អានតួអត្ថបទ
ក្រិក

មិន​អាច​ជ្រើសតាំង​ប្រធានាធិបតីបាន​ ក្រិក​ត្រូវ​រៀប​ចំ​បោះឆ្នោត​សភា​មុន​កាល​កំណត់​

លើក​ទី​មួយ លើក​ទី​ពីរ មិន​បាន​សម្រេច លើក​ទី​បី​នៅ​តែ​មិន​បាន​លទ្ធផល​ទៀត ! បេក្ខជន​ប្រធានាធិបតី​ លោក Stavros Dimas ដែល​រដ្ឋាភិបាល​ក្រិក​បាន​ស្នើ​ឡើង​ មិនអាច​ប្រមូល​សំឡេង​សភា​បាន​​គ្រប់​គ្រាន់ សម្រាប់​ទទួល​តំណែង​ជា​ប្រធានាធិបតី​សោះ។ ជា​ផលវិបាក ក្រិក​ត្រូវ​បង្ខំ​​ចិត្ត​រៀប​ចំ​ ជា​ថ្មី ការ​បោះឆ្នោត​សភា​មុន​កាល​កំណត់។

ក្រិក​ត្រូវ​រៀប​ចំ​បោះឆ្នោត​​សភា​មុន​កាល​កំណត់​នៅ​ថ្ងៃ​ទី ២៥​មករា ២០១៥
ក្រិក​ត្រូវ​រៀប​ចំ​បោះឆ្នោត​​សភា​មុន​កាល​កំណត់​នៅ​ថ្ងៃ​ទី ២៥​មករា ២០១៥ REUTERS/Yorgos Karahalis
ផ្សាយពាណិជ្ជកម្ម

ស្រប​តាម​រដ្ឋធម្មនុញ្ញក្រិក សភា​មាន​សិទិ្ធ​បោះឆ្នោត​បី​ដង​សម្រាប់​ផ្តល់​ទំនុក​ដល់​រដ្ឋាភិបាល​ក្នុង​ការ​តែង​តាំង​ប្រធានាធិបតី។ បី​ដង​មិន​សម្រេច សភា​ត្រូវ​តែ​រំលាយ​ នៅ​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ ខាង​មុខ ហើយបន្ទាប់​មក​ត្រូវ​​រៀប​ចំ​​ការបោះឆ្នោត​​សភា​មុន​អាណត្តិ​ ពោល​គឺ​នៅ​ថ្ងៃ​ ២៥​មករា ២០១៥។

 
ហេតុ​អ្វី​បាន​ជា​ក្រិក​ត្រូវ​ធ្លាក់​ខ្លួន​រៀប​ចំ​ការ​បោះឆ្នោត​សភា​មុន​កាល​កំណត់​យ៉ាង​ដូច្នេះ ? ព្រោះ​ជា​លើក​ទី​បី​ជាប់​គ្នា លោក Stavros Dimas មិន​អាច​​ប្រមូល​ការ​គាំទ្រ​ពី​សមាជិក​សភា​​បាន​១៨០​សំឡេង​ចាំ​បាច់​សម្រាប់​ឈ្នះ​ឆ្នោត​ ក្លាយ​ជា​ប្រធានាធិបតី។ អតីត​​ស្នងការ​អឺរ៉ុប និង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រធានគណៈកម្មការ​អឺរ៉ុប គ្មាន​លទ្ធភាព​ធ្វើ​ឱ្យ​ប្រសើរ​ជា​ង​ការ​បោះឆ្នោត​នៅ​ជុំ​ទីពីរ​ និង​ជុំ​ទី​មួយ​ឡើយ។

ដូច្នេះ​ប្រទេស​ក្រិក​នឹង​ត្រូវ​ត្រលប់​ទៅ​បើក​ឆាក​ឃោសនា​នយោបាយ​ឡើង​វិញ ដែល​ពិត​មាន​លក្ខណៈ​ពុះកញ្ជ្រោល​ខ្លាំង​ និង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំងរវាង​គណបក្ស​ស្តាំ​និយម​ប្រជាធិបតេយ្យ​ថ្មី របស់​នាយក​រដ្ឋមន្ត្រី​ និង​គណបក្ស ឆ្វេង​ជ្រុល​និយម​​ Syriza ដែល​មាន​ប្រជាប្រិយ​ភាព​ឡើង​ខ្លាំង នៅ​ក្នុង​ការ​ស្ទង់​មតិ។

ទស្សនវិស័យ​នៃ​ជោគជ័យ Syriza ​បក្ស​ឆ្វេង​និយមជ្រុល​​របស់​លោក Alexis Tsipras ដែល​សន្យា​​​បិទ​បញ្ចប់​នយោបាយ​ត្បិតត្បៀត បាន​ធ្វើ​ឱ្យ​ម្ចាស់​បំណុល​ក្រិក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ Syriza បាន​ច្រាន​ចោល​​ផែនការ​រឹត​ត្បឹត​ថ្មី ដែល​រដ្ឋាភិបាល​កំពុង​កាន់​អំណាច និង​ម្ចាស់​​ មូលនិធិ​ បាន​ស្នើ​ឡើង​សម្រាប់​ឆ្នាំ​២០១៥។ គណបក្ស​នេះ ចង់​​ចរចា​អំពី លក្ខខណ្ឌ​​នៃ​ជំនួយ​ហិរញ្ញវត្ថុ​ ដែល​សហភាព​អឺរ៉ុប​​និង​មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ​បាន​ព្រម​ព្រៀង​រួច​ហើយ​ ឡើង​វិញ។ គឺ​​ជា​ប្រធាន​បទ​ដ៏​រសើប​បំផុត​ និង​ដែល​សហភាព​អឺរ៉ុប​ព្រឺ​ខ្នង​ចាំ។ ទីផ្សារ​ភាគ​ហ៊ុន​ក្រិក​ គ្រាន់​តែ​បាន​ឮ​ដំណឹង​បោះឆ្នោត​សភា​មុន​កាល​កំណត់​ភ្លាម​ បាន​ធ្លាក់​ថ្លៃ​អស់ ១១%៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ