អានតួអត្ថបទ
អូទ្រីស-ស៊ីរី

វិបត្តិស៊ីរី៖តួអង្គ​សំខាន់ៗ​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស

នៅ​ថ្ងៃ​សុក្រ ទី៣០ តុលា​នេះ កិច្ចប្រជុំ​ស្តីពី​វិបត្តិ​ស៊ីរី​បាន​រៀបចំ​ជា​ថ្មី​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។ កិច្ចប្រជុំ​ពេល​នេះ ជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​មក​ពី​អាមេរិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត តួកគី ព្រម​ទំាង​ពី​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​អ៊ីរ៉ង់​ផង​ដែរ។ នេះ​ជា​លើកទី១ ដែល​តួអង្គ​អ៊ីរ៉ង់​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​ដែល​បាន​អូសបន្លាយ​ជិត ៥ឆ្នំា និង​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២៥ម៉ឺន​នាក់។

ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី
ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​វិបត្តិស៊ីរី​បាន​ផ្ទុះ​ក្នុង​ខែ​មីនា ឆ្នំា ២០១១ មក នេះ​ជា​លើកទី១ ដែល​កិច្ចប្រជុំ​បាន​ចូលរួម​ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទំាង​អស់ ពោល​មន្រ្តីការទូត​មក​ពី​បស្ចិមលោក និង​មក​ពី​តំបន់​មជ្ឈិមបូព៌ា ហើយ​វត្តមាន​ដែល​គ្រប់​គ្នា​បាន​ចាប់​អារម្មណ៍​ខ្លំាង​នោះ គឺ​លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​ម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារី្វ។ តែ​មុន​នឹង​ផ្តើម​កិច្ចប្រជុំ​រួម​ថ្ងៃ​នេះ គេ​សង្កេត​ឃើញ​មាន​កិច្ចប្រជុំ​ជា​លក្ខណៈ​ទ្វេភាគី​ត្រូវ​បាន​រៀបចំ​តំាង​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ តុលា ពិសេស​រវាង​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី និង​សមភាគី​អ៊ីរ៉ង់​លោក​ម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារី្វ។ លោក​ឃ៊ែរី​បាន​ថ្លែង​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ អ៊ីរ៉ង់​ត្រូវ​តែ​ទទួល​បាន​កន្លែង​មួយ​នៅ​ក្នុង​កិច្ចចរចា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។

គួរ​ជម្រាប​ជូន​ថា​កន្លង​មក សហគមន៍​អន្តរជាតិ​ធ្លាប់​បាន​រៀបចំ​សន្និសីទ​ចំនួន​ពីរ​ដង​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​ស្តីពី​វិបត្តិ​ស៊ីរី តែ​អ៊ីរ៉ង់​មិន​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ចូលរួម​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​គ្រប់​គ្នា​បាន​ចាត់​ទុក​វត្តមាន​អ៊ីរ៉ង់​ពេល​នេះ ថា​ជា​ការ​បោះជំហាន​ផ្លូវទូត​យ៉ាង​សំខាន់​នៅ​ក្នុង​វិបត្តិស៊ីរី ព្រោះ​អ៊ីរ៉ង់​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ លោក​ប្រមុខ​ការទូត​រុស្ស៊ី​បាន​បញ្ជេញ​ប្រតិកម្ម​ដោយ​សាទរ​ថា នៅ​ទីបំផុត គេ​អាច​ប្រមូល​គ្រប់​ភាគី​ពាក់ព័ន្ធ​ទំាង​អស់​ឲ្យ​ចូល​អង្គុយ​នៅ​ជុំវិញ​តុ​តែ​មួយ។ ចំណាប់​អារម្មណ៍​ដូច​គ្នា​នេះ​ក៏​មាន​ពី​ប្រមុខ​ការទូត​បារំាង និង​អាល្លឺម៉ង់​ដែរ។

គោលដៅ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ជជែក​ពី​លទ្ធភាព​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​នៅ​ស៊ីរី​មួយ​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទំាង​អស់។ តែ​អ្វី​ដែល​កិច្ចប្រជុំ​ត្រូវ​និយាយ​ចុះ​សម្រុង​ជា​មុន​នោះ គឺ​ជោគវាសនា​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ អ្នក​ខ្លះ​យល់​ថា គេ​ត្រូវ​តែ​ដក​លោក​អាសាដ​ចេញ​ពី​ឆាក​នយោបាយ​ស៊ីរី តែ​អ្នក​ខ្លះ​ទៀត​យល់​ថា ដំណោះស្រាយ​ស៊ីរី​តាម​ផ្លូវ​ណា​ក៏​ដោយ គឺ​ត្រូវ​តែ​មាន​វត្តមាន​លោក​អាសាដ​ដោយ​មិន​អាច​ខ្វះ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ