អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

និទាឃរដូវ​នៃ​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ត្រូវបាន​បញ្ចប់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅមុន​ការបោះឆ្នោត​ឆ្នាំ២០១៣ខាងមុខ យ៉ាងហោចណាស់​មាន​ចលនា​រួបរួមគ្នាធំៗពីរ​នៃ​គណបក្សនយោបាយ​នៅ​កម្ពុជា។ ចលនា​ទី១ គឺ​ការរួមបញ្ចូល​គ្នា​រវាង​គណបក្សប្រឆាំង​ពីរ​គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស។ រីឯ​ចលនា​ទី២ គឺ​ការរួបរួម​គ្នា​រវាង​គ​ណ​បក្ស​រាជានិយម​ពីរ​គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម​ដែល​ទើបនឹង​ប្តូរ​ឈ្មោះ​ពី​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ។ និន្នាការ​រួមបញ្ចូល​គ្នា​នៃ​គណបក្សនយោបាយ​បានបង្ហាញ​ឲ្យ​ឃើញថា រដូវ​ផ្កា​រីក​នៃ​បក្សនយោបាយ​នៅ​កម្ពុជា​ទំនងជា​ឈានដល់​ទីបញ្ចប់​ហើយ។

ក្នុង​រដ្ឋសភា​បច្ចុប្បន្ន​​ បក្សប្រឆាំង​នៅ​បែកខ្ញែក​គ្នា​ជា​ចំណែក​តូចៗ
ក្នុង​រដ្ឋសភា​បច្ចុប្បន្ន​​ បក្សប្រឆាំង​នៅ​បែកខ្ញែក​គ្នា​ជា​ចំណែក​តូចៗ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

អំណឹះតទៅ កម្ពុជា​ប្រហែលជា​មិនមែនជា​ឋានសួគ៌​នៃ​គណបក្សនយោបាយ​ដែល​រីក​ស្គុះស្គាយ​ប្រៀប​ដូច​សួនឧទ្យាន​ក្នុង​និ​ទាឃ​រដូវ​ ដូច​កាលពីមុន​ទៀតឡើយ។ អ្នកនយោបាយ​ខ្មែរ​ដែល​កាលពី១៥ ឬ២០ឆ្នាំមុន​សប្បាយ​នឹង​ការបង្កើត​គណបក្ស​ថ្មី​ ដើម្បី​ប្រជែង​អំណាច ពេលនេះ ​បានដឹង​ច្បាស់​ថា វា​មិនមែន​ងាយស្រួល​ដូច​ការរំពឹងទុក​នោះឡើយ។

គេ​នៅ​ចាំបាន​ថា ចំនួន​គណបក្សនយោបាយ​នៅ​កម្ពុជា​ធ្លាប់​កើន​ដល់​ជាង៥០គណបក្ស ប៉ុន្តែ ចំនួន​នេះ​បាន​ថយចុះ​ជា​លំដាប់។ និន្នាការថ្មីៗនៃ​ការ​រួបរួមគ្នា​ជា​គណបក្ស​តែមួយ​ជា​ភស្តុតាង​ថ្មី​ទៀត​ដែលជា​សញ្ញា​នៃ​ការថយចុះ​ចំនួន​បក្សនយោបាយ​នៅ​កម្ពុជា។ គណបក្ស​ខ្លះ​ក្ស័យធន ខ្លះ​អស់សង្ឃឹម​នឹង​លទ្ធផល​របស់ខ្លួន ខ្លះ​បែកបាក់​គ្នា​ដោយ​បញ្ហា​ផលប្រយោជន៍ ​និង​ខ្លះទៀត​ក៏​ទៅ​ភ្ជាប់​ខ្លួន​ជាមួយ​បក្ស​ផ្សេង​វិញ។ ជាក់ស្តែង នៅពេល​ការបោះឆ្នោត​អាណត្តិ​ទី៥បាន​ឈាន​ជិត​ចូល​មកដល់ ចលនា​រួបរួមគ្នាធំៗពីរបាន​កើតឡើង។ ទី១៖ ការរួមបញ្ចូល​គ្នា​នៃ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នៅក្នុង​ចលនានយោបាយ​ប្រឆាំង និង​ទី២៖ ការរួបរួម​គ្នា​រវាង ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម នៅក្នុង​ចលនា​រាជានិយម។

និន្នាការ​រួមបញ្ចូល​គ្នា​នៃ​គណបក្សនយោបាយ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការស្វែងរក​មធ្យោបាយ​បង្កើន​កម្លាំង​ក្នុងចំណោម​គណបក្សតូចៗ ដើម្បី​តទល់​ជាមួយ​បក្ស​កាន់អំណាច ពីព្រោះ​ការ​ស្ថិតនៅ​បែកខ្ញែក​ពីគ្នា គណបក្ស​ទាំងនោះ​មិន​ខុស​អ្វី​ពី​បុប្ផា​ដែល​ត្រូវគេ​ដាក់តាំង​លម្អ​សួន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះឡើយ។ ប៉ុន្តែ មេរៀន​បាន​បង្ហាញថា ការរួមបញ្ចូល​គ្នា​រវាង​គណបក្សនយោបាយ​មិនមែនជា​ការងាយស្រួល​ឡើយ។ ការបែកបាក់​នៃ​សម្ព​ន្ធ័​ភាព​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជាមួយ​គណបក្ស​សមរង្ស៊ី​ចំនួន​ពីរលើក​ កាលពី​ឆ្នាំ ១៩៩៨ និង ២០០៣ និង​ការបែកបាក់​សម្ព​ន្ធ័​ភាព​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ កាលពី​ឆ្នាំ ២០០៩ គឺជា​ឧទាហរណ៍​ជាក់ស្តែង។ បច្ចុប្បន្ននេះ គណបក្សប្រឆាំង​ទាំងពីរ​ហាក់​បានបង្ហាញ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​អំពី​ការរួបរួម​គ្នា​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​នៅតែ​មិនទាន់មាន​ទំនុកចិត្ត​ថា គណបក្សប្រឆាំង​ថ្មី​នេះ​អាច​ចេញរួច ឬ​អាច​ស្ថិតស្ថេរ​បានយូរ​ប៉ុណ្ណា​នៅឡើយ​ទេ។

ងាក​ទៅ​មើល​គណបក្ស​រាជានិយម​ទាំងពីរ​វិញ ការបង្រួបបង្រួម​ពេលនេះ​ក៏​ហាក់ដូចជា​កំពុង​ទៅមុខ​ដែរ។ ប៉ុន្តែ ចូរ​កុំភ្លេចថា ចលនា​បង្រួបបង្រួម​រាជានិយម​ធ្វើឡើង​បានតែ​មួយចំណែក​ប៉ុណ្ណោះ ពីព្រោះ​គណបក្ស​នរោត្តម រណ​ឬ​ទ្ធិ ដែល​រលាយ​បាត់ឈ្មោះ​កាលពី​ថ្ងៃ​ម្សិលមិញ បាន​បែកបាក់​ជា​ពីរ​ផ្នែក​បាត់ទៅហើយ។

យ៉ាងណា​ក៏ដោយចុះ ស្ថានការណ៍​ហាក់ដូចជា​កំពុង​ចាប់បង្ខំ​ឲ្យ​គណបក្ស​ដែលមាន​និន្នាការ​ស្របគ្នា​គួរតែ​បញ្ចូល​គ្នា​ជា​ចាំបាច់។ ប្រសិនបើ​និន្នាការ​នេះ​បន្ត​ទៅមុខ​ដោយ​ជោគជ័យ ចំនួន​គណបក្សនយោបាយ​នឹងមាន​ចំនួន​កាន់តែ​តិច។ ចំនួន​គណបក្សនយោបាយ​តិច​អាច​នឹង​ជំរុញ​ឲ្យ​មាន​តុល្យភាព​នយោបាយ​រវាង​គណបក្សកាន់អំណាច និង​បក្សប្រឆាំង​កាន់តែ​ល្អ។ ផ្ទុយទៅវិញ​ប្រសិនបើ​និន្នាការ​រួមបញ្ចូល​គ្នា​នេះ​បរាជ័យ​វិញ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងឡាយ​ជាពិសេស​បក្សប្រឆាំង​តែម្តង​ទំនងជា​នឹង​បន្ត​ស្ថិតនៅ​ជា​បុប្ផា​លម្អ​សួន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​រយៈពេល​យូរ​តទៅទៀត។

សរុប​មកវិញ បើទោះជា​និន្នាការ​រួបរួមគ្នា​ទៅមុខ​ដោយ​ជោគជ័យ ឬក៏​បរាជ័យ​ក៏ដោយចុះ ក៏​ជាទូទៅ ការបង្កើត​បក្សនយោបាយ​មិនមែនជា​រឿង​ពេញនិយម​ទៀតឡើយ​នៅក្នុង​ប្រទេស​កម្ពុជា។ ការប្រកួតប្រជែង​ដ៏​លំបាក​នៅលើ​ផ្លូវ​ដែល​ខ្វះ​តុល្យ​ភាពជា​រឿង​មួយ រីឯ​ការបែកបាក់​គ្នា​ផ្ទៃក្នុង​ដោយសារ​ផលប្រយោជន៍ ​គឺជា​រឿង​មួយទៀត។ តើ​នេះ​មិនមែនជា​ទីបញ្ចប់​នៃ​និ​ទាឃ​រដូវ​សម្រាប់​គណបក្សនយោបាយ​នៅ​កម្ពុជា​ទេ​ឬ? យ៉ាងណាក៏ដោយ ការធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​ក្នុង​សភា​គឺជា​បញ្ហាសំខាន់​ណាស់​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ