អានតួអត្ថបទ
បារាំង

លោក​សាកូហ្ស៊ី​បរាជ័យ​​ដោយសារ​អត្តចរិត​បុគ្គល​ជាង​កម្មវិធី​នយោបាយ

ក្នុងរយៈពេល​ជាង ៥០ឆ្នាំ​ចុងក្រោយ​នេះ មានតែ​ប្រធានាធិបតី​បារាំង​ពីររូប​ប៉ុណ្ណោះ ដែល​មិន​បាន​ជាប់ឆ្នោត​អាណត្តិ​ទី២ គឺ​លោក Valéry Giscard d’Estaing (កាល​ពីឆ្នាំ​១៩៨១) និង​លោក​ Nicolas Sarkozy កាល​ពីថ្ងៃ​អាទិត្យ ម្សិលមិញ។ លោក​សាកូហ្ស៊ី​ជាប់​ឯតទគ្គកម្ម​ជា​ប្រធានាធិបតី​ផុតអាណត្តិ ដែល​មាន​ប្រជាប្រិយភាព​ទាប​បំផុត។ ក៏ប៉ុន្តែ មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ប្រជាជន​បារាំង​មិន​ចូលចិត្ត​លោក​សាកូហ្ស៊ី គឺ​មក​ពី​អត្តចរិត និង​របៀប​ដឹកនាំ​ ច្រើន​ជាង​គោលនយោបាយ​របស់​គាត់។

លោក​នីកូឡា សាកូហ្ស៊ី ក្រោយ​ពី​បាន​ប្រកាស​ទទួល​ស្គាល់​បរាជ័យ​ក្នុង​ការ​បោះឆ្នោត យប់​ថ្ងៃ​អាទិត្យ ៦ឧសភា ២០១២
លោក​នីកូឡា សាកូហ្ស៊ី ក្រោយ​ពី​បាន​ប្រកាស​ទទួល​ស្គាល់​បរាជ័យ​ក្នុង​ការ​បោះឆ្នោត យប់​ថ្ងៃ​អាទិត្យ ៦ឧសភា ២០១២ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

បើ​គេ​ពិនិត្យ​ទៅតាម​លក្ខណៈ​សត្យានុម័ត គេ​អាច​ឃើញ​ថា នៅ​ក្នុងរយៈពេល​ ៥ឆ្នាំ​កន្លង​ទៅនេះ លោក​នីកូឡា សាកូហ្ស៊ី បាន​ធ្វើ​កំណែទម្រង់​ធំៗ​មួយចំនួន ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ទៅថ្ងៃ​អនាគត ដូចជា កំណែទម្រង់​អាយុ​ចូលនិវត្តន៍ និង​កំណែទម្រង់​សកលវិទ្យាល័យ ជាដើម។ ថ្វីដ្បិត​តែ​​បារាំង​ត្រូវបាន​បាត់បង់​ចំណាត់ថ្នាក់​បំណុល AAA ក៏ប៉ុន្តែ រដ្ឋាភិបាល​បារាំង​នៅតែ​អាច​បោះ​មូលបត្រ​បំណុល​លក់ ក្នុង​អត្រាការប្រាក់​ទាប ធៀប​នឹង​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប។

អត្រា​អ្នក​អត់ការងារ​ធ្វើ​កើនឡើង​ដល់​កម្រិត​កំពូល

ក៏ប៉ុន្តែ បើទោះជា​មាន​កំណែទម្រង់​ធំៗ​ទាំងនេះ​ក៏ដោយ អាណត្តិ​ប្រធានាធិបតី​របស់​លោក​សាកូហ្ស៊ី​បាន​បញ្ចប់​ទៅ ដោយ​បន្សល់​ទុក​នូវ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម​ជាច្រើន។ បំណុល​រដ្ឋ​នៅតែ​កើនឡើង។ កំណើន​សេដ្ឋកិច្ច​ក៏​មាន​​តិចតួច។ អត្រា​អ្នក​អត់ការងារ​ធ្វើ​កើនឡើង​ដល់​កម្រិត​កំពូល គឺ ប្រមាណ ១០%។ នៅពេល​ឡើង​កាន់​តំណែង លោក​សាកូហ្ស៊ី​ធ្លាប់​បាន​សន្យាថា ប្រសិន​បើ​គាត់​មិន​អាច​កាត់បន្ថយ​អត្រា​អ្នកអត់ការងារ​ធ្វើ​ឲ្យ​ធ្លាក់​មកនៅត្រឹម ៥%​ទេ គាត់​នឹង​មិន​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ទៀតទេ។

លោកសាកូហ្ស៊ី​បាន​ឆ្លើយ​ការពារ​ខ្លួន​ថា បញ្ហា​សេដ្ឋកិច្ច​ដែល​បារាំង​កំពុង​ជួបប្រទះ នៅពេលនេះ គឺ​ដោយសារ​តែ​ពិភពលោក​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ផ្ទួនៗ​គ្នា គឺ​វិបត្តិ​ឆ្នាំ​២០០៨ និង​បន្ទាប់មក​វិបត្តិ​ប្រាក់​បំណុល​។ ក៏ប៉ុន្តែ មាន​ពលរដ្ឋ​បារាំង​ជាច្រើន​មិន​ទទួល​យក​ការ​ដោះសារនេះ ដោយ​គេ​សំឡឹង​ឃើញ​ថា អាល្លឺម៉ង់​ដែល​ជា​ប្រទេស​ជិតខាង ក៏​ឆ្លងកាត់​វិបត្តិ​ដូចគ្នា ប៉ុន្តែ មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ជា​ងបារាំង​ឆ្ងាយ។

អ្នក​សេដ្ឋកិច្ច​មួយចំនួន​បាន​បន្ទោស​លោក​សាកូហ្ស៊ី​ថា មានភាព​ទន់ជ្រាយ បណ្តោយ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ដឹកមុខ ឲ្យ​អនុវត្ត​នយោបាយ ដែល​​ផ្តោត​តែ​ទៅលើ​ការ​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ​ខ្លាំង​ពេក ទើប​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​​គ្មាន​កំណើន ឬ​មាន​កំណើន​តិចតួច ហើយ​បណ្តាល​ឲ្យ​អ្នកអត់ការងារ​ធ្វើ​មាន​ការ​កើនឡើង។

ក៏ប៉ុន្តែ ក្រៅ​ពី​បញ្ហា​សេដ្ឋកិច្ច មូលហេតុ​ចម្បង​បំផុត ដែលជំរុញ​​ឲ្យ​ប្រជាជន​បារាំង​មិន​ចូលចិត្ត​លោក​សាកូហ្ស៊ី គឺ​អត្តចរិត​ផ្ទាល់​ខ្លួន​របស់​គាត់ និង​របៀប​របប​ដែល​គាត់​ដឹកនាំ​ប្រទេស។

បម្រើ​តែ​ប្រយោជន៍​អ្នកមាន

នៅថ្ងៃ​​ជាប់ឆ្នោត កាល​ពីខែ​ឧសភា ឆ្នាំ​២០០៧ មុននឹង​​ទៅ​ចូលរួម​​អបអរ​ជ័យជំនះ​ជាមួយ​ក្រុម​អ្នក​គាំទ្រ លោក​សាកូហ្ស៊ី​បាន​ទៅ​ជប់លៀង នៅ​ក្នុង​ភោជនីយដ្ឋាន​​​ដ៏ថ្លៃ​មួយ ជាមួយ​នឹង​មិត្តភក្តិ​របស់​គាត់ ដែល​ភាគច្រើន​ជា​អ្នកមានៗ។ នៅថ្ងៃ​បន្ទាប់ គាត់​បាន​ទៅ​ធ្វើ​ដំណើរ​កំសាន្ត​​នៅលើ​កប៉ាល់​ដ៏ទំនើប​មួយ របស់​មហាសេដ្ឋី​បារាំង​ម្នាក់។ នៅក្រោយ​ពេល​ចូល​កាន់តំណែង​ជាផ្លូវការ លោក​សាកូហ្ស៊ី​​ក៏​បាន​ចាប់ផ្តើម​​​ធ្វើការ​បន្ធូរបន្ថយ​ពន្ធ​ជាច្រើន​លើ​អ្នកមាន។

ការ​សេពគប់​មិត្តភក្តិ​ជា​មហាសេដ្ឋី ការ​កាត់បន្ថយ​ពន្ធ​លើ​អ្នកមាន បូករួម​ទាំង​ការ​​​ចូលចិត្ត​ប្រើ​របស់​របរ សម្លៀក​បំពាក់ និង​គ្រឿង​អលង្ការ​ថ្លៃ​កប់ពពក បាន​ធ្វើ​ឲ្យ​លោក​សាកូហ្ស៊ី ត្រូវ​ជាប់ឈ្មោះ​ថា ជា​ប្រធានាធិបតី​ ដែល​បម្រើ​តែ​​ផលប្រយោជន៍​អ្នកមាន។

បក្សពួកនិយម
 
លោកសាកូហ្ស៊ី​ក៏​ត្រូវ​បាន​គេ​រិះគន់​ផងដែរ​ថា បាន​តែងតាំង​តែ​បក្សពួក​ឲ្យ​កាន់តំណែង​សំខាន់ៗ ទាំង​នៅ​ក្នុង​ស្ថាប័ន និង​នៅ​ក្នុង​ក្រុមហ៊ុនរបស់​រដ្ឋ។

រឿង​អាស្រូវ ដែល​គេ​នៅ​ចងចាំ​ជាងគេ គឺ​ការ​ព្យាយាម​រៀបចំ​ឲ្យ​កូនប្រុស​របស់​លោក​សាកូហ្ស៊ី ដែល​រៀន​មិនទាន់​ចប់​ថ្នាក់​បរិញ្ញាបត្រ​ស្រួលបួល​ផង ឲ្យ​ទៅ​គ្រប់គ្រង​សង្កាត់​ជំនួញ​ដ៏ធំមួយ​នៅ​ជាយក្រុង​ប៉ារីស (La Défense)។ ទាល់តែ​មាន​ការ​រិះគន់​ពី​គ្រប់​ទិសទី ទើប​កូនប្រុស​របស់​លោក​សាកូហ្ស៊ី​បង្ខំចិត្ត​ដកបេក្ខភាព​ចេញវិញ។ ក៏ប៉ុន្តែ កេរ្តិ៍ឈ្មោះ​ត្រូវ​ខូចខាត​រួចទៅហើយ។

ប្រធានាធិបតី​ចាត់ចែង​គ្រប់រឿង
 
តាមទម្លាប់ អំណាច​នីតិប្រតិបត្តិ​នៅ​បារាំង ត្រូវ​បែងចែក​គ្នា​រវាង​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី។ ជាទូទៅ ប្រធានាធិបតី​ចាត់ចែង​តែ​បញ្ហា​ ដែល​ទាក់ទង​នឹង​នយោបាយ​ការបរទេស និង​នយោបាយ​ការពារជាតិ​ប៉ុណ្ណោះ។ សំណុំរឿង​ក្រៅពីនេះ គឺ​ទុកឲ្យ​នាយករដ្ឋមន្រ្តី និង​សមាជិក​គណៈរដ្ឋមន្រ្តី​។

ចំពោះ​លោក​សាកូហ្ស៊ីវិញ នៅ​ក្នុងរយៈពេល ៥ឆ្នាំ​កន្លងទៅនេះ បាន​​ធ្វើ​ផ្ទុយ​ពី​ទម្លាប់ ដោយ​ចេញមុខ​ចាត់ចែង​ស្ទើរតែ​គ្រប់​សំណុំរឿង​ទាំងអស់ ដោយ​ជ្រៀតចូល​ក្នុង​សមត្ថកិច្ច​នាយករដ្ឋមន្រ្តី និង​គណៈរដ្ឋមន្រ្តី ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​រិះគន់​ថា លោក​សាកូហ្ស៊ី​ គឺ​ជា​មនុស្ស​​ល្មោភអំណាច​។ អ្នកខ្លះ​បាន​ឲ្យ​រហស្សនាម​លោក​សាកូហ្ស៊ី​ថា ណាប៉ូឡេអុង (Napoléon អតីត​អធិរាជ​​បារាំង ដែល​ប្រមូល​អំណាច​រដ្ឋ​មក​​ក្តោបក្តាប់​តែ​ម្នាក់​ឯង)។

នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​អាណត្តិ​ទីពីរ លោក​សាកូហ្ស៊ី​​បាន​សារភាព​ទទួលកំហុស សម្តែង​ការ​សោកស្តាយ​ចំពោះ​ឥរិយាបថ​របស់​គាត់​កន្លងមក។ ក៏ប៉ុន្តែ ការ​សារភាព​ទទួលកំហុសនេះ​ហាក់ដូចជា​ហួស​ពេលបន្តិច​ទៅហើយ ដោយសារ​តែ​ប្រជាជន​បារាំង​ជាច្រើន​យល់ថា ការ​សារភាព​កំហុស​នេះ​ គឺ​គ្រាន់តែ​ជា​យុទ្ធសាស្រ្ត ដើម្បី​ស្វែងរក​សំឡេង​ឆ្នោត​តែ​ប៉ុណ្ណោះ។

ហូឡង់​ធ្វើ​ផ្ទុយ​ពី​សាកូហ្ស៊ី
 
ដោយ​មើលឃើញ​អំពី​ចលនា​ប្រឆាំង​នឹង​លោក​សាកូហ្ស៊ី​ច្រើន​ លោក​ហូឡង់​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដោយ​បង្ហាញ​អំពី​លក្ខណៈ​ផ្ទុយ​គ្នា​ស្រឡះ ពី​លោក​សាកូហ្ស៊ី ទាំង​អត្តចរិតផ្ទាល់ខ្លួន និង​កម្មវិធី​នយោបាយ។

លោក​ហូឡង់​​បាន​សន្យា​ថា នឹង​លុបចោល​ការបន្ធូរបន្ថយ​ពន្ធ​លើ​អ្នកមាន ដែល​បន្សល់​ទុក​ដោយ​លោក​សាកូហ្ស៊ី។ ផ្ទុយ​ទៅវិញ ពន្ធលើ​តម្លៃ​បន្ថែម ដែល​លោក​សាកូហ្ស៊ី​ទើប​នឹង​បាន​អនុម័ត ហើយ​ត្រូវ​ចូល​ជាធរមាន នៅ​ខែ​តុលា​ខាងមុខ នឹង​ត្រូវ​លុបចោលវិញ ក្នុងហេតុផល​ថា ពន្ធ​នេះ​ គឺ​ជា​បន្ទុក​ដល់​ប្រជាជន​បារាំង​ជាទូទៅ ទាំង​អ្នក​មាន និង​អ្នកក្រ។

ចំនួន​គ្រូបង្រៀន​ ដែល​លោក​សាកូហ្ស៊ី​បាន​កាត់បន្ថយ​កន្លងមក នឹង​ត្រូវ​បង្កើនឡើងវិញ ប្រមាណ​ជា ១ម៉ឺន​២ពាន់​នាក់ ក្នុងមួយឆ្នាំ (៦ម៉ឺននាក់ ក្នុងរយៈពេល ៥ឆ្នាំ)។

កិច្ចព្រមព្រៀង​​របស់​សហភាព​អឺរ៉ុប ដែល​កើតចេញ​ពីការចរចា​រវាង​លោក​សាកូហ្ស៊ី និង​លោកស្រី​មែរកិល ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ នឹង​ត្រូវ​ចរចាឡើងវិញ ដើម្បី​ដាក់​បញ្ចូល​វិធានការ​ជំរុញ​កំណើន​សេដ្ឋកិច្ច។

តាម​សំណើ​របស់​លោក​ហូឡង់ អឺរ៉ុប​មិន​អាច​កាត់បន្ថយ​តែ​ការ​ចំណាយ​ដោយ​មិន​គិតគូរ​ពី​កំណើន​សេដ្ឋកិច្ច​នោះទេ។ ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប​ត្រូវ​តែ​ធ្វើ​ដូចជា​ធនាគារ​កណ្តាល​ប្រទេស​ផ្សេងទៀត ដូចជា អង់គ្លេស អាមេរិក និង​ជប៉ុន ជាដើម ដែល​​ចេញមុខ​ធ្វើ​អន្តរាគមន៍ ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច នៅ​ពេលមាន​វិបត្តិ។ លោក​ហូឡង់​តែងតែ​លើក​យក​ករណី​សហរដ្ឋ​អាមេរិក​មក​ធ្វើ​ជាឧទាហរណ៍។ អាមេរិក​​មាន​បំណុល​សាធារណៈ​ច្រើន​ជាង​​បារាំង​ឆ្ងាយ ប៉ុន្តែ អាចចេញ​ផុត​ពី​វិបត្តិ​បាន​លឿន ដោយសារ​តែ​មាន​ជំនួយ​ពី​ធនាគារ​កណ្តាល (Federal Reserves)។

បញ្ហា​ចោទ​សម្រាប់​លោក​ហូឡង់ គឺ​ត្រូវ​បញ្ចុះបញ្ចូល​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ដែល​តែងតែ​បដិសេធ​ដាច់ខាត​មិន​ព្រម​ចរចា​កិច្ចព្រមព្រៀង​អឺរ៉ុប​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ