អានតួអត្ថបទ
បារំាង-អាល្លឺម៉ង់

លោក​ហូឡង់ និង​លោកស្រី​មែរកិល​អំពាវនាវ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ប្រកប​ដោយ​មហិច្ឆតា

លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​បាន​អំពាវនាវ​រួម​គ្នា​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ​​ប្រកប​ដោយ​មហិច្ឆតា និង​មាន​ការ​បង្ខិតបង្ខំ។ ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ទីក្រុង​ប៊ែរឡំាង ប្រទេស​អាល្លឺម៉ង់​នា​ឱកាស​ជំនួបកំពូល​ក្នុង​គោលដៅ​ត្រៀម​សន្និសីទអន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ដែល​គ្រោង​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​នៅ​ចុង​ឆ្នំា ២០១៥ នេះ។ លោក​ហូឡង់​បាន​ថ្លែង​ថា ដើម្បី​អាច​ឲ្យ​សន្និសីទ​ក្នុង​ទីក្រុង​ប៉ារីស​ទទួល​បាន​ជោគជ័យ គេ​ត្រូវ​តែ​ស្វែង​រក​ការ​ព្រមព្រៀង​ជា​មុន​បណ្តើរៗ​ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃ​រៀបចំ​សន្និសីទ​ជា​ផ្លូវការ។

លោកស្រី​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​មែរកិល និង​លោក​ប្រធានាធិបតី​បារំាង​ហូឡង់
លោកស្រី​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​មែរកិល និង​លោក​ប្រធានាធិបតី​បារំាង​ហូឡង់ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​ដែល​បារំាង និង​អាល្លឺម៉ង់​បាន​ប្តេជ្ញាចិត្ត​ប្រើ​គ្រប់​មធ្យោបាយ​ទំាង​អស់​ដើម្បី​ធ្វើ​ឲ្យ​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ដែល​គ្រោង​រៀបចំ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​នៅ​ដំណាច់​ឆ្នំា ២០១៥ នេះ​ទទួល​បាន​ជោគជ័យ។ គឺ​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​ប៉ារីស និង​ប៊ែរឡំាង​ចង់​ឲ្យ​មាន​មហិច្ឆតា និង​ការ​បង្ខិតបង្ខំ។ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​មែរកិល​បាន​គូសបញ្ជាក់​ដោយ​ទទួល​ស្គាល់​ថា ប្រទេស​ឧស្សាហកម្ម​ទំាង​អស់​ក្នុង​លោក​ដូច​បារំាង និង​អាល្លឺម៉ង់​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​​ឡើង​កំដៅ​ក្នុង​ភពផែនដី​សព្វថ្ងៃ ព្រោះ​គឺ​ប្រទេស​ឧស្សាហកម្ម​ទំាង​អស់​នោះ​ហើយ​ដែល​បាន​ចាក់​ចោល​ឧស្ម័នពុល​យ៉ាង​ច្រើន​ទៅ​ក្នុង​បរិយាកាស​អស់​រយៈពេល​ច្រើន​ឆ្នំា។ ដូច្នេះ​វា​ជា​កាតព្វកិច្ច​ដែល​ទំាង​អស់​គ្នា​ត្រូវ​សម្រច​ឲ្យ​នូវ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ​នា​សន្និសីទ​អន្តរជាតិ​ក្នុង​ទីក្រុង​ប៉ារីស នេះ​ជា​ការ​អះអាង​របស់​លោក​ប្រធានាធិបតី​បារំាង​ហូឡង់។

គួរ​ជម្រាប​ជូន​ថា លោកស្រី​មែរកិល និង​លោក​ហូឡង់​បាន​ថ្លែង​ក្នុង​ថ្ងៃទី២ នៃ​ជំនួបកំពូល​រៀបចំ​ក្នុង​ទីក្រុង​ប៊ែរឡំាង​ដែល​ចូលរួម​ដោយ ៣៥ប្រទេស ព្រម​ទំាង​អង្គការ​អន្តរជាតិ​ជា​ច្រើន​ទៀត ដូច​យ៉ាង Greenpeace ជា​ដើម។ ជំនួបកំពូល​នេះ​បាន​ផ្តួចផ្តើម​ដំបូង​ដោយ​លោកស្រី​មែរកិល​ក្នុង​ឆ្នំា ២០១០ បន្ទាប់​ពី​សន្និសីទអន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ក្នុង​ឆ្នំា ២០០៩ នៅ​ប្រទេស​ដាណឺម៉ាក​ទទួល​បរាជ័យ។ អង្គការ​ការពារ​បរិស្ថាន និង​ក្រុមបាតុករ​អ្នកបរិស្ថាន​ជា​ច្រើន​បាន​នំា​គ្នា​ធ្វើ​បាតុកម្ម​ដោយ​ទាមទារ​ឲ្យ​មាន​បញ្ឈប់​ការ​ប្រើ​ថាមពល​បាន​ពី​ធ្យូង និង​នុយក្លេអ៊ែរ ហើយ​ដាក់​ជំនួស​វិញ​ដោយ​ថាមពល​ស្អាត​មិន​ចេះ​សាបសូន្យ​ចាប់​ពី​ពេល​នេះ​ទៅ​ឆ្នំា ២០៥០។

លោក​ហូឡង់​បាន​អះអាង​ថា ដើម្បី​អាច​ឲ្យ​សន្និសីទអន្តរជាតិ​ទីក្រុង​ប៉ារីស​ទទួល​បាន​ជោគជ័យ គេ​ត្រូវ​តែ​ផ្តើម​ជជែក និង​ស្វែង​រក​ភាព​ចុះ​សម្រុង​គ្នា​ជា​បណ្តើរៗ​ចាប់​ពី​ពេល​នេះ​ទៅ​ទល់​នឹង​ថ្ងៃ​រៀបចំ​សន្និសីទ។ យោង​តាម​លោក​ហូឡង់ នៅ​មាន​ប្រទេស​តិចតួច​ណាស់​ដែល​បាន​ចាត់​វិធានការ​ថ្នាក់ជាតិ​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស។ ក្រៅ​ពី​រឿង​អាកាសធាតុ លោក​ហូឡង់​ក៏​បាន​ចាប់​អារម្មណ៍​ពី​លំហូរ​ជនអន្តោប្រវេសន៍​ខុសច្បាប់​តាម​សមុទ្រ​ក្នុង​ទឹកដី​អឺរ៉ុប​ដែរ។ លោក​ហូឡង់​បាន​យល់ព្រម​ឲ្យ​ប្រទេស​អឺរ៉ុប​ទំាង​អស់​មាន​ចំណែក​ទទួល​យក​ជនភៀសខ្លួន តែ​ច្រាន​ចោល​លើ​គំនិត​នៃ​ការ​កំណត់​កូតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ