អានតួអត្ថបទ
បារំាង

លោក François Hollande បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខតំណែង​ ប្រធានាធិបតី​បារំាង

នៅ​ថ្ងៃ​អង្គារ ទី១៥ ឧសភា​នេះ លោក François Hollande បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខតំណែង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារំាង។ លោក François Hollande បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី ៦ ឧសភា​កន្លង​មក។ លោក Hollande គឺ​ជា​ ប្រធានាធិបតី​បារំាង​ទី ៧​នៃ​សាធារណរដ្ឋ​ទី៥ និង​ជា​ប្រធានាធិបតី​ទី២៤​នៃ​សាធារណរដ្ឋ​បារំាង។ ពិធី​ផ្ទេរ​អំណាច​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វិមាន​ប្រធានាធិបតី Elysée រវាង​លោក François Hollande និង​លោក​ប្រធានាធិបតី​ផុតអាណត្តិ Nicolas Sarkozy ព្រម​ទំាង​មាន​វត្តមាន​ឥស្សរជន និង​ភ្ញៀវ​ជា​ច្រើន​រូប​ផ្សេង​ទៀត​។

លោក François Hollande បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខតំណែង​ ប្រធានាធិបតី​បារំាង
លោក François Hollande បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខតំណែង​ ប្រធានាធិបតី​បារំាង ©Reuters.
ផ្សាយពាណិជ្ជកម្ម

ពិធី​ផ្ទេរ​អំណាច​រវាង​លោក​ François Hollande និង​លោក​ Nicolas Sarkozy ត្រូវ​បាន​ធ្វើ​ឡើង ទៅ​តាម​ពិធីការ​របស់​សាធារណរដ្ឋ​បារំាង។ ប៉ុន្តែ អ្វី​ដែល​ខុស​ប្លែក​ពី​លោក Nicolas Sarkozy កាល​ពី​ ៥ឆ្នំា​មុន គឺ​ថា លោក François Hollande បាន​សម្រេចចិត្ត​ដើរ​លើ​កម្រាល​ព្រំក្រហម​ចូល​ក្នុង​វិមាន​ Elysée តែ​ម្នាក់​ឯង ដោយ​មិន​បាន​នំា​ទំាង​គ្រួសារ ប្រពន្ធ ឬ​មួយ​ក៏​កូនៗ ទៅ​ជាមួយ​ទេ គឺ​ខុស​ពី​លោក Sarkozy ដែល​បាន​ដើរ​ចូល​ទំាង​គ្រួសារ​តែ​ម្តង។ ត្រង់​ចំណុច​នេះ លោក François Hollande ចង់​បង្ហាញ​ប្រាប់​ប្រជាពលរដ្ឋ​បារំាង​ទូទៅ​ថា គឺ​លោក​តែ​ម្នាក់​ឯង​ទេ ដែល​បាន​ជាប់​ឆ្នោត​ជា​​ប្រធានាធិបតី គឺ​មិន​មែន​ក្រុមគ្រួសារ ឬ​មួយ​ក៏​មិត្តភក្តិ​របស់​លោក​ទេ។ ចំណែក​ភរិយា ឬ​មួយ​ក៏​ក្រុម​គ្រួសារ​របស់​លោក Holande ក៏​មាន​វត្តមាន​ដែរ តែ​ចំា​នៅ​ខាង​ក្នុង​ជាមួយ​នឹង​ឥស្សរជន ព្រម​ទំាង​ភ្ញៀវ​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ រីឯ​​នៅ​ក្នុង​ពិធី​រៀបចំ​វិញ ក៏​លោក​ Hollande មិន​បាន​ធ្វើ​ឲ្យ​ហ៊ឹកហ៊ាក់ ដូច​​លោក Sarkozy ដែរ។

ដូច​ដែល​បាន​គ្រោង​ទុក លោក François Hollande បាន​ទៅ​ដល់​វិមាន Elysée នៅ​ប្រមាណ​ជា​ម៉ោង ១០ព្រឹក និង​ត្រូវ​បាន​លោក Nicolas Sarkozy ចេញ​មក​ទទួល​នៅ​ខឿនជណ្តើរ​វិមាន Elysée។ បន្ទាប់​មក ឥស្សរជន​ទំាង​ពីរ​នាក់​​បាន​ចូល​ខាង​ក្នុង​វិមាន Elysée ដើម្បី​ជជែក​គ្នា​រយៈពេល​ប្រមាណ​ជា​កន្លះ​ម៉ោង។ គឺ​ជា​ជំនួប​មួយ​ ទល់​នឹង​មួយ​រវាង​លោក Hollande និង លោក Sarkozy ដោយ​គ្មាន​កាមេរ៉ា និង​អ្នកកាសែត​ណា​ម្នាក់​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រួម​ទេ។ តើ​ឥស្សរជន​ទំាង​ពីរ​នាក់​បាន​និយាយ​គ្នា ពី​រឿង​អ្វី​ខ្លះ ?

ពិត​ជា​គ្មាន​​នរណា​ម្នាក់​ដឹង និង​អាច​ដឹង​បាន​ទេ។ បើ​តាម​មើល​ទៅ អាច​នឹង​មាន​សំណុំរឿងជាតិ និង​អន្តរជាតិ​សំខាន់ៗ​ដែល​លោក Sarkozy បាន​និយាយ​ប្រាប់​លោក Hollande។ បន្ទាប់​ពី​ជំនួប​នោះ​មក ​លោក Hollande ក៏​បាន​ជូន​ដំណើរ​លោក Sar​kozy ឡើង​ឡាន​ចេញ​​ពី​វិមាន​​ Elysée។ ក្រោយ​មក​ទៀត ពិធី​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​មុខ​តំណែង​របស់​លោក Hollande បាន​ចាប់​ផ្តើម ដោយ​អនុវត្ត​ទៅ​តាម​ពិធីការ​របស់​សាធារណរដ្ឋ​បារំាង រួមមាន ការ​ប្រកាស​លទ្ធផល​ផ្លូវការ​របស់​​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ការ​បង្ហាញ​កណ្ឋាភរណឥស្សរិយយស​ដែល​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់ ៩៥២ក្រាម ក្នុង​នោះ មាន​មេដាយ​មួយ​ត្រូវ​បាន​គេ​ឆ្លាក់​ឈ្មោះ​របស់​លោក Hollande។

បន្ទាប់​មក​ទៀត លោក Hollande ក៏​បាន​ថ្លែង​សុន្ទរកថា​​លើក​ដំបូង ក្នុង​នាម​ជា​ប្រធានាធិបតី​។ នៅ​ក្នុង​សុន្ទរកថា​​រយៈពេល​ខ្លី លោក Hollande បាន​បញ្ជាក់​ពី​តួនាទី​របស់​ប្រធានាធិបតី​ក្នុង​ការ​បង្រួបបង្រួម​ប្រជាពលរដ្ឋ​បារំាង​គ្រប់​ស្រទាប់​វណ្ណៈ ដោយ​គ្មាន​ការ​រើសអើង។ ទន្ទឹម​គ្នា​នេះ លោក Hollande ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ ពី​បន្ទុក​​ធ្ងន់ៗ​ជា​ច្រើន ដែលប្រទេស​បារំាង​ត្រូវ​ប្រឈម រួម​មាន ការ​កាត់​បន្ថយ​ប្រាក់បំណុល ការ​កាត់​បន្ថយ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ និង​ការ​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ច​។ ក្រោយ​ពី​សុន្ទរកថា​នោះ​មក លោក Hollande បាន​ជិះ​រថយន្ត​ តាម​រុក្ខវិថី Champs-Elysée ទៅ​កាន់ Arc de Triomphe ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​​ចំពោះ​យុទ្ធជន​មិន​ស្គាល់​ឈ្មោះ ដែល​បាន​ពលីជីវិត​ក្នុង​សង្រ្គាម​លោក​លើក​ទី២។

លោក Hollande ត្រូវ​និយាយ​ជម្នះ​​លោកស្រី Merkel

កន្លះ​ម៉ោង ក្រោយ​ពី​ការ​បិទបញ្ចប់​ពិធី​ចូល​កាន់​មុខតំណែង​ប្រធានាធិបតី លោក François Hollande ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទីមួយ​នៅ​បរទេស។ នេះ​ជា​ទំនៀមទម្លាប់​មួយ​រវាង​បារំាង និង​អាល្លឺម៉ង​ដែល​ប្រមុខរដ្ឋ​ថ្មី​ត្រូវ​ផ្តើម​ទស្សនកិច្ច​ដំបូង​ទៅ​វិញ ទៅ​មក។ ម្យ៉ាង​ទៀត ដំណើរ​ទស្សនកិច្ច​នោះ​ត្រូវ​តែ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​តែ​ម្តង។

គួរ​ជម្រាប​ជូន​ថា បារំាង និង​អាល្លឺម៉ង់ ជា​ប្រទេស​ស្ថាបនិក​សហភាព​អឺរ៉ុប និង​ជា​ក្បាល​ម៉ាស៊ីន​អូសទាញ​សហភាព​អឺរ៉ុប។ ដូច្នេះ វត្តមាន​របស់​លោក François Hollande នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​​ពេល​នេះ គឺ​ជា​ការ​សម្តែង​ ការ​​គួរសម និង​ដើម្បី​ជជែក​ពី​សំណុំរឿង​សំខាន់ៗ​មួយ​ចំនួន ពាក់​ព័ន្ធ​នឹង​សហភាព​អឺរ៉ុប ក៏​ដូច​ជា​នៅ​ក្នុង​ពិភពលោក។ តែ​នៅ​ចំពោះ​មុខ ការ​ខ្វែង​គំនិត​គ្នា​បាន​កើត​មាន​រួច​ហើយ រវាង​លោក​ប្រធានាធិបតី​បារំាង​ថ្មី François Hollande និង​លោក​ស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ Angela Merkel។

បំណង​ប្រាថ្នា​របស់​លោក Hollande ​គឺ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​​លើក​យក​សន្ធិសញ្ញា​ថ្មី​ស្តីពី​ថវិកា​ ទៅ​ជជែក​ជាថ្មី​ឡើង​វិញ គឺ​ជា​សន្ធិសញ្ញា​ថ្មី​ដែល​សមាជិក​អឺរ៉ុប​ទើប​បាន​អនុម័ត កាល​ពី​ដើម​ឆ្នំា ២០១២ និង​ដែល​​បាន​បង្ខំ​ប្រទេស​សមាជិក​នីមួយៗ ឲ្យ​ចាយវាយ​ត្បិតត្បៀត​ក្នុង​ការ​កាត់​បន្ថយ​ប្រាក់​បំណុល។ តែ​លោកស្រី​ Merkel មិន​យល់​ព្រម។ ដូច្នេះ លោក Hollande ចំា​បាច់​ត្រូវ​តែ​និយាយ​ជម្នះ​​លោកស្រី Merkel ដែល​នេះ មិន​មែន​ជា​ការ​ងាយ​ទេ។ យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ជា​ថ្នាក់ដឹកនំា​ទំាងពីរ​នាក់​មាន​ការ​យល់​ឃើញ​ខុស​គ្នា​ក៏​ដោយ ក៏​អាទិភាព​មាន​តែ​មួយ​ដូច​គ្នា គឺ​បញ្ចប់​វិបត្តិ​ប្រាក់បំណុល​នៅ​ក្នុង​តំបន់ និង​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ