អានតួអត្ថបទ
កម្ពុជា

ហ្វ៊ុនស៊ិនប៉ិច​អនុម័ត​គោលនយោបាយ​រួបរួម​អ្នក​រាជានិយម​ឡើងវិញ

គណបក្ស​ហ្វ៊ុនស៊ិនប៉ិចបាន​បើក​អង្គសមាជ​វិសាមញ្ញ​មួយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៥ ខែសីហានេះដោយបាន​អនុម័ត​គោលនយោបាយ​រួបរួម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​តែមួយ​ឡើងវិញ។ អង្គសមាជ​វិសាមញ្ញ​នេះ​ក៏បាន​សម្រេច​បញ្ចូល​សមា​ជិ​ក​ថ្មីចំនួន ៦០៣ នាក់​មកពី​គណបក្ស​ជាតិនិយម អតីត​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ ទៅក្នុង​ក្រុមប្រឹក្សា​ជាតិ​របស់ខ្លួន ដែលជា​ការចាប់ផ្តើម​នៃ​ចលនា​បង្រួបបង្រួម​អ្នករាជានិយម​ដោយ​គ្មាន​សមាជិក​រាជវង្ស​ដឹកនាំ។

សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក្នុង​សមាជវិសាមញ្ញ​ ថ្ងៃទី២៥ សីហា ២០១២
សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក្នុង​សមាជវិសាមញ្ញ​ ថ្ងៃទី២៥ សីហា ២០១២ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

អង្គសមាជ​វិសាមញ្ញ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​កាលពី​ព្រឹក​មិញ​នេះ បាន​អនុម័ត​សេចក្តីថ្លែងការណ៍​រួមមួយ​ដែលមាន​បី​ចំណុច​ គឺ​ទី១៖ អនុម័ត​កែសម្រួល​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង កែសម្រួល​រចនា​សម្ព័ន្ធ​ដឹកនាំ និង​ខ្លឹមសារ​ពិធីសារ​ស្តីពី​ការបង្កើត​គណៈកម្មការ​សម្រាប់​ការ​រួបរួម​រវាង ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម។ ទី២៖ អនុម័ត​បញ្ចូល​សមាជិក​ថ្មី​ចំនួន ៦០៣ នាក់​មកពី​គណបក្ស​ជាតិនិយម​ដែល​ទើបតែ​បាន​ប្តូរ​ឈ្មោះ​ពី​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ កាលពី​ថ្ងៃ​ម្សិលមិញ ទៅក្នុង​ក្រុមប្រឹក្សា​ជាតិ​របស់ខ្លួន និង​ទី៣៖ អនុម័ត​គោលនយោបាយ​រួបរួម​ហ្វ៊ុនស៊ិនប៉ិច​តែមួយ​ឡើងវិញ។

អង្គសមាជ​នេះ​បាន​បើក​ធ្វើ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​របស់លោក កែវ ពុធ​រស្មី មគ្គុ​ទ្ទេសក៍​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង លោក ញ៉ឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស និង​មាន​អ្នកចូលរួម​ប្រមាណ​ជា ២០០០ នាក់។ អង្គសមាជ​វិសាមញ្ញ​នេះ​មាន​គោលដៅ​ជំរុញ​ការរួបរួម​គ្នា​រវាង​អ្នករាជានិយម​ឲ្យ​ទាន់​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ ខាងមុខ។ លោក កែវ ពុធ​រស្មី បាន​ថ្លែងថា នេះ​គឺជា​ការរួបរួម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ​ បន្ទាប់ពី​ការបែកបាក់​ដ៏​ឈឺចាប់​និង​បានធ្វើ​ឲ្យ​គណបក្ស​រាជានិយម​ធ្លាក់ចុះ​យ៉ាងខ្លាំង​មក​នោះ។

 
កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ គណបក្ស នរោត្តម រណ​ឬ​ទ្ធិ ក៏បាន​បើក​ធ្វើ​អង្គសមាជ​វិសាមញ្ញ​មួយ​ដែរ។ អង្គសមាជ​នេះ​បាន​បើក​ធ្វើឡើងភ្លាមៗបន្ទាប់ពី​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បានប្រកាស​លាឈប់​ពី​នយោបាយ​ក្រោយ​ជម្លោះ​បែកបាក់​ជាមួយ​លោក​សៅ រ៉ានី។ គណបក្ស នរោត្តម រណ​ឬ​ទ្ធិ ក៏ត្រូវ​បាន​គេ​ប្តូរ​ឈ្មោះ​ទៅជា​គណបក្ស​ជាតិនិយម​វិញ ហើយ​លោក​សៅ រ៉ានី ដែលជា​គូទំនាស់​ជាមួយ​សម្តេចក្រុមព្រះ​ក៏ត្រូវ​បាន​អង្គសមាជ​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​ជាតិនិយម។

ការរួបរួម​គណបក្ស​រាជានិយម​នៅពេលនេះ​បានធ្វើ​ឡើង​ដោយ​គ្មាន​រាជវង្ស​ជា​អ្នកដឹកនាំ​ដូច​កាលពីមុន​ទេ។ សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ដែលជា​តួអង្គ​អ្នកនយោបាយ​លេខ​មុខមាត់​ជាងគេ​ក្នុងចំណោម​រាជវង្ស បាន​លាឈប់​ពី​ឆាកនយោបាយ​ដោយសារ​ជម្លោះ​បែកបាក់។ ស្របពេល​នៃ​ការប្រកាស​រួបរួម​គណ​បក្ស​រាជានិយម​នៅឯ​ភ្នំពេញ មាន​ព័ត៌មាន​លេចឮថា អតីត​សកម្មជន​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ ខេត្តកំពត​ជាច្រើន​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៃ​ចលនា​បក្សប្រឆាំង​វិញ។

ប៉ុន្តែ លោក សៅ រ៉ានី ប្រធាន​គណបក្ស​ជាតិនិយម​បាន​បដិសេធ​ព័ត៌មាន​នេះ។ ទាំង​លោក​សៅ រ៉ានី ក៏ដូចជា​លោក​កែវ ពុធ រស្មី​ដែរ សុទ្ធតែ​បាន​សម្តែង​ក្តី​សង្ឃឹមថា ការរួបរួម​គ្នា​នៃ​គណបក្ស​រាជានិយម​នឹង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៣ ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ