឿង​ឧបភោគ​បរិភោគ គឺ​TVA ជា​ភាសាបារាំង ពី​៥%​ទៅ​ឲ្យ​ដល់​១០%។ ភាព​ប្រាកដនិយម ក៏​នឹង​ច្បាស់​ជា​តម្រូវ​ឲ្យ​លោក​Kan បន្ត​អនុវត្ត​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច។ ត្រង់​នេះ កាល​ពី​សប្តាហ៍​មុន តាមរយៈ​ផែនការ​មួយ​ថ្មី​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​ជាង​១ម៉ឺន ៦ពាន់លាន​ដុល្លារ រដ្ឋាភិបាល​ជប៉ុន​ប្រាថ្នា​ចង់​បង្កើត​ការងារ​ចំនួន​២០​ម៉ឺន​កន្លែង នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

លើស​ពី​នេះ​ទៅ​ទៀត លោក​នាយករដ្ឋមន្រ្តី ក៏​ប្រហែល​ជា​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​បន្ត​ធ្វើ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ប្រាក់​យ៉េន​បន្តិច​ម្តងៗ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ផលិតផល​ជប៉ុន​អាច​ប្រកួត​ប្រជែង​នឹង​ផលិតផល​របស់​អឺរ៉ុប និង​ជាពិសេស​ផលិតផល​របស់​ចិន​ក្នុង​ទីផ្សារ​អាស៊ី។

យ៉ាង​ណា​ក៏​ដោយ ការគ្រោង​ដំឡើង​ទ្វេ​ដង ពន្ធដារ​លើ​គ្រឿង​ឧបភោគបរិភោគ អាច​នឹង​ធ្វើ​ឲ្យ​ប្រជាជន​រួញរា​ក្នុង​ការទិញ​ដូរ​ហូប​ចុក និង​នៅ​ទី​បំផុត បង្ក​ជា​ឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច។ មិន​តែ​ប៉ុណ្ណោះ វិធានការ​នេះ​ជា​វិធានការ​អប្រជាប្រិយ​ក្រៃលែង ពោល​គឺ​វា​អាច​នឹង​បណ្តាល​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​Kan បាត់បង់​ប្រជាប្រិយភាព​យ៉ាង​លឿន​រហ័ស រហូត​ដល់​អាច​បណ្តាល​ឲ្យ​លោក​សុំ​លាលែង​ពី​តំណែង ដូច​ប្រមុខ​រដ្ឋាភិបាល​មុនៗ​ទៀត​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ