អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

កិច្ចចរចា​មួយ​វគ្គថ្មី​នៅ​ក្រុង​មិនស្ក៏​បាន​ចប់​ទៅ ដោយ​គ្មាន​លទ្ធផល​ជាក់លាក់

កិច្ចចរចា​ជុំវិញ​ដំណោះស្រាយ​វិបត្តិ​នៅ​តំបន់​បះបោរ​ខាងកើត​អ៊ុយក្រែន​បាន ប្រព្រឹត្ត​ទៅ​ឡើង​វិញ​ក្នុង​រដ្ឋធានី​បេឡារុស​ថ្ងៃទី២៤ ធ្នូ ក្រោយ​ពី​អាក់ខាន​អស់​សឹង​៤ខែ។ បាន​ចូលរួម គឺ​តំណាង​របស់​ក្រុង​គៀវ និង​តំណាង​របស់​ភាគី​បះបោរ​ខាងកើត​អ៊ុយក្រែន​ដែល​រុស្ស៊ី​និយម ដោយ​មាន​តំណាង​របស់​ក្រុងម៉ូស្គូ និង​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​ទ្វីប​អឺរ៉ុប OSCE ជា​អន្តរការី។ ប៉ុន្តែ​ក្រោយ​ពី​ប្រព្រឹត្ត​ទៅ​អស់សឹង ៦ម៉ោង​មក លុះ​រហូត​ដល់​ម៉ោង ១១យប់ គេ​ឥត​បាន​ប្រកាស​ឡើយ​អំពី​កាលបរិច្ឆេទ​ថ្មី​សម្រាប់​បន្ត​កិច្ចចរចា​នេះ។

កិច្ចចរចា​មួយ​វគ្គថ្មី​នៅ​ក្រុង​មិនស្ក៏​បាន​ចប់​ទៅ ដោយ​គ្មាន​លទ្ធផល​ជាក់លាក់
កិច្ចចរចា​មួយ​វគ្គថ្មី​នៅ​ក្រុង​មិនស្ក៏​បាន​ចប់​ទៅ ដោយ​គ្មាន​លទ្ធផល​ជាក់លាក់ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

គួរ​រំលឹក​ថា កិច្ចចរចា​ម្សិលមិញ​បាន​ប្រព្រឹត្ត​ទៅ​កើត គឺ​យោង​ទៅ​តាម​លទ្ធផល​នៃ​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រវាង​ប្រមុខរដ្ឋ​រុស្ស៊ី ប្រធានាធិបតី​បារាំង នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ និង​ប្រធានាធិបតី​អ៊ុយក្រែន​ដែល​បាន​សម្រេច​ថា “ក្រុម​ទំនាក់ទំនង​ចតុភាគី”នោះ​ខាង​រក​ច្រក​ចេញ​ឲ្យ​វិបត្តិ​នៅ​អ៊ុយក្រែន​ត្រូវ​ជួបគ្នា​២លើកទៀត គឺថ្ងៃទី២៤ ធ្នូ និងទី២៦ ធ្នូ។ ប៉ុន្តែ​បន្ទាប់​ពី​កិច្ចចរចា​ម្សិលមិញ គ្មាន​ភាគីណាមួយ​បាន​និយាយ​អំពី​កាលបរិច្ឆេទ​ថ្មី​នៃ​ជំនួប​ឡើយ។ សាច់រឿង​នៃ​ពិភាក្សា​ម្សិលមិញ គឺ​ទាក់ទង​នឹង​ការ​បំពេញ​តាម​ចំណុច​សំខាន់ៗ​នៃ​ពិធីសារ និង​កិច្ចព្រមព្រៀង​ចុះ​នៅ​ក្រុង​មិនស្ក៏​កាល​ពី​ជិត​៤ខែ​មុន គឺ​នា​ថ្ងៃទី៥ កញ្ញា និយាយឲ្យចំ បញ្ហា​ប្តូរ​ឈ្លើយសឹក​ទៅវិញ​ទៅមក តាម​រូបមន្ត « ទាំងអស់​ទល់​នឹង​ទាំងអស់ » កុំ​ឲ្យ​សល់​ម្នាក់​ឡើយ។

ត្រង់​ចំណុច​នេះ តាម​តួលេខ​នៃ​ស្ថាប័ន​សន្តិសុខ​អ៊ុយក្រែន SBU ក្រុង​គៀវ​ត្រៀម​ប្រគល់​ទៅ​ឲ្យ​ភាគី​បះបោរ គឺ​ឈ្លើយ ២២៥នាក់​ក្នុង​នោះ មាន​ទាំង​ជាតិ​រុស្ស៊ី​ផង។ ហើយ​ស្រប​នឹង​ប្រភព​ក្រុងគៀវ ជាប់​នៅ​ក្នុង​កណ្តាប់ដៃ​ពួក​បះបោរ គឺ​មាន​យោធា អ្នកកាសែត ជនស្ម័គ្រចិត្ត និង​មនុស្ស​ប្រភេទ​ផ្សេង​ទៀត ជាតិអ៊ុយក្រែន សរុប​ទៅ ម្តុំ​ពី ៦៣០ ដល់ ៦៩០នាក់។ បញ្ហា​ដក​សព្វាវុធ​ធុន​ធ្ងន់ៗ ដែល​គ្រាប់កាណុង​វា​មាន​កាលីប ចាប់​ពី ១០០មីលីម៉ែត្រ​ឡើង​ទៅ ហើយ​អាច​បាញ់​ដល់​ចម្ងាយ៣០គ.ម. ត្រូវ​ដក​ចេញ​ពី​ខ្សែ​ដែល​ខ័ណ្ឌ​ដែនដី​ក្រោម​ការត្រួតត្រា​របស់​ភាគី​បះបោរ ពី​ដែនដី​ក្រោម​ការត្រួតត្រា​របស់​កងទ័ព​អ៊ុយក្រែន​នៃ​ខេត្តដូណេត និង​លូហ្កាន់ ម្ខាងៗ​ទៅ​ចម្ងាយ ១៥គ.ម.គ្រាន់​នឹង​បង្កើត​ឡើង​ជា​តំបន់​ទ្រនាប់​ទទឹង​ដល់៣០គ.ម.។

ភាគី​បះបោរ​ទាមទារ​ពី​ក្រុងគៀវ​ឲ្យ​ឈប់​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​ខេត្ត​បះបោរ​ទាំង​ពីរ​នោះ គឺ​ឲ្យ​បើក​ប្រាក់ខែ និង​ប្រាក់រ៉ឺត្រែត​ឡើង​វិញ ដល់​អ្នកស្រុក​ខេត្ត​ទាំងពីរ ដ្បិត​ពេល​ធ្វើការ គេ​សុទ្ធ​តែ​បាន​បង់ពន្ធ​ទៅ​ក្នុង​ថវិកា​រដ្ឋ​អ៊ុយក្រែន​ទេ​តើ ប្រាក់​ទាំង​នោះ​ត្រូវ​បាន​ក្រុង​គៀវ​ផ្តាច់​ឈប់​បង់​តាំង​ពី​កណ្តាល​ខែវិច្ឆិកា​មក។ មិន​តែ​ប៉ុណ្ណោះ ភាគី​បះបោរ​ទាមទារ​ពី​ក្រុងគៀវ​ឲ្យ​ផ្តល់​នូវ​”លក្ខន្តិកៈពិសេស” ដល់​ខេត្ត​ទាំង​ពីរ។ នៅ​តាម​មុខ​ព្រួញ​នេះ វិមាន​ក្រេមឡាំង​ដែល​តែង​ប្រកាស​ទទួល​ស្គាល់​បូរណភាព​ដែនដី​រដ្ឋអ៊ុយក្រែន យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​រុស្ស៊ី​ថ្ងៃនេះ​បាន​ទូន្មាន​ខេត្តបះបោរ​ទាំង​ពីរ ឲ្យ​ធ្វើ​ការ​បោះឆ្នោត​ថ្មី​ទៅ​លើក​នេះ គឺ​ដោយ​សម្រប​យោបល់​ជាមួយ​ក្រុងគៀវ​តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ