អានតួអត្ថបទ
បារាំង-សុខភាព

បារាំង៖​រឿងអាស្រូវ​​ទឹកដោះគោម្សៅ​​សម្រាប់​​កូនង៉ែត​​មាន​​បាក់តេរី​​របស់​​ក្រុមហ៊ុន Lactalis កំពុង​រីករាលដាល​ខ្លាំង​​

នៅ​ក្នុង​ប្រទេស​បារាំង រឿងអាស្រូវ​ទឹកដោះគោម្សៅ​សម្រាប់​កូនង៉ែត​មាន​បាក់តេរី Salmonelle របស់​មហា​ក្រុមហ៊ុន​បារាំង​មួយ​ឈ្មោះ Lactalis បាន និង​កំពុង​រីករាលដាល​កាន់​តែ​ខ្លាំង​លើស​ពី​ព្រំដែន​បារាំង។ លោក Emmanuel Besnier អគ្គនាយក​ក្រុមហ៊ុន Lactalis ដែល​គេ​ស្គាល់​ជា​អ្នក​ជំនួញ​មិនសូវ​ចេញ​មុខ​បាន​ថ្លែង​ជា​លើកទី១ នៅ​ថ្ងៃ​អាទិត្យ ទី១៤ មករា​នេះ​ថា ប្រតិបត្តិការ​ប្រមូល​ម្សៅទឹកគោ​ដែល​គេ​សង្ស័យ​មាន​វត្តមាន​​បាក់តេរី​មាន​ចំនួន ១២លានកំប៉ុង និង​មាន​ជាប់​ទាក់ទង​នឹង ៨៣ប្រទេស​ក្នុង​លោក។ ទន្ទឹម​គ្នា​នេះ លោក Emmanuel ក៏​បាន​សន្យា​សង​ជម្ងឺចិត្ត​ដល់​គ្រួសារ​ដែល​បាន​រងគ្រោះ​ដោយ​បញ្ហា​មួយ​នេះ។

ឃ្លាំងស្តុក​មួយ​របស់​ក្រុមហ៊ុនផលិត​​​ទឹកដោះគោបារាំង Lactalis
ឃ្លាំងស្តុក​មួយ​របស់​ក្រុមហ៊ុនផលិត​​​ទឹកដោះគោបារាំង Lactalis REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​ផ្ទុះ​រឿង​អាស្រូវ​ម្សៅទឹកដោះគោ​សម្រាប់​កូនង៉ែត​មាន​ផ្ទុក​បាក់តេរី Salmonelle របស់​មហា​ក្រុមហ៊ុន​បារាំង Lactalis មក នេះ​ជា​លើកដំបូង​បង្អស់​ដែល​អគ្គនាយក​ក្រុមហ៊ុន​លោក Emmanuel Besnier បាន​បញ្ចេញ​ប្រតិកម្ម។ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​កាសែត​ថ្ងៃ​អាទិត្យ​ចេញ​ផ្សាយ​ថ្ងៃទី១៤ មករា​នេះ លោក Emmanuel Besnier ដែល​ជា​មហាសេដ្ឋី​បារាំង​លំដាប់​ទី១១ និង​ជា​អ្នកជំនួញ​លាក់មុខ មិន​សូវ​និយាយ​ស្តី​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​យល់​ពី​វិបត្តិ​មួយ​នេះ​ដែល​អាច​ជះ​ផលវិបាល​ដល់​អតិថិជន ពិសេស​កូនង៉ែត​ដែល​មាន​អាយុ​ក្រោម ៦ខែ។ « សម្រាប់​យើង សម្រាប់​ខ្ញុំ គឺ​ជា​ក្តីបារម្ភ​ធំធេង​ណាស់ » នេះ​ជា​ការ​បញ្ជាក់​របស់​លោក Besnier។

ទន្ទឹម​គ្នា​នេះ លោក Besnier ក៏​បាន​បញ្ជាក់​ពី​ការ​បញ្ជា​ឲ្យ​ប្រមូល​ម្សៅទឹកដោះគោ​ទាំង​អស់​ដែល​ផលិត​នៅ​រោងចក្រ Craon និង​ដែល​សរុប​ទាំង​អស់​មាន ១២លានកំប៉ុង និង​មាន​ជាប់ពាក់ព័ន្ធ​ដល់​ទៅ ៨៣ប្រទេស​ក្នុង​លោក។ អន្តរាគមន៍​ជា​សាធារណៈ​របស់​លោក Besnier ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​លោក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង Bruno Le Maire កាល​ពី​ថ្ងៃ​សុក្រ ទី១២ មករា។ នៅ​ក្នុង​ប្រទេស​បារាំង និង​តាម​តួលេខ​ផ្លូវការ​គិត​ត្រឹម​ថ្ងៃទី៩ មករា មាន​កូនក្មេង​ចំនួន ៣២នាក់​បាន​បាន​រង​ផលប៉ះពាល់​ដោយ​បាក់តេរី Salmonelle បន្ទាប់​ពី​កូនក្មេង​ទាំង​នោះ​បាន​ផឹកទឹកគោ ឬ​ញាំ​ផលិផល​ធ្វើ​ពី​ទឹកដោះគោ​របស់​ក្រុមហ៊ុន Lactalis។

ករណី​ដូច​គ្នា​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ និង​នៅ​ក្នុង​ប្រទេស​ក្រិក។ រហូត​មក​ដល់​ពេល​នេះ មាន​គ្រួសារ​បារាំង​ប្រមាណ​ជា ១០០គ្រួសារ​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន Lactalis ហើយ​ដែល​លោក Besnier បាន​សន្យា​ថា លោក​នឹង​សង​ជម្ងឺចិត្ត​ដល់​គ្រួសារ​ទាំង​អស់​ដែល​រងគ្រោះ​ដោយសារ​ម្សៅទឹកដោះគោ​មាន​បាកតេរី Salmonelle។ ទន្ទឹម​គ្នា​នេះ លោក Besnier ក៏​បាន​សន្យា​ចូលរួម​ជាមួយ​រដ្ឋអំណាច​បារាំង​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែង​រក​ការ​ពិត ពិសេស​ចង់​ដឹង​ថា តើ​បាក់តេរី Salmonelle បាន​ជ្រៀត​ចូល​ក្នុង​រោងចក្រ Craon តាម​ផ្លូវ​ណា និង​ថា ហេតុអ្វី​បាន​ជា​ម្សៅទឹកគោ​ប្រភេទ​នេះ​នៅ​បន្ត​មាន​លក់​នៅ​តាម​ហាង និង​ឳសថស្ថាន​ខ្លះ ទោះ​បី​ជា​មាន​ការ​ប្រកាស​ឲ្យ​ឈប់​លក់​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ