អានតួអត្ថបទ
អ៊ុយក្រែន

រដ្ឋសភា​អ៊ុយក្រែន បាន​លុប​ចោល​ លក្ខន្តិកៈ​មិន​ចូល​បក្សសម្ព័ន្ធ

សំនើ​ឲ្យ​លុបចោល​ច្បាប់​នេះ​ ត្រូវ​បាន​ដាក់ចេញ​ដោយ​លោក​ប្រធានាធិបតី ប៉ូរ៉ូឆេនកូ ពី​ព្រោះ​គាត់​យល់​ថា ​វា​មិនអាច​ធានា​សន្តិសុខ​ជាតិ​អ៊ុយក្រែន​ឡើយ។ ការ​លុបចោល ​លក្ខន្តិកៈ​នេះ គឺ​បើកផ្លូវ​ឲ្យ​អ៊ុយក្រែន​ដាក់ពាក្យ​ សុំ​ចូល​ជា​សមាជិក​បក្សសម្ព័ន្ធ​អូតង់​តែ​ម្តង។ ប៉ុន្តែ តាម​យោបល់​គាត់ មុន​ដំបូង ​ត្រូវ​លើក​បញ្ហា​នេះ ​ទៅ​ធ្វើ ប្រជា​មតិ​សិន។

សមាជិក​សភា​អ៊ុយក្រែន​ទះដៃអបអរ​សារទ​ ក្រោយការបោះឆ្នោត​​​សម្រេច​ដកខ្លួន​ចេញ​ពីក្រុម​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ
សមាជិក​សភា​អ៊ុយក្រែន​ទះដៃអបអរ​សារទ​ ក្រោយការបោះឆ្នោត​​​សម្រេច​ដកខ្លួន​ចេញ​ពីក្រុម​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ
ផ្សាយពាណិជ្ជកម្ម

ជាការរំលឹក ច្បាប់​ស្តី​អំពី លក្ខន្តិកៈ​អ៊ុយក្រែន​ជា ប្រទេស​មិន​ចូល​បក្សសម្ព័្នន្ធ ត្រូវបាន អនុម័ត ​កាល​ពី​ខែ​មករា​ឆ្នាំ​២០១១ ​ជំនាន់​ប្រធានាធិបតី​ទី៤​របស់​រដ្ឋ​នេះ គឺលោក យ៉ានូកូវិច ​ដែល​រុស្ស៊ី​និយម។

 
ប៉ុន្តែ ​បន្ទាប់​ពី​សហព័ន្ធ​រុស្ស៊ី ​បាន​ភ្ជាប់​យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន​មក ​និង​ក្នុង​បរិបទ នៃ ​ជម្លោះ​ផ្តាច់​ទឹកដី ​នៅ​ប៉ែក​ខាងកើត​អ៊ុយក្រែន​ ដែល​តាម​យោបល់​ក្រុង​គៀវ គឺ ​បង្កឡើង​ដោយ ​ម៉ូស្គូ ​អ៊ុយក្រែន​យល់​ថា ​លក្ខន្តិកៈ​មិន​ចូល​បក្សសម្ព័ន្ធ ​មិន​អាច​ធានា​សន្តិសុខ​ជាតិ​ខ្លួន​ឡើយ ​ម៉្លោះហើយ ​បាន​ជា​ប្រធានាធិបតី​បច្ចុប្បន្ន​លោក ប៉ូរ៉ូឆេនកូបាន​ស្នើ​ឲ្យ​ រដ្ឋសភា​លុបចោល​ទៅ​ ស្ថានភាព​មិនចូល​បក្សសម្ព័ន្ធ​នេះ។

ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ម្សិលមិញ ​ពី​ក្នុង​ចំណោម​តំណាង​រាស្ត្រ ​៤២៣នាក់​ នៃ​រដ្ឋសភា មាន​ដល់​ទៅ​៣០៣​សំឡេង ​គឺ​លើស​ឆ្ងាយ ​ពី​ចំនួន​សំឡេង​ ពាក់​កណ្តាល​បូក​មួយ ​ឫ ​២១២ ​សំឡេង ​ដែល​ទាមទារ​ដោយ​ច្បាប់​ បាន​គាំទ្រ​ដល់​សំនើ​នេះ។

ក្នុង​ច្បាប់​បច្ចុប្បន្ន​របស់​អ៊ុយក្រែន ​ស្តី​អំពី”មូលដ្ឋាន​នៃ​សន្តិសុខ​ជាតិ​អ៊ុយក្រែន” ​មាន​ចែង​ថា ៖ សមាហរ័ណកម្ម ​អ៊ុយក្រែន ​ទៅ​ក្នុង​លំហ​អឺរ៉ុប​ផ្នែក​នយោបាយ ​សេដ្ឋកិច្ច ​គតិយុត្ត គឺ​ក្នុង គោលដៅ ​ប្រែ​អ៊ុយក្រែន​ ឲ្យ​ក្លាយ​ទៅ​ជា​សមាជិក ​នៃ​សហភាព​អឺរ៉ុប ​និង បក្សសម្ព័ន្ធ​អូតង់​តែម្តង ​នេះ​ហើយ ​ជា​មុខព្រួញ​ ជា​អាទិភាព ​នៃ​នយោបាយ​ក្រៅ​ប្រទេស​របស់​អ៊ុយក្រែន។

 
លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្កៃ ឡាវ៉្រូវ ​បាន​ប្រតិកម្ម​ដោយ​ឥត​បង្អែបង្អង់​ឡើយ​ថា ការ​លុបចោល​ លក្ខន្តិកៈ​មិន​ចូល​បក្សសម្ព័ន្ធ ​របស់​អ៊ុយក្រែន ​គឺ​អាច​តែ​អូសទាញ ​ស្ថានការណ៍ ​ឲ្យ​រឹតតែ​តានតឹង ​ហើយ ​វា​នឹង​ហុច​មក​នូវ ផល​បញ្ច្រាស់​ ទៅ​វិញ​សោះ។ តាម​លោក​ឡាវ៉្រូវ គឺ​ជា ការ​”ភាន់វិញ្ញាណទេតើ” ​សម្រាប់​ក្រុងគៀវ​ ដែល​យល់​ថា ​ការ​លុបចោល លក្ខន្តិកៈ​មិនចូល បក្ស សម្ព័ន្ធ អាច​ជួយ​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​អ៊ុយក្រែន ដែល​ចាក់ឫស​ជ្រៅ​ទៅ​ហើយ។

ចំណែក​តំណាង​របស់​រុស្ស៊ី ​ប្រចាំ​នៅ​អង្គការ​ដើម្បី​សន្តិសុខ​និង​សហប្រតិបត្តិការ​ទ្វីប​អឺរ៉ុប OSCE លោក Andrei Kelin​ថ្លែង​ថា ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ម្សិលមិញ ក្នុង​រដ្ឋសភា​អ៊ុយក្រែន​ គឺ ជា ”ជំហាន​អមិត្ត​ទល់​នឹង​រុស្ស៊ី” និង​ថា អ៊ុយក្រែន ​ដើម្បី​ចូលជា​សមាជិក​អូតង់ ​គឺ​មិន​ឆ្លើយ​ស្រប​ ឡើយ​នឹង​លក្ខណ​វិនិច្ឆ័យ ​របស់​បក្ស​សម្ព័ន្ធ​នេះ ​ទោះ​ផ្នែក​នយោបាយ​ក្តី ផ្នែក​សេដ្ឋកិច្ច​ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ