អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់-ស៊ីរី

វិបត្តិស៊ីរី៖ហេតុអ្វី​បាន​ជា​អាមេរិក​ចង់​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រទេស​អ៊ីរ៉ង់?

វិបត្តិស៊ីរី​កំពុង​បន្ត​ក្លាយ​ជា​បច្ចុប្បន្នភាព​ក្តៅគគុក​របស់​សហគមន៍​អន្តរជាតិ។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់​បាន​ជា​បន្ទាន់​នៅ​ចំពោះ​មុខ គឺ​ការ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​អន្តរកាល​មួយ​ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទំាង​អស់។ នៅ​ថ្ងៃ​អង្គារ ទី២៧ វិច្ឆិកា និង​ក្រោយ​ពី​កិច្ចប្រជុំ​ចុតភាគី​ចូល​រួម​ដោយ​ប្រទេស​រុស្ស៊ី អាមេរិក អារ៉ាប៊ីសាអូឌីត និង​ប្រទេស​តួកគី​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​មក កិច្ចប្រជុំ​ចតុភាគី​ដដែល​គ្រោង​នឹង​ជួប​គ្នា​ជា​ថ្មី​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ តុលា មុន​នឹង​អាច​មាន​ការ​ចូលរួម​ពី​៤ប្រទេស​ផ្សេង​ទៀត​នៅ​ថ្ងៃ​សុក្រ ទី៣០ តុលា គឺ​អេហ្ស៊ីប អ៊ីរ៉ាក់ លីបង់ និង​ប្រទេស​អ៊ីរ៉ង់។ អ៊ីរ៉ង់​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​តួអង្គ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។

លោក​ប្រមុខ​ការទូត​រុស្ស៊ី (រូបឆ្វេង) និង​សមភាគី​អាមេរិក John Kerry
លោក​ប្រមុខ​ការទូត​រុស្ស៊ី (រូបឆ្វេង) និង​សមភាគី​អាមេរិក John Kerry Dominick Reuter/AFP/Archives
ផ្សាយពាណិជ្ជកម្ម

អ្នក​ដែល​បាន​លើក​ឡើង​ពី​ឈ្មោះ​ប្រទេស​អ៊ីរ៉ង់​មុន​គេ​សម្រាប់​ដោះស្រាយ​វិបត្តិ​ស៊ីរី គឺ​អ្នក​នំា​ពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក​លោក​ចន កឺប៊ី។ លោក​ចន កឺប៊ី​គ្រាន់​តែ​បញ្ជាក់​ថា អាមេរិក​កំពុង​រង់ចំា​ឲ្យ​មាន​ការ​អញ្ជើញ​ភាគី​អ៊ីរ៉ង់​ឲ្យ​ចូល​រួម​នៅ​ក្នុង​កិច្ចប្រជុំ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។ តែ​ថ្នាក់​ដឹកនំា​អាមេរិកំាង​មិន​បាន​លំអិត​ឲ្យ​បាន​ច្បាស់​ទេ​ថា តើ​អ្នក​ណា​ជា​អ្នក​សរសេរ​សំបុត្រ​អញ្ជើញ​អ៊ីរ៉ង់ ហើយ​ថា​តើ​អ៊ីរ៉ង់​យល់ព្រម ឬ​មិន​យល់​នឹង​ការ​អញ្ជើញ​នោះ។ តាម​គម្រោង និង​ក្រោយ​ពី​មាន​កិច្ចប្រជុំ​ចតុភាគី​ចូលរួម​ដោយ​អាមេរិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត និង​ប្រទេស​តួកគី​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​មក កិច្ចប្រជុំ​ថ្មី​ស្តីពី​សំណុំរឿង​ស៊ីរី​ដដែល​ត្រូវ​បាន​គេ​គ្រោង​រៀបចំ​ជា​ថ្មី​ចាប់​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ដល់​ថ្ងៃ​សុក្រ ទី៣០ តុលា។ កិច្ចប្រជុំ​ក្នុង​ថ្ងៃ​សុក្រ ទី៣០ តុលា​អាច​នឹង​មាន​ការ​ចូលរួម​ពី ៤ប្រទេស​បន្ថែម គឺ​អេហ្ស៊ីប អ៊ីរ៉ាក់ លីបង់ និង​ប្រទេស​អ៊ីរ៉ង់។

បើ​គេ​ពិនិត្យ​មើល​នៅ​ក្នុង ៤ប្រទេស​ថ្មី​ដែល​នឹង​អាច​អញ្ជើញ​ឲ្យ​ចូល​រួម អ៊ីរ៉ង់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​តួអង្គ​សំខាន់​ជាង​គេ។ បើ​មាន​ការ​អញ្ជើញ​អ៊ីរ៉ង​ឲ្យ​ចូលរួម​មែន  ហើយ​បើ​អ៊ីរ៉ង់​បាន​យល់ព្រម​ចូលរួម​មែន​នោះ នោះ​វា​ជា​សេណារីយ៉ូ​ថ្មី​មួយ​នៅ​ក្នុង​ដំណើរ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​ដែល​បាន​អូសបន្លាយ​ជិត ៥ឆ្នំា​ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២៥០ ០០០នាក់។ នៅ​ថ្ងៃ​អង្គារ ទី២៧ តុលា លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន។ នៅ​ក្នុង​កិច្ចសន្ទនា​នោះ លោក​អូបាម៉ា​បាន​លើកឡើង​ពី​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម និង​ពី​លទ្ធភាព​នៃ​ដំណើរ​អន្តរកាល​នយោបាយ​នៅ​ស៊ីរី។ តែ​លោក​អូបាម៉ា​មិន​បាន​និយាយ​ចំៗ​ជាមួយ​ស្តេច​សាលម៉ាន​ពី​លទ្ធភាព​នៃ​ការ​បញ្ចូល​អ៊ីរ៉ង់​ទៅ​ក្នុង​កិច្ចចរចា​នា​ពេល​ខាង​មុខ​ទេ។

អ៊ីរ៉ង់​ជា​តួអង្គ​មិន​អាច​ខ្វះ​បាន​សម្រាប់​ដោះស្រាយ​វិបត្តិ​ស៊ីរី

គួរ​បញ្ជាក់​ថា អ៊ីរ៉ង់​ជា​ប្រទេស​មហា​អំណាច​មួយ​នៅ​ក្នុង​តំបន់​ដែល​កំពុង​ប្រឈម​មុខ​នឹង​ប្រទេស​មហាអំណាច​មួយ​ទៀត​ក្នុង​តំបន់ គឺ​អារ៉ាប៊ីសាអូឌីត។ ប្រទេស​ទំាង​ពីរ​នេះ​កាន់​សាសនា​អ៊ីស្លាម​ដូច​គ្នា តែ​មាន​និកាយ​ខុស​គ្នា។ អ៊ីរ៉ង់​ជា​ប្រទេស​ដែល​សម្បូរ​ដោយ​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​រស់នៅ ចំណែក​អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​ដែល​សម្បូរ​ដោយ​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត។ ក្រៅ​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយសារ​សាសនា អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​ក៏​បាន​នឹង​កំពុង​ប្រជែង​គ្នា​ដើម្បី​សោយរាជ្យ​នៅ​ក្នុង​តំបន់​ដើមបូព៌ា​ដែរ។ រីឯ​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​អ៊ីរ៉ង់ ក៏​ជា​ប្រទេស​ដែល​សម្បូរ​ដោយ​អ្នក​កាន់សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​រស់នៅ​ដែរ។

តំាង​ពី​ការ​ផ្ទុះ​វិបត្តិ​ផ្ទៃក្នុង​នៅ​ស៊ីរី អ៊ីរ៉ង់​បាន​ចេញ​មុខ​គំាទ្រ​លោក​អាសាដ​ទំាង​ថវិកា និង​យោធា។ រីឯ​អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​គំាទ្រ​ក្រុមប្រឆំាង​នឹង​លោក​អាសាដ។ ឃើញ​ថា នេះ​ជា​រូបភាព​មួយ​ដែល​បាន​ធ្វើ​ឲ្យ​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​ប្រឈម​មុខ​គ្នា​ដោយ​ប្រយោល។ ជា​ផ្លូវការ អ៊ីរ៉ង់​មិន​បាន​បញ្ជូន​ទាហាន​ខ្លួន​ទៅ​ជួយ​ច្បំាង​ទ័ព​លោក​អាសាដ​ទេ ពោល​បាន​បញ្ជូន​ត្រឹម​តែ​ក្រុមទីប្រឹក្សា​នៃ​សមាជិក​ឆ្មំាបដិវត្តន៍​អ៊ីរ៉ង់​ប៉ុណ្ណោះ។ តែ​ទីបំផុត ទីក្រុង​តេហេរ៉ង់​ខ្លួន​ឯង​បែរ​ជា​បាន​ប្រកាស​ឲ្យ​ដឹង​នា​ដើម​ខែ​តុលា​នេះ​ពី​ការ​ស្លាប់​ទាហាន​អ៊ីរ៉ង់​ប្រមាណ​ជា ១៥នាក់​ក្នុង​ប្រទេស​ស៊ីរី។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត​ជា​អ្នក​ដែល​កំពុង​បន្ត​ចិញ្ចឹម​វិបត្តិ​នៅ​ស៊ីរី​សព្វថ្ងៃ។

ក្នុង​ឆ្នំា ២០១២ សហគមន៍​អន្តរជាតិ​បាន​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​វិបត្តិ​ស៊ីរី ដោយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​គ្រោង​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​អន្តរកាល​មួយ។ កាល​ណោះ អ៊ីរ៉ង់​មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ជា​តួអង្គ​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​ស៊ីរី​ទេ ហើយ​កិច្ចព្រមព្រៀង​ពេល​នោះ​ក៏​មាន​តែ​នៅ​លើ​ក្រដាស​មក​ដល់​សព្វថ្ងៃ។ អ៊ីចឹង​ហើយ​បាន​ជា​គ្រប់​គ្នា ពិសេស​អាមេរិក​បាន​យល់​ឃើញ​ថា គេ​គួរ​តែ​ហៅ​អ៊ីរ៉ង់​ឲ្យ​ចូលរួម​នៅ​ពេល​នេះ។

អាមេរិក និង​រុស្ស៊ី​បន្ត​ខ្វែង​គំនិត​គ្នា​ជុំវិញ​បុគ្គល​អាសាដ

រឿង​បុគ្គល​អាសាដ​មិនមែន​ជា​រឿង​ថ្មី និង​ជា​រឿង​ដែល​កំពុង​បន្ត​ចោទ​ជា​បញ្ហា​មក​ដល់​សព្វថ្ងៃ។ នៅ​ខាង​បច្ចិមលោក រាប់​ទំាង​អារ៉ាប៊ីសាអូឌីត​បាន​បញ្ជាក់​តំាង​ពី​ដើម​ថា គេ​ត្រូវ​តែ​កំចាត់​លោក​អាសាដ​ពី​ឆាកនយោបាយ​ស៊ីរី។ ចំណែក​នៅ​ខាង​ក្រុមប្រទេស​គំាទ្រ​លោក​អាសាដ មាន​រុស្ស៊ី និង​អ៊ីរ៉ង់​បាន​យល់​ផ្ទុយ​ទៅ​វិញ​ថា គេ​មិន​អាច​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​ដោយ​ទាត់​ចោល​បុគ្គល​អាសាដ​បាន​ទេ មាន​ន័យ​ថា ទោះ​បី​ជា​វិបត្តិ​ស៊ីរី​ត្រូវ​ដោះស្រាយ​តាម​ច្រក​ណា​ក៏​ដោយ គឺ​ត្រូវ​តែ​មាន​បុគ្គល​អាសាដ​ដោយ​ខាន​មិន​បាន។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នា​ពេល​ចុង​ក្រោយ​នេះ​គឺ​ថា ជំហរ​ដាច់​ខាត​របស់​បច្ចិមលោក​ហាក់​ដូច​ជា​ធ្លាក់​ចុះ​បន្តិច​វិញ។

អាមេរិក​តាម​រយៈ​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​មិន​បាន​ទាមទារ​ដាច់​អហង្ការ​ឲ្យ​លោក​អាសាដ​ត្រូវ​តែ​ចាកចេញ​ពី​ឆាកនយោបាយ​ស៊ីរី​ទេ ដោយ​លោក​ឃ៊ែរី​បញ្ជាក់​ថា អ្វីៗ​អាច​ចរចា​បាន។ នៅ​ថ្ងៃ​អង្គារ ទី២៧ តុលា ប្រមុខ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អាមរិក​បាន​ទម្លាយ​ឲ្យ​ដឹង​ថា រុស្ស៊ី​ប្រហែល​ជា​បាន និង​កំពុង​បញ្ចុះបញ្ចូល​ឲ្យ​លោក​អាសាដ​ចុះ​ចេញ​ពី​តំណែង​មួយ​រយៈ​សិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ