អានតួអត្ថបទ
កម្ពុជា

តុលាការ​កំពូល​បង្គាប់​ឲ្យ​ផ្អាក​ការ​ដោះលែង​លោកស្រី អៀង ធីរិទ្ធិ

តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​បង្គាប់​នៅ​ថ្ងៃ​នេះ​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ដោះ​លែង​លោកស្រី​អៀង ធីរិទ្ធិ។ ​ការ​បង្គាប់​ដូច្នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​អង្គ ជំនុំជម្រះ​សាលា​ដំបូង​បាន​សម្រេច​ដោះលែង​លោកស្រី​ អៀង ធីរិទ្ធិ​ ក្រោម​ហេតុផល​សុខភាព ​ប៉ុន្តែ ​សហព្រះរាជ​អាជ្ញា​បាន​ប្តឹង​ជំទាស់។ ​តុលាការ​កំពូល​មាន​រយៈពេល​១៥​ថ្ងៃ​ដើម្បី​សម្រេច​រឿង​ដោះលែង​លោកស្រី​អៀង ធីរិទ្ធិ។ ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ​ ក្រុម​ជនរងគ្រោះ​បាន​ជួបជុំ​គ្នា​នៅ​វាលពិឃាត​ជើងឯក​ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នកស្លាប់ ​និង​បាន​ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​របស់​ខ្លួន​ខណៈ​ដែល​ជន​ជាប់​ចោទ​កាន់តែ​ចាស់​ជរា​ណាស់​ទៅ​ហើយ។

ពិធី​បុណ្យ​ឧទ្ទិសកុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ ថ្ងៃ​ទី​២០​ វិច្ឆិកា ២០១១
ពិធី​បុណ្យ​ឧទ្ទិសកុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ ថ្ងៃ​ទី​២០​ វិច្ឆិកា ២០១១ © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

 

ក្រោយ​ទទួល​បាន​ពាក្យ​បណ្តឹង​ជំទាស់​របស់​សហព្រះរាជអាជ្ញា ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​បង្គាប់​នៅ​ថ្ងៃ​នេះ​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ដោះលែង​លោកស្រី​ អៀង ធីរិទ្ធិ។ ​តុលាការ​កំពូល​បាន​បង្គាប់​ឲ្យ​បន្ត​ឃុំ​ខ្លួន​លោកស្រី​អៀង ធីរិទ្ធិ​ រហូត​ដល់​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​សម្រេច​ចំពោះ​ពាក្យ​បណ្តឹង​ជំទាស់​របស់​សហព្រះរាជអាជ្ញា។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម។​ មន្ត្រី​អ្នកនាំ​ពាក្យ​បាន​ឲ្យ​ដឹង​ទៀត​ថា ​តុលាការ​កំពូល​មាន​រយៈពេល​១៥​ថ្ងៃ​ ដើម្បី​សម្រេច​ពាក្យ​បណ្តឹង​ជំទាស់​នេះ។

លោកស្រី​ អៀង ធីរិទ្ធិ​ អាយុ​៧៩​ឆ្នាំ ​អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច​ខ្មែរក្រហម​ និង​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ក្នុង​សំណុំ​រឿង​០០២​ត្រូវ​បាន​អង្គជំនុំជម្រះ​សាលាដំបូង​សម្រេច​ដោះលែង​វិញ​ដោយសារ​តែ​គ្រូពេទ្យ​ជំនាញ​បាន​រក​ឃើញ​ថា ​លោកស្រី​មាន​ជំងឺ​វង្វេង​វង្វាន់​បាត់​ការ​ចងចាំ​ដែល​មិន​អាច​យក​មក​កាត់​ទោស​បាន​ទេ។ ​ប៉ុន្តែ​ សហព្រះរាជអាជ្ញា​គឺ​លោកស្រី​ ជា លាង ​និង​ លោក​ Andrew Carley ​បាន​សម្រេច​ប្តឹង​ជំទាស់​ភ្លាមៗ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ចំពោះ​ការ​ដោះលែង​លោកស្រី​អៀង ធីរិទ្ធិ។

មុន​នឹង​ចាប់ផ្តើម​សវនាការ​លើ​អង្គសេចក្តី​សំណុំ​រឿង​០០២​នៅ​ថ្ងៃ​ស្អែក​ សាលាក្តី​ខ្មែរក្រហម​ក៏​បាន​រៀបចំ​សន្និសីទ​កាសែត​មួយ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ប្រកាស​ប្រាប់​អ្នកកាសែត​អំពី​នីតិវិធី​ និង​របៀបវារៈ​របស់​អង្គ​សវនាការ​សំណុំរឿង​០០២។ ​លោក ​នេត្រ ភក្ត្រា ​បាន​បា្រប់​ឲ្យ​ដឹង​ថា ​សវនាការ​នៅ​ថ្ងៃ​ស្អែក​នេះ​ មាន​ជន​ជាប់​ចោទ​តែ​៣​នាក់​ប៉ុណ្ណោះ​គឺ លោក ​នួន ជា​ ខៀវ សំផន ​និង​អៀង សារី។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ដែរ​ ក្រុមជន​រងគ្រោះ​ដែល​ជា​ដើមបណ្តឹង​រដ្ឋប្បវេណី​ប្រមាណ​ជា​២០០​នាក់​បាន​ជួបជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក​ ជាយក្រុង​ភ្នំពេញ​ ដើម្បី​សូត្រមន្ត​ឧទ្ធិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់។ ​ពួកគេ​ក៏​បាន​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​យុត្តិធម៌​ក្នុង​សំណុំរឿង​ខ្មែរក្រហម​ខណៈ​ដែល​ជន​ជាប់​ចោទ​កាន់​តែ​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ។ លោក​ ជុំ ម៉ី ​អតីត​អ្នកទោស​គុក​ទួលស្លែង​ដែល​បាន​រួច​ជីវិត​ពី​ការ​កាប់​សម្លាប់​បាន​ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​សំណុំរឿង​០០២​ឲ្យ​បាន​ឆាប់​បំផុត​ពីព្រោះ​ថា ​វ័យ​ចាស់​ជរា​របស់​ជន​ជាប់​ចោទ​អាច​នឹង​បង្ក​បញ្ហា​ដល់​ដំណើរការ​ស្វែង​រក​យុត្តិធម៌។ ការ​ដោះលែង​លោកស្រី​ អៀង ធីរិទ្ធ ​គឺជា​មូលហេតុ​ដែល​នាំឲ្យ​ជនរងគ្រោះ​មាន​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ