អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្គ្រាម​ដណ្តើម​អំណាច​ក្នុង​បក្ស​កំពុង​ក្លាយ​ជា​រឿង​អាស្រូវ​រដ្ឋ ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាម​នយោបាយ សង្គ្រាម​ដណ្តើម​​អំណាច​គ្នា ហែក​ហួរ​ក្នុង​បក្ស ក្នុង​រដ្ឋាភិបាល​ ... មាន​មិន​ចេះ​មិន​ចេះ​ហើយ​នៅ​ប្រទេស​បារាំង ! នៅ​ចុង​សប្តាហ៍​នេះ រឿង​អាស្រូវ​មួយ​ថ្មី​ទៀត​​ទើប​បាន​ផ្ទុះ​ឡើង ដែល​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​រឿង​អាស្រូវ​​រដ្ឋ។ អតីត​នាយក​រដ្ឋមន្ត្រីពី​ឆ្នាំ​២០០៧-២០១២ លោក​ហ្វ្រង់ហ្វីយ៉ុង បាន​ទៅពឹង​ពាក់​វិមាន​ប្រធានាធិបតី​ អេលីហ្សេ ឱ្យ​ជួយ​កម្ចាត់​គូ​ប្រជែង​ លោក​នីកូឡា​សាកូហ្ស៊ី តាម​ផ្លូវតុលាការ ! នេះ​បើ​តាម​អ្នក​កាសែត​​របស់​សារព័ត៌មាន​ឡឺម៉ុង(Le Monde) ដែល​បាន​​ទម្លាយ​ព័ត៌មាន​តាម​រយៈ​ការ​ចេញ​លក់​សៀវភៅ​មាន​ចំណង​ជើង​ថា “Sarko se tue”។ តើ​លោក​ហ្វ្រង់ស័រ​ហ្វីយ៉ុង​ (François Fillon) ពិត​ជា​បាន​ស្វែង​រក​អន្តរាគមន៍​ខាង​ក្រៅ​ដើម្បី​កម្ចាត់​គ្នាឯង​មែន​ឬ​យ៉ាងណា ? តើ​នរណា​ជា​អ្នក​រង​ផលវិបាក​​នៃ​រឿង​អាស្រូវ​នេះ​ខ្លាំង​គេ​ ?

លោក Jean-Pierre Jouyet (ឆ្វេង) និង​លោក​François Fillon ចេញ​ពី​វិមាន​ប្រធានាធិបតី​Elysée កាលពី​ថ្ងៃទី​១២ វិច្ឆិកា ២០០៨
លោក Jean-Pierre Jouyet (ឆ្វេង) និង​លោក​François Fillon ចេញ​ពី​វិមាន​ប្រធានាធិបតី​Elysée កាលពី​ថ្ងៃទី​១២ វិច្ឆិកា ២០០៨ AFP / GERARD CERLES
ផ្សាយពាណិជ្ជកម្ម

 

បើ​តាម​កាសែត​ឯករាជ្យ ឡឺម៉ុង​​ លោក ហ្វ្រង់ស័រ​ហ្វីយ៉ុង (François Fillon) អតីត​នាយក​រដ្ឋមន្ត្រី​បារាំង សម័យ​បារាំង​ដឹកនាំ​ដោយ​លោក​នីកូឡា សាកូហ្ស៊ី ដែល​បាន​បង្ហាញ​ចេតនា​ចង់​ឈរ​​ឈ្មោះ​ធ្វើ​ជា​​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ ២០១៧ បាន​ទៅ​ជួប​​អគ្គលេខា​ធិការ​វិមាន​ប្រធានាធិបតី​អេលីហ្សេ ឱ្យ​ បើ​តាម​ឃ្លា​ក្នុង​សម្រង់​​​កាសែត “វាយ​ឱ្យ​ប្រហារ​ឱ្យខ្លាំង​និង​ឱ្យ​លឿន”។ វាយប្រហារ​ឱ្យ​បាន​លឿន​ បាន​ន័យ​ថាបំបាក់ជើង​លោក​នីកូឡាសាកូហ្ស៊ី កុំ​ឱ្យ​ត្រលប់​ចូល​មក​ប្រជែង​ក្នុង​ឆាក​នយោបាយ​វិញ​ទាន់។

រឿង​រ៉ាវ​បាន​កើត​ឡើង កាលពី​ថ្ងៃ​ទី ២៤​មិថុនា២០១៤ ពេល​ដែល​គណបក្ស​ស្តាំ​និយម​ UMP ជា​គណបក្ស​ប្រឆាំង​ កំពុងវិល​វល់​ខ្លាំង​នឹង​​​វិបត្តិ​​ Bygmalion លោក​ហ្វ្រង់ស័រ​ហ្វីយ៉ុង បាន​ស្នើ​សុំ​ទទួល​ទាន​អាហារ​ជាមួយ លោក Jean-Pierre Jouyet ដែល​ធ្លាប់​ជា​រដ្ឋលេខាធិការ​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប​ក្រោម​បង្គាប់​លោក តែ​បច្ចុប្បន្ន​ជា​​​អគ្គលេខាធិការ​វិមាន​អេលីហ្សេ និង​ជា​មនុស្ស​ជំនិត​របស់​លោក​ហ្វ្រង់ស័រ​ហូឡង់​ជា​ប្រធានាធិបតីបច្ចុប្បន្ន។ បើ​តាម​លោក​អគ្គលេខាធិការ​វិមាន​អេលីហ្សេ លោក​ហ្វ្រង់ស័រ​ហ្វីយ៉ុង ងុប​ ​ខ្លាំង​មិន​​​ចង់​ឃើញ​លោក នីកូឡា សាកូហ្ស៊ី ត្រលប់​មក​ធ្វើ​នយោបាយ​វិញ និង​ចង់​ឱ្យ​លោក​នីកូឡា​សាកូហ្ស៊ី​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ខ្លួន​សំណុំ​រឿង​ចំណាយ​ជ្រុល​ហួសហេតុ​​ពេលឃោសនា​ឆ្នាំ​២០១២ ដែល​ពេល​នេះ​ជា​បន្ទុក​របស់​បក្ស។ តុលាការ​ចាប់​ផ្តើម​បើកសំណុំ​រឿង​​ប្រមូល​ព័ត៌មាន​ហើយតាំង​ពី​ចុង​ឆ្នាំ​២០១៣​មក ប៉ុន្តែ​មាន​សកម្មភាព​យឺត​មិន​ទាន់​ចិត្ត ទើប​​លោក ហ្វីយ៉ុង ត្រូវ​ការ​មក​ពឹង​ពាក់​វិមាន​ប្រធានាធិបតី​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ជំរុញ​តុលាការ​ឱ្យ​ប្រញឹក​ដៃឡើង។ ប៉ុន្តែ​ប្រព័ន្ធ​តុលាការ​ជា​អំណាច​ឯករាជ្យ ប្រធានាធិបតី​មិនត្រូវការ​​លូក​ដៃ​ឡើយ ! នេះ​ជា​ចម្លើយ​តប​របស់​លោក​អគ្គលេខាធិការ​វិមាន​អេលីហ្សេ ដែល​កាសែត​ឡឺម៉ុង​ប្រមូល​បាន។

ប៉ុន្តែ​បើ​តាម​​​លោក​ហ្វីយ៉ុង​ ដែល​បាន​ចេញ​មុខ​ការ​ពារខ្លួន​តាម​គ្រប់​មធ្យោបាយ បានទទួល​ស្គាល់​ថា​បាន​ជួប​បរិភោគ​​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​អគ្គលេខាធិការ​វិមាន​អេលីហ្សេ​មែន​តែ​មិន​បាន​និយាយ​ពឹង​ពាក់​អ្វី​ ដើម្បី​ប្រឆាំង​នឹង​លោក​នីកូឡា​សាកូហ្ស៊ី​ឡើយ។ លោក​ធ្វើ​នយោបាយ​យូរ​ហើយ មិន​ត្រូវ​ការ​ឡើយ​ប្រើ​ល្បិច​បែបនេះ ហើយ​លោក​ក៏​គ្មាន​និស្ស័យ​​បែប​អសីលធម៌ដែរ មនុស្ស​​ទី​បី​​​ទទួល​ទាន​អាហារជាមួយ​​អាច​ធ្វើ​ជា​សាក្សី​បាន។ មែន​ ! បើ​តាម​សាក្សី​ ជា​បុគ្គលទីបី​ក្នុង​ជំនួប​នៅ​តុបាយ​នោះ លោកហ្វីយ៉ុង​មិន​បាន​និយាយ​អំពី​នយោបាយ និង​កាន់​តែ​គ្មាន​ទៀត​នយោបាយ​​ផ្ទៃក្នុង​បក្ស ជាមួយ​​Jean-Pierre Jouyet ដែល​ជាអញ្ជើញ​ទេ។

គិត​ត្រឹម​ណេះ លោក​ហ្វ្រង់ស័រ​ហ្វីយ៉ុង​ អាចទប់​ជំហរ​បាន ប៉ុន្តែ​ភាព​ជឿជាក់​លើ​រូប​លោក បាន​របូត​ចេញ​បាត់​ទៅ​ហើយ ! ក្តី​ស្រមៃ​ចង់​ក្លាយ​​ជា​ប្រធានាធិបតី​បារាំង​ សឹង​ថា​រលាយ​បាត់​ដូច​ទឹកកក​ត្រូវ​ថ្ងៃ ព្រោះមួយ​រយៈ​ចុង​ក្រោយ​នេះ ការ​គាំទ្រ​បេក្ខភាព​លោក​ហ្វីយ៉ុង​បាន​ធ្លាក់​ចុះ​ជា​លំដាប់ បូក​ជាមួយ​រឿង​អាស្រូវ​នេះ​ទៀត ដែលការពិត​មិន​ដឹង​ជា​យ៉ាងណា ព្រោះ​មាន​តែ​សម្តី​ទល់​នឹង​សម្តី​ប៉ុណ្ណោះ ដូច្នេះ​សកម្មជន​បក្ស​ ក៏​ដូច​ជា​ពលរដ្ឋ​បារាំង​ពិត​ជា​​កើត​មាន​គំនិត​សង្ស័យ​ថា​លោក​ហ្វីយ៉ុង​អាច​ចងសម្ព័ន្ធ​ភាព​ជា​មួយ​សត្រូវ​ដើម្បី​កម្ចាត់​គ្នា​ឯង។ អ្នក​ដែល​ទាញ​បាន​ផល​ចំណេញ​ខ្លាំង​ជាង​គេ​ គឺ​ លោក អាឡាំង ហ្សូប៉េ (Alain Juppé) ឥស្សរជន​នយោបាយប​ក្ស​UMP ដែល​បាន​ប្រកាស​​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ដែល​មិន​សូវ​ចេញ​ស្តី​និង​សកម្មភាព​អ្វី​ច្រើន។ លោក​នីកូឡា សាកូហ្ស៊ី ក៏​អាច​ទាញ​ប្រយោជន៍​ខ្លះ​ដែរ​​ពី​សំណុំ​រឿង​នេះ​ដោយ​តាំង​ខ្លួន​ជា​អ្នក​អោប​ក្រសោប​ទោះ​កូន​ចៅ​ខុស​ក្តី​ត្រូវ​ក្តី តែ​សំណុំ​រឿង​តុលាការ​អាច​ត្រលប់​មក​ចាប់​លោក​បាន​គ្រប់​ពេលវេលា។

ការ​ខាត​បង់​ដ៏​ធំ​មួយទៀត គឺខាង​​វិមាន​ប្រធានាធិបតី។ ភាព​មិន​ជាក់​លាក់ និង​មិន​ចេះ​ទប់​សម្តី​របស់ លោក ហ្សង់ព្យែរ ហ្ស៊ូយ៉េ អគ្គលេខាធិការ​វិមាន​អេលីហ្សេ​ បាន​និងកំពុង​រុញ​ច្រាន​រដ្ឋាភិបាល​​ដែល​អប្រជាប្រិយភាព​​ស្រាប់​ ឱ្យ​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង។ ក្រោយ​ពេល​ធ្លាយ​រឿង​អាស្រូវ​នេះ​ភ្លាម គណបក្ស​ស្តាំនិយម បាន​សម្រុក​​​​វាយប្រហារ​អគ្គលេខាធិការ​វិមាន​ប្រធានាធិបតី​ទ្វេ​ឡើង​ និង​រាល​ដាល​ បំផុស​ការ​សង្ស័យថា​អាចមាន​បណ្តាញពិសេស​​​ក្នុង​រង្វង់​អេលីហ្សេ ដើម្បីការ​ពារ​អំណាច​ប្រធានាធិបតី ឬ​ដើម្បីធ្វើ​ឱ្យ​គូ​ប្រជែង​បាត់​លំនឹង។ ថ្វី​បើ​ តុលាការបារាំង​​ មាន​ឯករាជ្យ ប៉ុន្តែ​ចៀស​មិន​ផុត​ពី​ឥទ្ធិពលតិច​តួចនៃ​អំណាច ឬ​សម្ព័ន្ធភាព​ទេ ដូច្នេះ​បើ​មាន​ស្លាក​ស្នាមអ្វី​បន្តិច​បន្តួច​ថា​​វិមាន​ប្រធានាធិបតី​​ប្រើ​អំណាច​លើ​តុលាការ នោះ​ពិតជា​ឱកាស​ប្រពៃ​ប្រែ​ក្លាយ​ ​រឿង​អាស្រូវ​តូច​ទៅ​ជា​​​ធំ​​សម្រាប់​ជាតិ​ទាំង​មូល​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ