អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង​គ្រោង​ដាក់​ច្បាប់​ពិន័យ​អតិថិជន​ផ្លូវ​ភេទ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃ​ពុធ​ សម្រាប់​ពេញ​មួយ​សប្តាហ៍ សភា​បារាំង​បាន​និង​កំពុង​ពិនិត្យ​មើល​សំណើ​ច្បាប់​ពេស្យាចារ។ សំណើ​ច្បាប់​នេះ​​​គ្រោង​នឹង​ដាក់​ទណ្ឌ​កម្ម​ តាម​រយៈ​ការ​បង់​ប្រាក់​ពិន័យ​ លើ​គ្រប់​បុគ្គល​​​ (អតិថិជន)ណា​ដែល​ទៅ​រក​កំសាន្ត​ស្រី​ពេស្យា មិន​មែន​ពិន័យ​ស្ត្រី​ពេស្យា​ទេ។ សមាគម​ស្ត្រី បាន​ប្រកាស​ស្វាគមន៍​គម្រោង​ច្បាប់​នេះ ដោយ​ឈរ​លើ​ទស្សនៈ​សីលធម៌ និង​ការ​គោរព​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​ក្នុង​ផ្នែក​នយោបាយវិញ ដូច​ជា​ប្រធានបទ​សង្គម​ផ្សេងៗ​ទៀត​ដែរ គ្មាន​ទេ​ជំហរ​ស្តាំ ឬ​ជំហរ​ឆ្វេង​ ជា​លក្ខណៈ​បក្ស​ គឺ​មាន​តែ​អ្នក​គាំទ្រ និង​អ្នក​ប្រឆាំង​តែ​ប៉ុណ្ណោះ។ តើ​គម្រោង​ច្បាប់​ពេស្យាចារ​ការពារ​អ្នក​រក​ស៊ី​លក់​ខ្លួន​ ​យ៉ាង​ណា​ខ្លះ ? និង​ពិន័យ​អតិថិជន ផ្លូវ​ភេទ​ យ៉ាង​ដូច​ម្តេច ?

ស្ត្រី​ពេស្យា​ធ្វើ​បាតុកម្ម​ នៅ​ក្រុង​ប៉ារីស ដើម្បី​ទាមទារ​សិទ្ធិ​រក​ស៊ី​លក់​ខ្លួន
ស្ត្រី​ពេស្យា​ធ្វើ​បាតុកម្ម​ នៅ​ក្រុង​ប៉ារីស ដើម្បី​ទាមទារ​សិទ្ធិ​រក​ស៊ី​លក់​ខ្លួន REUTERS/Regis Duvignau
ផ្សាយពាណិជ្ជកម្ម

ការ​រក​ស៊ីផ្លូវ​ភេទ​ជា​របរ​គ្មាន​ដើម​ដ៏​ចំណាស់​ជាង​គេ​នៅ​លើ​ពិភពលោក​ ! នៅ​អឺរ៉ុប​ មាន​ជាអាទិ៍​ប្រទេស​ហូឡង់ បែលហ្សិក អាល្លឺម៉ង់ ស្វីស អូទ្រីស្ត ឬ​ក្រិក ពេស្យាចារ​ជារបប​​ដែល​អនុញ្ញាត​ដោយ​ច្បាប់ និង​ការពារ​ដោយ​ច្បាប់។ ប៉ុន្តែ​នៅ​អឺរ៉ុប​ខាង​ជើង​វិញ​ (ន័រវេស ស៊ុយអែត និងហ្វាំងឡង់) ការ​រកស៊ី​ផ្លូវភេទ​ជា​ទង្វើ​ហាមឃាត់ ! ចំណែក​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត ដូច​ជា​អង់គ្លេស អៀរឡង់ ប៉ូឡូញ ឆែក អេស្ប៉ាញ ព័រទុយហ្កាល់ អ៊ីតាលី និង​បារាំង ពេស្យាចារ​ជា​របរ​ស្រប​ច្បាប់ តែ​​មាន​បម្រាម និង​លក្ខខណ្ឌ​​ត្រូវ​គោរព​ច្រើន។

ទោះ​ហាមឃាត់ ឬ​អនុញ្ញាត​ដោយ​មាន​កំរិត​យ៉ាង​ណា​ក្តី ក៏​សកម្មភាព​រក​ស៊ី​ផ្លូវ​ភេទ នៅតែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អំពើ​ហិង្សា និង​តែ​ង​ត្រូវ​បាន​ឈ្មួញ​គេ​ង​យក​ចំណេញ យក​ធ្វើ​ជា​ការ​ជួញ​ដូរ​​  ដូច្នេះ​​ការ​ប្រយុទ្ធ​ប្រឆាំង​ ​ ក៏​កាន់តែ​តឹង​រ៉ឹង ហើយ​គឺ​ក្នុង​ន័យ​នេះ​ឯង​ដែល​​រដ្ឋាភិបាល​បារាំង​ចង់​បង្កើត​ច្បាប់​​ដាក់​ទណ្ឌកម្ម​អ្នក​ប្រព្រឹត្ត​ផ្លូវ​ភេទ ប៉ុន្តែ​មិន​ដាក់​លើ​ស្ត្រី​អ្នក​រក​ស៊ីទេ គឺ​ដាក់​ទោស​លើ​អតិថិជន​អ្នក​ទៅ​រក​ស្រីផ្កា​មាស ដោយ​ដោះដូរ​ជា​ទឹក​ប្រាក់​។ ការ​ទិញ​សេវា​ផ្លូវ​ភេទ​ គឺ​ជា​រឿង​ខុស​ច្បាប់​ ​អាច​ចាត់​ទុក​ថា​ជា​យុទ្ធសាស្ត្រ​ថ្មី និង​ដំបូង​ ដែល​រដ្ឋាភិបាល​ជ្រើសរើស​យក​មក​អនុវត្ត ដើម្បី​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញ​ដូរ​ផ្លូវភេទ។ សម្រាប់​អ្នក​តាក់​តែង​សំណើ​ច្បាប់ ការ​ដាក់​ទោស​លើ​អ្នក​ទៅ​រក​ការ​សប្បាយ​តាម​ផ្លូវ​ភេទ​ ដោយ​ប្រើ​លុយ​ទិញ​ដូរ គឺ​ដើម្បី​ប្តូរ​ទស្សនវិស័យ​ និង​ការ​វាយ​តម្លៃ​លើ​ស្ត្រី​លក់​ខ្លួន​ ថាមិន​មែន​ជា​ជន​មាន​ទោស​ទេ តែ​ជា​ជន​រងគ្រោះ។

សំណើ​​ច្បាប់​ដែល​សភា​នឹង​ចាប់​ផ្តើម​ពិនិត្យ​ពិភាក្សា​នៅ​សប្តាហ៍នេះ គ្រោងផាក​​ពិន័យ​អតិថិជន​ផ្លូវភេទ​ ជា​ប្រាក់​ ​១៥០០​អឺរ៉ូ និង​ឡើង​ទ្វេ​ដង ក្នុង​ករណី​អតិថិជន​ធ្លាប់​បាន​ប្រព្រឹត្ត​កំហុស​ដដែលៗ។ កម្មសិក្សា​អប់រំ​ នៅ​តាម​សមាគម សហគមន៍​នឹង​ត្រូវ​រៀប​ចំ​ឡើង​ ដុច​ធ្វើ​យុទ្ធនាការ​ឃោសនា​សុវត្ថិភាព​ចរាចរណ៍​ដូច្នោះ ដើម្បី​បំផុស​បំផុល​គ្រប់​គ្នា​បាន​យល់​ពី​ទណ្ឌកម្ម​ដែល​អាច​ធ្លាក់​មក​លើ​ជន​ស្វែង​រក​ល្បែង​ផ្លូវភេទ​តាម​ថ្នល់។

ទន្ទឹម​គ្នា​នេះ​ដែរ ការ​ដាក់​ទោស​លើ​ស្ត្រី​ពេស្យា​ឱ្យ​ជាប់​ពន្ធនាគារ​អាច​ដល់​ពីរ​ឆ្នាំ​ ពី​បទ​ទៅ​តោង​ទាក់ទាញហៅ​ភ្ញៀវ​ តាម​ទី​សាធារណៈ (ច្បាប់​២០០៣) ​នឹង​រំលាយ​ចោល​។ ពី​ព្រោះ​វិធានការ​នេះ​ បាន​បង្កើន​គ្រោះ​ហានិភ័យ​ច្រើន​ដល់​អ្នក​លក់​ខ្លួន​ ដោយ​បង្ខំ​ចិត្ត​គេច​ខ្លួន​ទៅ​រក​ទី​ឆ្ងាយ​កំបាំងពី​ភ្នែក​ប៉ូលិស។ ទាក់ទង​នឹង​ស្ត្រី​ពេស្យា​ផ្ទាល់​តែម្តង​នេះ​ដដែល នឹង​មាន​ ប្រព័ន្ធ​ជួយ​នាំ​ផ្លូវ​ឱ្យ​ស្ត្រី​ដើរ​ចេញ​ពី​ទីផ្សារ​លក់​ភេទ​ ដោយ​ត្រឡប់​ចូល​ក្នុង​សង្គម​មនុស្ស​សាមញ្ញ តាម​រយៈ​ការ​ផ្តល់​វគ្គ​បំពាក់​បំប៉ន​ឯកទេស​ ផ្តល់​សិទ្ធិ​រស់​នៅ​ក្នុង​ទឹក​ដី​បារាំង​ជា​បណ្តោះ​អាសន្ន និង​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​។ កញ្ចប់​ថវិកា​ជំនួយ​ដែល​មាន​តម្លៃ​ប្រមាណ​ពី​១០ ទៅ​២០​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំៗ។

បើ​និយាយ​ពី​ការ​រក​ស៊ី​ផ្លូវ​ភេទ មិន​មែន​សំដៅ​តែ​លើ​ស្ត្រី​ឈរ​​តាម​ចិញ្ចើម​ថ្នល់​ប៉ុណ្ណោះ​ទេ។ ចំណែក​ដ៏​សំខាន់​មួយ​ទៀត ដែល​ច្បាប់​ត្រូវ​ដាក់​ទោស​ដែរ​នោះ​​ គឺ​ការ​រក​ស៊ី​តាម​ប្រព័ន្ធ​អ៊ីនធឺណែត។ វេបសៃតិ៍​​មក​ពី​បរទេសពិបាក​នឹង​បង្ខំ​ឱ្យ​​សម្រប​តាម​ច្បាប់​បារាំង តែ​អ្នក​ផ្គត់ផ្គង់​អ៊ីនធឺណែត​មាន​កាតព្វកិច្ច​ទប់​ស្កាត់​​មិន​ឱ្យ​មាន​សេវា​នេះ។ អតិថិជន​ប្រើប្រាស់​បណ្តាញ​ជួញ​ដូរ​ផ្លូវភេទ​​តាម​អ៊ីនធឺណែត អាច​នឹង​ចាប់​ដាន​បាន ហើយ​​ដាក់​ទណ្ឌកម្ម។

គម្រោង​ច្បាប់​នេះ បង្កើត​ឡើង​ក្នុង​បំណង​ចង់​ការពារ​ស្ត្រី​ ការពារ​អ្នក​រក​ស៊ី​ផ្លូវភេទ ដែល​គេ​ចាត់​ទុកថា​ជា​អំពើ​ហិង្សា​មួយ។ ប៉ុន្តែក្រុម​ពេស្យា​ឯករាជ្យ​មិន​សប្បាយ​ចិត្ត​ទេ ច្បាប់​នេះ​អាច​នឹង​ធ្វើ​ភ្ញៀវ​រត់។ សម្រាប់​សមាគម​ការពារ​ការ​លក់​ភេទ ការដាក់​ទោស​អតិថិជន គឺ​ជា​បង្កើន​បញ្ចេញ​ងងឹត​​ រក​ស៊ី​​កាន់​តែ​លាក់​លៀម​ កាន់​ហិង្សា​ ។ រហូត​មក​ទល់​ពេល​នេះ​ គ្មាន​ទេ​ចំនួន​ពិត​ប្រាកដ អាជ្ញាធរ​បារាំង​ប៉ាន់​ប្រមាណថា​មាន​ស្រី​ពេស្យា​ប្រមាណពី​២ម៉ឺន​ទៅ​បួន​ម៉ឺន​នាក់​ តែ​ក្រុម​សហជីព​ថា​មាន​ដល់​ទៅ​ជាង​១០​ម៉ឺន​នាក់។ ពួក​គេ​ភាគ​ច្រើន​ជា​ស្ត្រី មក​ពី​អឺរ៉ុប​ខាងកើតរ៉ូមានី​ អាហ្វ្រិកនីហ្សេរីយ៉ា​ ឬ​ចិន​។ ក្នុង​នោះ​មាន​តែ​១០​ភាគ​រយ​ប៉ុណ្ណោះ​ដែលរ​ក​ស៊ី​ដោយ​ឯករាជ្យ។
ច្បាប់​ការពារ​ស្ត្រី​ពេស្យា ចុះ​មាន​គិត​គូរ​​អ្នក​គ្មាន​ដៃគូ​ដែរ​ឬទេ ? នេះ​ជា​សំណួរ​មួយ​ដែល​ក្រុម​បុរស​មួយ​ចំនួន​បាន​ចោទ​សួរ ព្រោះ​​ពេល​ខ្លះ​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សេរីភាព​ផ្នែក​តណ្ហា​របស់​មនុស្ស។ តើ​គេ​ត្រូវ​ការ​ច្បាប់​សម្រាប់​​​កំណត់​ចំណង់​​និង​សេចក្តី​ត្រូវ​ការតណ្ហា​ដែរ​​​ឬ ?!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ