អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង​កំពុង​វិលវល់​រវាង​សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​ការញុះញង់​ប្រកាន់​ពូជសាសន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​ចន្ទ​ទី ៦ មករា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ប្រើ​វិធានការ​ក្តៅ ចេញ​សារាចរណ៍​ ណែនាំ​ដល់​ចៅហ្វាយ​ខេត្ត​ទាំង​ឡាយ​ ​សម្រេច​ហាមឃាត់​មិន​ឱ្យ​តារា​កំប្លែង​Dieudonné ​ការ​សម្តែង​សិល្បៈ​ ក្នុង​សាល​ជូន​សាធារណជន​ទេ។ ព្រោះ​តារា​កំប្លែង​រូប​នេះ ល្បី​ខាង​ប្រើ​​ពាក្យ​ពេជន៍ដែល​មាន​លក្ខណៈ​រើងអើង ប្រកាន់​ពូជសាសន៍ ​ប្រឆាំង​នឹង​អម្បូរ​សេមីត (ជាតិ​អារ៉ាប់ ជ្វីហ្វ-អ៊ីស្រាអែល)។ ថ្វី​បើ​មាន​​​អភិបាលក្រុង​ជា​បន្ត​បន្ទាប់​បាន​សម្រេច​ហាមឃាត់​ការ​សម្តែង​របស់​សិល្បករ​រូប​នេះ​ ស្រប​តាម​សារាចរ​​របស់ក្រសួង​មហាផ្ទៃ​មែន​ ​ ប៉ុន្តែ​​ការ​រិះគន់​​ក៏មាន​ច្រើន​ក្នុង​ចំណោម​អ្នក​នយោបាយ បើ​ឈរ​លើ​គោលការណ៍​គោរព​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ ​កំប្លែង​ ក្លាយ​ជា​នយោបាយ​ ! សេរីភាព​​នែ​ការ​បញ្ចេញ​មតិ កំពុង​ប្រឈម​នឹង​ការ​គោរព​​សិទ្ធិមនុស្ស​។

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ Manuel Valls និង​ តារាកំប្លែង Dieudonné (ស្តាំ)
លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ Manuel Valls និង​ តារាកំប្លែង Dieudonné (ស្តាំ) AFP PHOTO / GEORGES GOBET /FRANCOIS GUILLOT
ផ្សាយពាណិជ្ជកម្ម

"ចៅហ្វាយ​ខេត្ត​ និង​អភិបាល​ក្រុង​ទាំង​អស់​ អាច​ហាមឃាត់​ ​​ការ​សម្តែង​សិល្បៈ គេ​មិន​អាច​និយាយ​បាន​ទៀត​ឡើង​អំពី​សេរីភាព សម្តី​រើស​អើង​ប្រឆាំង​ពូជសាសន៍​ ដែល​ជា​ការ​ម៉ាក់​ងាយ​​ រំលោភភាព​ថ្លៃថ្នូរ​របស់​មនុស្ស គឺ​ជា​ចំណែក​មួយ​នាំ​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​សង្គម។"​ ​​​ ​នេះ​ហើយ​ជា​បុព្វហេតុ​​ដែល​ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ Manuel Valls ចេញ​សារាចរ​ ហាមឃាត់​ ការ​សម្តែង​របស់​លោក Dieudonné Mbala Mbala។ គឺ​មិន​ធ្លាប់​មាន​ទេ​សារាចរ​​បែប​នេះ !

 
តើ Dieudonné ជា​នរណា ? Dieudonné​ ​សញ្ជាតិ​បារាំង​ ឪពុក​មាន​ដើម​កំណើត​កាមឺរ៉ូន និង​ម្តាយ​ជា​បារាំង។ ក្លាយ​ជា​តារា​កំប្លែង​​ ​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៩០ ប៉ុន្តែ​គ្រាន់​តែ​លេច​មុខ​ភ្លាម​ ពាក្យ​សម្តី​កំប្លែង​បែប​វាយ​ប្រហារ​រើស​អើង​ពូជសាសន៍​ជី្វហ្វអ៊ីស្រាអែល មាន​មិន​ខ្វះ​ ទាំង​ពាក្យ​សម្តី ទាំង​កាយវិការ វិទ្យុ​និង​ទូរទស្សន៍​មិន​ដែល​អញ្ជើញ​ចូល​សម្តែង​ឡើយ។ ឆាក​ឈុត​កំប្លែង​ដែល​គាត់​តាក់​តែង​សម្តែងឡើង ​ជា​រៀង​រាល់​ឆ្នាំ​មាន​ផ្សព្វផ្សាយ​តែ​ក្នុង​បណ្តាញ​អ៊ីនធឺណែត និង​សម្តែង​ក្នុង​រោង​ល្ខោន​ផ្ទាល់​ខ្លួន​​ប៉ុណ្ណោះ។ Dieudonné ត្រូវ​បាន​តុលាការ​កាត់​ទោស​៩​ដង​ពី​បទ​រើស​អើង​ប្រឆាំង​នឹង​អម្បូរ​សេមីត។ ៧​បាន​ចប់​ជា​ស្ថាពរ។ ហើយ​តារា​កំប្លែង​រូប​នេះ​មិន​ដែល​គោរព​សាលក្រម​ម្តង​ណា​ឡើយ។

​សម្រាប់​​លោក​រដ្ឋមន្ត្រី ម៉ានុយអែល វ៉ាល ដែល​ទាញ​សំអាង​ច្បាប់​​ពី​​​រឿងក្តី​កាលពី ឆ្នាំ​១៩៣៣ មាន​ឈ្មោះ​ថា​ ​​ Benjamin (តុលាការ​សម្រេច​ឱ្យ​​ហាមឃាត់​ការ​សម្តែង​សិល្បៈ​ដែល​មាន​គ្រោះ​ថ្នាក់​ដល់​សណ្តាប់​ធ្នាប់​សង្គម) គេ​មិនអាច​បណ្តោយឱ្យ​សិល្បករ​រូប​នេះ​ធ្វើ​អ្វី​ហួសហេតុ បាន​ទៀត​ទេ គេ​ត្រូវ​តែ​គិត​អំពី​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ពាក្យ​ពេចន៍​ញុះញង់​ឱ្យ​ស្អប់​ខ្ពើម​ប្រកាន់​ពូជសាសន៍។ ​ វិធានការនេះ​មិន​មែន​ជាការ​បំបិទ​សេរីភាព​ផ្នែក​​សិល្បៈទេ។ បើ​តាម​ប្រមុខ​សាសនា​អ៊ីស្រាអែល​ប្រចាំ​ក្រុង​ប៉ារីស

"នេះ​ជា​វិធានការ​ដែល​ធានា​កុំ​ឱ្យ​មាន​ការ​ជួប​ជុំ​ដែល​មាន​លក្ខណៈ​ញុះញុង និង​ជំរុញ​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​គ្នា​។ សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​នេះ គឺ​ជា​ការ​ឱ្យ​តម្លៃ​ដល់​អ្វី​ដែល​ជា​មូលដ្ឋាន​គ្រិះ​របស់​សង្គម។ ពាក្យ​សម្តី​ដែល​នាំ​ឱ្យ​មា​ន​ការ​ស្អប់​ខ្ពើម​គ្នា​ ប្រកាន់​ពូជសាសន៍​ ត្រូវ​តែ​កុំ​ឱ្យ​មាន​ចេញ​ពី​មាត់​មនុស្ស​មាន​ឥទ្ធិពល​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ថា​ជា​សិល្បករ កីឡាករ គ្រូ​បង្រៀន ឬ​អ្នកសារព័ត៌មាន​ទេ ត្រូវ​តែ​ដឹង​ថា​ពាក្យ​ណា​គួរ ពាក្យ​ណា​មិន​គួរ"។

​ប្រទេស​បារាំង​ មាន​ច្បាប់​​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជសាសន៍​ តាំង​ពីយូរយារ​ណាស់​មក​ហើយ។ ការ​ការពារ​ ប្រឆាំង​នឹង​គ្រប់​ទម្រង់​នៃ​ការ​ម៉ាក់ងាយ​ រំលោភ​ រើស​អើង​ បែង​ចែក​ពូជសាសន៍ មាន​ចុះ​ក្នុង​សេចក្តី​ថ្លែងការណ៍​សិទ្ធិមនុស្ស និង​​ពលរដ្ឋ​ តាំងពី​​ឆ្នាំ​១៧៨៩។ ហើយ​ដើម្បី​កំណត់​ទិស​ដៅ​នយោបាយ​ ក្នុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ ពាក្យ​សម្តី​រើង​អើង​នេះ​ បារាំង​បាន​បង្កើត​គណៈកម្មការអន្តរក្រសួង​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រកាន់​ពូជ​សាសន៍​ និង​ការ​ប្រមាថ​​ប្រឆាំង​អម្បូរ​សេមីត។ អម្បូរ​សេមីត គឺ​ជា​ក្រុម​អម្បូរ​ជាតិ​អារ៉ាប់ ជាតិ​ជ្វីហ្វ អ៊ីស្រាអែល​និង​ស៊ីរី។

គេ​នៅ​ចង​ចាំ​បានថា រាល់​ពេល​ដែល​​មាន​ការ​និយាយ​ប៉ះពាល់​ដល់​អ៊ីស្លាម សង្គ្រាម​ប៉ាកា និង​ប្រតិកម្ម​ ការ​សង​សឹក​ហិង្សា​មាន​ផ្ទុះ​ឡើង​ជា​ស្ទើរ​គ្រប់​ទិសទី មិន​ខុសគ្នា​នេះ​ដែរ​បើ​និយាយ​ប៉ះពាល់​ម៉ាក់ងាយ​ដល់​​ជនជាតិអ៊ីស្រាអែល ប្រតិកម្ម​ហូរ​ដូច​ទឹក ចេញ​ពី​ប្រភព​កំពូល​រាប់​ទាំង​​រដ្ឋាភិបាល​ផង ការ​ដាក់​​ទោស​ក៏​មាន​ជា​ច្រើន​ករណីរួច​ហើយដែរ។ បើ​តាម​ច្បាប់ រាល់​ទង្វើ​​​ញុះញង់​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​ប្រកាន់​ពូជសាសន៍ នឹង​ត្រូវ​បង់​ពិន័យ​រហូត​ដល់ ៤៥០០០​អឺរ៉ូ និង​ជាប់​ទោស​ក្នុង​ពន្ធនាគារ​មួយ​ឆ្នាំ។

ក៏​ប៉ុន្តែ​វិធានការ​របស់​​រដ្ឋាភិបាល​ មិន​បាន​ទទួល​ការគាំទ្រ​​ជា​ឯកច្ឆ័ន្ទឡើយ សូម្បី​តែ​សកម្មជន​អ្នក​ប្រឆាំង​នឹង​ការ​ប្រកាន់​ពូជសាសន៍​ ក៏​មិន​បាន​ឯកភាព​នឹង​សារាចរ​នេះ​ដែរ។ ការ​ហាមឃាត់​មិន​ឱ្យ​អ្នក​កំប្លែង​ឡើង​ឆាក សឹង​ថា​មិន​អាច​ទប់បាន​ទេ ទោះ​អ្នក​សិល្បករ​នោះ​អាក្រក់​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ណា​ដែល​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​ និង​ដោយ​មាត្រា​ទី​១០​នៃ​អនុសញ្ញា​សិទ្ធិមនុស្ស​​អឺរ៉ុប​នោះ។ មេធាវី​របស់​​​តារា​កំប្លែង​Dieudonné ស្គាល់​ច្បាប់​នេះ​ច្បាស់​ណាស់ ហើយ​ក៏​ដឹង​អំពី​ចំណុច​ខ្សោយ​​នៃ​រឿង​ក្តី​ដែរ។ "គេ​អាច​ចោទ​ប្រកាន់​និងដាក់​ទោស​​ថា​មាន​ការប្រើ​ពាក្យ​ប្រកាន់​ពូជសាសន៍​បាន ដរាប​ណា​ឆាក​ឈុត​កំប្លែង​ត្រូវ​បាន​សម្តែង​សិន ប៉ុន្តែ​នេះ​ឆាក​មិន​ទាន់​បើ​ក​ផង​ ស្រាប់​តែ​មាន​ការ​ហាមឃាត់​ទៅ​ហើយ គឺ​ពិត​ជា​អាច​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​រំលោភ​មូល​ដ្ឋាន​គ្រឹះ​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។" អំណះអំណាង​ដែល​តារាDieudonné ធ្លាប់​យក​មក​ការពារ​ខ្លួន​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្នុង​តុលាការ​រដ្ឋបាល​និង​ក្រុមប្រឹក្សា​រដ្ឋ​ (តុលាការ​កំពូល​រដ្ឋបាល) រហូត​បាន​ឈ្នះ​ដល់​​ទៅ​១៥​ដង និង​បាន​ទទួល​សំណង​លួង​ចិត្ត​វិញ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ