អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​​កម្ពុជា​​បាន​រៀនសូត្រ​អ្វីខ្លះ​ពី​ម្ចាស់ជំនួយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រ​ទេស​កម្ពុជា ត្រូវ​ការ​ជំនួយ​បរ​ទេស​ដើម្បី​ដំណើរ​ការ​គម្រោង​អភិវឌ្ឍន៍​ក្នុង​គ្រប់​វិស័យ។ ជំនួយ​បរទេស​​ជា​​រឿង​​មិន​​អាច​​ចៀស​​វាង​​បាន​​សម្រាប់​​សង្គម​​មួយ​​ដែល​​ងើប​​ពី​ភាព​ខ្ទេច​ខ្ទាំ​ដូច​កម្ពុជា ប៉ុន្តែ ជា​ទូ​ទៅ ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរ​ទេស​ខ្លាំង​ពេក​ធ្វើ​ឲ្យ​ខ្មែរ​បាត់​បង់​ការពឹង​ពាក់​លើ​ខ្លួន​ឯង។ ជាក់​​ស្តែង ក្រោយពី​ម្ចាស់ជំនួយ​ដកខ្លួន គម្រោង​អភិវឌ្ឍន៍​មួយ​​ចំនួន​​គាំង​​លែង​អាច​​​ដំ​​ណើរ​​ការ​។ នេះ​​មាន​ន័យ​ថា កម្ពុជា ហាក់​​មិន​បាន​​រៀន​សូត្រ​​និង​​ទាញ​យក​​សក្តា​នុ​ពល​​ពី​ជំនួយ​បរទេស​ដើម្បី​ពង្រឹងសមត្ថភាព​ខ្លួនឯង​គ្រប់គ្រាន់ នៅឡើយ​ទេ។ តើ​ហេតុអ្វី​បានជា​ដូច្នេះ?

ការ​អភិ​វឌ្ឍ​ស្ថានីយ៍​រា​ជាយ​ស្ម័យាន​កម្ពុជា​ដោយ​ប្រើ​ប្រាក់​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​( ADB)​
ការ​អភិ​វឌ្ឍ​ស្ថានីយ៍​រា​ជាយ​ស្ម័យាន​កម្ពុជា​ដោយ​ប្រើ​ប្រាក់​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​( ADB)​ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

រយៈ​ពេល​ពីរ​ទស​វត្ស​រ៍​ចុង​ក្រោយ​នេះ ជំនួយ​បរ​ទេស​បាន​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ទាំង​ជំនួយ​ជា​ថវិកា និង​ជំនួយ​បច្ចេក​ទេស។ ជំនួយ​បរទេស​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ស្តារ​សង្គម​កម្ពុជា​ឡើង​វិញ​ចេញ​ពី​ភាព​ខ្ទេច​ខ្ទាំ​ដែល​បន្សល់​ទុក​ពី​របប​ខ្មែរ​ក្រហម។

ប៉ុន្តែ ជំនួយ​បរ​ទេស​ក៏បាន​បង្កើត«វប្បធម៌»ផ្តេក​ផ្តួល​ទៅ​លើ​តែ​ជំ​នួយ​កាន់​តែ​ច្រើន​ឡើង​ដែរ។ ជា​ទូ​ទៅ អ្នក​ទទួល​ខុស​ត្រូវ​គ្រប់​វិស័យ​តែង​ស្វែង​រក​ជំនួយ​យក​មក​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន។ ការ​ខិត​ខំ​ស្វះ​ស្វែង​ទាក់​ទាញ​ម្ចាស់​ជំនួយ​ឲ្យ​គាំទ្រ​គម្រោង​អភិ​វឌ្ឍន៍​ទាំង​នោះ គឺ​ជា​រឿង​ល្អ​មួយ ប៉ុន្តែ អ្វី​ដែល​អា​ក្រក់​នោះ​គឺ មន្ត្រី​ខ្មែរ​មួយ​ចំនួន​ច្រើន​តែ​មិន​សប្បាយ​ចិត្ត​នឹង​ជំនួយ​បច្ចេក​ទេស​ប៉ុន្មាន​ឡើយ ប្រសិន​បើ​គ្មាន​ថវិកា​ភ្ជាប់​ជា​មួយ។ ជាទូទៅ ពួក​គេ​ត្រូវ​ការ​ប្រ​យោជន៍​​បុគ្គល​ថែម​ទៀត​ពី​គម្រោង​អភិ​វឌ្ឍន៍។

ម្យ៉ាង​ទៀត ទោះ​ជា​បាន​ទទួល​ជំ​នួយ​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ នៅ​ពេល​ម្ចាស់​ជំនួយ​ដក​ខ្លួន គម្រោង​មួយ​ចំនួន​ក៏​ឈប់​ដំ​ណើរ​ការ ហើយ​ក៏​បាន​វិល​មក​រក​សភាព​ដើម​វិញ​តែ​ដដែល។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី«វប្បធម៌»ពឹងពាក់​តែ​លើ​ជំនួយ​បរទេស​ទាំងស្រុង​ដោយ​មិនបាន​រៀនសូត្រ​អ្វី​សោះ​ពី​ម្ចាស់ជំនួយ។ ទម្លាប់​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​នោះ​គឺ ក្រសួង ឬ​ស្ថាប័ន​ជាច្រើន មិនបាន​ព្យាយាម​ប្រើប្រាស់​គ្រប់​លទ្ធភាព​របស់ខ្លួន​សិន​មុននឹង​ពឹង​លើ ជំនួយ​នោះ​ឡើយ តែ​ពួកគេ​ហាក់ដូចជា​ទន្ទឹងរង់ចាំ​ទាល់​តែមាន​ជំនួយ​ទើប​អាចធ្វើ​អ្វី​បាន។ ជាក់ស្តែង គ្រាន់តែ​ស្ប៉ត​អប់រំ​ខ្លី​មួយ​ក៏​ចាំបាច់​ត្រូវមាន​ការឧបត្ថម្ភ​ពី​សំ​ណាក់ ម្ចាស់​ជំនួយ​ជាច្រើន​ដែរ ប្រសិនបើ​មិន​ដូច្នោះ​ទេ គេ​ប្រាកដជា​មិនអាច​ផលិត​បានឡើយ។

ជាការ​ពិតណាស់ ជំនួយ​ថវិកា​ក្តី ឬ​ជំនួយ​បច្ចេកទេស​ក្តី ពិតជា​មានតម្លៃ​ណាស់​សម្រាប់​សង្គម​ក្រីក្រ​ដូចជា​កម្ពុជា។ ដូច្នេះ ដើម្បី​ឲ្យ​ជំនួយ​ទាំងនោះ​មាន​ប្រយោជន៍, ទី១ គេ​ត្រូវ​ប្រើប្រាស់​វា​ឲ្យ​អស់​លទ្ធភាព​និង​ឲ្យ​ចំ​ទិសដៅ ។ និង​ទី២ គេ​ត្រូវ​ទាញយក​ប្រយោជន៍​ពី​ការអនុវត្ត​គម្រោង​ទាំងនោះ​ឲ្យ​បាន​ក្នុង កម្រិត​អតិបរមា​ដើម្បី​កសាង​សមត្ថភាព​ធនធានមនុស្ស​របស់ខ្លួន​ដើម្បី​អាច​ធានា​និរន្តរភាព​នៃ​គម្រោង​នៅក្រោយពេល​ម្ចាស់ជំនួយ​ដកខ្លួន​ចេញ។ និយាយ​តាមបែប​ផ្សេង ខ្មែរ​ត្រូវ​រៀន​ចាប់​ត្រី​ដោយ​ខ្លួនឯង​ជាបណ្តើរៗតាមរយៈ​ការរៀនសូត្រ​ពី​ម្ចាស់ជំនួយ​ដោយ​មិនត្រូវ​រង់ចាំ​គេ​ផ្តល់​ត្រី​ឲ្យ​តែ​រហូត​នោះឡើយ។

នៅក្នុង​បណ្តា​ប្រទេសជិតខាង​យើង គេ​ត្រេកអរ​នឹង​ទទួល​ជំនួយ​បច្ចេកទេស​ពី​អង្គការ​អន្តរ​ជាតិ ឬ​ពី​រដ្ឋាភិបាល​បរទេស​ណា​មួយ​ទោះបី​មិនមែនជា​ជំនួយ​ជា​ថវិកា​ក៏ដោយ។ ប៉ុន្តែ នៅ​កម្ពុជា ជំនួយ​បច្ចេកទេស​ហាក់ដូចជា​ត្រូវបាន​គេ​ផ្តល់​តម្លៃ​តិចជាង​ជំនួយ​ថវិកា​ពី​ព្រោះតែ​ជំ​នួយ​ប្រភេទ​នេះ​មិន​ផ្តល់​ប្រយោជន៍​ដល់​បុគ្គល​អ្នកអនុវត្ត​គម្រោង​ឡើយ។នេះ​ជា​ឥរិយាបថ​ខុសឆ្គង​ដ៏​ធំ​មួយ​ដែល​បាន និង​កំពុង​បង្អាក់ដំណើរ​ការអភិវឌ្ឍ​ន៍​ប្រទេស​កម្ពុជា និង​កំពុង​ធ្វើ​ឲ្យ​ម្ចាស់ជំនួយ​អស់​ទឹកចិត្ត។

រយៈពេល​ជាច្រើន​ទសវត្សរ៍​នៃ​ការទទួល​ជំនួយ​ពី​បរទេស កម្ពុជា​គួរតែ​រៀនសូត្រ​បាន​គ្រប់​គ្រាន់​​​ពី​​ម្ចាស់​ជំនួយ​​ពោល​គឺ​​វា​​គួរ​តែ​​ជា​​ពេល​វេលា​​សម​ល្មម​​ហើយ​​ដែល​​ប្រ​ទេស​​នេះ​​រៀន​សូត្រ​​និង​​ដក​​បទ​ពិសោធន៍​​បាន​​គ្រប់​គ្រាន់​​ពី​​ម្ចាស់​ជំនួយ​​ដែល​​អាច​​ឈាន​ទៅ​​ពឹង​ពាក់​​លើ​​ខ្លួន​​ឯង​​បាន​​មួយ​ចំ​ណែក​​ធំ​។ ប៉ុ​ន្តែ​ បើ​​ពិ​និត្យ​​ជា​រួម​ ការ​ពឹង​​លើ​​ជំ​នួយ​​បរ​ទេស​​ប្រ​ហែល​ជា​​នៅ​​ប្រើ​ពេល​​យូរ​​ត​ទៅ​ទៀត​​ពី​ព្រោះ​«វប្ប​ធម៌​»ផ្តេក​ផ្តួល​​លើ​​ជំ​នួយ​​ហាក់​​នៅ​តែ​​ពេញ​និ​យម​​នៅ​ឡើយ​។

ដូ​ច្នេះ​ ដើម្បី​​​ព​ន្លឿ​ន​​​ការ​​អភិ​វឌ្ឍ​ ពល​រដ្ឋ​​​ខ្មែរ​​​ខ្លួន​​ឯង​​​ជា​​ពិ​សេស​​​មន្ត្រី​​​មាន​​​សមត្ថ​​កិច្ច ​ត្រូវ​​​ផ្លាស់​ប្តូរ​ឥរិ​យាបថ​​មួយចំ​នួន​​ជា​​ចាំ​បាច់៖ ទី​១ ត្រូវ​​លុប​បំ​បាត់«វប្បធម៌»ផ្តេក​ផ្តួល​​តែ​​លើ​​ជំនួយ ហើយ​​បែរ​មក​​ប្រ​កាន់​​ទស្សនៈ​«ខ្លួន​​ទី​ពឹង​​ខ្លួន​»ឲ្យ​​បាន​​ច្រើន​​តាម​​ដែល​​អាច​ ធ្វើ​បាន​។ ទី​២ នៅ​​ពេល​​មាន​​ជំនួយ​​ពី​ខាងក្រៅ គេ​ត្រូវ​ប្រើប្រាស់​វា​ឲ្យ​មាន​ប្រយោជន៍​ពីរ​​ទន្ទឹម​គ្នា គឺ ប្រយោជន៍​​ហេ​ដ្ឋា​រចនា​​សម្ព​ន្ធ័​​រូប​វន្ត័​​ផង​ និង​​ការ​អភិវឌ្ឍន៍​​សមត្ថ​ភាព​​ធន​ធាន​មនុស្ស​​ផង​។

គ្មាន​បរទេស​ណា​រង់ចាំ​ជួយ​ប្រទេស​កម្ពុជា​ជា​រៀងរហូត​បានទេ។ ម្យ៉ាងទៀត នៅពេលដែល​ប្រទេស​ស្គាល់​ការអភិវឌ្ឍន៍​សមល្មម​ហើយ ជំនួយ​បរទេស​នឹងត្រូវ​កាត់បន្ថយ​ជា​ស្វ័យប្រវត្តិ។ នេះ​ជា​ចំណោទ​នៅ​ចំពោះមុខ​របស់​ប្រទេស​កម្ពុជា​ដែល​ត្រូវ​រួមគ្នា​គិតគូរ មានន័យថា ខ្មែរ​ត្រូវតែ​រំដោះខ្លួន​ពី​វប្បធម៌​ពឹង​លើ​ជំនួយ​បរទេស​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន។ ប្រសិន​បើ​មិន​ដូច្នោះ​ទេ កម្ពុជា​នឹង​ពិបាក​ចាក​ចេញពី​ភាពក្រីក្រ​និង​មិនអាច​ឈានទៅ​ពឹង​លើ​ខ្លួនឯង​បានឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ