អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សំណុំរឿងបេណាឡា ៖ បក្សប្រឆាំង​ដាក់​ញាត្តិ​ចាប់​ថ្នាក់​រដ្ឋាភិបាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំ​រឿងអតីត​​អង្គរក្ស​ប្រធានាធិបតី​មាន​ចរិត​ហិង្សា ដែលរីករាល​ដាល ក្លាយ​ជា​សំណុំ​រឿង​អាស្រូវ​រដ្ឋ មិន​ព្រម​ស្ងប់​ស្ងាត់​ទេ។ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ សភា​និង​ព្រឹទ្ធសភា​បើក​អង្កេត​ និងកោះ​ហៅ​ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ ជា​ច្រើន​នាក់ មក​ចោទ​សួរ​ នៅ​ថ្ងៃ​អង្គារ​ទី ៣១​កក្កដា បក្ស​ប្រឆាំង​បាន​ផ្តុំ​កម្លាំង​គ្នា​ធ្វើ​ញាត្តិ​ពីរ​ចាប់​ថ្នាក់​ ប្រឆាំង​នឹង​រដ្ឋាភិបាល។ ញាត្តិ​ទាំង​ពីរ​មិន​អាច​ទម្លាក់​រដ្ឋាភិបាល​បាន​មែន ប៉ុន្តែ​នេះ​ជា​ព្រឹត្តិការណ៍​ដែល​ពុំ​មាន​កើតមាន​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង​ ក្រោម​របប​ដឹកនាំ​បែប​សាធារណរដ្ឋ។

សភា​ច្រាន​ចោល​ញាត្តិ​ចាប់​ថ្នាក់​របស់​បក្ស​ប្រឆាំង
សភា​ច្រាន​ចោល​ញាត្តិ​ចាប់​ថ្នាក់​របស់​បក្ស​ប្រឆាំង REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

សាល​ប្រជុំ​សភា​ បាន​ក្លាយ​ជា​សង្វៀន​វាយប្រហារ​គ្នា​រវាង​បក្ស​ប្រឆាំងនិង​ប្រមុខ​រដ្ឋាភិបាល យ៉ាង​ពុះ​កញ្ជ្រោល។ ក្នុង​នាម​បក្ស​កាន់​អំណាច​ លោក អេដ័រ ហ្វីលីព នាយករដ្ឋមន្ត្រី​បារាំង ត្រូវ​ប្រឈម ជា​សាធារណៈ​ ជា​លើក​ទី​មួយ នឹង​ញាត្តិ​ចាប់​ថ្នាក់ ​ពីរ ៖ មួយ​ជា​ញាត្តិ​របស់​បក្ស​ប្រឆាំង​ជា​អ្នក​ស្តាំ​និយម (បក្ស​សាធារណរដ្ឋ) ​ មួយ​ទៀត​ជា​ញាត្តិ​របស់អ្នក​ឆ្វេង​និយម (បក្សសង្គមនិយម បក្ស​កុម្មុយនិស្តនិយម និង​បក្ស​ឆ្វេង​ជ្រុលនិយម Insoumise)។ ញាត្តិ​ចាប់​ថ្នាក់​ទាំងពីរ ជា​តំណាង​ប្រតិកម្ម​របស់​បក្ស​ប្រឆាំង ចំពោះ​រឿង​អាស្រូវ​បេណេឡា អតីត​អង្គរក្ស​របស់​ប្រធានាធិបតី​ម៉ាក្រុង​ ដែល​ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​​ជា​ផ្លូវការ​ហើយ ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ​បន្លំ​ខ្លួន​ធ្វើ​ជា​ប៉ូលិស ខុស​តួនាទី ទៅ​បង្ក្រាប​បាតុករ​កាលពី​ថ្ងៃទី ១​ឧសភា។

ក្នុង​ញាត្តិ​របស់​​​អ្នក​ស្តាំ​និយម ពួកគេ​បាន​បន្ទោស​ដោយ​ចំៗ ថា​ប្រមុខ​រដ្ឋ​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ធំ​ជាង​គេ​នៅ​ក្នុង​រឿង​អាស្រូវ​បេណេឡា និង​បាន​ទាមទារ​ឱ្យ​លោកប្រធានាធិបតី​ចេញ​មុខ​មក​ពន្យល់​ប្រជាពលរដ្ឋ។ ញាត្តិ​អ្នក​ស្តាំ​និយម​ ក៏​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ ថា​មាន​កំហុស​ដោយ​បណ្តោយ​ឱ្យ​ ជន​បេណាឡា បង្កើន​អំណាច​។ ទង្វើ​បែប​នេះ​នឹង​បន្សល់​ទុក​ស្នាម​ដ៏​អាក្រក់​ទាំង​ផ្នែក​នយោបាយ​និង​សីលធម៌ សម្រាប់​ប្រធានាធិបតី​បារាំង។ ខាង​អ្នក​ឆ្វេង​និយម ដែល​ធ្លាប់តែ​ប្រេះ​ឆា​ប្រកាន់​បក្ស​និង​ជំហរ​រៀងខ្លួន បាន​បង្ហាញ​សាមគ្គី​ភាព​ជា​ធ្លុង​មួយ ជា​លើក​ទី​មួយ តាម​រយៈ​ញាត្តិ​តែ​រួម​គ្នា បន្ទោស​រដ្ឋាភិបាល​ថា​កំពុង​តែ​ធ្វើ​ច្បាប់​រដ្ឋ​ចុះ​ខ្សោយ។ សំណុំ​រឿង​បេណាឡា មិនមែន​ជា​ភាព​មិនប្រក្រតី​នៃ​ស្ថាប័ន​ដឹកនាំ​ទេ តែ​ជា​របៀប​ដឹកនាំ​ របស់​អ្នកកាន់​អំណាច។

ញាត្តិ​ចាប់​ថ្នាក់ គឺ​​ជា​អាវុធ​ដែល​​បក្ស​ប្រឆាំងតែង​តែប្រើ​ ដើម្បី​ទាមទារ​ឱ្យ​សភា​​ទម្លាក់​រដ្ឋាភិបាល។ ប៉ុន្តែ​គ្មាន​ញាត្តិ​ណា​មួយ ត្រូវ​បាន​ទទួល​សំឡេង​គាំទ្រ​ភាគ​ច្រើន​ដាច់​ខាតនៅក្នុង​សភា​ទេ។​ ​ញាត្តិ​របស់​អ្នក​ស្តាំ​និយម បាន​ទទួល​សំឡេង​គាំទ្រ​១៤៣​សំឡេង និង​តែ​៧៤​សំឡេង​ប៉ុណ្ណោះ សម្រាប់​​ញាត្តិ​របស់​ក្រុម​អ្នក​ឆ្វេង​និយម។ ដើម្បី​អាច​ទម្លាក់​រដ្ឋាភិបាល​បាន គេ​ត្រូវ​ការ​សំឡេង​គាំទ្រ​ញាត្តិ​ដល់​ទៅ ២៨៩​សំឡេង​ឯណោះ។

តាមការ​ពិត​ បក្ស​ប្រឆាំង​បារាំង​ទាំង​ពីរ (ក្រុម​​ស្តាំ​និយម១០៣​អាសនៈ + ក្រុមឆ្វេង ៦៣អាសនៈ) ​ក៏​បាន​ដឹង​ខ្លួន​ជា​មុន​ ថា​គ្មាន​សំណាង​ចាប់​ថ្នាក់​ទម្លាក់​​រដ្ឋាភិបាល​ដែល​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាតនៅ​ក្នុង​សភាជាតិ​បាន​ទេ។ ប៉ុន្តែ ​សម្រាប់​ក្រុម​បក្ស​ ​ដែល​ហាក់​ដូច​ បាក់​ខ្លប បាត់សំឡេង​ឈឹង តាំង​ពី​ជាង​មួយ​ឆ្នាំ​មក (តាំង​ពី​បរាជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ខែ​ឧសភា​ឆ្នាំ​២០១៧មក) ​នេះ​ជា​ឱកាស​មួយ នៃ​លើក​មុខ​មាត់​នយោបាយ និង​បង្ហាញ​អំពី​ការ​បង្រួប​បង្រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ​ ក្នុង​នាម​ជា​បក្ស​ប្រឆាំង។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ នៅ​ក្នុង​ពេល​តស៊ូ​មតិ​ នៅ​ក្នុង​សភា មុន​ការ​បោះឆ្នោត​លើ​ញាត្តិ​ចាប់​ថ្នាក់​ លោក​នាយក​រដ្ឋមន្ត្រី​ ឆ្លៀត​វាយបកទៅ​លើ​​បក្ស​ប្រឆាំងវិញ មួយ​ចំណុច​ម្តងៗ។ លោក អេដ័រ ហ្វីលីពីន បាន​ឆ្លើយ​ការពារ​លោក​ប្រធានាធិបតី និង​បាន​ធានា​អះអាង​ថា​ គ្មានទេ​ការ​កាន់​​អំណាច​​បែប​រាជានិយម នៅ​វិមាន​អេលីហ្សេ ដូច​ដែល​​​បក្ស​ប្រឆាំងបាន​ធ្វើ​ការ​ចោទ​ប្រកាន់​នោះ​ទេ។ សម្រាប់​លោក ហ្វីលីពីន បក្ស​ប្រឆាំង​ព្រម​ចង​សម្ព័ន្ធ​មេត្រី​ភាព​គ្នា ធ្វើ​ញាត្តិ​ចាប់​ថ្នាក់ មិនមែនក្នុង​បំណង​​ស្វែង​រក​ការពិតនៃ​សំណុំ​រឿង​បេណាឡា​ទេ ប៉ុន្តែ​ជា​ចាប់​យក​សំណុំ​រឿង​បេណាឡា មក​ធ្វើ​ឧបករណ៍នយោបាយ សម្រាប់​ពន្យឺត​ដំណើរការ​ធ្វើ​កំណែទម្រង់​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។​ ឧទាហរណ៍​ជាក់​ស្តែង ការ​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​សភា​ផ្អាក​ការ​ជជែក​ពិភាក្សា​និងអនុម័ត ក្រោយ​កា​រផ្ទុះ​រឿង​អាស្រូវ​បេណេឡា​បន្តិច។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ចាត់​ទុក ញាត្តិ​ចាប់​ថ្នាក់​របស់​បក្ស​ប្រឆាំង​ថា​ជា​ញាត្តិ​បិទ​ខ្ទប់ សម្ព័ន្ធភាព​ជា​ធ្លុង​មួយ​របស់​បក្ស​ប្រឆាំង ជា​ការ​រួបរួម​បែប​ឆ្លៀត​ឱកាស ដែល​មិន​អាច​រារាំង​ការងារ​​​​​រដ្ឋាភិបាលបាន​ទេ។

ទោះ​សម្ព័ន្ធភាព​របស់​ប្រឆាំង​មាន​ទម្រង់យ៉ាងណា​ក៏​​ដោយ ក៏​អ្វី​​ដែល​គេ​អាច​ចង​ចាំ​បាន​នៅ​ក្នុង​សំណុំ​រឿង​អាស្រូវ​នេះ មាន​ពីរ​។ ទីមួយ គឺ​រដ្ឋាភិបាល​បារាំង​បាន​ឆ្លង​កាត់​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​​បំផុត គិត​ចាប់​តាំង​ពី​លោក​ម៉ាក្រុង​បាន​ក្លាយ​ជា​ប្រធានាធិបតី​មក​។ ទី​ពីរ គឺ​ឥទ្ធិពល​នៃ​រឿង​អាស្រូវ​ បាន​ជំរុញ​ឱ្យ​បក្ស​ប្រឆាំង​ ដែល​ធ្លាប់​តែ​និយាយ​មិន​ត្រូវ​គ្នា​សោះ ដុះ​គំនិត​ចេះ​ស្រុះ​ស្រួល​គ្នា​បញ្ចេញ​សំឡេង​ក្នុង​ខ្ទង់​តែ​មួយ។ ប៉ុន្តែ​សួរ​ថា​តើ​ការ​ត្រូវ​រ៉ូវគ្នា​អាច​ធន់​បាន​យូរ​ប៉ុណ្ណា ?! តើ​អាស្រូវ​បេណេឡា នឹង​ក្លាយ​ជា​អនុស្សាវរីយ៍​អាក្រក់ ដូច​ដែល​លោក​ម៉ាក្រុង​បាន​អះអាង ឬ ក៏​ជា​ដំបៅ​ធ្លាយ​មុខ​របស់​លោក​ប្រធានាធិបតី ដូច​ដែល​បក្ស​កុម្មុយនិស្ត​បាន​សន្យា​ឆ្កិះកកាយ ?!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ