អានតួអត្ថបទ
បារាំង

ប៉ារីស​រៀបចំ​ការរត់ប្រណាំង​នៅលើ​ទន្លេសែន

ប៉ារីស​បើក​យុទ្ធនាការ​ទីក្រុង​កីឡា។ នៅ​ថ្ងៃ​ម្សិលមិញ និង​នៅ​ថ្ងៃ​សៅរ៍នេះ នៅក្នុង​ឱកាស​ទិវា​ពិភពលោក​នៃ​កីឡាអូឡាំពិក ថ្ងៃទី ២៣​មិថុនា អាជ្ញាធរ​ក្រុង​ប៉ារីស​បាន​រៀបចំ​សកម្មភាព​កីឡា ដូចជា​ការរត់ប្រណាំង អុំទូក នៅ​តាម​ទីតាំង​ទេសចរណ៍​សំខាន់ៗ ដូចជា​នៅ​ទន្លេសែន ឬ​នៅ​ក្បែរ​អគារ​ដែក​តួអែហ្វែល។ ប៉ារីស​ ខំប្រឹង​បញ្ចេញ​ស្នាដៃ​មុខមាត់​របស់ខ្លួន ដើម្បី​ទាក់ទាញ​អ្នកទេសចរ និង​ដើម្បី​ផ្សព្វផ្សាយ​បេក្ខភាព​របស់​ខ្លួន ដែលចង់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​អូឡាំពិក ឆ្នាំ ២០២៤។

ផ្លូវរត់ប្រណាំង​ដែល​គេសង់​បណ្តែត​លើទឹក​ទន្លេសែន
ផ្លូវរត់ប្រណាំង​ដែល​គេសង់​បណ្តែត​លើទឹក​ទន្លេសែន ©REUTERS/Jean-Paul Pelissier
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទិវា​កីឡាអូឡាំពិក​ពិភពលោក ប៉ារីស​បាន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​គ្រប់វិញ្ញាសា នៅតាម​ទីតាំង​ទេសចរណ៍​សំខាន់ ជាច្រើន នៅក្នុង​ក្រុង។ តំបន់​ជុំវិញ ទន្លេសែន កណ្តាល​ក្រុង​ប៉ារីស ត្រូវ​គេ​ផ្តោត​សំខាន់ ដោយ​គេបាន​រក្សា​ទំហំដី ជាង​២សែន​ម៉ែត្រ​ការ៉េ​សម្រាប់​រៀបចំ​ កីឡា ច្រើន​ប្រភេទ តាំង​ពី​កីឡា​អត្តពលកម្ម បាល់បោះ បាញ់ព្រួញ ឬលោត​ទឹក​ជាដើម។

 

ប៉ារីស​ចង់ធ្វើ​ឲ្យ​កុងសិប​របស់​ខ្លួន​ចេញ​ជារូបរាង​ឡើង នោះ គឺ​ប្រែក្លាយ​រដ្ឋធានី​ទេសចរណ៍​ប៉ារីស​ទាំង​មូល ឲ្យ​ទៅ​ជា​សួន​កីឡាអូឡាំពិក។ Place de l’étoile កន្លែង​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​ប៉ារីស ត្រូវ​បាន​ប្រែក្លាយ​ទៅ​ជា​វាលវង់​ប្រណាំង​កង់ ចំណែក​សួនច្បារ​នៅ​L’esplanade des Invalides​ត្រូវ​បាន​ខ័ណ្ឌចែក​ជា​កន្លែង​តូចៗ សម្រាប់​កីឡា វាយសី ឬ​បាល់ទាត់ បាល់បោះ។ ទន្លេសែន​វិញ ដែល​ធ្លាប់​តែ​ស្គាល់​ទូក​កំសាន្ត​បើកបរ ដឹក​អ្នកទេសចរ នៅ​ក្នុង​រយៈពេល​២​ថ្ងៃនេះ ត្រូវ​វាតទី​ដោយ​ទូកអុំ ទូកក្តោង​តូចៗ ពាសពេញ​ផ្ទៃទឹក។ ហើយ​អ្វី​ដែល​អស្ចារ្យ និង​ទាក់ទាញ​ភ្នែក​មហាជន​ជាងគេ គឺ​ផ្លូវ​រត់​ប្រណាំង​ពណ៌​ក្រហម ចម្ងាយ​១០០ម៉ែត្រ ដែល​គេ​សង់ បណ្តែត នៅលើ​ទន្លេ​សែន នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អគារដែក តួ​អែរហ្វែល។ ក្រៅតែ​ពី​មានការចូលរួម​ពី​ចៅហ្វាយក្រុង​ប៉ារីស និង​កីឡាករ​ល្បីៗ​របស់​បារាំង មហាជន និង​អ្នកទេសចរ​ត្រូវ​បាន​គេ​លើកទឹកចិត្ត​ផងដែរ​ឲ្យ​ចូលរួម​លេងកីឡា នៅតាម​ទីតាំង ដែល​រៀបចំ​ដោយ​ក្រុង​ប៉ារីស។

 

រាល់​ប្រភេទ​កីឡា​ដែល​ក្រុង​ប៉ារីស​បាន​រៀបចំ​ភ្លូកទឹក ភ្លូកដី នៅពីរ​ថ្ងៃ​នេះ សុទ្ធ​សឹង​ជា​វិញ្ញាសា​កីឡា ដែល​គេ​ឃើញ នៅក្នុង​ការប្រកួត​កីឡាអូឡាំពិក។ ដោយរៀបចំ សកម្មភាព​​កីឡា នៅ​តាម​ទីសាធារណៈ នៅ​ក្នុង​ក្រុងប៉ារីស អាជ្ញាធរ​ប៉ារីស​ចង់​បង្ហាញ ដល់​អន្តរជាតិ ជាពិសេស ចង់​បញ្ចុះបញ្ចូល គណៈកម្មាធិការ​អូឡាំពិក​ឲ្យ​ឃើញ​ថា ប៉ារីស មាន​ប្រជាជន​ដែល​ចូលចិត្ត​គាំទ្រ​ស្នេហា កីឡា ហើយ​និង​ប៉ារីស​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កីឡាអូឡាំពិក ឆ្នាំ ២០២៤។

 

ប៉ារីស​សព្វថ្ងៃ​កំពុង​ប្រកួតប្រជែង នៅ​ដំណាក់​ចុងក្រោយ ជាមួយ​ទីក្រុង​Los Angeles របស់​អាមេរិក​ដើម្បី ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡាអូឡាំពិក។ គេ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ទំហំ​ទឹកប្រាក់​ដែល​គេ​បាន​ចាយ​សម្រាប់​សកម្មភាព​កីឡា​ដ៏​គគ្រឹកគគ្រេង ពីរថ្ងៃ នេះទេ ប៉ុន្តែ អ្នករៀបចំ​កម្មវិធី​គ្រាន់​តែ​ពន្យល់​ថា ព្រឹត្តិការណ៍​កីឡា​ពីរថ្ងៃនេះ ស្ថិតនៅក្នុង​ខ្ទង់​ចំណាយ​ប្រមាណ ៦០​លាន​អឺរ៉ូ ដែល​ប៉ារីស ត្រូវ​ប្រើ សម្រាប់​ឃោសនា​ធ្វើ​យ៉ាង​ណា ឲ្យ​ប៉ារីស​បាន​ឈ្នះ ក្លាយ​ជា​ម្ចាស់​ផ្ទះ រៀបចំ​កីឡាអូឡាំពិក ២០២៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ