អានតួអត្ថបទ
អឺរ៉ុប-អ៊ុយក្រែន-រុស្ស៊ី

អឺរ៉ុប​និយាយ​មិន​ត្រូវ​​គ្នា​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​​ធ្ងន់​លើ​រុស្ស៊ី

រក​មិន​​ឃើញការ​ព្រមព្រៀង​គ្នា​ដោយ​ល្អូក​ល្អើន ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី​ ដែល​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​លើ​អ៊ុយក្រែនទេ។ ជួប​ប្រជុំ​គ្នា​​ក្រៅផ្លូវការនៅ​ក្រុង​រីហ្កា រដ្ឋមន្ត្រី​ការបរទេស​​ទាំង​២៨​របស់​សហភាព​អឺរ៉ុបបាន​ត្រឹម​ត្រូវ​រ៉ូវ​គ្នា​កាយកប់​គំនិត​ខ្វែង​គ្នាខ្លាំង ដោយ​រក្សា​ការ​ដាក់​ទណ្ឌកម្ម​លើ​ឥស្សរជន​រុស្ស៊ី​ និង​អ៊ុយក្រែន​ស្និទ្ធ​នឹង​រុស្ស៊ី​១៥១​នាក់​តាម​រយៈ​ការ​​​បង្ក​ទ្រព្យ​ធន​និង​មិន​ផ្តល់​ទិដ្ឋាការ​ឱ្យ​ធ្វើ​ដំណើរ។ តែ​យុទ្ធសាស្ត្រ​អឺរ៉ុប​ប្រឈម​នឹង​រុស្ស៊ី​នៅ​តែ​ជា​ប្រធានបទ​​នៃ​ការ​តស៊ូ​មតិ​ដដែល។

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​និង​បារាំង​កំពុង​ជជែក​គ្នា​នៅ​ក្រុង​រីហ្កា ថ្ងៃទី ៦ មីនា ២០១៥
រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​និង​បារាំង​កំពុង​ជជែក​គ្នា​នៅ​ក្រុង​រីហ្កា ថ្ងៃទី ៦ មីនា ២០១៥ © Reuters
ផ្សាយពាណិជ្ជកម្ម

“​យើង​សម្គាល់​ឃើញ​ស្ថានភាព​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ប្រសើរ​ឡើង​បន្តិច​ហើយ ប៉ុន្តែ​យើង​បន្ត​ប្រុង​ប្រយ័ត្ន​ជានិច្ច!” នេះ​ជា​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​បារាំង នា​ឱកាស​ជំនួប​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ការបរទេស​ហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​សុក្រ​និង​សៅរ៍​ទី ៧ មីនា​នេះ។

 
សម្រាប់​លោក​ប្រមុខ​ការ​ទូត​បារាំង គេ​ត្រូវ​តែ​បន្ត​ដំឡើង​សំឡេង​ដាក់​រុស្ស៊ី​ជា​និច្ច ព្រោះ​បទ​ឈប់​បាញ់​ចុះ​ហត្ថ​លេខា​នៅ​ទីក្រុង​មីនស្កិ៍ ប្រទេស​បេឡារ៉ុស មិន​ត្រូវ​​គោរព​បាន​ដោយ​ពេល​លេញមែន តែ​អាវុធ​ធុន​ធ្ងន់ត្រូវ​បាន​ដក​ចេញ​សមរភូមិ​ហើយ។ ដូច្នេះ​បើ​គ្មាន​រំលោភ​ជា​ទ្រង់ទ្រាយ​ធំ​ វា​គ្មាន​ន័យ​ឡើយ​ដែល​ត្រូវ​បន្ថែម​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​នោះ។ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាង​ត្បូង ដូច​ជា​អេស្ប៉ាញ ឬ​អ៊ីតាលី​... ចង់​និយាយ​អំពី​ទណ្ឌកម្ម​រុស្ស៊ី​នៅខែ​មិថុនា​ឬ​កក្កដា ព្រោះ​ទណ្ឌកម្ម​នេះ​រំខាន​ដល់ការ​នាំ​ចេញ​របស់​ពួក​គេ។ ចំពោះ​ប៉ារីស ក្នុង​បរិបទ​ដ៏​ពុះ​កញ្ជ្រោល​បែប​នេះ គេ​មិន​ត្រូវ​លើក​ទណ្ឌកម្ម​ដែល​មាន​ស្រាប់ ឬ​បន្ថែម​ទណ្ឌកម្ម​ថ្មី​ទេ។ នេះ​ជា​ជម្រើស​ជា​ផ្លូវ​ការរបស់​សហភាព​អឺរ៉ុប បើ​​ ទោះ​បី​មិន​គំនិត​ខ្វែង​គ្នា ​ប៉ុន្តែ​ខាង​ក្រុម​ដែល​ដឹកនាំ​ដោយ​អង់គ្លេស និង​ក្រុម​ប្រទេស​នៅ​តំបន់​បាល់​ទិកនិង​ប៉ូឡូញ​ ពួក​គេ​ចង់​ពន្យារ​ទណ្ឌកម្ម​ទុក​ជាមុន​ចាប់​ពី​ខែ​មីនា​នេះ​តែ​ម្តង​ទៅ ដើម្បី​ដាក់​គំនាប​លើ​រុស្ស៊ី។ រដ្ឋមន្ត្រី​ការបរទេស​លីទុយនី ដែល​គាំទ្រ​ឱ្យ​មាន​ការ​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន អះអាង​ថា​ធ្វើ​បាន​ឆាប់​ប្រសើរ​ជា​ង​ទុក​ឱ្យ​ជ្រុល​យូរ។

សូម​បញ្ជាក់​ថា​ក្នុង​ជំនួប​ក្រុមប្រឹក្សា​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ សមាជិក​សហភាព​អឺរ៉ុប បាន​​ពិភាក្សា​ថា​តើ​ត្រូវ​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ប្រឆាំង​​​​​ធនាគារ​ និង​ក្រុមហ៊ុន​ថាមពល​ធំៗ​របស់​រុស្ស៊ី​ ឬ​យ៉ាង​ណា។ ប៉ុន្តែ​ជំនួប​ប្រជុំ​បាន​ត្រឹម​ពិភាក្សា!​ ការ​ជជែក​គ្នា​នឹង​លើក​ទៅ​បន្ត​នា​ឱកាស​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ជា​ថ្មី​​ម្តង​ទៀត​នៅ​ថ្ងៃទី ១៦​មីនា មុន​ជំនួប​កំពូល​ថ្នាក់​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ថ្ងៃ​ទី ១៩​មីនា នា​ទីក្រុង​ព្រុចសែល ដើម្បី​កំណត់​យុទ្ធសាស្ត្រ​អឺរ៉ុប​ប្រឈម​នឹង​រុស្ស៊ី។

ក្នុង​ដំណាក់​កាល​នេះ អឺរ៉ុប​និយាយ​មិន​ត្រូវ​គ្នា​ទេ។ ជា​ញឹក​ញយ​គឺ​លោកស្រី​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់​ជា​អ្នក​សម្រេច​សេចក្តី តែ​រហូតមក​ទល់​ពេល​នេះ អាល្លឺម៉ង់​គ្មានបញ្ចេញ​ប្រតិកម្ម​អ្វី​សោះ។ យ៉ាង​ណា​ក៏​ដោយ សហភាព​អឺរ៉ុប​​នឹង​រក​ឃើញ​កិច្ច​ព្រមព្រៀង​គ្នា​មួយ គ្រាន់​តែ​គ្នា​ច្រើន​ត្រូវ​ពេល​វេលា​យូរ​បន្តិច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ