អានតួអត្ថបទ
បារំាង-អាកាសធាតុ

បារំាង៖លោក​ហូឡង់​សន្យា​​ជំរុញឲ្យ​មាន​ការ​យក​ពន្ធ​លើ​ចរាចរណ៍​ហិរញ្ញវត្ថុ​រវាង​ធនាគារ

ជិត ១០០ថ្ងៃ​មុន​ការ​រៀបចំ​សន្និសីទ​អន្តរជាតិ​ក្នុង​ទីក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ បារំាង​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់​ផ្ទះ​បាន​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យ​សន្និសីទ​ទទួល​បាន​ជោគជ័យ។ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​រៀបចំ​នៅ​វិមាន Elysée នា​ថ្ងៃ​ព្រហស្បតិ៍ ទី១០ កញ្ញា និង​ដែល​មាន​វត្តមាន​អ្នក​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ចំនួន ៤០០នាក់ លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បាន​សន្យា​ជម្រុញ​ឲ្យ​មាន​ការ​យក​ពន្ធ​លើ​ចរាចរណ៍​ហិរញ្ញវត្ថុ​រវាង​ធនាគារ​ដើម្បី​ចំណាយ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស។

លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់
លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

គឺ​ចាប់​ពី​ថ្ងៃទី៣០ វិច្ឆិកា​ដល់​ថ្ងៃទី១០ ធ្នូ​ខាង​មុខ​ដែល​បារំាង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ដែល​ហៅកាត់​ថា COP២១។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ចាប់​ពី​ពេល​នេះ​ទៅ​ទល់​នឹង​ថ្ងៃ​បើក​សន្និសីទ លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បាន​និង​កំពុង​ជួបប្រជុំ​ក្រុមអ្នកជំនាញ និង​ក្រុមអ្នកឯកទេស​បារំាង​ផ្នែក​អាកាសធាតុ​ទំាង​អស់។ ទន្ទឹម​គ្នា​នេះ ទីកន្លែង​សាធារណៈ​សំខាន់ៗ ពិសេស​គឺ​វិមាន​ប្រធានាធិបតី Elysée ត្រូវ​បាន​ដាក់តំាង​រូបភាព​បង្កប់​ដោយ​ពណ៌បៃតង​ដែល​តំណាង​ឲ្យ​បរិស្ថាន​គ្មាន​ផ្សែង​ពុល។ កម្មវត្ថុ​របស់​បារំាង​គឺ​ចង់​ឲ្យ​សន្និសីទអន្តរជាតិ​ស្តីពី​អាកាសធាតុ​ទទួល​បាន​ជោគជ័យ ពោល​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការ​កាត់​បន្ថយ​កំដៅ​នៅ​ក្នុង​ភពផែនដី។

ថ្លែង​នៅ​ចំពោះ​មុខ​វត្តមាន​ក្រុមអ្នកជំនាញ និង​ក្រុមអ្នកឯកទេស​បារំាង​ផ្នែក​អាកាសធាតុ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១០ កញ្ញា លោក​ហូឡង់​បាន​សន្យា​ជម្រុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​យក​ពន្ធ​លើ​ចរាចរណ៍​ហិរញ្ញវត្ថុ​រវាង​ធនាគារ និង​ធនាគារ ហើយ​នឹង​យក​ប្រាក់ពន្ធ​មួយ​ភាគ​ទៅ​ប្រើ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស។ លោក​ហូឡង់​សង្ឃឹម​នឹង​ទទួល​បាន​កិច្ចព្រមព្រៀង​នេះ​ជា​គោលការណ៍​នៅ​ក្នុង​មហាសន្និបាត​របស់​ធនាគារពិភពលោក និង​មូលនិធីរូបិយវត្ថុ​អន្តរជាតិ​ដែល​គ្រោង​រៀបចំ​នៅ​ក្នុង​ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ​ពី​ថ្ងៃទី៩ ដល់​ថ្ងៃទី១១ តុលា​ខាង​មុខ។

កម្មវត្ថុ​របស់​មហាសន្និបាត​ធនាគារពិភពលោក និង​មូលនិធីរូបិយវត្ថុ​អន្តរជាតិ គឺ​ស្វែង​រក​ប្រាក់​ពី​វិស័យ​សាធារណៈ និង​ឯកជន​ឲ្យ​បាន ១០០ ០០០លានដុល្លា​ក្នុង​មួយ​ឆ្នំា​ចាប់​ពី​ឆ្នំា ២០២០ ទៅ​សម្រាប់​យក​ទៅ​ជួយ​ប្រទេស​ក្រីក្រ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​ភពផែនដី។ លោក​ហូឡង់​បាន​អះអាង​ថា ប្រទេស​នីមួយៗ​ត្រូវ​​តែ​សន្យា​ឲ្យ​បាន​ច្បាស់​លាស់​ពី​ការ​រួម​ចំណែក​របស់​ខ្លួន និង​ថា បារំាង​ត្រៀមខ្លួន​នឹង​បន្ថែម​ប្រាក់​លើស​ពី​ការ​សន្យា​របស់​ខ្លួន។

លោក​ហូឡង់​បាន​បញ្ជាក់​ថា គោលដៅ​សំខាន់​របស់ COP២១ មិនមែន​ដើម្បី​គុណភាព​ជីវិត​ទេ តែ​ដើម្បី​ជីវិត​មនុស្សលោក ភពផែនដី និង​ប្រព័ន្ធ​ជីវចម្រុះ។ យោង​តាម​លោក​ហូឡង់ បើ​សន្និសីទ​នៅ​ប៉ារីស​សម្រេច​បាន​កិច្ចព្រមព្រៀង​មែន វា​មិនមែន​ជា​ចំណុច​ដល់​គោលដៅ​ទេ តែ​ជា​ចំណុច​ចាប់​ផ្តើម​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ