អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការបង្កើត​តំបន់​ចរាចរណ៍​សេរី​នៅក្នុង​លំហ​អតីត​សហភាព​សូវៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការនេះ ដែល​មាន​ឈ្មោះថា “សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី” ត្រូវបាន​ប្រកាស​ជា​សាធារណៈ​មួយសប្តាហ៍មុន នៅឯ​ក្រុងមិនស្ក៏ រដ្ឋធានី​បេឡារុស។ អង្គការថ្មីនេះ ដែល​មាន រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន ជា​រដ្ឋស្ថាបនិក ក្នុង​ថ្ងៃប្រកាស​នោះឯង បានទទួល រដ្ឋអាមេនី ឲ្យ ចូលជា សមាជិកដែរ។ ទៅទល់​ដំណាច់ឆ្នាំនេះ ​​​​ស្របនឹង​គម្រោង ក៏នឹង​ទទួល ឲ្យចូល ជា​សមាជិក​ទី៥ គឺ កៀហ្ស៊ីស៊ីស្ថាន។ រដ្ឋមួយទៀត នៅ​តំបន់​អាស៊ីកណ្តាល គឺ តាហ្ស៊ីគីស្ថាន បាន​សំដែង​ទៅហើយ នូវ​បំណង​ចូលជា​សមាជិកទី៦។ មិនតែប៉ុណ្ណោះ បាន​ចាប់ផ្តើមធ្វើ កិច្ចចរចា​ជា​បណ្តើរៗ​ទៅហើយ ដើម្បី​ចូលជា​សមាជិកថ្មី នៃ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី គឺ វៀតណាម ឥណ្ឌា អ៊ីស្រាអែល។

លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន
លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន REUTERS/Alexei Nikolskyi
ផ្សាយពាណិជ្ជកម្ម

 

អង្គការថ្មីនេះ ចូលខ្លួន​ទៅជំនួស “សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុបអាស៊ី”  ដែល​បានមាន​អត្ថិភាព អស់១៤ឆ្នាំ នៅក្នុង​លំហ​នៃ​អតីត​សហភាពសូវៀត គឺពីឆ្នាំ២០០១ ដល់ ឆ្នាំ២០១៤នេះ។ អង្គការថ្មី​មានឈ្មោះ​ថា “សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី” ពីព្រោះ​ប្រទេស​ស្ថាបនិក បែបយ៉ាង រុស្ស៊ី មាន ដែនដី​លាតសន្ធឹង​នៅទ្វីបអឺរ៉ុបផង ទ្វីបអាស៊ីផង រីឯ​កាហ្សាក់ស្ថាន មាន​ដែនដី​នៅតំបន់ អាស៊ីកណ្តាល ពោលគឺ ខាងទ្វីបអាស៊ី ហើយ​បេឡារុស ទោះបី​នៅអឺរ៉ុប​ខាងកើត​ក្តី ក៏​អឺរ៉ុបដែរ។

អង្គការសេដ្ឋកិច្ចថ្មី បង្កើតឡើង ដោយ​ឈរលើ​មូលដ្ឋាន នៃ សហភាពពន្ធគយ របស់ សហគមន៍សេដ្ឋកិច្ចអឺរ៉ុបអាស៊ី ស្របនឹង​សន្ធិសញ្ញា ចុះកាលពីថ្ងៃ ២៩ឧសភា​ឆ្នាំនេះ ហើយនឹង ដាក់​ឲ្យដំណើរការ​ជាផ្លូវការ គឺក្នុង​២ខែកន្លះទៀត បានន័យថា ចាប់ពី​ថ្ងៃទី១មករា​ឆ្នាំ២០១៥ទៅ។

គោលដៅចោទ​ដោយសហភាព​សេដ្ឋកិច្ចថ្មី គឺ រឹតចំណង​សេដ្ឋកិច្ច​រវាង​ប្រទេស​សមាជិក សម្រាប់​ធ្វើទំនើបកម្ម និង លើក​សមត្ថភាព​ប្រជែង នៃ​ផលិតផល​គេ​លើទីផ្សារ​ពិភពលោក។ ក្នុង​បរិវេណ​សហភាពនេះ នឹង​ប្រព្រឹត្តទៅ ការ​ចល័ត​ដោយសេរី រវាង​ប្រទេស​សមាជិក មិនគ្រាន់តែ​ទំនិញ​ប៉ុណ្ណោះទេ តែ​ក៏ទាំង​កម្លាំងពលករ សេវា និង​ដើមទុន។

ចំណុចដែលគូសបញ្ជាក់ជា​ឯកច្ឆន្ទ ដោយ​បណ្តា​ប្រមុខ​នៃរដ្ឋសមាជិក​អង្គការ គឺ ថា សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី រំលេចឲ្យឃើញ​ពី “កម្រិតថ្មី កាន់តែខ្ពស់នៃ សមាហរ័ណកម្ម សេដ្ឋកិច្ច”។ ភាសាផ្លូវការ​ដែលប្រើ ក្នុង​សហភាពនេះ គឺ​ភាសា​រុស្ស៊ី ភាសា​បេឡារុស ភាសា កាហ្សាក់ ភាសាអារមេនី។

បើនិយាយពីតួលេខសម្គាល់អង្គការថ្មី ដែល​រួមក្តោប​៤ប្រទេស​ខាងលើ គឺថា សហភាព សេដ្ឋកិច្ចនេះ មាន​បណ្តាជន ១៧៥លាន៦សែននាក់ (លេខ៨​ក្នុងលោក) មាន​ដែនដី ២០លាន២៣០ពាន់គីឡូម៉ែត្រក្រឡា (លេខ១ក្នុងលោក) មាន​ផលិតផល​សរុប​ក្នុងប្រទេស បូកបញ្ចូលគ្នា​ទៅ គឺ ក្នុង​ទឹកប្រាក់ ២៩០ម៉ឺនលានដុល្លារស.រ.អា. (លេខ៦ក្នុងលោក)។ ទ្រនិចលេខទាំងនេះ មុខជា​ស្ទុះឡើង​បង្គួរ ក្រោយពីសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី  ទទួលឲ្យ ចូល ជា​សមាជិកថ្មីៗ​របស់ខ្លួន បែបយ៉ាង​ឥណ្ឌា វៀតណាម អ៊ីស្រអែល និង ប្រទេសខ្លះ​នៃ ទ្វីប​អាមេរិក​ឡាទីន។

ដោយហេតុថា សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ត្រូវបាន “ឡង់សេ” យ៉ាងសកម្ម​ដោយរុស្ស៊ី បានជា មជ្ឍដ្ឋាន​នៅ​បស្ចិមលោក បកស្រាយ​រឿងនេះ ដោយ​ប្រយ័ត្នប្រយែង​ទេតើ។

តាមការរំលឹកនៃ​ប្រព័ន្ធផ្សព្វផ្សាយ​អង់គ្លេស BBC ធ្លាប់បាន​សំដែងក្តី​ព្រួយបារម្ភ​របស់ រដ្ឋាភិបាល ប្រទេស​ខាងលិច គឺ​លោកស្រី ហ៊ីឡារី គ្លិនតុន កាល​គាត់នៅជា​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.។ កាលពីខែធ្នូ​ឆ្នាំ២០១២ លោកស្រី​បានថ្លែង​ទៅ​ពួកអ្នកកាសែត​នៅក្រុង ឌូប្លាំង ហើយ​ថ្លែងនេះ គឺ​មិនយូរប៉ុន្មាន ដល់ពេល​ដែលគាត់​ត្រូវ​ជួបចរចា ជាមួយ​លោក​ប្រមុខការទូត​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ ។ តាមប្រសាសន៍ លោកស្រី ហ៊ីឡារី គ្លិនតុន ៖ ឥឡូវ គេកំពុង​សង្កេតឃើញ ទំនោរ ឆ្ពោះទៅធ្វើ “សូវៀតូបនីយកម្ម”ឡើងវិញ ក្នុង​លំហ​អតីត​សហភាពសូវៀត។ ប្រាកដណាស់ ដែល​គេ​ដាក់ឈ្មោះ​ផ្សេងសោះ។ គេហៅវា​ថា សហភាពពន្ធគយសហភាពអឺរ៉ុបអាស៊ី ជាដើម។ ប៉ុន្តែ ចូរយើង​កុំភាន់ច្រឡំ​ឡើយ ទាក់ទងនឹង​ធាតុពិត​នៃ​សាច់រឿង​ដែលមាន! យើងដឹង តើអ្វីជា​គោលដៅ នៃ​អភិក្រម​នេះ។ រួចយើង​ខិតខំ​ស្វែងរក មធ្យោបាយ​ឲ្យបាន ស័ក្តិសិទ្ធិ ដើម្បី​ពន្យឺត ឬមួយ ទប់ស្កាត់ ដំណើរការ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ