អានតួអត្ថបទ
កម្ពុជា

គ្រូពេទ្យ​ថា​លោកស្រី​អៀង ធីរិទ្ធ មាន​ជំងឺ​វង្វេងវង្វាន់​មិន​ធូរស្រាល​ទេ

នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បាន​ចាប់ផ្តើម​បើក​សវនាការ​សាជាថ្មី លើ​កាយសម្បទា និង​បញ្ញា​ស្មារតី របស់​លោកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម​។ ក្នុង​ការវាយតម្លៃ​លើ​អាការៈ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ អាយុ ៨០ ឆ្នាំ ត្រូវបាន​ក្រុម​គ្រូពេទ្យ លើកឡើងថា ស្ថានភាព​ជំងឺ​វង្វេងវង្វាន់​របស់​លោក​ស្រី អៀង​ធីរិទ្ធ នៅពេលនេះ មិន​បាន​ធូរស្រាល​ទេ​។ ក៏​ប៉ុន្តែ​សាក្សី ជា​វេជ្ជបណ្ឌិត​ផ្នែក​វិកល​វិទ្យា ដែល​ជា​គ្រូពេទ្យ​កម្ពុជា បាន​យល់​ឃើញ​ផ្ទុយ​ពី​នេះ ហើយ​ថា លោកស្រី អៀង ធីរិទ្ធ មាន​សភាព​ធូរស្រាល ផ្នែក​រាងកាយ មិន​មាន​សញ្ញា​ណា​ដែល​បញ្ជាក់ថា លោកស្រី មាន​ជំងឺ​វិកលចរិត តែ​គាត់​អាច​មាន​ការ​ភ្លេចភ្លាំង​បន្តិចបន្តួច ដែល​ត្រូវ​នឹង​វ័យ​របស់គាត់ តែ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ឡើយ​។​

លោកស្រី​អៀង ធីរិទ្ធិ ជនជាប់ចោទមួយរូប ក្នុង​ចំណោម​ជនជាប់ចោទ​ ៤រូប ​ក្នុង​សំណុំរឿង​០០២
លោកស្រី​អៀង ធីរិទ្ធិ ជនជាប់ចោទមួយរូប ក្នុង​ចំណោម​ជនជាប់ចោទ​ ៤រូប ​ក្នុង​សំណុំរឿង​០០២ RFI/Menghour Ly
ផ្សាយពាណិជ្ជកម្ម

សវនាការ នៅ​តុលាការ​ខ្មែរក្រហម រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​៣០​សីហា​នេះ ដើម្បី​ស្តាប់​ការវាយតម្លៃ​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ លើ​ស្ថានភាព​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​លោកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ខ្មែរក្រហម​។​

 
ក្រុម​អ្នកជំនាញ ជា​វេជ្ជបណ្ឌិត​ខ្មែរ​ម្នាក់ និង​បរទេស​ពីរនាក់ បាន​បង្ហាញខ្លួន ក្នុង​បន្ទប់​សវនាការ ដើម្បី​ផ្តល់​នូវ​របាយការណ៍​វាយ​តម្លៃ​របស់​ខ្លួន លើ​អាការៈ​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ​។ ក្នុងនោះ ក៏​មាន​សាក្សី​ម្នាក់ទៀត គឺ​លោកស្រី ចក់ ធីតា វេជ្ជបណ្ឌិត ឯកទេស​វិកល​វិទ្យា និង​ជា​អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​ទីក្រុង​ភ្នំពេញ​។​

​រីឯ​លោក​ស្រី អៀង ធីរិទ្ធ រួមទាំង​លោក​អៀង​សារី ដែលជា​ស្វាមី​របស់​លោកស្រី មិន​បាន​បង្ហាញខ្លួន ក្នុង​បន្ទប់​សវនាការ​ទេ តែ​ពួកគាត់​ទាំងពីរ ដែល​កំពុង​មាន​ជំងឺ ត្រូវបាន​គេ​អះអាងថា កំពុង​តាមដាន​សវនាការ​នៅ​ថ្ងៃនេះ​ដែរ តែ​ធ្វើ​ឡើង​តាមរយៈ​កញ្ចក់​ទូរទស្សន៍ ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​។

​កាលពី​ចុងឆ្នាំ​២០១១ លោកស្រី អៀង ធីរិទ្ធ អាយុ ៨០ ឆ្នាំ ត្រូវបាន​ក្រុម​អ្នកជំនាញ ជា​គ្រូពេទ្យ​ជាតិ និង​អន្តរជាតិ អះអាងថា លោកស្រី មាន​ជំងឺ​វង្វេងវង្វាន់ ឬ​អាចជា​ជំងឺ​បាត់​ការចងចាំ ដែល​មិន​អាច​នាំមក​កាត់ទោស ក្នុង​សំណុំរឿង​០០២ ជាមួយនឹង​លោក អៀង សារី លោក​ខៀវ​សំផន និង​លោក នួន​ជា បានឡើយ​។​

​ក៏​ប៉ុន្តែ​ក្រោយមក អង្គជំនុំជម្រះ​របស់​តុលាការ​កំពូល នៅ​តុលាការ​ខ្មែរក្រហម បាន​កំណត់​ឲ្យមាន​ការ​វាយតម្លៃ​ម្តងទៀត និង​ព្យាបាល​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ រយៈពេល ៦ ខែ គិត​មកដល់ពេលនេះ​។​

​ការវាយតម្លៃ​ចុងក្រោយ​ជាថ្មី ក្នុង​សវនាការ​នៅ​ព្រឹក​មិញ ត្រូវបាន​លោក​វេជ្ជបណ្ឌិត Seena Fazel តំណាង​ឲ្យ​ក្រុម​អ្នកជំនាញ ៤ រូប ដែល​តែងតាំង​ដោយ​តុលាការ​ខ្មែរក្រហម នៅតែ​អះអាងថា ស្ថានភាព​ជំងឺ​វង្វេងវង្វាន់​របស់​លោក​ស្រី អៀង​ធីរិទ្ធ នៅពេលនេះ មិន​បាន​ធូរស្រាល​ទេ ទោះបីជា​ប្រើប្រាស់​ថ្នាំពេទ្យ និង​កម្មវិធី​ដាស់​បញ្ញា​សតិ​យ៉ាងណាក៏ដោយ​។

​ក្រុម​គ្រូពេទ្យ​ក៏​បាន​បញ្ជាក់ថា ក៏​មិន​មាន​វិធីសាស្ត្រ​ព្យាបាល​ណាមួយ ដែល​អាច​ជួយ​ជំរុញ​ដល់​សតិបញ្ញា​របស់លោក​ស្រី អៀង ធីរិទ្ធ បាន​នោះឡើយ​។

​ក៏​ប៉ុន្តែ​សាក្សី លោកស្រី ចក់ ធីតា វេជ្ជបណ្ឌិត ឯកទេស​វិកល​វិទ្យា ដែល​បាន​តាមដាន​ជំងឺ​របស់​លោកស្រី អៀង​ធីរិទ្ធ ចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០១១ បាន​លើក​ឡើង​ទៅ​កាន់​ចៅក្រម​ថា លោកស្រី អៀង ធីរិទ្ធ មិន​បាន​ទទួលរង​នូវ​ការ​ថមថយ​ផ្នែក​សតិបញ្ញា​ស្មារតី ដែល​ជា​ជំងឺ​វង្វេងវង្វាន់​នោះទេ​។ ពោល​គឺ​លោកស្រី​អៀង​ធីរិទ្ធ មិនមាន​ជំងឺ​ខាង​ផ្លូវចិត្ត ឬក៏​ជំងឺ​វិកល​ចរិត​ទេ។ តែ​លោក​ស្រី​វេជ្ជបណ្ឌិត បាន​លើកឡើង​ថា លោកស្រី អៀង ធីរិទ្ធ ហាក់​មាន​ការ​ភ្លេចភ្លាំង​បន្តិចបន្តួច​ទៅ​តាម​វ័យ​ចំណាស់​របស់គាត់ ដែល​មាន​អាយុ ៨០ ឆ្នាំ ប៉ុណ្ណោះ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ក្នុង​សវនាការ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១២ លោក​មេធាវី ផាត់ ពៅ​ស៊ា​ង សហ​មេធាវី​ជាតិ ការពារ​ក្តី​លោកស្រី អៀង ធីរិទ្ធ បាន​ច្រានចោល​នូវ​ការលើកឡើង​របស់​សាក្សី លោកស្រី​វេជ្ជបណ្ឌិត ចក់​ធីតា ហើយ​ថា លោកស្រី អៀង ធីរិទ្ធ មាន​អាការៈ​ជំងឺ​ធ្ងន់ធ្ងរ ដោយសារតែ​លោក​ស្រី អៀង ធីរិទ្ធ មិន​ស្គាល់ សូម្បី​តែ​ឈ្មោះ​ប្តី​របស់​គាត់ គឺ​លោក អៀង សារី និង​រូបលោក ជា​មេធាវី​។​

​សវនាការ​លើ​ស្ថានភាព​ជំងឺ​របស់​លោកស្រី អៀង ធីរិទ្ធ នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃ​សុក្រ ទី​៣១ ខែ​សីហា ឆ្នាំ​២០១២៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ