អានតួអត្ថបទ
អ៊ុយក្រែន-សហភាពអឺរ៉ុប

ជំនួបកំពូល​អ៊ុយក្រែន-សហភាពអឺរ៉ុប​នៅ​ក្រុង​គៀវ

នេះ​ជា​ជំនួបកំពូល​អ៊ុយក្រែន-សហភាពអឺរ៉ុប​លើកទី​១៧ ប៉ុន្តែ​ជា​លើកទី១ បើ​គិត​តាំង​ពី​នៅ​អ៊ុយក្រែន​មាន​ផ្ទុះ​ឡើង​ជា​វិបត្តិ​បណ្តាល​មក​ពី​ប្រធានាធិបតី​សម័យ​នោះ គឺ​លោក​យ៉ានូកូវិច មុន​ដំបូង​ថ្លែង​ថា សុខចិត្ត​ចុះ​សន្ធិសញ្ញា​ស្តី​អំពី​ការ​ភ្ជាប់​រដ្ឋអ៊ុយក្រែន​ទៅ​នឹង “លំហ​ពាណិជ្ជកម្ម​សេរី“ ជាមួយ​សហភាព​អឺរ៉ុប ប៉ុន្តែ​បន្ទាប់​មក គាត់​ស្រាប់​តែ​មិន​ព្រម​ចុះ​ទៅ​វិញ ហេតុ​ដែល​បាន​ញ៉ាំង​ឲ្យ​មាន​រលក​បះបោរ​តវ៉ា​នៃ​ពួក​បាតុករ​អឺរ៉ុបនិយម​នៅ​ចំ​កណ្តាល​ក្រុង​គៀវ​អស់ ៣ខែ​ជាប់ លុះ​ទាល់​តែ​ផ្តួល​រូប​គាត់​ធ្លាក់​ពី​អំណាច​ទៅ។ 

ពីឆ្វេង​ទៅ​ស្តំា ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការអឺរ៉ុប និង​ប្រធានាធិបតី​អ៊ុយក្រែន
ពីឆ្វេង​ទៅ​ស្តំា ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការអឺរ៉ុប និង​ប្រធានាធិបតី​អ៊ុយក្រែន Reuters
ផ្សាយពាណិជ្ជកម្ម

ជា​ការ​រំលឹក​ក្នុង​ក្របខ័ណ្ឌ​ជំនួបកំពូល​នៃ ”ភាព​ជា​ដៃគូ​របស់​សហភាពអឺរ៉ុប​ជាមួយ ៦ប្រទេស​នៃ​អតីត​សហភាពសូវៀត គឺ​អ៊ុយក្រែន ម៉ុលដាវី បេឡារុស អាមេនី ហ្ស័កហ្ស៊ី និង​អាស៊ែរប៊ែដហ្សាន“ ស្ថិត​នៅ​ខាង​កើត​ទ្វីប​អឺរ៉ុប​ដែល​បាន​ប្រព្រឹត្ត​ទៅ នៅ​ក្រុង​វិលញូស​រដ្ឋធានី​លីទុយអានី ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៣ លោក​ប្រធានាធិបតី​អ៊ុយក្រែន​កាលណោះ គឺ​លោក​យ៉ានូកូវិច ស្រាប់​តែ​ប្រកែក​មិនព្រម​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ស្តី​អំពី​ការ​ភ្ជាប់​រដ្ឋ​អ៊ុយក្រែន​ទៅ​នឹង“លំហ​ពាណិជ្ជកម្ម​សេរី“ ជាមួយ​សហភាពអឺរ៉ុប ក្រោយ​ពី​ឮ​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន​ព្រមាន​ថា បើ​ក្រុង​គៀវ​ហ៊ាន​ចុះ​មែន នោះ​អ៊ុយក្រែន​លែង​អាច​ភ្ជាប់​ខ្លួន​មក​នឹង “សហភាព​ឥត​ពន្ធគយ“ ដែល​មាន​រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន​ជា​សមាជិក។

កាលណោះ លោក​យ៉ានូកូវិច​បាន​សំណូមពរ​ថា មុន​នឹង​ចុះ​ឯកសារ​នេះ​ទៅ​កើត គប្បី​បើក​ធ្វើ​ទៅ​ជា​កិច្ចចរចា​ត្រីភាគី​អ៊ុយក្រែន សហភាពអឺរ៉ុប រុស្ស៊ី ពីព្រោះ​អ៊ុយក្រែន​មាន​ចំណង​សេដ្ឋកិច្ច​សាំញ៉ាំ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​រុស្ស៊ី ដោយ​មិន​អាច​កាត់​ផ្តាច់​ចំណង​នេះ​យ៉ាង​ផុយ​ឡើយ។ សហភាពអឺរ៉ុប​បាន​ច្រាន​ចោល​សំណើ​អ៊ុយក្រែន​នេះ ដោយ​ចាត់​ទុក​វា​ជា​រឿង​មិន​ធ្លាប់​មាន​ឡើយ​ក្នុង​ប្រវត្តិ​ខ្លួន។ ប៉ុន្តែ​ក្រោយ​ពី​លោក​យ៉ានូកូវិច​ធ្លាក់​ពី​អំណាច​ទៅ​នៅ​ថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៤ រដ្ឋាភិបាល​ថ្មី​នៅ​អ៊ុយក្រែន​ក៏​បាន​ចុះ​ហត្ថលេខា​មែន​លើ​សន្ធិសញ្ញា​ស្តី​អំពី​ការ​ភ្ជាប់​រដ្ឋអ៊ុយក្រែន​ទៅ​នឹង“លំហ​ពាណិជ្ជកម្ម​សេរី“ ជាមួយ​សហភាពអឺរ៉ុប​នៅ​ថ្ងៃទី២១ មីនា។ ហើយ​ជំនួប​ត្រីភាគី​អ៊ុយក្រែន សហភាពអឺរ៉ុប និង​រុស្ស៊ី​ក៏​បាន​ប្រព្រឹត្ត​ទៅ​ជា​លើកទី១ គឺ​ថ្ងៃទី១១ កក្កដា​នៅ​ក្រុង​ព្រុចសែល។

រួច​បន្ទាប់​មក​នៅ​ថ្ងៃទី១២ កញ្ញា​ក៏​មាន​ប្រព្រឹត្ត​ទៅ​ជា​លើកទី២ ជំនួប​ត្រីភាគី​នោះ​ដោយ​បាន​អនុម័ត​យក​កិច្ចព្រមព្រៀង​ស្តីអំពី​ការ​ព្យួរ​ទុក​សិន យ៉ាង​ហោច​ណាស់​រហូត​ដល់​ថ្ងៃទី១ កមរា ឆ្នាំ២០១៦ នូវ​ការ​អនុវត្តន៍​តាម​សន្ធិសញ្ញា​ស្តីអំពី​ការ​ស៊ីជម្រៅ​សមាហរ័ណកម្ម​សេដ្ឋកិច្ច​អ៊ុយក្រែន​ទៅ​ក្នុង​លំហ​សហភាពអឺរ៉ុប​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​អ៊ុយក្រែន​ប្រើប្រាស់​របប​អនុគ្រោះ​ក្នុង​លំហ​ពាណិជ្ជកម្ម​សេរី​នៃ​សហគមន៍​រដ្ឋឯករាជ្យ​ហៅកាត់ថា CEI៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ