អានតួអត្ថបទ
បារាំង

គណបក្ស​ឆ្វេងនិយម​នាំមុខ​ក្នុង​ការ​បោះឆ្នោត​សភា​បារាំង​ជុំ​ទីមួយ

គណបក្ស​សង្គមនិយម​របស់​លោក François Hollande និង​គណបក្ស​សម្ព័ន្ធមិត្ត​ទទួលបាន​សំឡេង​នាំមុខ​គេ នៅ​ក្នុងការ​បោះឆ្នោត​សភា​បារាំង ជុំទីមួយ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ហើយ​អាច​ឈានទៅ​គ្រប់គ្រង​រដ្ឋសភា នៅ​ក្រោយ​ការ​បោះឆ្នោត​ជុំទីពីរ នៅថ្ងៃ​អាទិត្យ​ក្រោយ។

ការ​រាប់សន្លឹកឆ្នោត សម្រាប់​ជុំទីមួយ ថ្ងៃ​អាទិត្យ ១០​មិថុនា ២០១២
ការ​រាប់សន្លឹកឆ្នោត សម្រាប់​ជុំទីមួយ ថ្ងៃ​អាទិត្យ ១០​មិថុនា ២០១២ REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គមនិយម (Parti Socialiste) របស់​លោក​ហូឡង់ និង​គណបក្ស​ UMP របស់​លោក​សាកូហ្ស៊ី ទទួល​បាន​សំឡេង​ប្រហាក់​ប្រហែល​គ្នា នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ជុំទីមួយ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ គណបក្ស UMP ទទួល​បាន​សំឡេង ៣៤,៦% ហើយ​គណបក្ស​សង្គមនិយម​​ទទួលបាន ៣៤,៤%។ ក៏ប៉ុន្តែ បើ​សិន​ជា​បូក​បន្ថែម​ជាមួយ​គណបក្ស​បរិស្ថាន (Europe Ecologie les Verts) ដែល​ជា​សម្ព័ន្ធមិត្ត គណបក្សរបស់​ហូឡង់​ទទួលបាន​សំឡេង​រហូតដល់​ទៅ ៤៦%។

អ្វី​ដែល​គួរ​កត់សម្គាល់ នៅ​ក្នុង​ការ​បោះឆ្នោត​ជុំទីមួយ​នេះ គឺ​អត្រា​អ្នក​មិនទៅ​បោះឆ្នោត ដែល​មាន​រហូតដល់​ទៅ​ជិត ៤៣%។​

ការ​បោះឆ្នោត​ជុំទីពីរ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ១៧​មិថុនា​ខាងមុខ។

ស្ទើរតែ​គ្រប់​វិទ្យាស្ថាន​ស្ទាបស្ទង់​មតិ​ទាំងអស់ នៅ​បារាំង បាន​ព្យាករ​ថា គណបក្ស​សង្គមនិយម​នឹង​ទទួលបាន​អាសនៈ​ចន្លោះ​ពី ២៧៤ ទៅ ៣០៥ ហើយ​បើ​បូក​បញ្ចូល​ជាមួយ​គណបក្ស​បរិស្ថាន គឺ​អាច​បានរហូត​ដល់​ពី ៣១០ ទៅ ៣៥៦​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង ៥៧៧ នៅ​​ក្នុងរដ្ឋសភា។ ២៨៩​អាសនៈ គឺ​ជា​សំឡេង​ភាគច្រើន​ដាច់ខាត ដែល​គេ​ត្រូវការ ដើម្បី​បោះឆ្នោត​អនុម័ត​ច្បាប់ និង​ផ្តល់ ឬ​ដក​សេចក្តី​ទុកចិត្ត​ពី​រដ្ឋាភិបាល។

គួរបញ្ជាក់ថា នៅពេលនេះ ក្រៅ​ពី​តំណែង​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី គណបក្ស​សង្គមនិយមកំពុង​គ្រប់គ្រង​ព្រឹទ្ធសភា​ ព្រម​ទាំង​ក្រុមប្រឹក្សា​តំបន់ ខេត្ត និង​ក្រុង​ភាគច្រើន នៅ​ទូទាំង​ប្រទេស​បារាំង។ ប្រសិនបើ​នៅ​ថ្ងៃអាទិត្យ​ក្រោយ ​​គណបក្ស​សង្គមនិយម​​​អាច​ទទួល​អាសនៈ​ភាគច្រើន​ នៅ​រដ្ឋសភា​មួយទៀត មានន័យថា អំណាច​ទាំងអស់​ត្រូវ​ស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​គណបក្ស​សង្គមនិយម។

គណបក្ស​ស្តាំនិយម​ជ្រុល (Front National) ទទួល​បាន​សំឡេង​លំដាប់​ទី៣ នៅ​ក្នុងការ​បោះឆ្នោត​ជុំទីមួយ ហើយ​អាច​ឈាន​ទៅ​​​ឈ្នះ​បាន​អាសនៈ​សភា​ជាលើក​ដំបូង នៅ​ថ្ងៃ​អាទិត្យ​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ