អានតួអត្ថបទ
បារាំង

បារាំង​បាន​សម្រេចចិត្ត​ដក​បេក្ខភាព​ចេញ​ពី​ក្រុម​ប្រទេស​ចង់​រៀបចំ​ពិព័រណ៍សកល​នៅ​ឆ្នាំ ២០២៥

នៅ​ក្នុង​ប្រទេស​បារាំង លោក​នាយករដ្ឋមន្រ្តី Edouard Philippe បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​សៅរ៍ ទី២០ មករា​ថា បារាំង​បាន​ដក​បេក្ខភាព​ចេញ​ពី​ក្រុមប្រទេស​ប្រជែង​រៀបចំ​ការ​តាំងពិព័រណ៍​សកល​នៅ​ឆ្នាំ ២០១៥។ ព័ត៌មាន​មួយ​នេះ​ទើប​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ដោយ​កាសែតថ្ងៃអាទិត្យ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ ទី២១ មករា​នេះ។

លោក​នាយករដ្ឋមន្រ្តី​បារាំង Edouard Philippe
លោក​នាយករដ្ឋមន្រ្តី​បារាំង Edouard Philippe Reuters/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​បាន​សម្រេចចិត្ត​មិន​បន្ត​បេក្ខភាព​របស់​បារាំង​ជា​ប្រទេស​រៀបចំ​ពិព័រណ៍សកល​នៅ​ឆ្នាំ ២០២៥ » នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្រ្តី​បារាំងEdouard Philippe នៅ​ក្នុង​លិខិត​មួយ​សរសេរ​ទៅ​ឲ្យ​លោក Pascal Lamy អតីត​នាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​បច្ចុប្បន្ន​ជា​ប្រធាន​ទទួល​បន្ទុក​រៀបចំ​ពិព័រណ៍បារាំង​នៅ​ឆ្នាំ ២០២៥។ នៅ​ក្នុង​លិខិត​ដដែល​នោះ ប្រមុខ​រដ្ឋាភិបាល​បារាំង​បាន​សង្កត់​ធ្ងន់​លើ​រចនាសម្ព័ន្ធ​ទន់ខ្សោយ​នៃ​គំរូ​សេដ្ឋកិច្ច​នៅ​ក្នុង​គម្រោង​របស់​បារាំង និង​បន្ថែម​ថា នៅ​ក្នុង​បរិបទ​នៃ​ការ​ស្តារ​ហិរញ្ញវត្ថុ​សាធារណៈ​ឡើង​វិញ បារាំង​មិន​អាច​ចាយ​លុយ​បន្ថែម​ទៀត​ទេ។

តាម​សេណារីយ៉ូ​ដែល​បារាំង​បាន​គុនគូរ ពិធី​រៀបចំ​ពិព័រណ៍សកល​អាច​នឹង​មាន​មនុស្ស​ចូលទស្សនា​ពី ៣៥ ទៅ ៤០លាននាក់ និង​ច្រើន​បំផុត ៦៥លាននាក់។ តែ​នៅ​ពេល​ដែល​ប្រទេស​អ៊ីតាលី​បាន​រៀបចំ​ពិព័រណ៍​ដូច​គ្នា​នេះ​នៅ​ទីក្រុង​មីឡង់​ក្នុង​ឆ្នាំ ២០១៥ គឺ​មាន​មនុស្ស​ចូល​ទស្សនា​តែ​ប្រមាណ ២០លាននាក់ និង​បាន​ធ្វើ​ឲ្យ​ចំណូល​ធ្លាក់​ពី ១ ៣០០លានអឺរ៉ូ​មក​នៅ​ត្រឹម​តែ ៤៥៥លានអឺរ៉ូ​ប៉ុណ្ណោះ។ នេះ​ហើយ​ជា​បទពិសោធន៍​មួយ​ដែល​បារាំង​បាន​ដក​ខ្លួន​ចេញ​វិញ។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​បារាំង​ក៏​បាន​លើក​ឡើង​ពី​កង្វះ​ការ​ចូលរួម​របស់​ដៃគូ​ឯកជន។

យ៉ាង​ណា​ក៏​ដោយ ការ​សម្រេចចិត្ត​ដក​បេក្ខភាព​បារាំង​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខកចិត្ត និង​ភ្ញាក់ផ្អើល។ ការ​សម្រេចចិត្ត​របស់​បារាំង​ពេល​នេះ​បាន​ធ្លាក់​មក ១០ខែ​មុន​នឹង​ការិយាល័យ​ពិព័រណ៍អន្តរជាតិ​សម្រេច​ជ្រើសរើស​យក​ប្រទេស​ណា​មួយ​ក្នុង​ចំណោម​បេក្ខភាព​ទាំង ៤ប្រទេស គឺ​បារាំង រុស្ស៊ី ជប៉ុន និង​អាស៊ែបៃហ្សង់។ តាម​គម្រោង ពិព័រណ៍សកល​នឹង​ត្រូវ​រៀបចំ​ពី​ថ្ងៃទី១ ឧសភា ដល់​ថ្ងៃទី៣១ តុលា ឆ្នាំ ២០២៥។ ទោះ​ជា​យ៉ាង​នេះ​ក្តី បារាំង​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ល្បែងកីឡាអូឡាំពិច​ក្នុង​ឆ្នាំ ២០២៤ និង​រៀបចំ​ការ​ប្រកួតកីឡាបាល់ឱប​ពិភពលោក​ក្នុង​ឆ្នាំ ២០២៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ