អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​​​អតីត​​ប្រធានាធីបតី​បារាំង​ នីកូឡា សាកូហ្ស៊ី អាច​ត្រឡប់​មក​ឡើង​ឆាក​នយោបាយ​បាន​ឬ​ទេ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទោះ​​​មិន​បាន​ជាប់​ឆ្នោត​នៅ​អាណត្តិ​ទី​ពីរ ​និង​ទោះ​ជា​មាន​ជាប់​ចោទ​​នៅ​តុលាការ​ជា​ច្រើន​ករណីក៏​ករណី​ក៏​ដោយ ក៏​លោក​នីកូឡា​ សាកូហ្ស៊ី មិន​ដែល​បោះបង់​មហិច្ឆតាចូល​ល្បង​ក្នុង​ឆាក​នយោបាយ​ប្រកួត​ប្រជែង​យក​តួនាទី​ជា​ប្រធានាធិបតី​បារាំង​ជា​ថ្មីទេ។ នៅ​ថ្ងៃ​អង្គារ​ទី ១៦​កុម្ភៈ នេះ លោកអតីត​ប្រធានាធិបតី​បារាំង លោក នីកូឡា សាកូហ្ស៊ី ត្រូវ​បាន​ជាប់​ចោទ​​ ​ក្នុង​សំណុំ​រឿង​ថ្មី​មួយ ទាក់ទង​នឹង​ការ​ចំណាយ​ខុស​ច្បាប់​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ឆ្នាំ​ ២០១២។​ តើ​ការ​ជាប់​រឿង​ក្តី​នៅ​តុលាការ​​អាច​នឹង​ក្លាយ​ជា​ឧបសគ្គ​ រាំង​ស្ទះ​ដំណើរ​វិល​ត្រលប់​មក​កាន់​​​សង្វៀន​នយោបាយ​ដែរ​ឬទេ​ ?

អតីត​ប្រធានាធិបតី Nicolas Sarkozy នៅ​មុខ​ផ្ទះ​នា​ទីក្រុុង​ប៉ារីស ថ្ងៃទី ២ កក្កដា ២០១៤
អតីត​ប្រធានាធិបតី Nicolas Sarkozy នៅ​មុខ​ផ្ទះ​នា​ទីក្រុុង​ប៉ារីស ថ្ងៃទី ២ កក្កដា ២០១៤ REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

ឈ្មោះអតីត​ប្រធានាធិបតី​ និង​ជា​ប្រធានបក្ស​សាធារណរដ្ឋ​បច្ចប្បន្ន​នេះ មាន​​ចុះ​នៅ​ក្នុង​បញ្ជី​សំណុំ​រឿង​ នៅ​តុលាការ​មិន​តិច​ជាង​៦​ករណី​ទេ ក្នុង​នោះ​ភាគ​ច្រើន​ ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​​សំណុំ​រឿង​ ​ចំណាយ​ខុស​ច្បាប់​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០១២ ឬ​ហៅ​ខ្លី​ថា​សំណុំ​រឿង​ Bygmalion។

 
លោក នីកូឡា សាកូហ្ស៊ី ជា​ប្រមុខ​រដ្ឋ​ដំបូង​គេ ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​បារាំង សម័យ​​សាធារណរដ្ឋ​ ដែល​ត្រូវ​បាន​​ឃាត់​ខ្លួននៅ​ពេល​​​ផុត​តំណែង​ ដល់​ទៅ ១៥​ម៉ោង​​យក​ទៅ​សួរ​ចម្លើយ​នោះ ! ប៉ុន្តែ​នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​លោក នីកូឡា សាកូហ្ស៊ី ត្រូវ​តុលាការ​ចោទ​ប្រកាន់​នោះ។ កាល​ពី​ឆ្នាំ​២០១៣ លោកសាកូហ្ស៊ី បានធ្លាប់​​ជាប់​ចោទ​ប្រើ​អំណាច​ យក​ចំណេញ​ពី​ភាពទន់​ខ្សោយ​របស់​​មនុស្ស​ចាស់ ជា​មហាសេដ្ឋី​លេខ​មួយ​របស់​បារាំង លោកស្រី បេតង់គួរ​ម្តង​រូច​ហើយ មុន​នឹង​ត្រូវ​លាង​ជម្រះ តុលាការ​ដកការ​ចោទ​ប្រកាន់​វិញ។

នៅ​មាន​សំណុំ​រឿង​តុលាការ​ជា​ច្រើនទៀត ដែល​អាច​​​បង្អាក់​ផ្លូវ​នយោបាយ និង​ដែល​កំពុង​រង់ចាំ​ស្វាគមន៍​លោក ដូច​ជា​ សំណុំ​រឿង​លោក​ នីកូឡា សាកូហ្ស៊ី ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​អតីត​​មេ​ដឹកនាំ​ផ្តាច់​ការ​លីប៊ី កាដាហ្វ៊ី យក​មក​បម្រើ​ប្រយោជន៍​ឃោសនា​នយោបាយ ឆ្នាំ​២០០៧ រហូត​បាន​ឈ្នះ ក្លាយ​ជា​ប្រធានាធិបតី- សំណុំ​រឿង​លក់​អាវុធ​ ដែល​មាន​ឈ្មោះ​ថា ការ៉ាឈី- សំណុំ​រឿង​ជម្លោះ​ការពារ​ផល​ប្រយោជន៍​រវាង​ពាណិជ្ជករ​ឈ្មោះ Bernard Tapie ជាមួយ​ធនាគារ​ Credit Lyonnais ដែលឈ្មោះ​​លោក​សាកូហ្ស៊ី​​ចូល​ទៅ​ប្រលូកប្រលាក់​ រហូត​ទំនង​បាន​ធ្វើ​ឱ្យ​បង់​បា្រក់​រដ្ឋ​បារាំង​ផង។

​សំណុំ​រឿង​ដែល​ទំនង​ជា​មាន​គ្រោះ​ខ្លាំង​ជាង​គេ​​មួយ​​ទៀត និង​ទើប​ធ្លាក់​​ប៉ះ​លោក​នីកូឡា សាកូហ្ស៊ី នៅ​ពេល​នេះ គឺ​សំណុំ​រឿង​ វិក័យ​ប័ត្រ​បន្លំ។ សំណុំ​រឿង​មួយ​នេះ បាន​បែក​ធ្លាយ​ធ្វើ​ឱ្យ​បក្ស​​ស្តាំ​និយម​ UMP ជាបក្ស​ប្រឆាំង បែក​ខ្ទាត់ខ្ចាយ​ ប្រធានបក្ស​ខ្ទាត​​ចេញ​តំណែង តាំ​ងពី​ជា​មួយ​ឆ្នាំ​មកហើយ។ បក្ស​ត្រូវ​ខ្ទេច​ខ្ទាំ ទើប​ត្រូវ​បាន​​​ប្រសិទ្ធិនាម​ថ្មី នា​បច្ចុប្បន្ន​នេះថាជា បក្ស​សាធារណរដ្ឋ ដោយ​មាន​​លោកនីកូឡា សាកូហ្ស៊ី​ ​ជា​ប្រធាន។ ​​ 

តួនាទី​ជា​ប្រធានបក្ស ដែល​ជា​ដំណាក់កាល​ចាំ​បាច់​មួយ​មុន​នឹង​ឈាន​ដល់​ការ​ឈរ​ឈ្មោះជា​បេក្ខជន​ ប្រធានាធិបតី​ សម្រាប់​ឆ្នាំ​២០១៧ បាន​សម្រេច ប៉ុន្តែ​ឥលូវ​ត្រូវ​ជាប់​រឿង​ក្តីមួយ​ទៀត !
បន្ទាប់​ត្រូវ​បានតុលាការ​ចោទ​ប្រកាន់ ​​ពី​បទ​ពុក​រលួយ​ លោកនីកូឡា​ សាកូហ្ស៊ី ពេល​នេះ​ត្រូ​ជាប់​ចោទ​ ទាក់ទង​នឹង​ចំណាយ​ខុស​ច្បាប់​​ពេល​ឃោសនា​បោះឆ្នោតប្រធានាធិបតី​ឆ្នាំ​២០១២។ តើ​ធ្វើ​ម្តេច​នឹង​​ងើប​មុខ​ ដើរ​ចូល​សង្វៀន​នយោបាយ​បាន​កើត​ទៅ ?! សកម្មជន​ខ្លះ​ដែល​គាំទ្រ​និង​ស្មោះ​ស្ម័គ្រ​ចំពោះ​អតីត​ប្រធានាធិបតី យល់​ថា​វា​ដូច​ជា​ចៃដន្យ​ជ្រុល​ដែល​តុលាការ​ធ្វើ​ចោទ​ប្រកាន់​លោក​សាកូស៊ី​ នៅ​ពេល​នេះ។ ការ​ចោទ​ប្រកាន់​របស់​តុលាការ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ ដូច្នេះ​វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់ សម្រាប់​លោក​នីកូឡា សាកូហ្ស៊ី ក្នុងងើប​ឈរ​ក្នុង​ស្ថាន​ភាព​ប្រឈម​បែប​នេះ​នោះ។

​​ទំនុក​ចិត្ត​ប្រាកដ​ជា​ធ្លាក់​ចុះ​ សម្រាប់​ក្រសែ​ភ្នែក​សកម្មជន​បក្ស ព្រោះ​អសន្តិសុខ​មាន​ច្រើន​ជុំ​វិញ​ខ្លួន​លោក​នីកូឡា សាកូហ្ស៊ី ពោល​គឺ​លោក​ក្លាយ​ជា​បេក្ខជន​មាន​គ្រោះ​ភ័យ​ច្រើន​ជាប់​ខ្លួន អាច​នឹង​ត្រូវ​តុលាការ​កាត់​ទោស អាច​នឹង​ជាប់​ទោស​ ព្រោះ​គ្មាន​អភ័យឯកសិទ្ធិ​ប្រធានាធិបតី​ការពារ​ទៀត​ទេ។

ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​ជួរ​បក្ស​គ្មាន​ឥស្សរជន​ផ្សេង​ទៀត មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​ប្រធានាធិបតីបារាំង​ទេ​ឬ ?​​ មាន​​ ! ហើយ​ពួក​គេ​សុទ្ធ​តែ​មាន​​ប្រជាប្រិយភាព​ខ្ពស់​ជាង​លោក​នីកូឡា សាកូហ្ស៊ី​ទៀត​នាពេល​នេះ។ មួយ​រយៈ​ក្រោយ​នេះ លោក​សាកូហ្ស៊ី កាន់តែ​ឯកា​ សូម្បី​មនុស្ស​ជំនិត​ក្នុង​បក្ស​ក៏​ផ្តើម​ព្រលែង​ដៃ​ពី​លោក និង​សូវបង្ហាញ​ភាព​ស្មោះ​ស្ម័គ គោរព​គាំទ្រ​ដូច​ពី​មុន​ទេ ព្រោះ​ត្រូវ​ការ​ចង់ក្លាយ​ជា​ប្រធានាធិបតី​ដែរ។

ដូច្នេះ​​សំណុំ​រឿង​តុលាការ​នេះ មិន​មែន​ជា​អំណោយ​ល្អ​ តែ​ជា​​ការ​ដាក់​បន្ទុក​បន្ថែម សម្រាប់​​​លោក​សាកូហ្ស៊ី​ទេ ក្នុងការ​សម្រេច​បំណង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី។ បើ​ទោះ​បី​ជា​បក្ស​ភឿន​តិច​​តួចនៅ​សេសសល់​ ​ខំ​បន្លំ​បក​ស្រាយ​​សម្រួល​បញ្ហា​ថា ការ​ចោទ​ប្រកាន់​មិន​មែន​មាន​ន័យ​ថា​ជាប់​ទោស​ទេ។ ហើយ​បើ​តាម​ភាសា​របស់​មេធាវី ការ​ចោទ​ប្រកាន់​ ព្រោះ​ចំណាយ​ច្រើន​ខុស​ច្បាប់ ក្នុង​ពេល​ឃោសនា​បោះឆ្នោត គ្មាន​អ្វី​ជា​ការ​ធ្ងន់ធ្ងរ​សោះ ក៏​ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ